ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ជិះ​ម៉ូតូ​ស្ពាយ​កាបូប មាន​លាក់ទុក​កាំបិតផ្គាក់ ១ និង​ដាវ​សា​ម៉ូ​រ៉ៃ ១​ដើម ជួប​កម្លាំង​ល្បាត ដេញតាម​ចាប់​ឃាត់ខ្លួន បាន ៣​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ អត់​ការងារ​ធ្វើ ក្រុមយុវជន​ឈាមរាវ ចំនួន ៣​នាក់ ដែលមាន​អាយុប្រមាណ​ជា ១៧ ទៅ ១៨​ឆ្នាំ ចំនួន…

ភ្នំពេញ​៖ អត់​ការងារ​ធ្វើ ក្រុមយុវជន​ឈាមរាវ ចំនួន ៣​នាក់ ដែលមាន​អាយុប្រមាណ​ជា ១៧ ទៅ ១៨​ឆ្នាំ ចំនួន ៣​នាក់ ត្រូវបាន​កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ និង​ប៉ុស្តិ៍នគរបាល​ទួល​ទំពូង​ទី​១ បាន​ដេញ​ស្ទាក់​ចាប់បាន​ភ្លាមៗ និង​ដកហូត​បាន​កាំបិត​ផ្គាប់ ១ និង​ដាវ​សា​ម៉ូ​រ៉ៃ យ៉ាង​មុត​ស្រួច ១​ដើម​។​

​ករណីនេះ កើតឡើង នៅពេលដែល​កម្លាំង​ល្បាត កំពុងតែធ្វើកា​ត​ដើរល្បាត នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ក៏បាន​ប្រទះឃើញ​ពួកគេ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥​មួយគ្រឿង ឌុប​គ្នា នៅ​ម្តុំ​ខាងក្រោយ​កន្លែង​ហាត់ប្រាណ​ភ្នំពេញ​ស្ព៉​ត​ក្លឹប ដោយមាន​ស្ពាយ​កាបូប​មួយ​ខាងក្រោយ ហើយ​ចេញ​ដង​ដាវ មក​ខាងក្រៅ​។ ដោយមាន​ការសង្ស័យ ប៉ូលិស ក៏​ជិះ​ដេញតាម​ប្រផាប់​ចាប់​ប្រ​ភីង រហូតដល់​ផ្សារ​ទួល​ទំពូង ទើប​ចាប់បាន​។​

​ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង ០០​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ផ្លូវ​លេខ​១៦៣ ខាងលិច​ផ្សារ​ទួល​ទំពូង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​

​នគរបាល បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ ពេលដែល​កម្លាំង​របស់​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន កំពុងតែ​ជិះ​ម៉ូតូ​ល្បាត នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន នៅតាម​បណ្តោយ​ផ្លូវ​លេខ ៤៣០ ម្តុំ​កន្លែង​ហាត់ប្រាណ​ភ្នំពេញ​ស្ព៉​ត​ក្លឹប​នោះ ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​ក្រុមក្មេងស្ទាវ​មួយក្រុម មាន​គ្នា ៣​នាក់ ដែលមាន​អាយុប្រមាណ ចាប់ពី ១៧ ទៅ ១៨​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HV-0678 មួយគ្រឿង ឌុប​គ្នា ដោយ​យុវជន​ម្នាក់ ដែល​ជិះ​ខាងក្រោយ មាន​ស្ពាយ​កាបូប​ពណ៌​ខៀវ​មួយ ខាងក្រោយ​ខ្នង និង​មាន​ចេញ​ដង​ដាវ​សា​ម៉ូ​រ៉ៃ មក​ខាងក្រៅ​ផងដែរ​។

​ប្រភព​ដដែល បាន​ប្រាប់​បន្តទៀតថា ពេលដែល​កម្លាំង​ល្បាត បានឃើញ​ក្រុមក្មេងស្ទាវ​មួយក្រុម មាន​គ្នា ៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ស្ពាយ​កាបូប ចេញ​ដង​ដាវ​សា​ម៉ូ​រ៉ៃ មក​ខាងក្រៅ​ច្រ​ង៉ាង​នោះ ក៏បាន​ដេញតាម​ហៅ តែ​ពួកគេ​បានដឹងខ្លួន ក៏បាន​បោះ​កាបូបស្ពាយ​មួយ​នោះ ចោល រួចហើយ ក៏​ព្យាយាម​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​។ តែ​ប៉ូលិស ក៏បាន​ស្រែក​តាម អាយ​ឌី ទាក់ទង​តាម​វិទ្យុទាក់ទង ទៅកាន់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ និង​នគរបាល​ប៉ូ​ស្តិ៍​ទួល​ទំពូង​ទី​១ អោយជួយ​ដេញ រហូត​ទៅដល់​ផ្លូវ​លេខ​១៦៣ ខាងលិច​ផ្សារ​ទួល​ទំពូង ទើប​តាម​ស្ទាក់ចាប់​ឃាត់ខ្លួន​ពួកគេ បាន​ភ្លាមៗ ទាំង ៣​នាក់ និង​នាំខ្លួន​ចូលទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ដែល​នៅក្បែរនោះ​តែម្តង​។​

​កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ក្រុមក្មេងស្ទាវ​ទាំង ៣​នាក់​ខាងលើ រួមទាំង​កាបូបស្ពាយ​មួយ ដែលមាន​លាក់ទុក​កាំបិតផ្គាក់ ចំនួន ១ និង​ដាវ​សា​ម៉ូ​រ៉ៃ ១​ដើម ដែលមាន​មុខ​មុត​ស្រួច​សស្ងាច គួរអោយ​ព្រឺរោម និង​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ មួយគ្រឿង ដែល​ពួកគេ​ជិះ​ឌុប​គ្នា​។​

​តាម​ការសួរនាំ​ជា​ជំ​ហ៊ាន​ដំបូង ក្រុមក្មេងស្ទាវ​ទាំង ៣​នាក់ បាន​សារភាពថា កាំបិតផ្គាក់ និង​ដាវ​សា​ម៉ូ​រ៉ៃ ទាំង ២​នេះ ជា​របស់​មិត្តភក្តិ​របស់ខ្លួន​ម្នាក់ បាន​ផ្ញើ និង​ទូរស័ព្ទ អោយ​យកមក​អោយ នៅ​ម្តុំ​ខាងក្រោយ​ភ្នំពេញ​ស្ព៉​ត​។ តែ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច ឃើញ និង​ដេញចាប់បាន​តែម្តងទៅ​។​

​ក្រោយពី​បាន​សួរនាំ​ដឹង​អំពី​កន្លែង​ទីតាំង​កើតហេតុ រឿងនេះ​មិនមែន​កើតឡើង នៅក្នុង​ទឹកដី​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើម​ថ្លូ​វ និង​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ទេ គឺ​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​របស់​ន​គ​របាល​ប៉ូ​ស្តិ៍​ទួល​ទំពូង​ទី​២ ទើប​សមត្ថកិច្ច បាន​បញ្ជូនបន្ត ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ ទៅតាម​នីតិវិធី​៕ ភី ផល​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ