រាជធានីភ្នំពេញ ៖ ទោះជាក្រុមកម្ពុជាបានបរាជ័យក្រោមថ្វីជើងរបស់ក្រុមជប៉ុននៅលើទឹកដីខ្លួនឯង សម្រាប់ការប្រកួតជម្រុះព្រឹត្តិការណ៍World Cup ក្នុងទ្វីបអាស៊ីកាលពីយប់ថ្ងៃអង្គារម្សិលម្ង៉ៃ ក៏អ្នកគាំទ្រភាគច្រើនបានផ្ដោតការសរសើរជាជាងបន្ដុះបង្អាប់ ចំពោះទម្រង់លេងរបស់ក្រុមកម្ពុជាលើកនេះដែរ ។ អ្វីដែលគេចាប់អារម្មណ៍ គឺក្រុមកម្ពុជាបើកឱ្យជប៉ុនស៊ីបានតែ២គ្រាប់ ដែលមានន័យថាក្រុមជប៉ុនត្រូវចាំអ៊ុតមើលមួយប្រកួតទៀតជាមួយក្រុមប្រទេសស៊ីរី ទើបអាចដឹងថាមានឱកាសបានឡើងឬក៏អត់?
កាលពីប្រកួតនៅជើងទី១ក្រៅទឹកដីដែលបានធ្វើឡើងនៅប្រទេសជប៉ុន ក្រុមជម្រើសជាតិជប៉ុនធ្លាប់យកឈ្នះក្រុមជម្រើសជាតិកម្ពុជា៣-០ រួចម្ដងមកហើយ ។ ប៉ុន្តែសម្រាប់ការប្រកួតនៅជើងទី២នេះ ក្រុមកម្ពុជាធ្វើបានល្អជាងមុន ជាពិសេសនៅតង់ទី១ ក្រុមកម្ពុជាមានឱកាសលេងវាយបកទៅវិញទៅមកជាមួយក្រុមជប៉ុនបានយ៉ាងល្អបំផុត ។ ក្រុមកម្ពុជាមិនត្រឹមតែអាចការពារមិនឱ្យក្រុមជប៉ុនទាត់បាល់បញ្ចូលទីខ្លួនបានសម្រេចនោះទេ ផ្ទុយទៅវិញថែមទាំងមានឱកាសស៊ុតបាល់សំដៅទីក្រុមជប៉ុនបានម្ដងម្កាលទៀតផងធ្វើឱ្យអ្នកគាំទ្រហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ។ នៅក្នុងតង់ទី១នេះ ក្រុមទាំង២បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០។ ចូលដល់តង់ទី២ គេសង្កេតឃើញក្រុមជប៉ុនចាប់ផ្ដើមលេងដាក់សម្ពាធមកលើក្រុមកម្ពុជាយ៉ាងខ្លាំងតែមានឱកាសរកបានតែ២គ្រាប់ប៉ុណ្ណោះ ។ គ្រាប់បាល់ទី១ កីឡាករឃួន ឡាបូរ៉ាវី របស់ក្រុមកម្ពុជាភ្លាត់ស្នៀតតែតបាល់បញ្ចូលទីខ្លួនឯងនៅនាទីទី៥១ និងគ្រាប់បាល់ទី២ រកបានដោយកីឡាករហុង ដា ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជប៉ុននៅនាទីទី៨៩ ។
ថ្វីដ្បិតតែត្រូវហាលអាវ ប៉ុន្តែក្រុមកម្ពុជាបានទទួលការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្ររួមទាំងសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរបើធៀបនឹងការប្រកួតចាញ់ក្រុមភ្ញៀវផ្សេងនាពេលកន្លងមក ។ នោះគឺដោយសារតែគូប្រកួតដែលក្រុមម្ចាស់ផ្ទះប៉ះជាមួយ គឺជាក្រុមយក្សក្នុងទ្វីបអាស៊ី ដែលអ្នកណាក៏ប៉ាន់ស្មានថា នឹងស៊ីកម្ពុជាមិនក្រោម៣គ្រាប់ ។ ក្នុងការប្រកួតដ៏ស្វិតស្វាញនោះ ក្រុមជប៉ុនបានដាក់សុទ្ធតែកីឡាករល្អៗលំដាប់ពិភពលោករបស់ខ្លួនឱ្យចូលប្រកួតហើយមានទម្រង់លេងរស់រវើកតាំងពីដើមដល់ចប់ ប៉ុន្តែកីឡាករជប៉ុនមានឱកាសទាត់បាល់បញ្ចូលទីក្រុមម្ចាស់ផ្ទះបានមិនលើសពី២គ្រាប់ឡើយ ។ ជាក់ស្ដែងគ្រាប់បាល់ជាច្រើនគ្រាប់ត្រូវបានសង្គ្រោះដោយកីឡាករអ៊ុំ សេរីរ័ត្នដែលជាអ្នកចាំទីដ៏ល្អរបស់ក្រុមកម្ពុជា ដែលសឹងតែធ្វើឱ្យក្រុមក្រុមជប៉ុនខកចិត្តទៀតផង។ អ្នកគាំទ្ររបស់ក្រុមភ្ញៀវត្រូវគេឃើញប្រមូលផ្ដុំគ្នាកកកុញលើកទង់ជាតិ និងស្រែកហ៊ោលើកទឹកចិត្តដល់ក្រុមកីឡាកររបស់ពួកគេមិនចាញ់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះប៉ុន្មានឡើយ ។ អ្នកទស្សនាត្រូវបានប៉ាន់ស្មានថាមានចំនួនច្រើនជាង៥ម៉ឺននាក់ សម្រាប់ការប្រកួតមួយនេះ។ យ៉ាងណាក៏ដោយ ក្រុមជប៉ុននៅតែធ្វើឱ្យអ្នកគាំទ្រខកបំណងដោយសារតែការព្យាករថា ស៊ីក្រុមកម្ពុជាលើសពី៣គ្រាប់តែបានត្រឹម២គ្រាប់ហើយបានទាំងលំបាកទៀតផង ។
យោងតាមការប្រកួតដែលបានបញ្ចប់កាលពីយប់ថ្ងៃអង្គារទី១៧ ខែវិច្ឆិកានោះ បានបង្ហាញថា ក្រុមជប៉ុនប្រកួត៦លើកក្នុងចំណោម៨លើក ទទួលបានតែ១៦ពិន្ទុ ដោយសារក្រុមនេះមើលស្រាលទម្រង់លេងរបស់ក្រុមសិង្ហបុរីពេលជួបគ្នាកន្លងមកបានត្រឹមលទ្ធផលស្មើគ្នាធ្វើឱ្យខាតអស់២ពិន្ទុ។ មកទល់ពេលនេះ ក្រុមជប៉ុនស្ថិតនៅកំពូលតារាង ប៉ុន្តែមិនទាន់ច្បាស់នឹងបានឡើងទៅប្រកួតនៅវគ្គបន្តសម្រាប់ព្រឹត្តិការណ៍World Cup នៅឡើយទេ ដោយសារតែក្រុមស៊ីរី ក៏ជាក្រុមដែលមានឱកាសដូចគ្នា បើការប៉ះគ្នាលើកចុងក្រោយរបស់ពួកគេស្រាប់តែក្រុមស៊ីរី អាចកែប្រែវាសនាហើយយកឈ្នះលើក្រុមជប៉ុនបាន ។ ក្នុងចំណោម៦ប្រកួតដូចគ្នា ក្រុមស៊ីរីឈ្នះ៥ ចាញ់១ មាន១៥ពិន្ទុ ដោយចាញ់ក្រុមជប៉ុនតែមួយពិន្ទុប៉ុណ្ណោះ ដែលមានន័យថាឱកាសឈានឡើង និងការប៉ែងជើងទៅលើក្រុមជប៉ុន ក៏មានភាគរយច្រើនដែរ បើជប៉ុនមិនរៀបជើងព្រួលឱ្យបានម៉ត់ចត់នៅទឹកចុងក្រោយទេនោះ ។ ក្រុមជប៉ុននៅប៉ះក្រុមអាហ្វហ្គានីស្ថាន និងក្រុមស៊ីរីដើម្បីបិទបញ្ចប់ការប្រកួតជម្រុះក្នុងពូលE។ ចំណែកស៊ីរីវិញនៅប៉ះជាមួយក្រុមកម្ពុជា និងក្រុមជប៉ុននោះឯង ។ តាមការស្ទាបស្ទង់ ក្រុមជប៉ុន និងស៊ីរី នឹងឈ្នះគូប្រកួតរបស់ខ្លួនក្នុងការប្រកួតលើកទី៧រៀងខ្លួន១០០ភាគរយដូចគ្នា ប៉ុន្តែជោគវាសនារបស់ពួកគេនឹងត្រូវកាត់ក្ដីដោយការប្រកួតប៉ះគ្នានៅលើកចុងក្រោយ ដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០១៦ខាងមុខ ។ គូនេះ អ្នកឈ្នះបានឡើង ហើយអ្នកចាញ់ហាលអាវ ។ ទោះបីយ៉ាងណា គេមើលឃើញថា ក្រុមជប៉ុននឹងមានឱកាសបោះជំហានទៅមុខច្រើនជាង ដោយសារជប៉ុនបើបានត្រឹមស្មើជាមួយស៊ីរី ក៏បានឡើង ហើយសម្រាប់ការប្រកួតដ៏សំខាន់មួយនោះ ក្រុមជប៉ុនគឺពិតជានឹងទម្លាក់កីឡាករដែលលេងឱ្យក្រុមបរទេសល្អៗរបស់ខ្លួនមកទាំងអស់ដោយមិនអាចមើលស្រាលក្រុមស៊ីរីបានឡើយ។ ម្យ៉ាងក្រុមស៊ីរី មិនមែនជាក្រុមអន់នៅទ្វីបអាស៊ីនោះទេជាពិសេសទម្រង់លេងរបស់ក្រុមនេះ បើទោះជាក្នុងប្រទេសស៊ីរីត្រូវប្រឈមដោយការវាយប្រហារគ្នាក្ដី ។
សម្រាប់ពូលE ក្រុមជប៉ុន និងស៊ីរី នឹងមានសង្ឃឹមបន្តសម្រាប់អ្នកណាបានឈ្នះនៅពេលប៉ះគ្នា ហើយធៀបនឹងគ្រាប់បាល់វិញ គឺក្រុមស៊ីរី ស៊ីគូប្រកួតបានដល់ជាង២០គ្រាប់ឯណោះ ខណៈជប៉ុនបានតែ១៧គ្រាប់ ។ ក្នុងជុំទី១ ក្រុមស៊ីរី ចាញ់ជប៉ុន៣-០ ប៉ុន្តែសម្រាប់ការប្រកួតប៉ះគ្នាជាលើកទី២នោះ កីឡាករស៊ីរីក៏នឹងមានទម្រង់ប្រកួតដែលអាចធ្វើឱ្យក្រុមជប៉ុនបះសក់ ដោយសារតែក្រុមនេះក៏ជាក្រុមល្អ ដែលមានកីឡាករលំដាប់ពិភពលោក ហើយក៏មានបំណងចង់ឈានបន្តក្នុងព្រឹត្តិការណ៍World Cupដែរ។ ដោយឡែកសម្រាប់ក្រុម៣ទៀត បើទោះជាឈ្នះឬចាញ់សម្រាប់ការប្រកួតដែលនៅសល់ ក៏ត្រូវហាលអាវដែរ ដោយក្នុងចំណោមនោះគឺក្រុម កម្ពុជាទទួលបានលទ្ធផលអាក្រក់ជាងគេ។ ការប្រកួត៧លើកកន្លងមក ក្រុមកម្ពុជាមានសូន្យពិន្ទុ ដែលមានន័យថាមិនធ្លាប់សូម្បីតែស្មើក្រុមភ្ញៀវ ហើយស្ថិតនៅបាតតារាងក្នុងពូល ។ ទាំងការប្រកួតក្នុង និងក្រៅទឹកដី កម្ពុជារកបានតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងពេលដែលគេស៊ុតចូលវិញគឺមានដល់ទៅ២១គ្រាប់។ ផ្អែកតាមលទ្ធផលនេះ គឺក្រុមកម្ពុជាត្រូវគេមើលឃើញថា បានក្លាយជាទីស៊ុតយកគ្រាប់បាល់របស់ក្រុម៤ទៀត ដែលពួកគេត្រូវការពិន្ទុ និងគ្រាប់បាល់ដើម្បីប្រជែងគ្នា ។ យ៉ាងណាក៏ដោយ ទម្រង់លេងរបស់ក្រុមកម្ពុជា ពេលនេះប្រសើរជាងមុនហើយ បើធៀបនឹងប៉ុន្មានឆ្នាំមុនដែលធ្លាប់បណ្ដោយឱ្យគូប្រកួតស៊ុតចូលទីខ្លួនដូចគេរាប់នោះ ៕
ចែករំលែកព័តមាននេះ