អង្គការ​ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត ផ្ដល់​អំណោយ​ដល់​ប្រជាជន​ក្រីក្រ


រាជធានី​ភ្នំពេញ ៖ អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ឧបត្ថម្ភ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោយ​ការដ្ឋាន​គម្រោង​មជ្ឈមណ្ឌល ព្រី​ន​ស៍ ផ្លា​ហ្សា ដែល​ស្ថិត​នៅ​ដី​ទ្បូ​ត៌​លេខ​២៧១ ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៥ នៅ​ការិយាល័យ​លក់​គម្រោង​ព្រី​ន​ស៍​ផ្លា​ហ្សា ដោយ​មាន​លោក​សុខ ពុ​ទ្ធី ចៅសង្កាត់​រង​ទន្លេបាសាក់ និង​លោក QIU GUO XING ប្រធាន​អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ព្រី​ន​ស៍រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា ) អ៊ិ​ន​វេស​មិន​ផង​ដែរ ។

លោក QIU GUO XING ប្រធាន​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត បាន​មាន​ប្រសាសន៍ ថា អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត បាន​ចាប់​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែសីហា ឆ្នាំ​២០១៥ នេះ មក​ដល់​បច្ចុប្បន្ន អង្គការ​មូលនិធិ​សប្បុរសធម៌​មួយ​នេះ បាន​ចូលរួម​កិច្ចការ​សប្បុរសធម៌​ជា​ច្រើន​លើក​ដូច​ជា ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គុន្ធ​បុប្ផា អង្គការ​កុមារ​កំព្រារ PES មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី និង​មជ្ឈមណ្ឌល​ជនអនាថា កុមារ​អនាថា​ពោធិ៍​សែន​ជ័យ​នៃ​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ​ជាដើម។

លោក​បញ្ជាក់​ថា គោលបំណង​នៃ​កម្មវិធី​សំណេះសំណាល​នេះ ទី​មួយ​គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ត និង​សំពះ​ព្រះ​ខែ​ខាង​មុខ​នេះ ដោយ​នាំ​មក​នូវ​អំណោយ និង​ថវិកា​បន្តិចបន្តួច​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ការដ្ឋាន​សំណង់​មជ្ឈមណ្ឌល ព្រី​ន​ស៍ ផ្លា​ហ្សា និង​ទី​ពីរ​គឺ​ដើម្បី​សូម​ការ​អធ្យាស្រ័យ និង​យោគយល់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ការដ្ឋាន ដែល​កន្លង​មក​ការ​សាងសង់​គម្រោង​ធើ្វ​ឲ្យ​មានការ​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខាងលើ​។ លោក​សន្យា​ថា ក្រុមហ៊ុន​នឹង​ដោះស្រាយ​បញ្ហា​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស និង​តាម​សំណូមពរ​។

លោក​សុខ ពុ​ទ្ធី ចៅសង្កាត់​រង​សង្កាត់​ទន្លេបាសាក់ បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត ដែល​បាន​ឧបត្ថម្ភ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​ជិត​ការដ្ឋាន​សំណង់​នៃ​គម្រោង​មជ្ឈមណ្ឌល​ព្រី​ន​ស៍​ផ្លា​ហ្សា​។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន​២៥​គ្រួសារ​ដែល​បាន​ទទួល​អំណោយ​ពី​អង្គការ​មូលនិធិ​ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៥០​គី​ទ្បូ​ក្រាម មី​២​កេស អាវយឺត​មូលនិធិ និង​ថវិកា​ជា​សាច់ប្រាក់​២០​ម៉ឺន​រៀល ដែល​ជា​អំណោយ​ឧបត្ថម្ភ​ដោយ​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រី​ន​ស៍ រៀល អ៊ី​ស្ទេ​ត​៕

Facebook Google Twitter Email

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ