បច្ចុប្បន្នព្រះពុទ្ធសាសនាត្រូវបានចែកចេញជាយានពីរគឺ ហីនយាន និងមហាយាន ។ យានទាំងពីរនេះមានលក្ខណៈនៃការគោរពប្រណិប័តន៍ខុសគ្នាដោយចំណែកខ្លះគឺហីនយានប្រកាន់យកធម៌ចាស់ តាមលំអានព្រះពុទ្ធ មានវិន័តឹងរ៉ឹងណាស់ ចំណែកមហាយានមានវិន័យស្រាល គោរពប្រតិបត្តិតាមលទ្ធិរបស់គ្រូអាចារ្យជាធំ ។
លក្ខណៈនៃយានទាំងពីរគឺ និកាយហីនយានជាយានតូចចង្អៀត តាមន័យប្រៀបធៀបនឹងយានដែលផ្ទុកសត្វលោកទៅកាន់ព្រះនិព្វានបានចំនួនតិច ពោលគឺក្រនឹងបានសម្រេចនិព្វានណាស់ព្រោះកាន់វិន័យតឹងពេក ។ និកាយហីនយាននិយមធម៌ចាស់គឺគោរពតាមពុទ្ធោវាទ ដែលទ្រង់បានសម្តែងរួចមក ។ សព្វថ្ងៃប្រទេសដែលនិយមនិកាយហីនយាមមានដូចជា កម្ពុជា ថៃ ឡាវ ស្រីលង្កា នេប៉ាល់ជាដើម ។
និកាយមហាយានជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបានទៅកាន់ឋានទេវលោក ។ និកាយមហាយាននិយមធម៌ថ្មីជាងធម៌ចាស់ជាធម៌ដែលមានវិន័យធូរស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិគ្រូអាចារ្យរបស់ខ្លួនជាធំពុំមែនតាមពុទ្ធឱវាទទាំងស្រុងទេ ។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ចិន វៀតណាម ជប៉ុន ទីបេជាដើម ។
បើទោះជាយានទាំងពីរនេះមានការគោរពធ្ងន់ស្រាលជាងគ្នាយ៉ាងណា ក៏លទ្ធិនៃយានទាំងពីរអប់រំមនុស្សក្នុងផ្លូវល្អ ប្រតិបត្តិដើម្បីប្រយោជន៍ដល់សុខសន្តិភាពក្នុងសង្គម ៕ សាន សារិន
ចែករំលែកព័តមាននេះ