ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kamlai Phath​បំបាក់ ឡុ​ង សុ​ភី ខណៈ ដុម កែវ​ដា ស្មើ​ថៃ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កីឡាករ​ជើង​ខ្លាំង​ថៃ Kamlai Phath​ដែល​អ្នក​ស្នេហា​វិស័យ​ប្រដាល់​កត់សម្គាល់​ពី​សមត្ថភាព​ប្រកួត​តាំងពី​បាន​យកឈ្នះ​កីឡាករ​រឿង សោ​ភ័​ណ្ឌ​នោះ ពិតជា​ឈ្នះ ឡុ​ង សុ​ភី ដូច​ការ​គ្រោងទុក​មែន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កីឡាករ​ជើង​ខ្លាំង​ថៃ Kamlai Phath​ដែល​អ្នក​ស្នេហា​វិស័យ​ប្រដាល់​កត់សម្គាល់​ពី​សមត្ថភាព​ប្រកួត​តាំងពី​បាន​យកឈ្នះ​កីឡាករ​រឿង សោ​ភ័​ណ្ឌ​នោះ ពិតជា​ឈ្នះ ឡុ​ង សុ​ភី ដូច​ការ​គ្រោងទុក​មែន បើ​ទោះជា​ឡុ​ង សុ​ភី ប្ដេជ្ញា​ថា​មិន​ឲ្យ​អាម៉ាស់មុខ​នៅ​គ្រប់ការ​ប្រកួត​មុន​ថ្ងៃ​រៀប​ការ​ក្ដី​។ ជាមួយ​គ្នា​នោះ កីឡាករ​កម្ពុ​ជាមួយ​រូប​ទៀត គឺ​ដុម កែវ ដា ក៏​ត្រូវ​គេ​ឃើញ​ស្មើ​កីឡាករ​ថៃ​យ៉ាង​ត្រដាបត្រដួស​បំផុត​។

កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺ​មានការ​ប្រកួត​អន្តរជាតិ​តែ​មួយ​សង្វៀន​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពេញទំហឹង​នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៨ វិច្ឆិកា ។ ការ​ប្រកួត​អន្តរជាតិ​នេះ គឺ​មាន​សមាសភាព​របស់​កីឡាករ​កម្ពុជា​២​រូប និង​កីឡាករ​ថៃ​២​រូប​ដែល​សុទ្ធតែ​មាន​ក្រេ​ឌី​ត​រៀងខ្លួន​។ ក្នុង​ចំណោម​គូប្រកួត​ទាំង​ពីរ គូប្រកួត​ឡុ​ង សុ​ភី និង​Kamlai Phath​បាន​កំដរ​បរិយាកាស​ការ​ប្រដាល់​អន្តរជាតិ​ក្នុង​ប្រភេទ​៦៩​គីឡូក្រាម​នា​ថ្ងៃ​នោះ កក្រើក​ខ្លាំង​មែនទែន ។ ជំនួប​របស់​អ្នក​ទាំង​ពីរ​មានការ​ចាប់អារម្មណ៍​ដោយសារ​តែ​ជើង​ខ្លាំង​របស់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ប្រកាស​ថា នឹង​យកជ័យ​ជម្នះ​ឲ្យ​បាន​ដាច់ខាត​មុន​ចូល​រោងការ​នៅ​ដើមឆ្នាំ​២០១៦ ប៉ុន្តែ​បែរជា​បរាជ័យ​យ៉ាង​អាម៉ាស់មុខ​នៅ​លើ​សង្វៀន ។

ការ​ប្រកួត​៣​ទឹក​ដំបូង កីឡាករ​ឡុ​ង សុ​ភី ត្រូវ​មហាជន​ចោទ​ថា​មិន​វាយ និង​ទំនងជា​មាន​បញ្ហា​មិន​ចង់​ឈ្នះ​ដោយសារ​តែ​បាន​បណ្ដោយ​ឲ្យ​កីឡាករ​ថៃ​វាយ​សន្ធាប់​តែ​ម្ខាង ហើយ​ខ្លួនឯង​បាន​ត្រឹម​វាយ​ទប់​កុំឱ្យ​ទ្រម​ខ្លាំង ។ ប៉ុន្តែ​ក្រោយ​ការ​ព្រមាន​ផ្ទួន​ៗ​ពី​លោក​រាជ សូ​ផែន មន្ត្រី​បច្ចេកទេស​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ពី​លោក​អាជ្ញាកណ្ដាល​ថា​នឹង​ដេញ​ចុះ បើ​នៅ​តែ​មិន​ព្រម​វាយ ទើប​គេ​ឃើញ​ជើង​ខ្លាំង ឡុ​ង សុ​ភី ប្ដូរ​ទម្រង់​វាយតប់​ដើម្បី​គេច​ចេញពី​ការ​ប៉ាន់ស្មាន​អវិជ្ជមាន ។

យ៉ាងណា​ក៏​ដោយ គេ​កត់​សម្គាល់ថា ការ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​របស់​គេ​កាន់តែ​ត្រូវ​ប្រឈម​នឹង​កម្រិត​វាយលុក​របស់​កីឡាករ​ថៃ KamlaiPheath​ទ្វេ​ដង ដោយសារ​តែ​ជើង​ខ្លាំង​ឆ្លង​ដែន​រូប​នេះ មិនមែន​ល្អ​តែ​ជើង និង​ម៉ាត់​ប៉ុណ្ណោះ​ទេ គឺ​កែង និង​ស្ទីល​រំដោះខ្លួន​របស់​គេ​ក៏​នាំមុខ​កីឡាករ​កម្ពុជា​ផង​ដែរ​។ ជាមួយនឹង​ការ​ប្រឹង​សម្រុក​មិន​បាន​ជោគជ័យ រប​ស់ឡុង សុ​ភី ទើប​គេ​មើលឃើញ​ថា​ហេតុផល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ មិនសូវ​សម្រុក​ខ្លាំង​កាលពីដើម​ទឹក គឺ​មិនមែន​ដោយសារ​តែ​មាន​អាថ៌​កំបាំង​ពាក់ព័ន្ធ​រឿង​លក់ខ្លួន​ទេ ប៉ុន្តែ​ទំនង​មក​ពី​ដឹង​ថា​ដៃគូ​បើ​ហ៊ាន​តែ​លូក​ខ្លាំង​គឺ​រលាក ទើប​ប្រើ​យុទ្ធសាស្ត្រ​ស្ទាបស្ទង់ ហើយ​ក៏​ត្រូវ​គូប្រកួត​វាយ​ត្រូវ​ខ្ចប់​ៗ​រកតែ​ស្ទីល​ត​វិញ​អត់​បាន ។

Kamlai Phath​ពិតជា​ជើង​ខ្លាំង​មិន​អន់​ជាង​ប្រវត្តិ​ប្រកួត​ដែល​បាន​បង្ហាញ​មែន ហើយ​ជ័យជម្នះ​លើ​កីឡាករ​ឡុ​ង សុ​ភី គឺ​បាន​បង្ហាញ​កាន់តែ​ច្បាស់​ថា ឱកាស​វាយ​ផ្ដួល​កីឡាករ រឿង សោ​ភ័​ណ្ឌ កាលពី​ពេល​មុន មិនមែន​ចៃដន្យ​នោះ​ទេ តែ​គឺ​ចេញពី​សមត្ថភាព​ពិត​ៗ​។ ការ​ទទួលស្គាល់​បែប​នេះ ត្រូវ​គេ​ឃើញ​កើតឡើង​ពេញ​ក្នុង​ស្រទាប់​អ្នក​ទស្សនា បន្ទាប់​ពី​ការ​ប្រកួត​៥​ទឹក​រវាង​គេ និង​ឡុ​ង សុ​ភី គឺ​ឡុ​ង សុ​ភី ចាញ់​ប្រៀប​ពេញទំហឹង ដោយ​មាន​ន័យ​ថា​ទោះជា​កីឡាករ​កម្ពុជា​ប្រឹង​រំលេច​ក្បាច់​ណា ក៏​Kamlai Phath ទប់​ជាប់ ហើយ​វាយបក​វិញ​បាន​ល្អ ។ ឡុ​ង សុ​ភី ទំនងជា​ត្រូវ​ហ្វឹកហាត់​ក្បាច់គុន​បន្ថែម​ទៀត ដើម្បី​ត្រឡប់​មក​សងសឹក​គូប្រកួត​របស់​ខ្លួន ដ្បិត​ផ្អែក​តាម​ការ​ប្រកួត​ទាំង​ជាមួយ​រឿង សោ​ភ័​ណ្ឌ និង​ឡុ​ង សុ​ភី គឺ​Kamlai Phath​មាន​កណ្ដាប់ដៃ​ខ្លាំង​ណាស់ ហើយ​ការ​ប្រកួត​របស់​គេ ក៏​រស់​រវើក​មិនធម្មតា​នោះ​ដែរ​។ 

សម្រាប់​ការ​ប្រកួត​អន្តរជាតិ​មួយគូ​ទៀត គឺ​ឌុ​ម កែវ​ដា ជើង​ខ្លាំង​របស់​កម្ពុជា​មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​គេ​ឃើញ​ដណ្ដើម​បាន​ពិន្ទុ​ស្មើ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Kamlai Yuk យ៉ាង​លំបាក​បំផុត ដោយ​លទ្ធផល​នេះ​ត្រូវ​អ្នក​ទស្សនា​យល់​ថា​ដើម្បី​ជា​ការ​យល់មុខ​ចំពោះ​កីឡាករ​កម្ពុជា​នោះ​ផង ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ធ្វើ​ឡើង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដោយ​មាន​អ្នក​ទស្សនា​ជក់ចិត្ត​ដិតអារម្មណ៍​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​ការ​ប្រកួត​រវាង​ឡុ​ង សុ​ភី និង​កីឡាករ​ថៃ​។ ជា​ពិសេស​ក្នុង​ពេល​កីឡាករ​កម្ពុជា​ខំប្រឹង​ស្ទុះស្ទា​ស្ទើរ​អស់​សមត្ថភាព​តាំងពី​ដើម​ទី ប៉ុន្តែ​បែរជា​ត្រូវ​ត្រឡប់​មក​វិញ​ដោយ​កណ្ដាប់ដៃ និង​រន្ទះ​ជើង​ខ្លាំង​ដូច​ញញួរ​ដេញ​សំពង​នៅ​លើ​សង្វៀន​។ កីឡាករ​ដុម កែវ​ដា ត្រូវ​បាន​Kamlai Yuk វាយ​ឡើង​ទ្រម​ខ្លួន​ក្នុង​៣​ទឹក​ដំបូង ហើយ​បើ​កុំ​តែ​២​ទឹក​ចុង​ក្រោយ គេ​មានឱកាស​វាយ​ឲ្យ​កីឡាករ​ថៃ​ទ្រម​ខ្លួន​សង​វិញ កុំ​អី​លទ្ធផល​ស្មើនឹង​មិន​អាច​កើតឡើង​នោះ​ទេ សម្រាប់​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​។

ងាក​មក​កាន់ការ​ប្រកួត​កាល​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​វិញ ក៏​មាន​លទ្ធផល​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​។ កីឡាករ​ស៊ុម សុខ​ឡេ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ផ្ដួល​កីឡាករ​មឿ​ន ច​ន្ធី មក​ពី​ក្លិប​មកុដ​រាជសីហ៍​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ កីឡាករ​ទូច វិ​រៈ មក​ពី​ក្លិប​ច័ន្ទ​បុរី​វង្ស​កីឡា វាយ​ឈ្នះ​កីឡាករ​ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ ។ កីឡាករ​ស៊ឹ​ម ប៊ុ​ន​ឆៃ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង ផ្ដួល​កីឡាករ​ហួ​ន ស៊ី​នេ​ត មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៥ ។ យ៉ាងណា​ក៏​ដោយ គូ​នេះ ក៏​មានការ​រិះគន់​នៅ​ដើម​ទឹក​ផង​ដែរ ។

ដោយសារ​តែស៊ឹ​ម ប៊ុ​ន​ឆៃ ហាក់​មិនសូវ​ចង់វាយ ហើយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចោទ​ថា បាន​លក់ខ្លួន​និង​ត្រូវ​លោក​អាជ្ញាកណ្ដាល​ព្រមាន​បណ្ដេញ​ចុះ​មុន​ប្រឹងប្រែង​វាយ​សម្រុក​រហូត​បាន​ជ័យជម្នះ ។ មួយគូ​ទៀត​ដែល​ជា​គូ​ឯក ក៏​មាន​សម្រែក​ហ៊ោកញ្ជ្រៀវ​កងរំពង​ណាស់​ដែរ ក្នុង​ពេល​កីឡាករ​ជើង​ខ្លាំង ធី តុង​ហ៊ី វាយ​ឈ្នះ​កីឡាករ​សរ រាជសីហ៍ ដែល​ជា​ជើង​ខ្លាំង​ដូច​គ្នា​ដោយ​ពិន្ទុ​នោះ ៕