ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​ប្រវត្តិសាស្ត្រ តំបន់​មុំ​៣​ នៃ​ព្រំដែន​កម្ពុជា​-​ថៃ មិន​មាន​តំបន់​ស​ទេ ហើយ​មជ្ឈដ្ឋាន​នយោបាយ​ថៃ​ មិន​គួរ​បន្ត​យក​បញ្ហា​ព្រំដែន​ជា​របៀបវារៈ​នយោបាយ​ឡើយ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត យង់ ពៅ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​គូសបញ្ជាក់​ថា ផ្អែក​លើ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ និង​ច្បាប់​អន្តរជាតិ​ជា​ធរមាន នៅ​តំបន់​មុំ​បី…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត យង់ ពៅ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​គូសបញ្ជាក់​ថា ផ្អែក​លើ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ និង​ច្បាប់​អន្តរជាតិ​ជា​ធរមាន នៅ​តំបន់​មុំ​បី នៃ​ព្រំដែន​កម្ពុជា​-​ថៃ មិន​មាន​តំបន់​ស​នោះ​ទេ ដោយសារ​សន្ធិសញ្ញា​អន្តរជាតិ បារាំង​-​សៀម បាន​កំណត់​យ៉ាង​ច្បាស់​នូវ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម ដែល​ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​ជា​ប្រទេស​ថៃ នេះ​បើ​តាម​ការ​ចេញផ្សាយ​លើ​គេហទំព័រ​រាជ​បណ្ឌិតសភា​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០២៥ ។

លោក​បណ្ឌិត បាន​បន្ថែម​ទៀត​ថា តាម​ការ​បកស្រាយ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា ក៏​បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់​ដែរ​ថា តំបន់​នេះ គឺ​ស្ថិត​នៅ​ក្នុង​អធិបតេយ្យភាព នៃ​ប្រទេស​កម្ពុជា ។

បើ​តាម​លោក​បណ្ឌិត យង់ ពៅ ព្រឹត្តិការណ៍​ចូល​មក​បាញ់ប្រហារ​ទាំង​កម្រោល​លើ​កងទ័ព​កម្ពុជា ពី​សំណាក់​កងទ័ព​ថៃ កើតឡើង​ដោយសារ​តែ​អ្នកនយោបាយ​ថៃ ដែល​តែងតែ​រុញច្រាន​បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន មក​កាន់​តំបន់​ព្រំដែន ពិសេស​ព្រំដែន​កម្ពុជា​-​ថៃ ដូចដែល​ថៃ ធ្លាប់​បាន​បង្វែរ​ព្រឹត្តិការណ៍​នយោបាយ​នៅ​ក្រុង​បាងកក មក​បង្កើត​ជា​ទំនាស់​នៅ​តំបន់​ប្រាសាទព្រះវិហារ​របស់​កម្ពុជា ដែល​ពេល​នោះ បាន​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ។

ត្រង់​ចំណុច​នេះ លោក​បណ្ឌិត​បាន​ថ្លែង​សង្កត់ធ្ងន់​ថា គេ​មិន​ត្រូវ​ហៅ​តំបន់ ដែល​កើត​មានការ​ប៉ះទង្គិច​គ្នា​នេះ ជា​តំបន់​ត្រួតស៊ីគ្នា​នោះ​ឡើយ ព្រោះ​វា​ជា​ចេតនា​ទុ​ច្ច​រឹត​របស់​អ្នកនយោបាយ​ថៃ ដែល​គេ​រៀបចំ​ឡើង ដើម្បី​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ ហើយ​បង្កើត នូវ​បញ្ហា​ស្មុគស្មាញ​បន្ថែម​ទៀត​នៅ​ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ។

លោក​បណ្ឌិត យង់ ពៅ បាន​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ថៃ ត្រូវ​ដកថយ​ខ្លួន​ពី​បញ្ហា​នេះ ហើយ​ទុក​បញ្ហា​បច្ចេកទេស​ព្រំដែន ឱ្យ​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ធ្វើ​ការងារ​ជាមួយ​គ្នា ។

លោក​បណ្ឌិត​បាន​បន្ត​ថា គេ​មិន​ត្រូវ​យក​បញ្ហា​នយោបាយ​ផ្ទៃក្នុង មក​បូកលូក​ឡំ ជាមួយនឹង​បញ្ហា​អធិបតេយ្យភាព រវាង​ប្រជាជាតិ​ជិតខាង ដែល​អាច​នាំ​ឱ្យ​កើតជា​វិបត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ព្រោះ​កម្ពុជា​និង​ថៃ ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា ដែល​គេ​មិន​អាច​លើក​ព្រំដែន​រដ្ឋ​ទាំង​ពីរ​ចេញពី​គ្នា​បាន​ឡើយ​។ លោក​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ត្រូវធ្វើ​ឡើង​ដោយ​យក​មូលដ្ឋាន​សន្ធិសញ្ញា​បារាំង​-​សៀម ដែល​មាន​តម្លៃ​ជា​ច្បាប់​អន្តរជាតិ​ជា​គោល ហើយ​បន្ត​ជំរុញ​ប្រសិទ្ធភាព​នៃ​យន្តការ​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ជា​ជាង​ការ​បង្កើត​ព្រឹត្តិការណ៍​អរិភាព​រវាង​ប្រទេស​ជិតខាង រុញ​ស្មារតី​ជាតិនិយម​លើ​បញ្ហា​អធិបតេយ្យភាព​ព្រំដែន ដើម្បី​កេង​ចំណេញ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​របស់​ខ្លួន​ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​បណ្ឌិត យង់ ពៅ បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ទាំង​ពីរ គោរព​នូវ​ច្បាប់​អន្តរជាតិ និង​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដើម្បី​ធានា​បាន​នូវ​ផលប្រយោជន៍​ជាតិ​ខ្លួន​ផង និង​ដើម្បី​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជាតិ​ជា​សមាជិក​អាស៊ាន​ទាំង​ពីរ​ផង​ដែរ ​។

បើ​តាម​លោក​បណ្ឌិត ការ​សិក្សា​ស្វែង​យល់ ទទួលស្គាល់ និង​អនុវត្ត​តាម​ស្មារតី ​នៃ​សន្ធិសញ្ញា​បារាំង​-​សៀម និង​ពិធីសារ​បោះបង្គោល​ព្រំដែន​រវាង​បារាំង ​និង​សៀម និង​គោរព​តាម​ផែនទី ​ដែល​បន្សល់​ដោយ​អាណានិគម​បារាំង គឺជា​លទ្ធភាព​តែ​មួយ​គត់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ ព្រោះ​ឯកសារ​គតិយុត្តិ​ទាំងនេះ នៅ​តែ​មាន​តម្លៃ​ផ្លូវច្បាប់​ជា​ធរមាន​ជា​លក្ខណៈ​អន្តរជាតិ សម្រាប់​ការ​អនុវត្ត​និង​ដោះស្រាយ​បញ្ហា​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ​។

លោក​បណ្ឌិត ​បាន​បង្ហាញ​ជំនឿ​ថា អ្នកបច្ចេកទេស​កិច្ចការ​ព្រំដែន ​នៃ​ប្រទេស​ទាំង​ពីរ សុទ្ធតែ​បាន​យល់​ដឹង និង​ជ្រួតជ្រាប​អំពី​ខ្លឹមសារ​ នៃ​ឯកសារ​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​ហើយ ប៉ុន្តែ​អ្នកនយោបាយ​ថៃ ហាក់​បាន​ព្យាយាម​លូក​ឡំ​រវាង​បញ្ហា​បច្ចេកទេស​ និង​នយោបាយ រហូត​ដល់​ឈាន​មានការ​ផ្ទុះអាវុធ​រវាង​កងទ័ព​ នៃ​ប្រទេស​ទាំង​ពីរ ​។

លោក​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា ករណី​នេះ មិន​គួរ​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​រីក​រាលដាល ទៅ​ជា​ការ​ប្រឈម​ទ្រង់ទ្រាយ​ធំ ​នៅ​តាម​ព្រំដែន​ឡើយ ព្រោះ​បច្ចុប្បន្ន ទាំង​កម្ពុជា​ និង​ថៃ សុទ្ធសឹងតែ​កំពុង​ប្រឈម​នឹង​វិបត្តិ​សាកល​ដូច​គ្នា ដូច្នេះ​ប្រសិនបើវិបត្តិ​ព្រំដែន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ផ្ទុះ​ឡើង នឹង​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង ទាំង​នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ ។

ជា​ការ​ពិត​ណាស់ រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​មិន​ចង់ឱ្យ​មាន​បញ្ហា​ប្រឈម​នៅ​តាម​តំបន់​ព្រំដែន​នោះ​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ​ក៏​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ការពារ​ព្រំដែន និង​អធិបតេយ្យភាព​ជាតិ​ខ្លួន មិន​អាច​បណ្ដែតបណ្ដោយ​ឱ្យ​បរទេស​បំពាន​លើ​ប្រជាជាតិ​ខ្លួ​ននោះ​ដែរ​ ។

ជា​អនុសាសន៍ លោក​បណ្ឌិត យង់ ពៅ បាន​មាន​ប្រសាសន៍​ថា ភាគី​កងទ័ព ​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​តែ​រក្សា​ភាព​អត់ធ្មត់ និង​ត្រូវ​រក្សា​ទំនាក់ទំនង​ឱ្យ​បាន​ជាប់លាប់ និង​មាន​កិច្ច​ពិភាក្សា​គ្នា​ជា​ប្រចាំ ដើម្បី​បញ្ចៀស​លទ្ធភាព ​នៃ​ការ​ប្រ​ឈ​មុខ​ដាក់​គ្នា ហើយ​គណៈកម្មាធិការ​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​ ត្រូវ​តែ​បន្ត​ជជែក និង​ដោះស្រាយ​បញ្ហា​បន្ទាត់​ព្រំដែន ​នៃ​ប្រទេស​ទាំង​ពីរ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​កិច្ច​សហប្រតិបត្តិការ ​។ បន្ថែម​ពីលើ​នេះ អ្នកនយោបាយ ​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​តែ​ស្វែងរក​ការ​ជជែក​ពិភាក្សា​ដើម្បី​ដាក់​ចេញ​នូវ​ដំណោះស្រាយ​បន្ទាន់ និង​សម​ស្រប​ព្រមទាំង​រក្សា​ស្ថានភាព​ដើម (Status Quo) នៅ​តាម​តំបន់​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​ ។

លោក​បណ្ឌិត បាន​ថ្លែង​សង្កត់ធ្ងន់​ថា «​កម្ពុជា​ត្រូវការ​សន្តិភាព និង​មាន​ភាព​ចាំបាច់​ការពារ​ឱ្យ​ខាង​តែ​បាន​អធិបតេយ្យភាព​ដែនដី​»​ ។

សូម​ជម្រាប​ថា​ ការ​លើក​ឡើង​របស់​លោក បណ្ឌិត​ខាងលើ ​បន្ទាប់​ពីកងទ័ព​កម្ពុជា​-​ថៃ បាន​ប៉ះទង្គិច​អាវុធ​គ្នា ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​កងទ័ព​ថៃ​ បាន​ធ្វើការ​បាញ់ប្រហារ​មុន ​មក​លើ​លេណដ្ឋាន ដែល​ជាទី​តាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា ជា​យូរណាស់​មក​ហើយ បណ្តាល​ឱ្យ​កងទ័ព​កម្ពុជា​ម្នាក់ បានពលី​ជីវិត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ