ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងពេល​ដែល​វៀតណាម នៅបន្តឆ្លងរាតត្បាត​ជំងឺកូវីដ១៩ ពិសេសរកឃើញប្រភេទកូវីដ​បំប្លែង​ថ្មី ដែលឆ្លងឆាប់រហ័ស​ និងកាចសាហាវ​ជាង​មុន នៅពេលនេះ ​កម្ពុជា​ត្រូវ​តែ​ទប់ស្កាត់​ឲ្យបាននូវ​​ការនាំចូលជំងឺនេះ ពីខាងក្រៅ ព្រោះក្នុងប្រទេសយើង…

ភ្នំពេញ៖ ក្នុងពេល​ដែល​វៀតណាម នៅបន្តឆ្លងរាតត្បាត​ជំងឺកូវីដ១៩ ពិសេសរកឃើញប្រភេទកូវីដ​បំប្លែង​ថ្មី ដែលឆ្លងឆាប់រហ័ស​ និងកាចសាហាវ​ជាង​មុន នៅពេលនេះ ​កម្ពុជា​ត្រូវ​តែ​ទប់ស្កាត់​ឲ្យបាននូវ​​ការនាំចូលជំងឺនេះ ពីខាងក្រៅ ព្រោះក្នុងប្រទេសយើង ពេលនេះ ក៏មិនទាន់​កាត់​ផ្តាច់បាននូវ​ការឆ្លងរាលដាល​ក្នុងសហគមន៍ ដែលបានអូសបន្លាយ​ ចាប់តាំងពីថ្ងៃទី២០កុម្ភៈ​។

កាលពីថ្ងៃអាទិត្យ វៀតណាមបានរាយការណ៍ករណីកូវីដ១៩ ចំនួន ៩៥នាក់។ រលកថ្មីនៃការឆ្លងបានផ្ទុះឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក វាបានឆ្លងដល់មនុស្ស ៧១៣៥នាក់ និងមិនបានស្ងប់ឡើយ ខណៈដែលវាមានការឆ្លងច្រើន ដោយគេគិតថា បណ្តាលមកពីមេរោគបំប្លែង​ថ្មី ដែលមានលក្ខណៈ​ឆ្លងខ្លាំងជាងមុន។

ដើម្បីពង្រឹងវិធានការទប់ស្កាត់​ការនាំចូល​ជំងឺកូវីដ១៩ ពីក្រៅប្រទេស ពិសេស​ប្រទេសវៀតណាម ចូលមកកម្ពុជា​ កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ណែនាំដល់​អភិបាលខេត្ត នៅ​ជាប់ព្រំដែនវៀតណាម ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យកា​រ​ចេញ-ចូល​ នៅតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការឆ្លង​រាលដាលជំងឺកូវីដ-១៩ និងការឆ្លងដែនខុស​ច្បាប់។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់អភិបាលខេត្តជាប់ព្រំដែន​វៀតណាម ត្រូវតែរៀបចំកិច្ចប្រជុំដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូជាមួយអាជ្ញាធរវៀតណាម ដើម្បីពិភាក្សា និងអនុវត្តវិធាន​ការទប់ស្កាត់​កូវីដ-១៩ ឆ្លងដែន​រវាងប្រទេសជាប់ព្រំប្រទល់​ទាំងពីរ​។

ការធ្វើបែបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាម តំបន់​ព្រំដែន ហើយលើសពីនេះ គឺទប់ស្កាត់និងបង្រ្កាបបទល្មើស​នាំមនុស្សឆ្លងដែនខុសច្បាប់ ក៏ដូចជាការ​ទប់ស្កាត់ការឆ្លងរីករាល​ដាលជំងឺកូវីដ១៩ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ ចូរកុំភ្លេចថា កូវីដឆ្លងតាមមនុស្ស​។ ដូច្នេះ​បើទប់ស្កាត់​មនុស្សឆ្លងដែន ដោយខុសច្បាប់​បាន មិនថា ខ្មែរ ឬវៀតណាម ឬក៏ជនជាតិ​ណាណានោះទេ គឺមានន័យថា យើងអាចទប់ស្កាត់កូវីដ ចូលពីក្រៅប្រទេសបានដែរ​​ហើយ​។

​នៅជាប់ព្រំដែនវៀតណាម គឺ​កម្ពុជាមាន ៩ខេត្ត រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងខេត្តកំពត។ កន្លងមក មិនថា កម្ពុជាយើង ឬក៏​វៀតណាមទេ គឺ​ព្រួយបារម្ភ​អំពីការ​ឆ្លង​ដែន​ខុសច្បា​ប់រវាង​ប្រជាជនទាំងពីរ ក្នុងបរិបទកូវីដ១៩​។

បន្ថែម​លើការណែនាំ​របស់​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានចេញលិខិត ក្រើនរម្លឹក​បន្ថែមដល់​អភិបាលារាជធានីខេត្ត ដើម្បីពង្រឹង​ការត្រួតពិនិត្យសុខភាព​អ្នកដំណើរ ចូលមកកម្ពុជា ដោយការ​ធ្វើតេស្ត​​រហ័ស​ រកមេរោគ​កូវីដ​១៩​។​

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បាន​លើកឡើងថា ដើម្បីពង្រឹង​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​​ចូលមកកម្ពុជា តាមច្រក​ព្រំដែន​ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើ​តេស្ត​អង់ទីហ្សែនរហ័ស ឲ្យ​បាន​ម៉ឺង​ម៉ាត់​។ អ្នកជំងឺ ដែល​មានវិជ្ជមានវីរុសកូវីដ១៩ ត្រូវបញ្ជូ​ន​ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ចំណែក​អ្នកដំណើរផ្សេងទៀត ដែលរួមដំណើរ​ជាមួយ អ្នកវិជ្ជមានវីរុសកូវីដ១៩ ត្រូវបញ្ជូនទៅកាន់​​មណ្ឌល​ចត្តាឡីស័ក​ រយៈពេល ១៤ថ្ងៃ​។

ក្នុងលិខិតដដែល លោករដ្ឋមន្ត្រីសុខាភិបាល ក៏បាន​លើកឡើងថា អភិបាលខេត្ត នៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំ​ជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំ​កិច្ចសហការ​ក្នុងការពង្រឹង​ការធ្វើតេស្ត​រកមេរោគកូវីដ១៩ ជូនដល់ពលករ និងប្រជាជនទូទៅ មុននឹង​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​​មកកម្ពុជាវិញ​។

កន្លងមក មុនព្រឹត្តិការណ៍ឆ្លងសហគមន៍​២០កុម្ភៈ គឺនៅព្រំដែន​ថៃ ទោះបីជាមានការលបលួចឆ្លង​ដែនខុសច្បាប់​ ប៉ុន្តែ​អាជ្ញាធរសមត្ថកិច្ចកម្ពុជា​យើង ចាត់​ទុក​ថា បាន​ចាត់វិធានការ​ទប់ស្កាត់​​​ករណីឆ្លងកូវីដ បានល្អប្រសើរ។ នោះគឺ​ច្រក​ព្រំដែន​ផ្លូវការ អ្នកឆ្លងដែនចូលពីថៃ មកកាន់ទឹកដីកម្ពុជាយើង ត្រូវឆ្លងកាត់ការពិនិត្យសុខភាព និងយកសំណាក ទៅធ្វើតេស្ត​រកមេរោគកូវីដ១៩​ ហើយ​អ្នកទាំងនោះ ត្រូវទៅធ្វើចត្តាឡីស័ក​យ៉ាងត្រឹមត្រូវ រយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ដែលបានរៀបចំ​នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃទាំងនោះ។​ បើរកឃើញ​វិជ្ជមានកូវីដ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ​សម្រាកព្យាបាល ហើយ​អ្នក​អវិជ្ជមាន ត្រូវបន្ត​ធ្វើចត្តាឡីស័ក ឲ្យគ្រប់ ១៤ថ្ងៃ ហើយធ្វើតេស្ត​ម្តងទៀត បើអវិជ្ជមាន ទើបអនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅកាន់ស្រុកកំណើត​។

វិធានការនៅតាមព្រំដែន​ថៃ ត្រូវបាន​រាជរដ្ឋាភិបាល ពិសេស​អាជ្ញាធរខេត្តជាប់ព្រំដែនថៃ បានអនុវត្ត​យ៉ាងមានប្រសិទ្ធភាព ចាប់តាំងពី​ប្រទេសថៃ ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ខ្លាំងជាងកម្ពុជា កាលពីឆ្នាំមុន និងបន្ត​មកដល់ពេលនេះ​។​ ក្នុងនោះ ការទប់ស្កាត់​ការលួចឆ្លងដែនខុសច្បាប់ ក៏ត្រូវបាន​រាជរដ្ឋាភិបាល បង្កើតច្បាប់ និង​ដាក់ទោសធ្ងន់ធ្ងរ​លើមេខ្យល់ ដែល​នាំពលករលួចឆ្លងដែន​ ចេញចូលប្រទេសថៃ​​ ហើយមកដល់ពេលនេះ ក៏មានមេខ្យល់​មិនតិចរយនាក់ទេ ដែល​ត្រូវបានចាប់​បញ្ជូនទៅតុលាការ កាត់ទោស​។

នៅខាងព្រំដែន​វៀតណាម ក៏ដូចគ្នា​។ អាជ្ញាធរខេត្ត​ជាប់ព្រំដែនវៀតណាម អាច​យកលំនាំតាម​អាជ្ញាធរខេត្តជាប់ព្រំដែនថៃ​ ក្នុងកិច្ចការងារ​ទប់ស្កាត់​​កូវីដ១៩ ឆ្លងដែន។ តាមច្រកព្រំដែន​ផ្លូវការ ត្រូវពិនិត្យ​សុខភាព យកសំណាក ធ្វើតេស្ត និង​នាំទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ​។ ចំពោះ​អ្នកលបលួចឆ្លងដែនខុសច្បាប់ ចាប់បាន​ត្រូវ​បញ្ជូនទៅធ្វើចត្តាឡីស័ក រីឯ​​មេខ្យល់ ត្រូវ​បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់​ ដោយគ្មានការលើកលែង​។​

ទន្ទឹមនឹង​វិធានការម៉ឹងម៉ាត់​នេះ អាជ្ញាធរសមត្ថកិច្ចណា ដែល​ហ៊ាន​ឃុបខិត ត្រូវរ៉ូវ​ បើកដៃ​ឲ្យមាន​អ្នកឆ្លង​ដែនខុសច្បាប់ ជាថ្នូរនឹងលុយ​កាក់ គឺ​ត្រូវចាប់​ខ្លួន ដកស័ក្តិ ហើយបញ្ជូនទៅកាត់​ទោស​នៅតុលាការ​។ នៅព្រំដែនថៃ​ អំឡុងពេល​អនុវត្តវិធានការទប់ស្កាត់​កូវីដឆ្លងដែន កាលពីខែកុម្ភៈ ឆ្នាំ២០២១​ អធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនប្រទេសថៃ​​ ត្រូវបានដកតំណែង និងបញ្ជូនទៅកាត់ទោស​នៅតុលាការ ពាក់ព័ន្ធករណីអនុញ្ញាត​ឲ្យ​​​កម្មករ​ឆ្លងដែនខុសច្បាប់។

ខាង​ព្រំដែនវៀតណាម ក៏ត្រូវតែម៉ឹងម៉ាត់ដូចគ្នាដែរ​។ អាជ្ញាធរសមត្ថកិច្ចណាមួយ ហ៊ានអនុញ្ញាត​ឲ្យ​មានការឆ្លងដែនខុសច្បាប់ ហើយសម្រួល​មិន​ឲ្យ​ធ្វើចត្តាឡីស័ក យកសំណាកពិនិត្យ​រកកូវីដ ជាដើម គឺ​ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់​។ ​ការអនុញ្ញាត​ឲ្យមានអ្នកឆ្លងដែន​ខុសច្បាប់ ឬក៏ស្របច្បាប់ ដោយមិនឆ្លងកាត់ការធ្វើតេស្តយកសំណាក រកមេរោគកូវីដ​ និងមិន​ធ្វើចត្តាឡី​ស័ក គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរ​ នាំដល់ហានិភ័យនៃការឆ្លងរាលដាល​ជំងឺកូវីដ​ ខណៈដែល​ក្នុងផ្ទៃប្រទេសយើង ​ក៏នៅបន្តឆ្លងរាលដាល​កូវីដ​ក្នុងសហគមន៍ធ្ងន់ធ្ងរ​នៅឡើយ។

ប្រជាពលរដ្ឋ អ្នកឆ្លងដែន​យើងទៀតសោត មិនថា នៅព្រំដែនខាងកើត ដែលមកពីវៀតណាម​ និងនៅព្រំដែន​ខាងលិច មកពីប្រទេសថៃទេ ក្នុងកាលៈទេសៈ​កូវីដពេលនេះ ត្រូវតែ​សហការ​ជាមួយអាជ្ញាធរសមត្ថកិច្ច​។ ជៀសវាងឆ្លងដែនខុសច្បាប់។ ផ្ទុយទៅវិញ ត្រូវ​ចូលតាមច្រក​ព្រំដែនផ្លូវការ​ ហើយ​​ពិនិត្យ​​សុខភាព យកសំណាក ធ្វើតេស្តរកកូវីដ និងធ្វើចត្តាឡីស័ក​។ ការធ្វើដូច្នេះ មិនត្រឹមតែការពារខ្លួនឯង​ និង​ក្រុម​គ្រួសា​រ​ប៉ុ​ណ្ណោះ​ទេ តែក៏បានចូលរួម​​​ទប់ស្កាត់​ការឆ្លងរាលដាលកូវីដ១៩ នៅក្នុងសង្គមជាតិ​​យើងថែមទៀត​​៕​