បទពិសោធន៍​ដាំ​ស្វាយ​ចន្ទី


លោក​ពូ​ស៊ៀន វិបុល រស់នៅ​ភូមិស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ​ស្រុក​សៀម​បូក ខេត្ត​ស្ទឹង​ត្រែង ។ គាត់មានបទពិសោធន៍​​ក្នុង​ការ​ដាំ​ដំណាំ​ស្វាយ​ចន្ទី​ទទួល​បានផល​ល្អ​ដែល​​បទ​ពិសោធន៍​នេះគាត់​បានអនុវត្ត​អស់​រយៈ​ពេល​៦ឆ្នាំ ​កន្លងមកហើយ ។ ដំណាំ​ស្វាយចន្ទី​នេះធ្វើ​ឱ្យ​គាត់​អាច​រក​ប្រាក់​ចំណូល​បានប្រមាណ​ពី៥ ទៅ​៦​លានរៀល ក្នុង​​១ឆ្នាំ ។ ចំពោះ​បច្ចេក​ទេស​​ ដែលគាត់​បានអនុវត្ត​ដូច​ខាង​ក្រោម៖
១-​ការ​ដាំ​​ និងការ​រៀប​ចំរណ្តៅ​ដាំ
ក្នុង​ការ​ដាំ​ស្វាយ​ចន្ទី​នេះ​គាត់​បាន​ដាំ​នៅលើ​ដី​ព្រៃ ។ ក្រោយ​ពី​រាន​រួច គាត់​បាន​កាប់​រណ្តៅ​​ទំហំ​១​ម៉ែត្រ បួន​ជ្រុង និងជំរៅ​១​ម៉ែត្រ ។ នៅ ក្នុង​រណ្តៅ​គាត់បាន​ដាក់សំរាម ស្លឹក​ឈើងាប់ៗ​លា មកសត្វ និងដី​ព្រៃ (ដីស្រទាប់​លើ) ។ គាត់​បាន​ជីក​រណ្តៅ​ជា​ជួរ​ដោយ​ទុកចន្លោះ​គុម្ព​៦​ម៉ែត្រ និង​ចន្លោះ​ជួរ​៩​ម៉ែត្រ ។ ក្រោយពីជីក​រណ្តៅ​ហើយ​​គាត់​បាន​យក​គ្រាប់​ស្វាយ​ចន្ទីទៅ​ដាក់​ដាំ​ក្នុង​រណ្តៅ​តែ​ម្តង ។
២-​ការថែទាំ
ក្រោយ​ពីដាក់​គ្រាប់​ដាំ ហើ​យ​គាត់​បាន​ធ្វើ​ការ​ស្រោច​ទឹក​រហូត​ដល់ដុះ ។ គាត់​បន្ត​ស្រោច​ទឹក និង​ថែទាំ​នៅ​រាល់ពេលណា​គាត់​ឃើញ​គល់​​ដំណាំ​​ស្វាយ​ចន្ទី​ជិតស្ងួត​ទឹក​ គាត់បូម​​ទឹក​ស្រោច​​នៅគល់​ឱ្យ​ជោក​​ធ្វើបែបនេះ​នៅ​រាល់​២ ទៅ៣​​សបា្តហ៍​ម្តង ។ នៅ​ដំណាក់​កាល​ដំណាំ​អាយុ​ចាប់​ពី​១​ឆ្នាំឡើង​ទៅ គាត់​ធ្វើ​ជីកំប៉ុស្ត៍ទឹក និង​ប្រើជី​ប៉ូវ​ផ្សំ​ពី​រុក្ខ​ជាតិ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​លូត​លាស់​​របស់​កូន​ស្វាយ​​ចន្ទីបន្ថែម ។ ប្រភេទ​ជី​ដែលគាត់​ផ្សំ​មាន​ដូចខាង​ក្រោម៖
-របៀប​ផ្សំ​ជីកំប៉ុស្ត៍ទឹក
ធាតុផ្សំ​ជីកំប៉ុស្ត៍ទឹក៖ ជ្រើស​​រើស​ប្រភេទ​ស្លឹក​ឈើ​ស្រស់ និងទឹក​ ឬ​លាយ​ទឹកនោម ។
របៀប​ធ្វើ៖ ចិញ្ច្រាំ​ស្លឹក​ឈើស្រស់​​ឱ្យល្អិត​​រួចយក​ទៅ​ដាក់​នៅ​ក្នុង​ពាង និង​ចាក់​ទឹក​ពីលើ ។​រក្សា​ទុក​រហូត​ដល់រ​យៈ​ពេល​២០ ទៅ៣០ថ្ងៃ​ទើប​អាច​យក​ទឹក​ជី​នោះ​ទៅ​ប្រើ​ប្រាស់​បាន ។
របៀប​ប្រើ៖ ​គឺយក​ទឹកជី​១​លីត្រ​​លាយ​ជា​មួយទឹកធម្មតា២៥ ទៅ​៣០លីត្រ​ស្រោច​ទៅ​លើ​គល់​ស្វាយ​ចន្ទី ។
-របៀប​ផ្សំ​ជីជំនួយ​ផ្លែ
ធាតុ​ផ្សំ៖ ជ្រើស​រើ​ស​ប្រភេទ​ផ្លែ​ឈើ​ទុំ​ចាប់ពី​៣​មុខ​ឡើ​ងទៅ ចំនួន​៣​គីឡូ​ក្រាម និង​ទឹក​ស្ករ​រងូ ១គីឡូក្រាម ។
របៀបផ្សំ៖ យក​ផ្លែ​​ឈើ​ទុំ​​ហាន់​ឱ្យ​ល្អិត​ៗ។ ​យក​ធាតុ​ផ្សំ​ទៅច្របល់​ឱ្យ​សព្វ រួច​យក​ទៅដាក់ នៅ​ក្នុង​កែវ​គ្រប​ឱ្យ​ជិត​រក្សា​ទុក​រយៈ​ពេល​ពី​១៥​ថ្ងៃឡើង​ទៅ​អាច​យក​ទៅ​ប្រើ​បាន ។
របៀប​ប្រើ៖ ​យក​ទឹកថ្នាំ​១​ស្លាប​ព្រា​បាយ​លាយ​ទឹក​ចំនួន១០​លីត្រ​ ឬទឹកជី១កំប៉ុង​ទឹក​ដោះ​គោ​លាយ​ទឹកចំនួន​២០០លីត្រ ។
-ថ្នាំ​ពុល​ធម្ម​ជាតិ​សម្លាប់​សត្វកណ្តៀរ
ធាតុផ្សំ៖ មេ្ទស​១​ក្តាប់​ដៃ ស្ករ​ត្នោត​រងូ១ លីត្រ ទឹកខ្មេះ១​លីត្រ ស្រា.ស​១​លីត្រ ។
របៀបធ្វើ៖ យកម្ទេស​​ទៅបុកឱ្យ​ម៉ដ្ឋ​លាយ​ស្ករ​ត្នោត​ចាក់ទឹកចូល និងលាយ​បញ្ចូលគ្នា​ឱ្យ​សព្វ រួច​យក​ទៅស្រោច​នៅ​គល់​ស្វាយ​ចន្ទី​ណា​ដែល​មាន​​សត្វ​កណ្តៀរ​ស៊ី (ក្នុង​ការ​ផ្សំ​ត្រូវ​ប្រើ​ស្រោម​ដៃ​ ដើម្បី​​ចៀស​វាង​ជាតិម្ទេស​ជាប់​ដៃ​ក្រហាយ)។ ក្រៅ​ពី​ប្រើ​ថ្នាំ​ធម្ម​ជាតិ​គាត់​បាន​យក​អំបិល​ទៅ​ចាក់​នៅ​គល់​ស្វាយ​ចន្ទី​​ដើម្បី​​បណ្តេញ​កណ្តៀរ​។
៣-​លទ្ធ​ផល​ទទួល​បាន
ដំណាំ​ស្វាយ​ចន្ទី​អាច​ប្រមូល​​ផល​បាន​នៅ​អាយុ​​​ចាប់​ពី១​ឆ្នាំ​ឡើង​ទៅ គ្រាន់​តែបាន​ផ្លែ​តិច​​ឬ​​ច្រើន​ប៉ុណ្ណោះ ។ ប៉ុន្តែចំពោះ​​ផ្លែ​ដែល​ពេញ​ល្អ គឺនៅអាយុ​៣​ឆ្នាំ ក្នុងដើម​ស្វាយ​ចន្ទីចំនួន៩០០​​ដើម​គាត់​អាចប្រមូលផល​បាន​២,៥តោន (២៥០០គីឡូក្រាម) ​ឬ​ប្រហែល​២ទៅ៣​គីឡូ​ក្រាមក្នុង​១​ដើម ។ ដោយ​​ក្នុង​១​គីឡូ​ក្រាម លក់​បាន​៣៩០០រៀល (តំលៃ​នេះប្រែប្រួល​​ទៅ​តាម​ឆ្នាំ)។
៤-​ការជ្រើសរើស​ពូជ​ដាំ​បន្ត
ជ្រើសរើស​​ផ្លែ​ទុំ​ល្អ មាន​គ្រាប់​រលោងល្អ​ទុំ​​នៅ​លើ​ដើម ។ ​យក​គ្រាប់​ពូជ​ទៅ​ហាល​ថ្ងៃឱ្យ​ស្ងួត។ រក្សា​ទុកនៅ​ក្នុង​បាវ ឬស្មុគ នៅ​ក​ន្លែង​ដែលពុំ​មានសំណើម​ខ្លាំង និងស្ងួត​ខ្លាំង ។ ការក្សា​ទុក​រហូតដល់ពេល​ដែលត្រូវ​យក​គ្រាប់​ទៅ​ដាំ។
៥-​ចំណាប់អារម្មណ៍
ចំពោះ​ការ​ដាំ​ដំណាំ​ស្វាយ​ចន្ទី​នេះ​​គាត់​មាន​ចំណាប់​អារម្មណ៍ថា វា​មានការ​លំបាក​នៅ​ឆ្នាំ​​ដំបូង​ និង​ការ​ថែ​ទាំ ។ ប៉ុន្តែ​ដំណាំ​នេះ​មិនឱ្យ​មានភាពរវល់​រាល់ថ្ងៃទេ ​ក្នុង១ឆ្នាំ លំបាន​តែ​១​ទៅ​២​ខែប៉ុណ្ណោះ ។ ដូចនេះ​​គាត់​យល់​ឃើញ​ថា ដំណាំ​នេះជា​ដំណាំ​ដែលទទួល​បាន​ប្រាក់​​ចំណូល​ប្រចាំឆ្នាំ ។
សរុប​មកបច្ចេកទេស​សំខាន់ៗ​ក្នុង​ការ​ដាំ​ស្វាយ​ចន្ទី​គឺជី​ក​រណ្តៅ​​ដាំ​ធំៗ ដើម្បី​ដាក់ជី​ធម្ម​
ជាតិ​នៅ​បាត​រណ្តៅ​ឱ្យ​បានច្រើន ។ ដាំ​ដោយ​ទុក​ចន្លោះ​​គុម្ព​ឱ្យ​បានធំ ។ ថែទាំ​ស្រោច​ទឹក​ លះ​មែក និងប្រើ​ជី​ទឹកបំប៉ន​ដើម បំប៉ន​គ្រាប់ ។ ​ការ​ពារ​កណ្តៀរ​ស៊ី​គល់ ដោយ​ប្រើ​ថ្នាំធម្ម​ជាតិ​ និងប្រើ​អំបិល ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ