ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរប្រយ័ត្ន ! ធាត់លើសទម្ងន់បង្កឱ្យមានជំងឺធ្ងន់ធ្ងរជាច្រើនស្មានមិនដល់

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ភាពធាត់ គឺជាបញ្ហាសុខភាពទូទៅមួយ ដែលត្រូវបានកំណត់ដោយមានភាគរយខ្ពស់ នៃជាតិខ្លាញ់ក្នុងខ្លួន ។ សន្ទស្សន៍ម៉ាសរាងកាយ ឬ BMI…

រាជធានីភ្នំពេញ ៖ ភាពធាត់ គឺជាបញ្ហាសុខភាពទូទៅមួយ ដែលត្រូវបានកំណត់ដោយមានភាគរយខ្ពស់ នៃជាតិខ្លាញ់ក្នុងខ្លួន ។ សន្ទស្សន៍ម៉ាសរាងកាយ ឬ BMI ស្មើនឹង ៣០ ឬ ខ្ពស់ជាងនេះ ត្រូវបានគេចាត់ទុកថាជាមនុស្សធាត់ ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ភាពធាត់ជ្រុលបានក្លាយជាបញ្ហាសុខភាព ដ៏គួរឱ្យកត់សម្គាល់ ។

ការការពារភាពធាត់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសុខភាពល្អ ។ ភាពធាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរ៉ាំរ៉ៃជាច្រើន ដែលវាសុទ្ធតែជាជំងឺពិបាកព្យាបាល ។ ជំងឺទាំងអស់នោះមានដូចជា ៖ ជំងឺទឹកនោមផ្អែមប្រភេទទី ២, សម្ពាធ​ឈាម​ខ្ពស់, ជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល, ជំងឺស្ទះទឹកប្រមាត់, បញ្ហាសុខភាពផ្លូវភេទ, ជំងឺខ្លាញ់រុំថ្លើម, ជំងឺរលាកសន្លាក់ និង ស្ថានភាពសុខភាពផ្លូវចិត្ត ជាដើម ។ ដោយផ្តោតលើការការពារការធាត់និងការផ្លាស់ប្តូររបៀបរស់នៅ វាអាចជួយឱ្យយើងចៀសឆ្ងាយពីជំងឺខាងលើនេះ ។

ដូច្នេះមនុស្សម្នាក់ៗត្រូវប្រយ័ត្នកុំឱ្យធាត់លើសទម្ងន់ ដើម្បីជួយដល់សុខភាពរបស់ខ្លួន ។ ការយល់ដឹងពីមូលហេតុដែននាំឱ្យធាត់លើសទម្ងន់ជារឿងសំខាន់ ។

+ ការការពារការធាត់សម្រាប់កុមារ

ការការពារភាពធាត់ចាប់ផ្តើមពីវ័យក្មេងមានសារៈសំខាន់ណាស់ក្នុងការជួយយុវជនរក្សាទម្ងន់ដែលមានសុខភាពល្អ ។ វិធីសាស្រ្តមានដូចជា ៖

១. បំបៅដោះទារកដោយទឹកដោះម្តាយតាមតែអាចធ្វើទៅបាន ៖ ប្រភពមួយនៃការស្រាវជ្រាវបានរកឃើញថា ការបំបៅកូនដោយទឹកដោះម្តាយ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃភាពធាត់របស់កុមារ ។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សានេះទាមទារឱ្យមានការសិក្សាបន្ថែម ។

២. ឱ្យកូនទទួលទានទៅតាមសមាមាត្រនៃអាហារ ៖ អ្នកវិទ្យាសាស្ត្រពន្យល់ថា ក្មេងទើបចេះដើរតេះតះ មិនត្រូវការអាហារច្រើនទេ។ ចាប់ពីអាយុ ១ ដល់ ៣ ឆ្នាំ គួរតែស្មើនឹង ៤០ កាឡូរីនៃការទទួលទានអាហារ ។ នេះមិនមែនឱ្យតែកូនឃ្លាន យើងចេះតែឱ្យនោះទេ ។

៣. លើកទឹកចិត្តកូនឱ្យទទួលទានអាហារដែលមានសុខភាពល្អ ៖ លើកទឹកចិត្តកូនអ្នកឱ្យសាកល្បងទទួលទានផ្លែឈើ បន្លែ និងសាច់ល្អ តាំងពីវ័យក្មេង។ នៅពេលពួកគេកាន់តែធំ ពួកគេអាចនឹងចូលចិត្តអាហារទាំងនោះ ហើយទទួលទានវាដោយគ្មានការបង្ខំ ។

៤. បរិភោគអាហារដែលមានសុខភាពល្អទាំងក្រុមគ្រួសារ ៖ ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំជាលក្ខណៈគ្រួសារ អាចអោយកុមារទទួលបានបទពិសោធន៍បរិភោគអាហារដែលមានសុខភាពល្អតាំងពីដំបូង។ នេះនឹងផ្តល់ភាពងាយស្រួលដល់ពួកគេ ដើម្បីបន្តធ្វើតាមទម្លាប់នៃការញ៉ាំល្អ នៅពេលពួកគេធំឡើង ។

៥. លើកទឹកចិត្តឱ្យញ៉ាំយឺតៗ ហើយញ៉ាំតែពេលឃ្លានប៉ុណ្ណោះ ៖ ការទទួលទានច្រើនពេកអាចកើតឡើង ប្រសិនបើអ្នកញ៉ាំនៅពេលអ្នកមិនឃ្លាន។ ថាមពលលើសនេះ នៅទីបំផុតក្លាយជាផ្ទុកជាតិខ្លាញ់ក្នុងខ្លួនហើយអាចនាំឱ្យធាត់ ។ លើកទឹកចិត្តកូនរបស់អ្នកឱ្យញ៉ាំតែនៅពេលដែលពួកគេមានអារម្មណ៍ឃ្លាននិ ងទំពារយឺតៗ សម្រាប់ការរំលាយអាហារបានល្អ ។

៦​​. កាត់បន្ថយអាហារមិនល្អនៅក្នុងក្រុមគ្រួសារ ៖ ប្រសិនបើអ្នកនាំយកអាហារមិនល្អមកទទួលទានក្នុងគ្រួសារ កូនអ្នកទំនងជាទម្លាប់នឹងការទទួលទានវា ។ ព្យាយាមស្តុកទូរទឹកកក និងបន្ទប់គេងរបស់ពួកគេ​ជាមួយអាហារដែលមានសុខភាពល្អ ។

៧​. លើកទឹកចិត្តកូនឱ្យធ្វើសកម្មភាពរាងកាយ ៖ អង្គការសុខភាពពិភពលោក (WHO) ណែនាំឱ្យក្មេង និងក្មេងជំទង់ទទួលបានយ៉ាងហោចណាស់ ៦០នាទី នៃការធ្វើសកម្មភាពរាងកាយ ។ សកម្មភាពរាងកាយដែលល្អលេងសម្រាប់កូនៗ​ រួមមាន កីឡា ថ្នាក់ហាត់ប្រាណ ឬសូម្បីតែការងារផ្ទះរបស់ម្តាយ ។

៨. កំណត់ពេលវេលាក្នុងការមើលទូរទស្សន៍ ឬ​ ទូរស័ព្ទរបស់កូន ៖ ចំណាយពេលច្រើនអង្គុយនៅមុខអេក្រង់ មានន័យថា ពេលវេលាតិចសម្រាប់ការហាត់ប្រាណ និងគេងលក់ស្រួល ។ ដោយសារតែការហាត់ប្រាណ និងការគេងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ដែលមានសុខភាពល្អ វាសំខាន់ណាស់ក្នុងការ​កំណត់ពួកវា ។

៩. ត្រូវប្រាកដថា កូនរបស់អ្នកគេងបានគ្រប់គ្រាន់ ៖ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការគេងមិនគ្រប់របស់ក្មេងៗ​ វាធ្វើឱ្យពួកគេងាយនឹងឡើងទម្ងន់ ។ ទម្លាប់នៃការគេងឱ្យមានសុខភាពល្អ គឺត្រូវគេងឱ្យគ្រប់ ។

១០. ដឹងពីអ្វីដែលកូនអ្នកកំពុងញ៉ាំនៅខាងក្រៅផ្ទះ ៖ មិនថានៅសាលារៀនជាមួយមិត្តភក្តិ ឬ ពេលស្ថិតនៅក្នុងផ្ទះទេ យើងត្រូវតែមានការប្រុងប្រយ័ត្នទៅលើរបបអាហាររបស់ពួកគេ ។ ចូរសួរកូនអ្នកអំពីអាហារដែលពួកគេទទួលទាន ។ អប់រំពួកគេ ប្រសិនបើអាហារដែលគេញ៉ាំនោះមិនល្អ ។

+ ការការពារការធាត់សម្រាប់មនុស្សពេញវ័យ

ភាគច្រើននៃវិធីការពារការធាត់ទាំងនេះ គឺដូចគ្នាសម្រាប់ការសម្រកទម្ងន់ ឬរក្សាទម្ងន់ ឱ្យមានសុខភាពល្អ ។ ចំណុចសំខាន់គឺថា ការបរិភោគរបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណច្រើនអាចជួយការពារភាពធាត់ ។

១. ទទួលទានខ្លាញ់មិនល្អតិច តែខ្លាញ់ល្អច្រើន ៖ កាលពីមុនគេយល់ឃើញថា ការទទួល ទានខ្លាញ់ គឺមិនល្អនោះទេ ។ តែវាមិនដូច្នោះទេ ដោយសារតែខ្លាញ់មានខ្លាញ់ល្អ និងខ្លាញ់មិនល្អ ។ ចូរបង្កើនការទទួលទានត្រី គ្រាប់ធញ្ញជាតិ ចៀសជាងការទទួលទានខ្លាញ់ជ្រូក ឬ ខ្លាញ់ដែលអាចកក ។

២. ទទួលទានអាហារកែច្នៃ និងស្ករតិច ៖ យោងតាមប្រភពការសិក្សាឆ្នាំ ២០១៦ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីអាមេរិក ផ្នែករូបត្ថម្ភគ្លីនិក ការទទួលទានអាហារកែច្នៃ និងមានជាតិស្ករច្រើន ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃការធាត់ ។ អាហារកែច្នៃជាច្រើនមានខ្លាញ់អំបិល និងស្ករខ្ពស់ ដែលអាចជំរុញឱ្យមានជាតិខ្លាញ់លើស ។

៣. បរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន ៖ ការណែនាំប្រចាំថ្ងៃសម្រាប់ការញ៉ាំផ្លែឈើ និងបន្លែ គឺពី ៥ ទៅ ៩ ដងក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ ។ ការបំពេញចានរបស់អ្នកជាមួយបន្លែ និងផ្លែឈើអាចជួយរក្សាកាឡូរីឱ្យមានកម្រិតល្អ និងធ្វើឱ្យអ្នកឆ្អែតបានយូរ ។

៤. បរិភោគអាហារដែលមានជាតិសរសៃច្រើន ៖ ការសិក្សាបន្តបង្ហាញថា ជាតិសរសៃដែលបានមកពីចំណីអាហារ ដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាទម្ងន់ ។ ប្រភពនៃការសិក្សាសាកល្បងមួយក្នុងឆ្នាំ ២០១២ បានរកឃើញថា អ្នកដែលប្រើថ្នាំបំប៉នជាតិសរសៃ ៣ ដងក្នុងមួយថ្ងៃ រយៈពេល ១២ សប្តាហ៍បាន ស្រកទម្ងន់ដល់ទៅ ៥% ។

៥. ផ្តោតលើការញ៉ាំអាហារដែលមានសន្ទស្សន៍ស្ករទាប ៖ សន្ទស្សន៍ស្ករ គឺជាមាត្រដ្ឋានមួយដែលត្រូវបានប្រើដើម្បីវាស់ថា តើអាហារមួយបង្កើនជាតិស្ករក្នុងឈាមរបស់អ្នកប៉ុនណា ។ ផ្តោតលើចំណីអាហារដែលមានសន្ទស្សន៍នេះទាប ដើម្បីគ្រប់គ្រងទម្ងន់ ។

៦. ធ្វើឱ្យក្រុមគ្រួសារចូលរួមក្នុងដំណើរសម្រកទម្ងន់របស់អ្នក ៖ ការគាំទ្រផ្នែកសង្គម មិនត្រឹមតែសម្រាប់កុមារ និងក្មេងជំទង់ប៉ុណ្ណោះទេ វាជាការសំខាន់ សម្រាប់មនុស្សពេញវ័យ ដើម្បីទទួលបានការគាំទ្រផងដែរ ។ មិនថាការចម្អិនអាហារ ជាមួយគ្រួសារ ឬ ដើរលេងជាមួយមិត្តភក្តិ ការឱ្យមនុស្សចូលរួមអាចជួយឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ ។

៧. ចូលរួមក្នុងសកម្មភាពហាត់ប្រាណទៀតទាត់ ៖ បញ្ចូលសកម្មភាពរាងកាយទៀងទាត់ ទៅក្នុងកាលវិភាគរបស់អ្នក គឺមានសារៈសំខាន់សម្រាប់ការរក្សា ឬ ស្រកទម្ងន់ ។ ការសិក្សាស្រាវជ្រាវបានផ្តល់អនុសាសន៍ ឱ្យធ្វើលំហាត់ប្រាណរត់ ឬធាក់កង់ យ៉ាងហោចណាស់ ៧៥ នាទីក្នុងមួយសប្តាហ៍ ។

៨. ផ្តោតលើការកាត់បន្ថយភាពតានតឹងប្រចាំថ្ងៃ ៖ ស្ត្រេសអាចមានឥទ្ធិពលជាច្រើនទៅលើរាងកាយនិងចិត្ត ។ ប្រភពពីការសិក្សាឆ្នាំ ២០១២ បង្ហាញថា ស្ត្រេសអាចបង្កឱ្យមានការឆ្លើយតបខួរក្បាលដែលផ្លាស់ប្តូរលំនាំនៃការញ៉ាំ និងនាំឱ្យមានការឃ្លានអាហារដែលមានកាឡូរីខ្ពស់ ។ ការបរិភោគអាហារដែលមាន កាឡូរីច្រើនពេកអាចចូលរួមចំណែកដល់ការវិវឌ្ឍន៍ភាពធាត់ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ-១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។