ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​តែ​ងមានចិត្ត​មេត្តា​ចំពោះ​កូន​ជា​និច្ច

2 ឆ្នាំ មុន

មាតាបិតា​ទាំងឡាយ​តែង​ចិត្តមេត្តា​ស្រឡាញ់​ពេញចិត្ត​ចំពោះ​កូន តែ​ប្រាថ្នា​ចង់ឱ្យ​កូន​គ្រប់​រូប​បាន​សុខសាន្ត​គ្រប់​វិនាទី ។ ឪពុក​ម្តាយ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ទោះ​ម៉ែឪ​មាន​ក្តី ក្រ​ក្តី ខ្ពង់ខ្ពស់​ក្តី អាប់អន់​ក្តី សុទ្ធតែ​មាន​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​កូន ចង់ឱ្យ​កូន​បាន​សុខ​គ្រប់ពេលវេលា…

មាតាបិតា​ទាំងឡាយ​តែង​ចិត្តមេត្តា​ស្រឡាញ់​ពេញចិត្ត​ចំពោះ​កូន តែ​ប្រាថ្នា​ចង់ឱ្យ​កូន​គ្រប់​រូប​បាន​សុខសាន្ត​គ្រប់​វិនាទី ។ ឪពុក​ម្តាយ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ទោះ​ម៉ែឪ​មាន​ក្តី ក្រ​ក្តី ខ្ពង់ខ្ពស់​ក្តី អាប់អន់​ក្តី សុទ្ធតែ​មាន​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​កូន ចង់ឱ្យ​កូន​បាន​សុខ​គ្រប់ពេលវេលា ។

ឪពុក​ម្តាយ​ខ្លះ​ខិតខំ​លើកដៃ​បន់ព្រះ​សំពះ​ទេវតា វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ដែល​ខ្លួន​មាន​ជំនឿ​ទៅ​លើ ឱ្យ​ជួយ​បីបាច់​ថែរក្សា ការពារ​កូន​ឱ្យ​បាន សុខ​ចម្រើន មានយស​ស័ក្តិ​នៅ​ក្នុង​សង្គម ។ ពេល​កូន​ជាទី​ស្រឡាញ់​ចេញ​អំពី​ផ្ទះ​ទៅ​ខាងក្រៅ ដើម្បី​ធ្វើការ​រក​ទទួលទាន ទោះ​ជិត​ក្តី ឆ្ងាយ​ក្តី ឪពុក​ម្តាយ​តែងតែ​លើកដៃ​បួងសួង​សំបូ​ង​ស​ម្រូ​ង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ អាទិទេព ទេវតា វត្ថុ​ស័ក្តិសិទ្ធិ ដើម្បី​ឱ្យ​កូន​បាន​សុខ​សប្បាយ​តាម​ផ្លូវ ឱ្យ​ឈ្នះ​អស់​មារ​សត្រូវ ទាំង​ជិត​ទាំង​ឆ្ងាយ សូម​ឱ្យ​ជួប​តែ​កូន​មានចិត្ត​សប្បុរស និង​អាណិត ស្រឡាញ់​កូន​ជា​និច្ច គឺ​ឪពុក​ម្តាយ​ហ៊ាន​ធ្វើ​អ្វី​ៗ​ទាំងអស់ ព្រោះតែ​ស្រឡាញ់​កូន ។

ជា​ការណ៍​ពិត​ណាស់ ការ​រក​ទ្រព្យ​យក​មក​ចិញ្ចឹម​កូនប្រុស​ស្រី ពិតជា​មាន​ឧបសគ្គ​ច្រើន​មែន ដែល​ពេល​ខ្លះ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ទាំង​ទ្វេហា​មិន​អាច​នឹង​រក​ទ្រព្យ​ដែល​ប្រកបដោយ​ធម៌​ទាំងអស់​បាន​ទេ ហើយ​ក៏​សុខចិត្ត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផ្សេង​ៗ ដើម្បី​បានទ្រព្យ​យក​មក​ចិញ្ចឹម​កូន​គ្រប់​រូប​។ ជួនកាល អ្នក​ទាំង​ពីរ​ហ៊ាន​សម្លាប់​បំបាត់​បង់​អាយុជីវិត​សត្វ​ដទៃ ឬ​ឈាន​ទៅ​ដល់​ការ​កិបកេង​ប្រវ័ញ្ច​បំបាត់ កាន់​យក​ទ្រព្យ​របស់​ដែល​គេ​មិន​បានឱ្យ​ដោយ​កាយ​ឬ​វាចា ពោល​ពាក្យ​កុហក បំផ្លើស ញុះញង់​ចាក់​ដោត អ្នក​ដទៃ ដើម្បី​ឱ្យ​ទ្រព្យ​ធ្លាក់​មក​លើ​ខ្លួន នឹង​យក​ទៅ​ទំនុកបម្រុង បីបាច់​ថែរក្សា​កូន​ឱ្យ​មាន​អនាគត​ភ្លឺស្វាង ។

អំពើ​បាប​អកុសល​ដែល​ឪពុក​ម្តាយ​បាន​ប្រព្រឹត្ត​ខាងលើ​នេះ មិនមែន​ពួក​គាត់​មិនដឹង​លទ្ធផល​ចុង​ក្រោយ​ទេ ឪពុក​ម្តាយ​ទាំង​ពីរ​ស្គាល់​យល់​ដឹង​អំពី​រឿង​នេះ​ច្បាស់លាស់​ណាស់ ប៉ុន្តែ​ដើម្បី​ជីវិត​កូន​ទាំងឡាយ​ដែល​ខ្លួន​បាន​បង្កើត​មក​ឱ្យ​ឃើញ​ពិភពលោក​នេះ ទើប​ឪពុក​ម្តាយ​ទាំង​ពីរ​ធ្វើ​បំពាន​ទាំង​គឃ្លើន ។

មើលចុះ​! ហេតុតែ​ស្រឡាញ់​ពេញចិត្ត​កូន ឪពុក​ម្តាយ​ហ៊ាន ប្រព្រឹត្ត​អំពើ​គ្រប់យ៉ាង​ទាំងអស់ ទោះបី​អំពើ​នោះ​ជា​អំពើ​បាប​អកុសល ដែល​មាន​ផល​គឺ​សេចក្តី​ទុក្ខ​លំបាក​វេទនា​ក្នុង​អបាយភូមិ​មាន នរក ប្រេត តិរច្ឆាន អសុរកាយ​ជាដើម​ក្តី ក៏​ឪពុក​ម្តាយ​ទាំង​ពីរ​កាយា​ហ៊ាន​ប្តូរផ្តាច់ ស៊ូ​រង​ទុក្ខ ហើយ​ចចេស​រឹងទទឹង​ធ្វើ​កម្ម​នោះ ដោយ​មិន​ខ្លាចរអា​នឹង​សេច​ក្តី​ទុក្ខ​នោះ​សូ​ម្បី​តែ​បន្តិច​ឡើយ ។ ឱ្យ​តែ​កូន​បាន​សុខ​ស្រួល ឪពុក​ម្តាយ​សុខចិត្ត​ធ្វើ​មិនដឹងមិនឮ​ចំពោះ​គ្រោះកាច​ទាំង​អស់នោះ ហើយ​ស៊ូទ្រាំ​រង​ទុក្ខ​ព្រោះតែ​ចិញ្ចឹម​កូន​គ្រប់​រូប​ឱ្យ​មាន​សេចក្តីសុខ ។

កូនប្រុស​ស្រី​ទាំងឡាយ​ស្វែងរក​ចុះ ក្រៅពី​មាតាបិតា នៅ​លើ​លោក​នេះ​គេ​មិន​អាច​ស្វែងរក​នរណា​មួយ ដែល​មាន​ទឹកចិត្ត​ប្រកបដោយ​សេចក្តី​ស្រឡាញ់​ស្មោះត្រង់​ដោយ​ចិត្តមេត្តា​ដូច​ឪពុក​ម្តាយ​បាន​ឡើយ ។ អ្នក​ដទៃ​មាន​តែ​ចិត្ត​គំនុំ​គុំកួន ព្យាបាទ​ធ្វើ​យ៉ាងណា​ឱ្យ​តែ​កូន​ទទួល​បាន​តែ​សេចក្តី​ទុក្ខ​លំបាក​ប៉ុណ្ណោះ ។ ប្រសិនបើ​អ្នក​ដទៃ​គេ​ធ្វើអំពើ​ល្អ​ចំពោះ​កូន​វិញ គេ​ធ្វើ​ដើម្បី​តែ​ប្រយោជន៍ ដែល​គេ​បាន​សម្លឹង​រំពឹង​ទុក​មុន​ថា នឹង​បាន​ទទួលផល​កម្រៃ​តបស្នង​ពី​កូន​វិញ​ប៉ុណ្ណោះ ។ នៅ​លើ​ភព​ផែនដី​យើង​នេះ គ្មាន​នរណា​ម្នាក់​ដែល​ប្រាថ្នា​ឱ្យ​សុខ​ចម្រើន​ដល់​កុ​នូ​ដូច​ឪពុក​ម្តាយ​ទាំង​ទ្វេ​ឡើយ ។

ចំពោះ​ទឹកចិត្ត​អ្នក​ម្តាយ​លោកឪពុក ទោះបី​កូន​ទាំងឡាយ​មិន​ប្រកបដោយ​ធម៌ ឬ​មិន​ស្តាប់​ដំបូន្មាន​យ៉ាងណា​ក្តី ក៏​លោក​ទាំង​ពីរ​មិន​ដែល​ក្បត់ចិត្ត កែប្រែ​ចិត្ត​ថា ឈប់​ស្រឡាញ់​កូន ដោយសារ​កូន​ប្រព្រឹត្ត​មិនល្អ​នោះ​ទេ ។ លោក​ទាំង​ពីរ​នៅ​តែ​ស្រឡាញ់​រាប់រក​កូន​ដូច​ដើម ឪពុក​ម្តាយ​កាន់តែ​ព្យាយាម​ណែនាំ ពន្យល់​ប្រៀនប្រដៅ ពត់​តម្រែតម្រង់​កូន​ឱ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ​ឡើង​វិញ ។

ទោះបី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​យ៉ាងណា​ក្តី ឪពុក​ម្តាយ​មិន​ដែល​បោះបង់​កូន​សម្លាញ់​ចោល​ម្តងណា​ឡើយ ។ ស្ថាន​ភាព​កាន់តែ​លំបាក ឪពុក​ម្តាយ​តស៊ូ​ស្រឡាញ់​កូន​កាន់តែ​ខ្លាំង ។ ព្រោះតែ​ក្តី​ស្រឡាញ់​ដែល​ដក់​ជាប់​នៅ​ក្នុង​ដួង​ហឫ​ទ័យ​​របស់​លោក​មានគុណ​ទាំង​ពីរ ទោះបី​ពួក​គាត់​ធ្លាក់ខ្លួន​ខ្វះខាត​កម្សត់​ទុរគត កម្សត់​អត់ឃ្លាន​រហូត ដល់​ថ្នាក់​ដើរ​សុំទាន​គេ​តាម​ផ្លូវ​យ៉ាងណា​ក្តី ក៏​ឪពុក​ម្តាយ​មិន​អាច​កាត់​ផ្តាច់​ទឹកចិត្ត​ស្រឡាញ់​របស់​គាត់​ចំពោះ​កូន​បាន​ឡើយ ។

ឪពុក​ម្តាយ​នៅ​តែ​ស្រឡាញ់​កូនប្រុស​ស្រី​ដោយ​មិន​ព្រម​លះបង់​ចោល ដោយ​ឈប់​ថ្នាក់ថ្នម​ចិញ្ចឹម​កូន​ឡើយ ។ ករណី​នេះ​រឹតតែ​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ទៀត​ថា ទឹកចិត្ត​ស្រឡាញ់​កូន មាន​ទំហំ​ធំធេង​លើស​ពី​អ្វី​ៗ​ទាំងអស់ មិន​អាច​យក​អ្វីមួយ​មក​វាស់វែង ស្ទង់ទឹក​ចិត្ត​លោក​ទាំង​ពីរ​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ