ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងពេល​ដែល​ប្រទេសកម្ពុជាយើង កំពុងឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយ​ម្នាក់ៗ ត្រូវការអាល់​កុល ដើម្បីបាញ់លាងសម្អាត​ដៃ​ឲ្យបានញឹកញាប់ ស្រាប់តែ​មានឈ្មួញទុច្ចរិត បែរជាស៊ី​លក់អាល់កុលក្លែងក្លាយ​។ អាល់កុលក្លែងក្លាយ ដែលលាយ​ជាតិ​មេតាណុល​…

ភ្នំពេញ៖ ក្នុងពេល​ដែល​ប្រទេសកម្ពុជាយើង កំពុងឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយ​ម្នាក់ៗ ត្រូវការអាល់​កុល ដើម្បីបាញ់លាងសម្អាត​ដៃ​ឲ្យបានញឹកញាប់ ស្រាប់តែ​មានឈ្មួញទុច្ចរិត បែរជាស៊ី​លក់អាល់កុលក្លែងក្លាយ​។ អាល់កុលក្លែងក្លាយ ដែលលាយ​ជាតិ​មេតាណុល​ បង្ក​​គ្រោះ​ថ្នាក់​​​ដល់​​សុខ​​ភាព​​​អ្នក​​ប្រើ​ប្រាស់​​។

កាលពី​រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១​ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង​គ្រឿង​សំអាង​នៃក្រសួង​សុខាភិបាល បានប្រកាសពី​ការរកឃើញ​​អាល់កុល ដែល​សង្ស័យ​មានសារធាតុមេតាណុល សរុបជាង ៥៥០០​លីត្រ រួមទាំង​ផលិតផលឧបករណ៍បរិក្ខារពេទ្យ ដូចជា ម៉ាស ស្រោមដៃ និងជេលអាល់កុល គ្មាន​លេខបញ្ជិកា គឺមិនបានចុះបញ្ជី​នៅ​ក្រសួងសុខាភិបាល​នោះទេ​។  

នោះគឺ​មន្ត្រីជំនាញ​នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានសហការជាមួយលេខាធិការដ្ឋាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះ​ត្រួតពិនិត្យជាក់ស្តែង នៅផ្ទះលេខ ៤BA ផ្លូវ២៦៥ស្ទួន ភូមិ១៣ សង្កាត់ទឹកល្អក់ទី​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ បាន​ធ្វើឡើង​ តាមដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយដឹកនាំសម្របសម្រួលនី​តិវិធី ពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង  លើកឡើងថា បន្ទាប់ពីមានការអនុញ្ញាត ពីម្ចាស់ទីតាំង គណៈកម្មការចម្រុះឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង ឃើញមានផលិតផល ​អាល់កុល ដែលសង្ស័យ​ មានលាយសារធាតុ​មេតាណុល ច្រើនប៊ីដុង និងច្រើនដប​ សរុប ៥៥៨៧ លីត្រ ម៉ាសចម្រុះ ចំនួន ៨០កេស ស្រោមដៃពេទ្យ ៣០០កេស  និង​ជេលអាល់កុល ចំណុះ ១០០ មីលីលីត្រ​ ចំនួន ១០ កេស។

គណៈកម្មការចម្រុះ បានសន្និដ្ឋានថា ផលិតផលឧបករណ៍បរិក្ខារពេទ្យ ដែលរួមមាន៖ អាល់កុល ម៉ាស ស្រោមដៃ និងជេលអាល់កុលទាំងនេះ​ គ្មានលេខបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ​សមត្ថកិច្ច ចម្រុះ សម្រេចដកហូត ដោយផ្លុំបេបណ្តោះអាសន្ននូវ​ផលិតផលខាងលើ ហើយអញ្ជើញម្ចាស់ទីតាំង ទៅបំភ្លឺ ដើម្បីបន្តនីតិវិធី។ ក្នុងនោះ គណៈកម្មការចម្រុះ ក៏បានស្នើសុំធ្វើវិភាគអាល់កុល រកកម្រិតសារធាតុមេតាណុល និងសារធាតុអេទីលអាល់កុលផងដែរ​។

កាលពីខែឧសភា​ ឆ្នាំ២០២១ ​អគ្គ​នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានបង្ហោះលើហ្វេសប៊ុកនូវ​ប្រតិបត្តិការ​បង្ក្រាប និងរឹបអូស អាល់កុលក្លែងក្លាយ ដែលមាន​លាយជាតិមេតាណុល​ យ៉ាងហោចណាស់ ចំនួន ៨លើក ដោយមាន​អាល់កុលសរុបជាង ៥៣តោន​។ ក្នុងនោះ ប្រតិបត្តិការ​បង្ក្រាបអាល់កុលក្លែងក្លាយ ទ្រង់ទ្រាយធំ គឺនៅភ្នំពេញ កាលពីថ្ងៃទី១៣ឧសភា នៅបឹងកេងកង ចំនួន ១២តោន និងនៅថ្ងៃ​ទី១៨ឧសភា នៅខណ្ឌដង្កោ ចំនួនជាង ៤០តោន​។ ​ក្រៅពីនៅភ្នំពេញ ក៏មានរកឃើញអាល់កុលក្លែងក្លាយ នៅខេត្តបន្ទាយ​មានជ័យ ខេត្តស្ទឹងត្រែង ព្រៃវែង ក្រចេះ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ នៅកោះកុង និងនៅខេត្តត្បូងឃ្មុំ​។

គេនៅចាំបានថា អំឡុងពេលប្រទេស​​កម្ពុជាយើង ទើបតែ​រកឃើញ​ករណីឆ្លងកូវីដ១៩ លើកដំបូង កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២០ គឺប៉ុន្មានថ្ងៃក្រោយមក ក្នុងពេលម៉ាស់ និងអាល់កុលឡើងថ្លៃ ក៏បែរជារកឃើញ​​អាល់កុលក្លែងក្លាយ ដែលលាយ​ជាតិមេតាណុល​ ត្រូវបាន​មន្ត្រីជំនាញ រកឃើញ​នៅ​កន្លែងលក់ថ្នាំពេទ្យ ជិតផ្សារអូរឡាំពិក​​។​ ក្រោយពីចាប់រឹបអូស និងបង្ក្រាប​អាល់កុលទាំងនោះ រួចមក បញ្ហា​ម៉ាស-អាល់កុល​ឡើងថ្លៃ និងអាល់កុលក្លែងក្លាយ ក៏ស្ងប់ស្ងាត់បន្តិច។ តែមួយរយៈចុង​ក្រោយនេះ បាន​រកឃើញ​ជាបន្តបន្ទាប់ ​តាមកន្លែងលក់ថ្នាំពេទ្យ ពិសេសនៅតាមខេត្ត និងតាមផ្ទះ​នៅភ្នំពេញ​ ដែលមាន​រាប់តោន​។

​​​​នៅ​​ក្នុងដំណាក់កាល ដែល​ជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឱ្យតម្រូវការអាល់កុល មានការកើន ឡើងខ្ពសជា​ហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល (Methanol) មកលក់ជូនប្រជាពលរដ្ឋ ដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំ សម្រាប់ផលិតជែល សម្លាប់មេរោគ ជាដើម។

ប៉ុន្តែ​មន្ត្រីជំនាញ លើកឡើងថា អំឡុងពេលតម្រូវការអាល់​កុល កើនឡើងខ្ពស់នេះ បែរជាមានអ្នកយក​សារធាតុគីមី មេតាណុល លាយនឹងទឹក ធ្វើជាអាល់កុល។ សារធាតុមេតាណុល គឺជាសារ​ធាតុ​ពុល​។ ការប្រើប្រាស់មេតាណុល ធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាព ក្នុងការសម្លាប់​មេរោគប៉ុណ្ណោះទេ តែថែមទាំង​បណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជា បណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើយកទៅ​លាយជាមួយស្រា ហើយបរិភោគ លើសកម្រិត។

ដោយសារតែគ្រោះថ្នាក់​ដូចអ្នកជំនាញ លើកឡើងដូច្នេះហើយ ទើបអាជីវករ ទាំង​អ្នក​លក់ដុំ អ្នកលក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្ម លក់ដូរ​ ប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពី សុខុមាលភាព របស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ខ្ពស់ជាង​ការ​ចំណេញលុយ​។

ព្រះសម្មាសម្ពុទ្ធ បានលើកឡើងនូវការចិញ្ចឹមជីវិតត្រូវ ឬសម្មាអាជីវោ ដែល​ត្រូវវៀរចាកនូវ​មុខរបរ ៥ប្រការ រួមមាន៖ ១-ជួញដូរមនុស្ស ២-ជួញដូរសត្វ ៣-ជួញដូរថ្នាំពុល ឬ​ថ្នាំពិស ៤-ជួញដូរស្រា គ្រឿងស្រវឹង គ្រឿងញៀន និង​៥-ជួញដូរសាស្ត្រា​វុធ គ្រឿងប្រហារ។

ដូច្នេះករណី​អ្នកលក់ដូរ​អាល់កុលក្លែងក្លាយ ដែលនាំ​ឲ្យប៉ះពាល់សុខភាព​នេះ មិនត្រឹមតែខុស​ក្នុងផ្លូវ​ព្រះពុទ្ធសាសនាទេ តែនាពេលបច្ចុប្បន្ន ក៏ត្រូវមានទោសតាមច្បាប់រដ្ឋ ដែលនាំ​ឲ្យ​អន្តរាយ​ថែមទៀតផង។ នោះគឺ​ពេលអាជ្ញាធរសមត្ថកិច្ច ចុះទៅ​ចាប់រឹបអូស​ហើយ បើពិនិត្យឃើញថា ច្បាស់ជាអាល់ក្លែងក្លាយមែន គឺត្រូវ​ទទួលរងនូវការផាកពិន័យ​ និងអាច​ត្រូវបាន​ឃុំខ្លួនថែមទៀតផង។

ចំណែកសាធារណជន ដែលជាអ្នកប្រើប្រាស់ ក៏សូមពិនិត្យ និងជ្រើសរើសផលិតផល ដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ​ច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ​អាល់កុល ឬជែល យកមកប្រើប្រាស់ ក្នុងគោលបំណងសម្លាប់មេរោគ ដើម្បីការពារ កុំ​ឲ្យឆ្លងកូវីដ​។

ប៉ុន្តែ​ជាទូទៅ  ប្រជាពលរដ្ឋ​យើងដោយច្រើន ពុំបានដឹងថា មួយណា ជាអាល់កុល​ក្លែងក្លាយ ហើយមួយណា ជាអាល់កុល​ពិតនោះឡើយ។ ករណីនេះ ទាមទារ​ឲ្យមន្ត្រីជំនាញ មិនថា មកពីក្រសួងសុខាភិបាល ក្រសួង ពាណិជ្ជកម្ម ឬក៏ក្រសួងមហាផ្ទៃ​ទេ សូមមេត្តា​បន្ត​បង្កើន​សកម្មភាពត្រួតពិនិត្យគុណភាពអាល់កុល ក៏ដូចជា​មុខទំនិញ ចំណីអាហារ ដែលមានលាយ​សារធាតុ​គីមី ដើម្បីសុខភាពសាធារណៈ។ ក្នុងនោះ បើរកឃើញ​​ផលិតផលក្លែងក្លាយ ពិសេស​ចំណីអាហារ និងអាល់កុលក្លែងក្លាយ​ដូច្នេះ ត្រូវតែ​ស្រាវជ្រាវចាប់​ឲ្យបាននូវ​​ជនល្មើស​ យកទៅផ្តន្ទាទោសធ្ងន់ធ្ងរ​ ដោយគ្មានការលើកលែង​។

នៅពេលធ្វើពិនិត្យ​ពិសោធន៍ ក៏សូម​ឲ្យ​វិនិច្ឆ័យ​ដោយ​ឈរលើការពិតជាក់ស្តែង​។ មិនមែន​​ ចេះ​តែ​បញ្ជាក់អះអាងថា ជារបស់​ក្លែងក្លាយ ដោយសារតែទារលុយគេ​មិនបាននោះទេ។ ផ្ទុយទៅវិញ របស់​នោះ ក្លែងក្លាយសោះ តែបែរជា​ថាជារបស់ពិត នៅពេល​​ដែល​ម្ចាស់នោះ ស៊កលុយ ដាក់ស្រោមសំបុត្រ ហុចក្រោមតុ​ នោះក៏មិនកើតឡើយ។​ បើមន្ត្រីជំនាញ ធ្វើដូច្នេះមែន តើ​ឲ្យ​ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ទៅរំពឹងអ្វី?

ជា​សរុប គឺ​ក្នុង​អំឡុងពេលកូវីដ កំពុង​បន្តឆ្លងរាតត្បាត​​ រាល់ថ្ងៃ ចូលខ្ទង់រយនាក់ ហើយសម្លាប់មនុស្សមិ​នតិចជាង ១០នាក់ ក្នុង១ថ្ងៃៗនេះ គឺប្រជាពលរដ្ឋយើង ភ័យខ្លាចឆ្លងកូវីដ ខំទៅទិញ​អាល់កុល ឬជែល ដើម្បី​លាងសម្អាតដៃ សម្លាប់មេរោគ ការពារកុំ​ឲ្យឆ្លង តែបើប៉ះចំ​អាល់កុលក្លែងក្លាយ នាំទៅ​ជាគ្រោះថ្នាក់ មុននឹង​ឆ្លងកូវីដទៅទៀត។ នេះជាបញ្ហា ដែលជាការ​ទទួលខុសត្រូវរបស់​មន្ត្រីជំនាញសុខភាពសាធារណៈ គ្រប់ផ្នែក​ ត្រូវតែគិតគូរ​។ ក្នុងនោះ អ្នកលក់ រឹតតែ​ត្រូវទទួលខុសត្រូវ ដោយគិតពីសុខភាពពលរដ្ឋ​ខ្មែរយើង ជាជាង​​ចង់​បាន​លុយ​ ដោយសារតែលក់​របស់​ក្លែងបន្លំ ដែលជា​អំពើទុច្ចរិត​ នាំ​ឲ្យខុសទាំងខាង​សីលធម៌​ផង និង​​ខុស​ទាំង​​​ខាង​​ផ្លូវ​ច្បាប់​​ផង​។

ការលក់ផលិតផលប៉ះពាល់​ដល់​សុខភាព និងជីវិត​របស់​ប្រជាពលរដ្ឋ ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់ ហើយ​អាជ្ញាធរ​មាន ការទទួល​ខុសត្រូវ​មួយ គឺ​មិន​ត្រូវបណ្តោយអោយការរកស៊ីទុច្ចរិត និង​ប្រកបដោយ​គ្រោះថ្នាក់កើតមាននៅក្នុងប្រទេស​កម្ពុជា​ឡើយ​​​៕