ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី ស្រួ​ង ភា​វី កាន់តែ​ល្បី​ក្នុង​អាជីព​ស្នូក​ឃ័រ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​របស់​កម្ពុជា គឺ​លោកស្រី ស្រួ​ង ភា​វី កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍ បន្ទាប់​ពី​បាន​

​រាជធានីភ្នំពេញ ៖ កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​របស់​កម្ពុជា គឺ​លោកស្រី ស្រួ​ង ភា​វី កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍ បន្ទាប់​ពី​បាន​គ្រង​តំណែង​ជើងឯក​លើក​ដំបូង ក្នុង​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​(​កា​រ៉ុ​ម​)​ដណ្ដើម​ពានរង្វាន់ Blue One Resort LPBA Championship (​ផ្នែក​នារី​) នៅ​សាធារណរដ្ឋ​កូរ៉េ​។ ជ័យជម្នះ​របស់​នាង បាន​ធ្វើ​អោយ​ពិភពលោក ជា​ពិសេស​អ្នក​ស្រលាញ់​កីឡាស្នូកឃ័រ​ កាន់តែ​ស្ងើចសរសើរ​ចំពោះ​ស្ត្រី​ខ្មែរ​រូប​នេះ ខណៈ​ដែល​តំណែង​ជើងឯក​របស់​នាង គឺជា​លទ្ធផល​ដែល​គេ​នៅ​តែ​ដក់​ការ​ចង​ចាំ​មក​ទល់​ពេល​នេះ​។

កីឡាការិនី ស្រួ​ង ភា​វី បាន​ក្លាយជា​ជើង​ខ្លាំង បន្ទាប់​ពី​វាយបក​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ Kim Gayoung ដោយ​លទ្ធផល ៣-១​សិត នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ជ័យជម្នះ​របស់​នាង​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ គឺ​សូ​ម្បី​តែ​កីឡាករ កីឡាការិនី​ជនជាតិ​កូរ៉េ ក៏​លាន់មាត់​គ្រប់គ្នាផងដែរ ។

តាម​ការ​បញ្ជាក់​របស់​លោកស្រី ស្រួ​ង ភា​វី គឺ​លោកស្រី បាន​ចំណាយពេល​ប្រកួត​ទម្រាំ​តែ​បាន​តំណែង​នេះ គឺ​រហូត​ដល់ ៨​ថ្ងៃ តាំងពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​។ នេះ​ក៏​ជា​លើក​ដំបូង​ផង​ដែរ ដែល​លោកស្រី​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​នេះ បន្ទាប់​ពី​លោកស្រី​បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុមហ៊ុន Blue One Resort រយៈពេល ១​ឆ្នាំ​។ ភាព​ល្បីល្បាញ​របស់​លោកស្រី កាលនោះ​គឺ​មាន​កីឡាការិនី​ចូលរួម​សរុប ៦៤​នាក់ ដែល​នោះ​គឺ​សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​កម្រិត​ពិភពលោក​។ នេះ​ក៏​ជា​កំណត់​ត្រា​ថ្មី​លើ​ទឹកដី​កូរ៉េ​ផង​ដែរ​។ លោកស្រី​ថា ​គាត់​​បាន​ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​វគ្គ រហូត​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​បាន​ប៉ះ​ជាមួយ​កីឡាការិនី​មាន​បទ​ពិសោធ​យូរ​ឆ្នាំ គឺ​Kim Gayoung ដែល​ជ័យជម្នះ​នេះ​ហើយ ទើប​ធ្វើ​អោយ​​​លោក​​ស្រី ស្រួ​ង ភា​វី ក្លាយ​ជាទី​ចាប់អារម្មណ៍​ក្នុង​វិស័យ​កីឡា​។

លោកស្រី ស្រួ​ង ភា​វី បន្ដ​ថា ការ​ប្រកួត​ទាំងអស់​សុទ្ធតែ​មាន​ភាព​តានតឹង តែ​​លោក​ស្រី យល់​ថា ការ​ប្រកួត​ដែល​ទើប​បញ្ចប់ គឺជា​ការ​ប្រកួតប្រជែង​ខ្លាំង បើ​ធៀប​នឹង​ការ​ប្រកួត​ផ្សេង​ៗ​នៅ​កូរ៉េ​។ នោះ​គឺ​ដោយសារ​តែ​ការ​ប្រកួត​នោះ គឺជា​ប្រកួត ដែល​សម្រិតសម្រាំង​សុទ្ធតែ​ជា​ជើង​ខ្លាំង ទាំង​កីឡាការិនី​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយ​ក្រុមហ៊ុន​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​។ ដូច្នេះ លោកស្រី​ពិតជា​មាន​មោទនភាព និង​បាន​ចាត់​ទុក​សមិទ្ធផល ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​មួយ​នេះ គឺជា​កាដូ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា រួម​ទាំង​អ្នកគាំទ្រ​របស់​លោកស្រី​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ​។

ជាមួយ​ការ​ដណ្ដើម​បាន​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួ​ង ភា​វី បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន ២០​លាន​វ៉ុ​ន ឬ​ស្មើនឹង​ប្រមាណ ១៧,៥៧៩​ដុល្លារ​។ លើស​ពី​នេះ ប្រជាជន​កូរ៉េ​ជា​ច្រើន បាន​សម្ដែង​ការ​គោរព​ស្រលាញ់ ហើយ​ចាត់​ទុក​លោកស្រី គឺជា “​នារី​ខ្លាំង​” ម្នាក់​ទៀត​ផង បន្ទាប់​ពី​លោកស្រី​ធ្លាប់​ដណ្ដើម​បាន​ជើងឯក​ថ្នាក់​ជាតិ​ជា​ច្រើន​សម័យ នៅ​សាធារណរដ្ឋ​កូរ៉េ មុន​នឹង​ដណ្ដើម​បាន​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship លើ​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​នៅ​កូរ៉េ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ