ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប សម្រេចកំណត់ក្រហម ក្នុងភូមិ​ចំនួន ៤ នៅសង្កាត់ស្រង៉ែ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បាន​សម្រេចកំណត់ក្រហម ក្នុងភូមិចំនួន ៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប។…

ខេត្តសៀមរាប៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បាន​សម្រេចកំណត់ក្រហម ក្នុងភូមិចំនួន ៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ រដ្ឋបាលខេត្តសៀមរាប ក៏បាន​អំពាវនាវដល់អ្នកពាក់ព័ន្ធ អនុវត្តការធ្វើចត្តាឡីស័ក ដើម្បីតាម​ដានសុខភាព និងយកសំណាកធ្វើតេស្តស្រាវជ្រាវមេរោគកូវីដ-១៩ ផងដែរ។

ក្នុងលិខិត រដ្ឋបាលខេត្តសៀមរាប បានជម្រាប​ជូនសាធារណជនថា គណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត សម្រេចកំណត់​តំបន់ក្រហម លើភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ការសម្រេច​កំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញ ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ។

រដ្ឋបាលខេត្ត សូមជម្រាបជូនថា ឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើ​ការងារជាបុគ្គលិកបើកបរ​រថយន្តនៅធនាគារអេស៊ីលីដា សាខាស្រុកសូទ្រ​និគម និងភរិយា ត្រូវបានរកឃើញវិជ្ជមាន​មេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារ បានចុះស្រាវជ្រាវ និងរកឃើញថា ករណីការចម្លងជំងឺកូវីដ-១៩នេះ ទៅក្រុមគ្រួសារ គឺមានប្រភពពីកូនប្រុស ឈ្មោះ ឃាន សុឃួច។

ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត សូមជម្រាបជូនអំពីទីតាំងមួយចំនួន ដែលឈ្មោះ ឃាន សុឃួច បានទំនាក់​ទំនង រួមមាន៖​ ថ្ងៃទី៣១-ឧសភា-២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភ័ក្រ្ត ចំនួន ០៦នាក់ នៅហាងពិភពធម្មជាតិ និងបាន​ជួបជាមួយបុគ្គលិកហាង ៦នាក់ ដែលលើកម្ហូប និងបាយទឹក។​ ថ្ងៃទី០២- មិថុនា-២០២១ ពេលព្រឹក បានបើក​រថយន្តជូនឈ្មោះ យួម ស៊ីណាត និងឈ្មោះ រ៉ុង ធីរ៉ាត់ (វិជ្ជមានជំងឺកូវីដ-១៩) ទៅធនាគារជាតិនៃកម្ពុជាសាខាខេត្ត​សៀមរាប នៅជិតផ្សារចាស់ ពេលមកដល់ ឈ្មោះ ឃាន សុឃួច បានជួយលើកកេស​ឯកសារ ចូលទៅក្នុងធនាគារ​មួយភ្លេត ហើយចេញមកអង្គុយ​ចាំអ្នក​ទាំងពីរនាក់​វិញ នៅក្នុងរថយន្ត។ ​ថ្ងៃទី០៣-មិថុនា-២០២១ ពេលព្រឹក ធ្វើការនៅធនាគារ ហើយពេលល្ងាច ត្រឡប់មកផ្ទះ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ដើម្បីមកមើលឪពុកឈឺ ហើយក៏បានស្នាក់នៅជុំគ្នា ជាមួយក្រុមគ្រួសារ។ ​ថ្ងៃទី០៥-មិថុនា-២០២១ ពេលព្រឹក បានមកហូបលតឆា នៅខាងក្រោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រយៈពេល ១០នាទី រួចបានចេញទៅ​តារាងបាល់ទះឈ្មោះ ឆាន់ នី នៅភូមិគោកដូង សង្កាត់ទឹកវិល លេងបាល់រយៈពេល ០២ម៉ោង ជាមួយដៃគូលេងបាល់ចំនួន ០៧នាក់ផ្សេងទៀត បន្ទាប់មក ក៏បានត្រឡប់ទៅផ្ទះវិញ។ ថ្ងៃទី០៧-មិថុនា- ២០២១ ពេលល្ងាចបានរៀបចំសូត្រមន្ត ឲ្យឪពុកនៅផ្ទះ ដោយមានអ្នកចូលរួមប្រហែលជាង ១០នាក់ ប៉ុន្តែឈ្មោះ ឃាន សុឃួច និងឈ្មោះ អឿម សុផាន់ណា មិនបានចូលរួមទេ ដោយសារមានអាការៈមិនស្រួលខ្លួន។​ ថ្ងៃទី០៩- មិថុនា- ២០២១ ពេលព្រឹក បានទៅទិញថ្នាំ នៅឱសថស្ថានសុវណ្ណវីរៈសិទ្ធ (មិនបានចូលក្នុងទេ) ហើយត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មក បានជិះម៉ូតូមកយកសំណាក​ជាមួយប្រពន្ធ ដើម្បីធ្វើតេស្តស្រាវជ្រាវរកមេរោគកូវីដ-១៩ និងទទួលបានលទ្ធផលវិជ្ជមាន ទាំង ២នាក់។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់​ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជា​មួយ​អ្នកវិជ្ជមាន​ខាងលើ ឬទីតាំង ដែលអ្នកវិជ្ជមាន បានមានទំនាក់ទំនងចាប់ពីកាលបរិច្ចេទនៃទីតាំងនីមួយៗ សូមរួសរាន់ធ្វើ​ចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃ​ជាដាច់​ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់​វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែល​លើ្មសនឹងវិធានសុខាភិបាលនេះ។

តាមសេចក្តីជូនដំណឹង ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់​វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ​

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខា​ភិបាល៕ ច័ន្ទ​រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ