កសិករចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ជួបហានិភ័យ សល់កូនមាន់រាប់ម៉ឺនក្បាល
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ កសិករចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ នៅភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៌ ត្អូញត្អែរ ពីការលំបាក ដោយសារតែកូនមាន់ភ្ញាស់បានលក់មិនដាច់ក្នុងសម័យកាលកូវីដកំពុងផ្ទុះឡើង ធ្វើឲ្យគ្រួសារគាត់ជាអ្នកដាក់ទុនចិញ្ចឹម ជួបការលំបាក និងខាតបង់ធនធានជាច្រើន ។
លោក ចាន់ សាមុត អាយុ៥១ឆ្នាំ មានទីលំនៅភូមិល្វា ឃុំពេជ្រចង្វា បានរៀបរាប់ថា៖ ក្រោយពេលជំងឺកូវីដផ្ទុះឡើង មុខរបរភ្ញាស់កូនមាន់លក់របស់គាត់ជួបហានីភ័យ ព្រោះតែកូនមាន់របស់គាត់ផលិតបាន តែលក់មិនដាច់ទាល់តែសោះ ។ រយៈពេលកន្លងទៅនេះ គឺចាប់ពីខែមីនា ដល់ខែឧសភា កូនមាន់គាត់សល់រាប់ម៉ឺនក្បាល។ កាលពីមុនមិនទាន់ផ្ទុះជំងឺកូវីដ គាត់មានមេមាន់សម្រាប់យកពង មកភ្ញាស់ចេញជាកូនលក់មានចំនួនជិត៥០០ក្បាល ប៉ុន្តែក្រោយពីផ្ទុះកូវីដមក គាត់នៅសល់មេមាន់ត្រឹមតែ១២០ក្បាលប៉ុណ្ណោះ ព្រោះបើទុកមេច្រើនក៏គ្មានអ្នកត្រូវការទិញកូនមាន់ដែរ ។

លោក ចាន់ សាមុត បន្តថា កាលដែលមិនទាន់មានជំងឺកូវីដ គាត់អាចលក់កូនមាន់ចេញក្នុងចន្លោះពី ២ពាន់៧រយក្បាល ទៅ៣ពាន់ក្បាលក្នុងមួយខែ ដោយក្នុងតម្លៃចន្លោះពី៤ពាន់ទៅ៥ពាន់រៀល ក្នុងកូនមាន់១ក្បាល តាមអាយុចន្លោះពី១៦ទៅ២១ថ្ងៃ។ ប៉ុន្តែចាប់ពីខែមីនា រហូតដល់ខែឧសភា ពេលជំងឺកូវីដកើតខ្លាំង កូនមាន់របស់គាត់លក់មិនដាច់ នៅសល់ទាំងអស់ គឺរាប់ម៉ឺនកូន គ្មានអ្នកទិញយកទៅចិញ្ចឹមឡើយ ។

លោកបន្តថា កាលពេលមិនទាន់កើតកូវីដ កូនមាន់គាត់ធ្លាប់តែមានគេមកទិញយកអស់ៗ ម្ល៉ោះហើយគាត់មិនបានត្រៀមលក្ខណៈ ធ្វើទ្រង់ ធ្វើជម្រក ឱ្យកូនមាន់នោះទេ លុះពេលកូនមាន់លក់មិនដាច់ សល់រាប់ម៉ឺនកូនបែបនេះ ធ្វើឱ្យខ្វះទ្រង់ ខ្វះជម្រក ម្ល៉ោះហើយត្រូវខ្យល់ ត្រូវទឹកភ្លៀង ឈឺងា.ប់ខូចខាតយ៉ាងច្រើន ។ យ៉ាងនេះក្តី ចាប់តាំងពីខែដើមខែមិថុនា មកដល់បច្ចុប្បន្ន មានគេកុម្ម៉ង់ទិញកូនមាន់ខ្លះៗដែរ ត្រឹម៥០ទៅ១០០ក្បាលប៉ុណ្ណោះ ។

សូមបញ្ជាក់ដែរថា៖ កសិករខាងលើក៏ធ្លាប់បានទទួលការបង្ហាត់បង្រៀនចិញ្ចឹមមាន់ពីអង្គការនានាជាដៃគូរបស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ហើយគាត់ក៏បានបង្កើតការចិញ្ចឹមមេមាន់យកពង ដោយប្រើវិធីសាស្ត្របែបសម័យ គឺដោយយកស្ពេមពីមាន់ឈ្មោល មកចាក់លើមាន់មេ ដើម្បីយកពង ហើយពេលបានពង គាត់យកមកភ្ញាស់ក្នុងទូរអគ្គិសនី ពេលភ្ញាស់បានចាប់ពី១៦ថ្ងៃឡើងគាត់ចាប់លក់ហើយ។ បច្ចុប្បន្ន គាត់មានទូភ្ញាស់ធំចំនួន៤ ទូភ្ញាស់តូចចំនួន១ ដោយក្នុងទូរធំ១ ដាក់ពងភ្ញាស់បានចំនួន ១០៥៦ពង និង ទូតូចអាចដាក់ពងភ្ញាស់ចំនួន៣៦០ពង។ ក្រៅពីនោះ គាត់មានមានម៉ាស៊ីនផលិតចំណីមាន់ដោយខ្លួនឯងទៀត ដោយមិនចំណាយទិញចំណីពីគេឡើយ ៕













ចែករំលែកព័តមាននេះ