ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​វៀតណាម ​ព​ន្លឿ​ន​បែបបទ ទទួល​ជនជាតិ​ខ្លួន​ទៅ​ប្រទេស​វិញ ឲ្យ​បាន​ឆាប់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ស្នើ​ឲ្យ​លោក Vu Quang Minh…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ស្នើ​ឲ្យ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​កម្ពុជា បន្ត​ជម្រុញ​កិច្ច​សហប្រតិបត្តិការ ធ្វើ​យ៉ាងណា​បំពេញបែបបទ ដើម្បី​ទទួល​ជនជាតិ​ខ្លួន​ ឲ្យ​បាន​ឆាប់ នៅ​ពេល​កម្ពុជា​បញ្ជូន​អ្នក​ទាំងនោះ​ ទៅ​ប្រទេស​វៀតណាម​វិញ ។

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ស្នើ​បែប​នេះ ក្នុង​ពេល​ទទួល​ស្វាគមន៍​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​សម្តែង​ការ​គួរសម ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ទីស្តីការ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​លោក Vu Quang Minh បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​ប្រសិទ្ធភាព នៃ​ការ​ប្រើប្រាស់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ របស់​ប្រជាជន​វៀតណាម នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ដែល​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​លើក​ឡើង ជា​ការ​ឆ្លើយ​តប​នា​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ជម្រាប​ជូន​ថា នឹង​ធ្វើការ​សម្របសម្រួល​បន្ថែម​ទៀត លើ​ការងារ​ផ្សព្វផ្សាយ​បទបញ្ញត្តិ ស្តី​ពី​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ សម្រាប់​ជនបរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា ដល់​អាជ្ញាធរ​មូលដ្ឋាន​តាម​រាជធានី ខេត្ត ដើម្បី​ឲ្យ​មានការ​យល់​ដឹង និង​អនុវត្ត​ត្រឹមត្រូវ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ។

ប៉ុន្តែ​ចំពោះ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខុសច្បាប់ ក្នុង​ប្រទេស​កម្ពុជា នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏​បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បន្ត​ជម្រុញ​កិច្ច​សហប្រតិបត្តិការ ធ្វើ​យ៉ាងណា​បំពេញបែបបទ ដើម្បី​បញ្ជូន​អ្នក​ទាំងនោះ ទៅ​ប្រទេស​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់​បំផុត ។

អគ្គនាយក​អន្តោប្រវេសន៍​របស់​កម្ពុជា ក៏​បាន​បញ្ជាក់​ច្បាស់​ថា កិច្ច​ប្រតិបត្តិការ​ការងារ​គ្រប់គ្រង​ជនបរទេស និង​ការ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​នៅ​កម្ពុជា គឺ​ធ្វើ​ឡើង មិន​ដែល​មានការ​រើសអើង​ឡើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ