អត្ថាធិប្បាយ៖ រំដោះចិញ្ចើមផ្លូវពីក្រុមអ្នកលក់​ឡាន អាចធ្វើបាន បើសិនជាអាជ្ញាធរអនុវត្ត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ រំដោះចិញ្ចើមផ្លូវពីក្រុមអ្នកលក់​ឡាន អាចធ្វើបាន បើសិនជាអាជ្ញាធរអនុវត្ត

2 ថ្ងៃ មុន
  • Phnom Penh

ភ្នំពេញ៖ នេះ​ជាការចាប់ផ្តើមថ្មីទៀត ដើម្បីរំដោះចិញ្ចើម​ផ្លូវពីក្រុមអ្នកលក់ឡាន។ ​នោះគឺ​រដ្ឋបាលខណ្ឌដូនពេញ ក្នុងរាជធានីភ្នំ​ពេញ​ បាន​សម្រេចដាក់ចេញជាគោលការណ៍ ដោយ​​មិនអនុញ្ញាតឲ្យ​ដាក់តាំងលក់ ឬចតរថយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ​​ជាដាច់ខាត​។…

ភ្នំពេញ៖ នេះ​ជាការចាប់ផ្តើមថ្មីទៀត ដើម្បីរំដោះចិញ្ចើម​ផ្លូវពីក្រុមអ្នកលក់ឡាន។ ​នោះគឺ​រដ្ឋបាលខណ្ឌដូនពេញ ក្នុងរាជធានីភ្នំ​ពេញ​ បាន​សម្រេចដាក់ចេញជាគោលការណ៍ ដោយ​​មិនអនុញ្ញាតឲ្យ​ដាក់តាំងលក់ ឬចតរថយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ​​ជាដាច់ខាត​។ អាជ្ញាធរ បាន​តម្រូវ​ឲ្យក្រុមអ្នក​លក់រថយន្ត ត្រូវ​រើចេញពីចិញ្ចើមផ្លូវក្នុង​ទឹកដីខណ្ឌដូនពេញ​ ជាកំហិត ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់​ការដាក់តាំងលក់រថយន្ត នៅលើទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្​ឌដូនពេញ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រដ្ឋបាលខណ្ឌ​ដូនពេញ កន្លងមក បានចុះអនុវត្ត​ការរៀបចំ​សណ្តាប់ធ្នាប់ និងរបៀបរៀបរយ​នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ​សាធារណៈ​ បានស្អាតជាប្រចាំ។ ប៉ុន្តែនៅក្រោយពេលបញ្ចប់​ការបិទខ្ទប់​រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌ​ បានសង្កេតឃើញថា មានបងប្អូន​ប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្ត​មកដាក់តាំង​លក់នៅលើទ្រូងផ្លូវ​ និង​ចិញ្ចើមផ្លូវ​សាធារណៈ ដែលធ្វើ​ឲ្យបាត់បង់​សោភ័ណ​ភាព​ សណ្តាប់ធ្នាប់​ របៀបរៀបរយសាធារណៈ និង​បណ្តាល​ឲ្យ​មានការកកស្ទះចរាចរណ៍ តាម​​ដង​ផ្លូវ​យ៉ាង​ខ្លាំង​​។

សេចក្តីជូនដំណឹងរបស់​រដ្ឋបាល​​​​​ខណ្ឌ​​​ដូន​​​ពេញ ចុះហត្ថលេខាដោយ​លោក សុខ ពេញវុធ អភិបាលខណ្ឌ​ ​បាន​លើក​ឡើង​ថា ដើម្បី​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍​សាធារណៈ រដ្ឋបាល​ខណ្ឌដូនពេញ សម្រេចដាក់​ចេញជាគោលការណ៍​ ៣ចំណុច៖ ១-មិនអនុញ្ញាត​ឲ្យមានការដាក់តាំងលក់ និងចត​រថយន្ត​គ្រប់ប្រភេទ នៅលើទ្រូងផ្លូវ និងចិញ្ចឹម​ផ្លូវសាធារណៈ ជាដាច់ខាត ចាប់ពីពេលនេះតទៅ​។ ២-រដ្ឋបាលខណ្ឌដូនពេញ​ ទុកពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដើម្បី​ឲ្យ​លោក-លោកស្រីយករថយន្ត​ ចេញពីទីតាំង​ខាងលើនេះ ជាកំហិត។ ៣-ក្នុងករណី​ ម្ចាស់​រថយន្ត នៅតែមិនអនុវត្ត​តាមសេចក្តីជូនដំណឹង ក៏ដូចជា​ការណែនាំ​របស់រដ្ឋបាល​ខណ្ឌដូនពេញទេ នោះរដ្ឋបាល​ខណ្ឌដូនពេញ​ នឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវ​ រាល់ការខូចខាត​បាត់បង់ទ្រព្យសម្បត្តិ​លោក-លោកស្រីឡើយ។​  ​ ​

ចំពោះ​វិធាន​ការ​ថ្មី​​ ដើម្បី​​រំដោះ​​ចិញ្ចើម​​ផ្លូវ​​នេះ ត្រូវបាន​មហាជន ទាំងអ្នកដំណើរ និង​ជាពិសេស​នៅលើបណ្ដាញសង្គម​ហ្វេសប៊ុកជាច្រើន បានបង្ហាញការគាំទ្រ ជាខ្លាំង។ ការលុបបំបាត់​ការ​ដាក់​តាំង​ឡានលក់​នៅលើទ្រូង​ផ្លូវ និង​ចិញ្ចើម​ផ្លូវ គឺ​​មិនត្រឹម​តែ​​​អាច​​លើក​កម្ពស់​​សោភ័ណ​ភាព​ សណ្តាប់ធ្នាប់​ របៀបរៀបរយសាធារណៈ  កកស្ទះចរាចរណ៍ តាម​​ដង​ផ្លូវ​ប៉ុណ្ណោះទេ តែ​មហាជន​ អាចមានផ្លូវដើរ​ លើចិញ្ចើមផ្លូវ​ ជៀសវាង​គ្រោះថ្នាក់ចរាចរណ៍ បានថែមទៀត​។​

គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន គឺអាជ្ញាធរខណ្ឌ​ដូនពេញនេះហើយ ក៏បាន​ចាត់វិធានការ​ ឈប់​ឲ្យ​ដាក់ឡានតាំងលក់​លើទ្រូងផ្លូវ​តាមសួនច្បារ​​ចាប់ពីមុខ​ស្ថានីយរថភ្លើង រហូតដល់​ផ្សារចាស់​ និង​តាមផ្លូវនានា នៅជិតវត្តភ្នំ​។ វិធានការកាលណោះ ភ្លាមៗ មានប្រសិទ្ធភាព​។​ តែ​ដល់​យូរៗទៅ អ្នកលក់ឡាន របៀបគួកជេ បាន​ចូល​មកលក់​នៅផ្លូវជិតៗនោះ រាប់ទាំងផ្លូវមុខ​អតីត​សាលាខណ្ឌដូនពេញ ក៏មានអ្នកលក់ឡាន លក់​ពេញផ្លូវដែរ​។

បន្តិចក្រោយមក រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសឈប់​ឲ្យមានការដាក់តាំងលក់ឡាន តាមផ្ទះល្វែង​ ពិសេសនៅម្តុំ​ផ្សារដេប៉ូ ដែល​ការលក់ឡានតាមផ្ទះល្វែងនេះ ក៏​បានបង្ក​ការកកស្ទះចរាចរណ៍មិនតិចឡើយ ដោយសារតែ​ឡានទាំងអស់នោះ បានចត​លើចិញ្ចើមផ្លូវពេញហើយ ក៏ហៀរដល់​ទ្រូងផ្លូវថែមទៀត។ មកដល់ពេលនេះ ការលក់ឡាននៅតាមផ្ទះល្វែង នៅតែបន្ត​ដល់សព្វថ្ងៃ​។

យុទ្ធនាការ​រំដោះចិញ្ចើម​ផ្លូវពី​អ្នកលក់​ដូរ ក្នុងរាជធានីភ្នំពេញ ក៏ត្រូវបាន​អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសអនុវត្ត​យូរឆ្នាំមកហើយ តាំងពីជំនាន់​លោក​ ប៉ា សុជាតិវង្ស ជាអភិបាលរាជធានីភ្នំពេញ និងលោក ឡុង ឌីម៉ង់ ជាអ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ។ ប៉ុន្តែ​មកដល់ពេលនេះ ក៏នៅតែ​មិនអាចសម្រេចបានទាំងស្រុង នៅឡើយដែរ​។

លើក​នេះ​ទៀត អាជ្ញាធរ​​ខណ្ឌ​​ដូនពេញ ក៏បាន​ដាក់ផែនការ​ថ្មី រំដោះ​ចិញ្ចើមផ្លូវ​ពីក្រុមអ្នកលក់ឡាន​​។ វិធានការថ្មី​នេះ ពិតជាអាចសម្រេចបាន បើសិនជា​អាជ្ញាធរសមត្ថកិច្ច អនុវត្ត​ដូចអ្វីដែល​បានអនុវត្តកន្លងមក នៅតាម​ផ្លូវសួនច្បារ​ស្ពាននាគ អតីតទីលានប្រជាធិបតេយ្យ ឬសួនច្បារផ្សារចាស់ នៅ​ជិតវត្តភ្នំពេញ​។

ក៏​ប៉ុន្តែ​​​​ទន្ទឹម​​​នឹង​​វិធាន​ការ​រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ​តាមផ្លូវសាធារណៈនេះ អាជ្ញាធរសមត្ថកិច្ច ​ក៏​​ត្រូវ​​តែ​​ស្អាត​​ស្អំ​។ ​មាន​ន័​យ​​ថា ​ការ​ដាក់​លក់​​ឡាន​​តាម​ផ្លូវ​កន្លង​មក​ ​រួម​​​ទាំង​​ការ​យក​ផ្លូវ​​ធ្វើ​ជា​កន្លែង​ផ្ញើ​ឡាន ផ្ញើ​ម៉ូតូ​ នៅ​​​តាម​​ផ្សារ​​​ ជា​ដើម​ បើសិនជា​មិនមានការអនុញ្ញាត​ពីអាជ្ញាធរសមត្ថកិច្ចទេ ដោយមិនមានការបង់លុយ​​ឲ្យអាជ្ញាធរសមត្ថកិច្ចទេនោះ គឺមិនអាចទៅព័ទ្ធខ្សែ​ផ្ញើកង់ម៉ូតូ និងដាក់ឡានលក់​លើផ្លូវ​បាននោះឡើយ។​

ម្យ៉ាងវិញ​ទៀត ដើម្បី​ឲ្យវិធានការរំដោះផ្លូវ​ពីក្រុមអ្នកលក់ឡានបានសម្រេច អាជ្ញាធរសមត្ថកិច្ច ត្រូវតែរៀបចំ​កន្លែងលក់ឡាន​សមរម្យណាមួយ ឬច្រើនកន្លែង​ ហើយ​​តម្រូវ​ឲ្យក្រុមអ្នកនិយមលក់ឡាន តាមផ្លូវទាំងអស់នោះ ចូលទៅលក់ក្នុងឃ្លាំង ដែលរៀបចំ​ទាំងនោះ​។ កន្លងមក អាជ្ញាធររាជធានីភ្នំពេញ បានរៀបចំ​ឃ្លាំង​លក់ឡាន នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលជាកន្លែងធំទូលាយ​។ បើមានកន្លែងលក់ឡានតាមផ្ទះ​ក្នុងក្រុង ក៏គួរតែរៀបចំដោយសណ្តាប់ធ្នាប់ ដោយ​មិនរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវទៀត​នោះឡើយ​។

ការ​ត្រួត​ពិនិត្យ​ និង​មើល​ផ្លូវ ក៏អាជ្ញាធរសមត្ថកិច្ច ​ត្រូវធ្វើ​ជាប្រ​ចាំក្នុងមូលដ្ឋានរបស់ខ្លួន​។ បើមានការដាក់លក់ឡានឡើងវិញ នៅកន្លែង​ដែល​ហាមឃាត់ ត្រូវចាប់យកឡាន ទៅទុក​នៅប៉ុស្តិ៍ប៉ូលិស ក្នុង​រយៈពេលកំណត់ណាមួយ ហើយពិន័យ​ម្ចាស់ឡាន​ ដោយគ្មានការលើកលែង​។ អាជ្ញាធរសមត្ថកិច្ចខ្លួនឯង ក៏មិនត្រូវទៅយកលុយ​ ហើយ​បិទភ្នែកម្ខាង និងបើកភ្នែកម្ខាង​ បណ្តោយ​ឲ្យមានការលក់​ដូររំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវ​តទៅទៀត​នោះទេ​។​

អាជ្ញាធរសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ ពិសេសនៅខណ្ឌដូនពេញ បានអនុវត្តមានប្រសិទ្ធភាព​​រួចមកហើយ លើការរៀបចំស​ណ្តាប់ធ្នាប់សាធារណៈ។ ចូរកុំភ្លេចថា មានផែនការល្អហើយ គឺត្រូវអនុវត្តផែនការល្អនោះ។ ពេលអនុវត្តផែនការនោះ ក៏ត្រូវតាមដានពិនិត្យលើការ​អនុវត្ត។ មានកំហុស​កន្លែង កែសម្រួល។ បើអនុវត្ត​បាន​ល្អហើយ ក៏ត្រូវ​ទាមទារ​ឲ្យមានការ​​​ត្រួតពិនិត្យ​​ជាប្រចាំ​ដែរ ទើបកិច្ចការនោះ សម្រេច​​​បាន​​តាម​ផែនការ​៕​

Picture