ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​លឿង​មាស និង​ស្តេច​កូ​លី​ត ​ប្រភេទ​សត្វ​កម្រ​នៅ​លើ​ពិភពលោក មាន​វត្តមាន​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា យោង​តាម​ទិន្នន័យ​រូបភាព ដែល​មន្ត្រី​ជំនាញ​ប្រមូល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ពី​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ក្នុង​ខេត្តរតនៈគិរី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា យោង​តាម​ទិន្នន័យ​រូបភាព ដែល​មន្ត្រី​ជំនាញ​ប្រមូល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ពី​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ក្នុង​ខេត្តរតនៈគិរី មាន​វត្តមាន​សត្វ​ខ្លា​លឿង​មាស ដែល​ជា​ប្រភេទ​សត្វ​ខ្លា​កម្រ នៅ​លើ​ពិភពលោក ។ ជាមួយ​គ្នា​នេះ​ដែរ ស្តេច​កូ​លី​ត ជា​ប្រភេទ​សត្វ ដែល​មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ត្រូវ​បាន​រក​ឃើញ ផង​ដែរ ។

Picture

ខ្លា​លឿង​មាស Asiatic golden cat (Catopuma temminckii) ជា​ប្រភេទ​មំ​សា​សត្វ​មាឌតូច ស្ថិត​ក្នុង​ត្រកូល​ខ្លា​ទាំង ៨​ប្រភេទ ដែល​ធ្លាប់​មាន​វត្តមាន និង​កំពុង​បន្ត​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ ខ្លា​លឿង​មាស ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​ជិត​ទទួល​រង​គ្រោះ (NT) នៅ​ក្នុង​បញ្ជី​ក្រហម IUCN និង​ចុះ​ក្នុង​បញ្ជី​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​CITES ។

Picture

បើ​តាម​លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​ធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ ខ្លា​លឿង​មាស​មាន​ទម្ងន់​ប្រមាណ ៩-១៦ គីឡូក្រាម ហើយ​ភាគច្រើន​ស៊ី​ពពួកសត្វ​ដ​ង្កេ​រ (​ដូច​ជា​កំប្រុក កណ្តុរ កង្ហិច កង្ហែន​) សត្វ​ស្លាប ល្មូ​ន ក្តាន់​ញ៉ែង ពពួក​ពានរ ហើយ​ជួនកាល​សត្វ​ឈ្លូស​ជា​ចំណី​។ ខ្លា​លឿង​មាស​ភាគច្រើន​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន​នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា​។ មិន​មានការ​សិក្សា​ស្រាវជ្រាវ​ច្រើន​ទេពី​ប្រភេទ​សត្វ​នេះ​។ លោក ពិន ច័ន្ទ​រតនា បានឱ្យ​ដឹង​ថា​តាម​ការ​សិក្សា​ស្រាវជ្រាវ សត្វ​ត្រកូល​ខ្លា​ទាំង ៨​ប្រភេទ ដែល​ធ្លាប់​មាន​វត្តមាន និង​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ខ្លាធំ ឬ​ខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លា​ពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លា​លឿង​មាស (Asiatic golden cat) ខ្លា​ភ្ញី​ថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និង​ឆ្មា​ដាវ (Leopard cat)​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា យោង​តាម​ទិន្នន័យ​រូបភាព​និង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ដែល​ជា​ឧទ្យាន​បេតិកភណ្ឌ​ធម្មជាតិ អាស៊ាន​ជា​តំបន់​ដែល​សម្បូណ៌​ជីវៈចម្រុះ​ក្នុង​នោះ​ប្រភេទ​សត្វព្រៃ​ជា​ច្រើន​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ត្រូវ​បាន រក​ថត​បាន​តាម​រយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​ធម្មជាតិ​ដីគោក​ខាងកើត​ទន្លេ​មេ​គ​ង្ក​នៃ​ក្រសួងបរិស្ថាន​បាន​ដាក់​រយៈពេល ៣ ខែ​ពី​ខែមីនា​ដល់​ខែឧសភា ឆ្នាំ​២០២១ ។

ទាក់ទង​នឹង​កិច្ចការ​ស្រាវជ្រាវ​ប្រភេទ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​នេះ ត្រូវ​បាន​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ថា វត្តមាន​ខ្លា​លឿង​មាស ត្រូវ​បាន​កត់ត្រា​តិចតួច​បំផុត ព្រោះ​ជា​ប្រភេទ​សត្វ​កម្រ​ក្នុង ចំណោម​ត្រកូល​សត្វ​ខ្លា​ទាំង ៨​ប្រភេទ ។ គេ​ធ្លាប់​ឃើញ​វត្តមាន​សត្វ​ខ្លា​លឿង​មាស​នៅ​ក្នុង ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ហើយ​ចុង​ក្រោយ​នេះ​គឺ​សត្វ​ខ្លា​លឿង​មាស​ដែល​ជា​ប្រភេទ​សត្វ​កម្រ​បាន​រក​ឃើញ​នៅ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ដែល​បង្ហាញ​ថា សត្វ​ខ្លា​លឿង​មាស​បន្ត មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា ការ​សិក្សា​ស្រាវជ្រាវ​ពី​ដើម្បី​ប្រមូល​យក​នូវ​ទិន្នន័យ​សំខាន់​ៗ អំពី​វត្តមាន​សត្វព្រៃ និង​ដើម្បី​រៀប​ចំការ​បែងចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ ។ តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ​មាន ៤​តំបន់ គឺ​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍ ហើយ​ការ​កំណត់​បែងចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ ដោយ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​គោលបំណង​កំណត់​ឱ្យ​បាន​ច្បាស់លាស់​អំពី​ក្របខ័ណ្ឌ​គតិ​យុ​ត្ត ការងារ​គ្រប់គ្រង បច្ចេកទេស និង​ផ្អែក​លើ​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ៗ ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក ។ ទាំងនេះ​សំដៅ​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​គ្រប់គ្រង​និង​អភិរក្ស​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ បង្កើន​កម្រិតជីវភាព​របស់​សហគមន៍​មូលដ្ឋាន កាត់​បន្ថយ​ការ​ពឹងផ្អែក​អាស្រ័យ​លើ​ផល​ព្រៃឈើ និង​ធានា​បាន​នូវ​តុល្យភាព​រវាង​ការ​បំ​ភាយ និង​ការ​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​វិស័យ​ព្រៃឈើ ៕

Picture
Picture
Picture