ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អង្គការ ​WHO​ នៅ​កម្ពុជា​ជំរុញ​ឲ្យ​មានការ​អន្ដរាគមន៍​បន្ថែមក្នុង​ការ​ទប់ស្កាត់​ការចម្លងជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​អត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិន​បាន​អន់​ថយ អង្គការ​សុខភាព​ពិភពលោក (WHO) ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន និង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​សហគមន៍​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​អត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិន​បាន​អន់​ថយ អង្គការ​សុខភាព​ពិភពលោក (WHO) ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន និង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​សហគមន៍​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ WHO កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា ៖«​យើង​ត្រូវធ្វើ​អ្វី​ៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ និង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព សង្គម និង​សេដ្ឋកិច្ច ។

វា​ចាំបាច់​ណាស់​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បី​ធានា​ការ​អនុវត្ត និង​គោរព​តាម​វិធានការ សុខភាព​សាធារណៈ និង​សង្គម ជា​ពិសេស តាម​រយៈ​ការ​ចូលរួម​ឲ្យ​បាន​ច្រើន​ជាង​មុន​របស់​សហគមន៍​គ្រប់​គ្នា​ៗ»​។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី ក៏​បាន​ផ្តល់​យោបល់ និង​អនុសាសន៍​អំពី​អភិក្រម សម្រាប់​ការ ត្រៀម​រៀបចំ​ទុកជា​មុន និង​ការ​ឆ្លើយ​តប​ចំពោះ ជំងឺ​រាតត្បាត ដែល​មានការ​ចូលរួម​ពី​ស្ថាប័ន រាជរដ្ឋាភិបាល និង​សង្គម​ទាំងមូល ។ ជាមួយនឹង​វិធីសាស្ត្រ​ត្រៀម​រៀបចំ​ទុកជា​មុន និង​ឆ្លើយ​តប​បែប​នេះ​កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នៅ​ក្នុង​ឆ្នាំ​២០២០ ដោយពេល​នោះ​មាន​ចំនួន​ករណី​ឆ្លង​តិច និង​មិន​មាន​ករណី​ស្លាប់​នោះ​ទេ ។

លោកស្រី បន្ថែម​ថា ខណៈ​ពេល​ដែល​រដ្ឋាភិបាល​បាន​ធ្វើការ​មិន​ខ្លាច​នឿយហត់ ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស ដើម្បី​ជួយ​សង្គ្រោះ​ជីវិត និង​ការពារ​សុខភាព​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​រៀបចំ​ដោយ អង្គការ​សុខភាព ពិភពលោក កាលពី​ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ស្វែង​យល់​អំពី​អាកប្បកិរិយា និង​ការ​យល់​ឃើញ​អំពី​ជំងឺ កូ​វី​ដ​-១៩ បាន​រក​ឃើញ​ថា សហគមន៍​នៅ​កម្ពុជា មាន​ភាព​នឿយណាយ និង​យល់​ឃើញ​ថា ស្ថានភាព​មាន​ហានិភ័យ​កម្រិត​ទាប ។ លទ្ធផល​រក​ឃើញ​ទាំងនេះ ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ដែរ លោកស្រី​ក៏​បាន​លើក​ឡើង​ថា​យល់​ច្បាស់​ថា ប្រជាពលរដ្ឋ​មានការ​ធុញទ្រាន់ បន្ទាប់​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​អស់​រយៈពេល ១៨​ខែ​មក ប៉ុន្តែ​គ្មាន​ជម្រើស​ផ្សេង​ទៀត​ទេ ប៉ុន្ដែ​ត្រូវ​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់ ដើម្បី​បញ្ឈប់​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ប្រជាពលរដ្ឋ​គ្រប់​រូប មាន​តួនាទី​សំខាន់​ណាស់​។

ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ណាស់​ក្នុង​ការ​បញ្ជាក់​ទិញ​វ៉ាក់សាំង​ការពារ​ពី​ប្រទេស​ជា​មិត្ត​ក្នុង​ការយ​កមក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ ព្រមទាំង​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​នាំ​គ្នា​ក្នុង​ការ​អនុវត្ត វិធានការ​សុខាភិបាល​ដែល​បាន​ចាក់ចេញ​ជា​បន្តបន្ទាប់​ពី​សេស​«៣​ការពារ និង​៣​កុំ​»​។

សូម​រំលឹក​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ៣៨,៤២៧​នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ ចំនួន ៣១,៨៥៨​នាក់ និង​ស្លាប់ ចំនួន ៣៣៥​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ