ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវបន្ថែមលើ​​ផ្ទះ​បែ​ត្រី​របស់​វៀតណាម​​ហូរ​តាម​ទឹក​ទើរ​​នៅ​ត្រឹម​​​ព្រំដែន

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​បណ្តែត​ទឹក​ដែល​មាន​បែ​ត្រី​ពីក្រោមរបស់​ជនជាតិ​វៀតណាម​ជាង​១០០ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឱ្យ​រុះរើ​ចេញពី​ក្នុង​ផ្ទៃ​ទឹកទន្លេ កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​ពួក​គេ​មិន​ព្រម​តាម​ការ​តម្រូវ​ឱ្យ​ចិញ្ចឹម​ត្រី​លើគោក បែរជា​ពួក​គេ​សុខចិត្ត​ចាកចេញ​បណ្តែត​ពី​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ទៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម ដោយ​ឆ្លងកាត់​ស្រុក​កៀនស្វាយ និង​ស្រុក​លើក​ដែក…

ខេត្តព្រៃវែង ៖ ផ្ទះ​បណ្តែត​ទឹក​ដែល​មាន​បែ​ត្រី​ពីក្រោមរបស់​ជនជាតិ​វៀតណាម​ជាង​១០០ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឱ្យ​រុះរើ​ចេញពី​ក្នុង​ផ្ទៃ​ទឹកទន្លេ កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​ពួក​គេ​មិន​ព្រម​តាម​ការ​តម្រូវ​ឱ្យ​ចិញ្ចឹម​ត្រី​លើគោក បែរជា​ពួក​គេ​សុខចិត្ត​ចាកចេញ​បណ្តែត​ពី​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ទៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម ដោយ​ឆ្លងកាត់​ស្រុក​កៀនស្វាយ និង​ស្រុក​លើក​ដែក ខេត្តកណ្តាល​ ។ ដោយសារ​ ស្រុក​​ទាំង​២ មិន​អនុញ្ញាត​ឱ្យ​ផ្ទះ​បែ​ត្រី​ចូល​ច្រាំង​នោះ ពួក​គេ​ក៏​បន្ត​អូស​ដោយ​ម៉ាស៊ីន​ទូក​រៀង​ៗ​ខ្លួន​ចុះ​ទៅ​ក្រោម​ទៀត ។ បាន​បណ្តែត​ត្រឹម​កណ្តាល​ទន្លេ​មេគង្គ​ក្រោម ដែល​ម្ខាង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង និង​ម្ខាង​ទៀត​ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ក្រុម​ជនជាតិ​វៀតណាម​ដែល​ជា​ម្ចាស់​បែ​ត្រី​ទាំងនោះ​បានឱ្យ​ដឹង​ថា ពួក​គេ​បាន​បណ្តែត​ផ្ទះ​និង​បែ​ត្រី​ចេញពី​ខណ្ឌ​ច្បារ​អំពៅ តាម​ដង​ទន្លេមេគង្គ ចុះ​មក​ក្រោម​អស់​រយៈពេល​៤​ថ្ងៃ​៤​យប់​ហើយ ដោយ​មាន​មនុស្ស​ជាង​១​ពាន់​នាក់ រួម​ទាំង​កូន​និង​ចៅ​ហើយ​តាម​ផ្លូវ​គឺ​មាន​សមត្ថកិច្ច​ប៉ូលិស ជិះទូក​តាម​កៀង​រហូត​មិន​ឱ្យ​ចូល​ច្រាំង​ទេ​។ រហូត​មក​ដល់​កោះ​ពាម​រាំង ទើប​សមត្ថកិច្ច​ទៅ​វិញ​អស់ ហើយ​ពូក​គេ​ក៏​ចូល​ចត​ច្រាំង​បាន នៅ​ចំណុច​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ក្នុង​ទឹកដី​ខេត្តកណ្តាល ។

ជនជាតិ​វៀតណាម​ទាំងនោះ​បាន​ប្រាប់​កោះសន្តិភាព​បន្ត​ទៀត​ថា ក្នុង​ចំណោម​ពួក​គេ​ទាំងអស់​មាន​ជាង​១០០​បែ មាន​អ្នកខ្លះ​ចង់​ចុះ​ទៅ​ប្រទេស​វៀតណាម​វិញ តែ​ខ្លះ​ទៀត​មិន​ចង់ទៅ​វិញ​ទេ ព្រោះ​នៅ​ទីនោះ​គ្មាន​សាច់ញាតិ ហើយ​ទៅ​ដល់​ក៏​មិនដឹង​មាន​ការងារ​រកស៊ី​ដែរ ។ ហើយ​ដែល​សំខាន់​ពេល​នេះ គឺ​នៅ​ព្រំដែន​ខាង​ភាគី​វៀតណាម បាន​បិទ​មិន​ឱ្យ​ពួក​គាត់​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ទេ ដូច្នេះ​ពេល​នេះ ពួក​គាត់​មាន​តែ​សំងំ​រង់ចាំ​ឱ្យ​ខាង​សមាគម​និង​ទូត​វៀតណាម ជួយ​រក​ដំណោះស្រាយ​ឱ្យ​តែ​ប៉ុណ្ណោះ ។

ដោយឡែក​ សមត្ថកិច្ច​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​កោះ​រកា​វិញ បានឱ្យ​ដឹងផង​ដែរ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ មិថុនា​នេះ មានផ្ទះ​បែ​ត្រី​ជនជាតិ​វៀតណាម​មួយ​ក្រុម ដែល​មាន​ទូក​តូច​ៗ​ចំនួន​២៤​ទូក និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៦៤​នាក់ ស្មើ​និង​១៥​គ្រួសារ បាន​ចូល​ទៅ​ដល់​ក្បែរ​ព្រំដែន ហើយ​បាន​ចតទូក​នៅ​ទីនោះ​មិន​ព្រម​ចាកចេញ​ទេ ទៅ​មុខ​មិន​រួច ថយក្រោយ​មិនកើត ។ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សមត្ថកិច្ច​ព្រំដែន​ច្រក​កោះ​រកា បាន​ព្យាយាម​ចូល​ទៅ​សួរនាំ និង​លួងលោម​ឱ្យ​ជនជាតិ​វៀតណាម​ទាំងនោះ បក​ត្រឡប់​ក្រោយ​ទៅ​ចត​រង់ចាំ​ជាមួយ​ក្រុម​ផ្ទះ​បែ​ត្រី​ដទៃ​ទៀត នៅ​ចំណុច​ឃុំ​ខ្ពប​អា​ទាវ ក្នុងស្រុក​លើក​ដែក ដើម្បី​ងាយស្រួល​គ្រប់គ្រង ប៉ុន្តែ​ពួក​គេ​បាន​ប្រកែក ដោយ​ទាមទារ​ឆ្លង​ព្រំដែន ចូល​ទៅ​ប្រទេស​វៀតណាម​ឱ្យ​ខាង​តែ​បាន ។ ពួក​គេ​ថា បើ​មិន​ព្រមឱ្យ​ពួក​គេ​ចូល​ទៅ​ទេ​នោះ ពួក​គេ​សុខចិត្ត​ស្លាប់​នៅ​ចំណុច​ព្រំដែន​នេះ​ទាំងអស់​គ្នា គឺ​មិន​ព្រម​បក​ត្រឡប់​ក្រោយ​ឡើយ ។

ប្រភព​ពី​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា​នោះ បាន​បញ្ជាក់​ថា ដោយសារ​តែ​ភាគី​ខាង​វៀតណាម​បិទ​ព្រំដែន មិន​ព្រម​ទទួលយក​ជនជាតិ​របស់​ខ្លួន ចំណែក​ក្រុម​បែ​ត្រី​ជនជាតិ​វៀតណាម​ទាំង​៦៤​នាក់​នេះ អះអាង​ដាច់ខាត​ថា​ត្រូវ​តែ​ចូល​ទៅ​ប្រទេស​វៀតណាម​វិញ ។ ពេល​នេះ​ភាគី​ខ្មែរ​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ខាង​សមាគម​វៀតណាម នៅ​ស្រុក​ពាម​ជរ ធ្វើការ​ចរចា​សម្របសម្រួល​ជាមួយ​ភាគី​ប្រទេស​វៀតណាម ដើម្បី​រកដំណោះ​ស្រាយ​ហើយ​។ ចំណែក​ជនជាតិ​វៀតណាម​ផ្សេង​ទៀត ដែល​កំពុង​ចត​បែរ​ត្រី​នៅ​ក្នុង​ឃុំ​ខ្ពប​អា​ទាវ ក្នុងស្រុក​លើក​ដែក​គឺ​ទុក​ឱ្យ​ស្ថានទូត​វៀត​ណាម ជា​អ្នក​ដោះស្រាយ ។

មុន​នេះ ​តាម​លិខិត​របស់​សមាគម​វៀតណាម គឺ​បាន​ហាម​ពលរដ្ឋ​វៀតណាម​ដែល​នៅ​តាម​ទូក​ឬ​ផ្ទះ​បណ្តែត​ទឹក​កុំទៅ​វៀតណាម​អី ព្រោះ​ខាង​វៀតណាម​គេ​មិន​ឱ្យ​ចូល​ទៅ​ទេ ខណៈ​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​២​ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ។ សារ​ព័ត៌មាន​រដ្ឋ​វៀតណាម​ហៅ​និគម​វៀតណាម​នៅ​កម្ពុជា​ថា ជនជាតិ​ខ្មែរ​ដើម​កំណើត​វៀតណាមសារព័ត៌មាន​រដ្ឋ​របស់​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ មិថុនា បាន​ផ្សាយ​ថា ពលរដ្ឋ​ខ្មែរ​-​វៀតណាម ដែល​រស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​នៅ​កម្ពុជា គឺ​ព្រម​អនុវត្ត​តាម​បទបញ្ជា​របស់​អាជ្ញាធរ​កម្ពុជា ។ អាជ្ញាធរ​កម្ពុជា​ដែល​បាន​ដាក់​កំហិត​ឲ្យ​ចាក​ចេញពី​ផ្ទៃ​ទឹក​ឲ្យ​អស់​ត្រឹម​រយៈពេល​៧​ថ្ងៃ ដោយសារ​តែ​ការ​រស់នៅ​បែប​នេះ​រាប់​សិប​ឆ្នាំ​មក​នោះ បាន​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ។

នៅ​ក្នុង​អត្ថបទ​ក្រោម​ចំណងជើង​ថា ជនជាតិ​ខ្មែរ​-​វៀតណាម គោរព​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​អណ្តែត​ទឹក ។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​វៀតណាម​VNA បាន​ផ្សាយ​ថា ប្រជាជន​កម្ពុជា​ជិត​១.០០០​គ្រួសារ ដែល​មាន​ដើម​កំណើត​វៀតណាម​បាន​ធ្វើ​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ទីតាំង​ផ្ទះ​អណ្តែត​ទឹក និង​ក្បូន​ចិញ្ចឹម​ត្រី តាម​បណ្តោយ​ទន្លេសាប​ក្នុង​រយៈពេល​៧​ថ្ងៃ ។

បើ​តាម​កាសែត​ផ្លូវការ​របស់​រដ្ឋ​វៀតណាម​ដដែល​នេះ​ថា ប្រជាជន​ខ្លួន​ដែល​ភាគច្រើន​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ការ​នេសាទ និង​ចិញ្ចឹម​ត្រី នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ និង​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​ចំណោម​ទីតាំង​ផ្សេង​ទៀត គឺ​ពួក​គេ​បាន​រុះរើ​ផ្ទះ​ក្បូន​របស់​ពួក​គេ ចាប់តាំងពី​ថ្ងៃ​ទី​១១ និង​ទី​១២ ខែមិថុនា ដោយ​រង់ចាំ​ទៅ​រស់នៅ​ទីតាំង​ថ្មី ។យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ថា ប្រជាជន​វៀតណាម​ទាំងនោះ​ទៅ​រស់នៅ​ទីណា​នៅឡើយ ខណៈ​អាជ្ញាធរ​ខេត្តកណ្តាល ដែល​នៅ​ជាប់​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប បាន​ដាក់​ពង្រាយ​កម្លាំង តាម​ឃ្លាំមើល​ទូក​របស់​វៀតណាម​ទាំងនោះ​មិន​ឲ្យ​ចូល​ចត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ឡើយ ។

បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ដដែល ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ក្រសួងការបរទេស​វៀតណាម បាន​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដោយ​ស្នើ​ឲ្យ​កម្ពុជា​បង្កើត​លក្ខខណ្ឌ​អំណោយផល និង​ចាត់វិធានការ​គាំទ្រ​ជាក់ស្តែង​សម្រាប់​ក្រុម​នេះ ដើម្បី​តាំងទី​លំនៅ​ថ្មី និង​ធានា​ផលប្រយោជន៍​ស្របច្បាប់​របស់​ពួក​គេ បែ​ចិញ្ចឹម​ត្រី​និង​ផ្ទះ​ទឹកបាន​បាត់​ខ្លួន​ពី​កន្លែង​ដើម​ទៅ​ប្រមូលផ្តុំ​នៅ​ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅការ​អនុវត្ត​វិធានការ​រុះរើ​ផ្ទះទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​នា​ប៉ុន្មាន​ថ្ងៃនេះ ទទួល​បាន​នូវ​ការ​គាំទ្រ​ពី មហាជន ខណៈ​ដែល​ម្ចាស់​ផ្ទះទឹក​ទាំងនេះ​បាន​រុះរើ​ជា​បន្តបន្ទាប់​ដោយ​ខ្លួនឯង និង​មួយ​ចំនួន ទៀត​ត្រូវ​បាន​អាជ្ញាធរ​ជួយ​រុះ​ចេញពី​ក្នុង​ទន្លេ ។

ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​អនុវត្ត​វិធានការ​រុះរើ រហូត​មក​ដល់​ថ្ងៃ​ទី​១៥​ខែ មិថុនា គេ​សង្កេត​ឃើញ​ផ្ទះទឹក បែចិញ្ចឹម​ត្រី​ទាំងនោះ បាន​បាត់​ខ្លួន​ស្ទើរ​អស់ពី​កន្លែងដើម និង​នៅ​សល់​តែ​មួយ​ចំនួន​តូច​កំពុង​បន្ត​រុះរើ ។ទន្ទឹម​នឹង​ការ​រុះរើ​នោះ ស្រាប់តែ​គេ​ឃើញ​បែ​ត្រី
ផ្ទះទឹក​ទាំងនោះ ស្ថិត​នៅ​ត្រៀបត្រា​ពេញ​ផ្ទៃ​ទឹក​នៅ​ចំណុច​ព្រំប្រទល់​ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​ពី​មុន​មិន​ធ្លាប់​មាន​នោះ​ទេ ។
ទាក់ទិន​នឹង​ការ​ប្រមូលផ្តុំ​នេះ ត្រូវ​បាន​អាជ្ញា​ធរ​មូលដ្ឋាន​ឱ្យ​ដឹង​ថា បែ​ត្រី​ទាំងនោះ​សុទ្ធតែ​ជា​បែ​ចិញ្ចឹម​ត្រី​តូច​ៗ ហើយ​អាជ្ញាធរ​ទុក​ពេល​ឱ្យ​មួយ​រយៈពេល​សិន ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ផែនការ​រុះរើ​រយៈពេល​៣​ថ្ងៃនេះ គេ​ឃើញ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​រាប់រយ​នាក់​រុះរើ ហើយ​ម្ចាស់​ផ្ទះទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក បាន​បង្ខំចិត្ត​រុះរើ​ជា​បន្តបន្ទាប់ និង​មួយ​ចំនួន​ដែល​ត្រី​នៅ​តូច​ត្រូវ​បាន​អាជ្ញាធរ​ឱ្យ​អូស​ចេញ​យក​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​ព្រំប្រទល់​ស្រុក​ពញាឮ​ខេត្តកណ្តាល ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ការ​ប្រើ​វិធានការរដ្ឋបាល​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ ម្ចាស់​ផ្ទះទឹក បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​តូច​ៗ​មិន​រៀបរយ​ទាំងនោះ បាន​បន្ត​រុះរើ​ចេញ​ជា​បន្តបន្ទាបដែល​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ
២០២១ គេ​សង្កេត​ឃើញ​តាម​ដង​ទន្លេ​ចាប់ពី​ស្ពាន​ជ្រោយចង្វា​ហូត​ដល់​ស្ពាន​ព្រែក​ព្នៅ ទាំង​ផ្នែក​ខាងកើត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា និង​ផ្នែក​ខាងលិច​ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ ផ្ទះទឹក បាន​បាត់​មុខ សល់​តែ​ទូក បែ ក្បូនឫស្សី ធុង​ទឹក​និង​ដំបូល កំពុង​តែ​រុះរើ​បណ្តើរ​ៗ ។ ចំណែក ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​រហូត​ដល់​វត្ត​ក្រួស ក្នុង​សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ផ្ទះទឹក ក៏​បាន​និង​កំពុង​រុះរើ​ស្ទើរតែ​បាត់​រូបរាង​ពី​ច្រាំង​ទន្លេ​ដែរ ។

ដោយឡែក នៅ​ខាងជើង​វត្ត​ក្រួស ក្នុង​សង្កាត់សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​ពីមុខ​អត់​មានផ្ទះ​ទឹកបែរជា​ជា​កន្លែង​ប្រមូលផ្តុំ​ទៅ​ដោយ​បែ​ចិញ្ចឹម​ត្រី ផ្ទះទឹក ពេញ​ផ្ទៃ​ទន្លេ​ទៅ​វិញ ។ តាម​អាជ្ញាធរ ខណ្ឌ​ព្រែក​ព្នៅ បានឱ្យ​ដឹង​ថា ផ្ទះទឹក​ទាំងនោះ​សុទ្ធតែ​ជា​បែ​ចិញ្ចឹម​ត្រី​នៅ​តូច ដែល​បាន​ចល័ត​ខ្លួន​ចេញពី​ខណ្ឌ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទៅតំបន់​នោះ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ដែល​បាន​ទុក​ពេល​ឱ្យ​មួយ​រយៈ ។ ទោះបីជា​យ៉ាងណា
តាម​ជំហរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​លើកលែង​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​បន្ត​ទៀត​ឡើយ ទោះបី​ម្ចាស់​ទើប​ទម្លាក់​កូន​ត្រី​ចូល​បែ​ក៏​ដោយ ៕


អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ