ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​គ្រូទាយ និង​គ្រូមន្តអាគម​៣​នាក់ ឆបោក​​នារី​២​នាក់ បានប្រាក់​​ជាង​៦៧​លាន​រៀល

2 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ច​នគរបាល​​ស្រុក​ភ្នំក្រវាញ បាន​ចាប់ឃាត់ខ្លួន ក្រុមជនសង្ស័យជាគ្រូទាយ​សន្លឹក​បៀរ និង​គ្រូមន្តអាគម​ដោះ​អំពើ ចំនួន​០៣​នាក់ ពី​បទ ​ឆបោកនារី​រង​គ្រោះ​ ០២​នាក់​ផ្សេង​គ្នា…

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ច​នគរបាល​​ស្រុក​ភ្នំក្រវាញ បាន​ចាប់ឃាត់ខ្លួន ក្រុមជនសង្ស័យជាគ្រូទាយ​សន្លឹក​បៀរ និង​គ្រូមន្តអាគម​ដោះ​អំពើ ចំនួន​០៣​នាក់ ពី​បទ ​ឆបោកនារី​រង​គ្រោះ​ ០២​នាក់​ផ្សេង​គ្នា អស់ប្រាក់​សរុប ៦៧,៦២៣,៨០០​រៀល ។

ករណី​ឆបោក​ខាងលើនេះ កើតឡើង​តាំងពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បោះពួយ ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មកម៉្លេះ ។ ហើយនៅពេលថ្មីៗនេះ ជនរងគ្រោះទើបទៅដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចចុះឃាត់ខ្លួន ក្រុមជនសង្ស័យបាននៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ។

លោក​វរសេនីយ៍ឯក តាន់ គា​រិ​ទ្ធ អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន​០២​នាក់ រួម​មាន ៖ ទី​១. ឈ្មោះ ឈ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្រូចឆ្មារ ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​ទី​២. ឈ្មោះ ណា​ម ស្រី​មុំ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ប៉ែន ឃុំ​លា​ច​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ចំណែកឯ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ចំនួន ០៣​នាក់ រួម​មាន ៖ ទី​១ ឈ្មោះ សោម សា​រ៉ុ​ន ភេទ​ស្រី អាយុ​៧២​ឆ្នាំ (​ត្រូវជា​ម្ដាយ​) ជា​អ្នក​ទាយ​សន្លឹក​បៀរ ទី​២ ឈ្មោះ វង់ បឿ ហៅ​បឿ​ក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ត្រូវជា​កូនប្រសារ​) និង​ជា​គ្រូមន្តអាគម ដោះ​អំពើ មើលជំងឺ និង​ទី​៣ ឈ្មោះ វ៉េ​ត សា​រ៉ុ​ម ភេទ​ស្រី (​ត្រូវជា​កូនស្រី​បង្កើត​) ជា​អ្នក​ទារ​លុយ​ពី​ជន​រង​គ្រោះ យក​មក​ធ្វើ​វិធី​គ្រូ ជនសង្ស័យ​ទាំង​៣​នាក់ មក​ស្នាក់​នៅ​ភូមិ​ឃុំ​លា​ច​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ ចំនួន​០២​នាក់ ប្ដឹង ពី​បទ​ឆបោក និង​កំហែង​យក​ប្រាក់ ជា​លក្ខណៈ​ប្រព័ន្ធ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ទាំង​៣​នាក់ ។

លោក​អធិការ តាន់ គា​រិ​ទ្ធ បានអោយ​ដឹង​ទៀត​ថា ក្រុម​ជនសង្ស័យ​ជាក្រុមគ្រួសារតែមួយ បាន​ឆបោក និង​កំហែង​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ឈ្មោះ ឈ​ន ស្រី​ពេជ្រ អស់ប្រាក់​ចំនួន ៤២,០៦៨,៨០០​រៀល ថ្លៃ​ធ្វើ​ពិធីហៅ​ប្ដី​ស្ត្រីជន​រង​គ្រោះ ដែល​រត់​តាម​ស្រី​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែកឯ​ជន​រង​គ្រោះ​ទី​២ ឈ្មោះ ណា​ម ស្រី​មុំ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ខាងលើ ឆបោក និង​កំហែង​យក​ប្រាក់​អស់​ចំនួន ២៥,៥៥៥,០០០​រៀល ថ្លៃ​ធ្វើ​ពិធី ហៅ​សង្សារ​នារី​រង​គ្រោះ ដែល​បាន​បែកចិត្ត​ឲ្យ​ត្រឡប់​មក​ស្រលាញ់​វិញ ប៉ុន្តែ​គ្មាន​អ្វី​សោះ​ឡើយ ថែមទាំង​ទារប្រាក់​ពី​នារី​រង​គ្រោះជា​បន្តបន្ទាប់ ដោយ​ការ​ឆបោក និង​កំហែង​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ឲ្យ​ធ្វើការ​វេរ​ប្រាក់​តាម​វី​ងឲ្យ​ក្រុម​ជនសង្ស័យ ជា​ដំណាក់​ការ​តាម​ការ​កំណត់ ។ បើសិន មិន​ព្រម​វេរ​លុយ​ឲ្យ​តាម​ការ​កំណត់​ទេ ពួក​គេ​គំរាម​ថា និង​ធ្វើអំពើ​ឲ្យ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ស្លាប់​ទាំងអស់ ។

លោក​អធិការ បាន​បញ្ជាក់​ថា ករណី​ឃាត់ខ្លួន​នេះ ក្រោយ​ពី​សមត្ថកិច្ច​រាយការណ៍​ជូន​ទៅ​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ តាម​រយៈ​លេខ​ទូរស័ព្ទ ហើយ​លោក ព្រះរាជអាជ្ញា ក៏​សម្តេច​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​កសាង​សំណុំរឿង និង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ