ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​កែ​ច្នៃ​ផល​ត្រីស្រស់មួយកន្លែង នឹង​ចំណាយ​ទុន​វិនិយោគ​បន្ថែម ​១០​ លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ក្នុងដំណើរ​​ពិនិត្យ​រោង​សិប្បកម្ម​កែ​ច្នៃ​ផល​ត្រី​ស្រស់​របស់​កសិដ្ឋានដែល​មា​នទី​តាំងនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងកសិកម្ម…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ក្នុងដំណើរ​​ពិនិត្យ​រោង​សិប្បកម្ម​កែ​ច្នៃ​ផល​ត្រី​ស្រស់​របស់​កសិដ្ឋានដែល​មា​នទី​តាំងនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យ​ដឹង​ថា ​ការ​កែ​ច្នៃ​ត្រី​ទី​ឡា​ព្យា​របស់ Cambodia Fresh Farm នេះ ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង ប៉ុន្តែ​សិប្បកម្ម​នេះ​នឹង​ពង្រីក​ផលិតកម្ម​កែ​ច្នៃ​ជា​បន្តបន្ទាប់ ធ្វើ​យ៉ាងណា​ឆ្លើយ​តបឱ្យបាន​តាម​តម្រូវការ​ទីផ្សារ​ ។ បច្ចុប្បន្ន សិប្បកម្ម​កែ​ច្នៃ​នេះ ទទួល​បាន​បច្ចេកទេស​កែ​ច្នៃ​ផល​ត្រី​ទី​ឡា​ព្យា​ផ្ទាល់​ពី​អ្នកជំនាញ​ជនជាតិ​ជប៉ុន និង​សម្ភារ​កែ​ច្នៃ​ផល​ត្រី​ពី​ក្រុមហ៊ុន SARAYA នៃ​ប្រទេស​ជប៉ុន ​។ ឯកឧត្តម​បន្ថែម​ថា អនុវត្ត​តាម​បច្ចេកទេស​ជប៉ុន ត្រី ១​ ក្បាល​អាច​កែ​ច្នៃ​បាន ១៤ ​ប្រភេទ​មុខទំនិញ រួម​ទាំង​ស្រការ​ត្រី​ក៏​យក​ទៅ​កែ​ច្នៃ​ជា​គ្រឿងសម្អាង ប្រមាត់​ត្រី ស្បែក​ត្រី និង​ឆ្អឹង សូ​ម្បី​ទឹក​លាង​សម្អាត​ត្រី​ក៏​យក​ទៅ​ធ្វើ​ជី​ផង​ដែរ​ ។

យោងតាម​ឯកឧត្តម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តថា ដោយ​អនុវត្ត​តាម​ស្តង់ដារ​បច្ចេកទេស​ចិញ្ចឹម​បាន​ត្រឹមត្រូវ​ល្អ ធ្វើ​ឲ្យ​ទីផ្សារ​ជប៉ុន​ស្វាគមន៍​ផលិតផល​កែ​ច្នៃ​ត្រី​ចេញពី​កសិដ្ឋាន​នេះ ជាក់ស្តែង​ការ​បញ្ជា​ទិញ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គ្រាន់តែ ៥​ខែ​ដើមឆ្នាំ​២០២១ នេះ កសិដ្ឋាន​លក់​សាច់​ត្រី​កែ​ច្នៃ​ស្រស់​បាន ៧​ តោន​ ។ ដោយ​តម្រូវការ​មានការ​កើនឡើង​ទាំង​ទីផ្សារ​ក្នុងស្រុក (​ផ្សារ​ទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារ​ទំនើប​នានា​ក្នុងស្រុក និង​ភោ​ជនី​ដ្ឋា​ន​ជា​ច្រើន​ទៀត​) កសិដ្ឋាន​នឹង​ពង្រីក​ដើមទុន​វិនិយោគ​ក្នុង​ចំនួន​ទឹកប្រាក់ ១០ ​លាន​ដុល្លារ ដើម្បី​ពង្រីក​សិប្បកម្ម​កែ​ច្នៃ ដែល​មាន​សមត្ថភាព​អាច​បង្កើន​បរិមាណ​ត្រី កែ​ច្នៃ​សម្រាប់​ផ្គត់ផ្គង់​ទាំង​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមថា ទាក់ទង​នឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​កែ​ច្នៃ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សុ​ទិដ្ឋិ​ថា​នឹង​អាច​ទទួល បាន​ជោគជ័យ​ដោយសារ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​តាម​រយ​:​ស្ថានទូត និង​អង្គការ JICA និង​ជា​ពិសេស​ទីផ្សារ​ប្រទេស​ជប៉ុន ​។ គម្រោង​ចុះ​ទុន​វិនិយោគ​បន្ថែម ១០​ លាន​ដុល្លារ​សម្រាប់​ពង្រីក​ខ្សែ​ច្រវាក់​ផលិតកម្ម​កែ​ច្នៃ ឯកឧត្តមសង្ឃឹម និង​ជឿជាក់​ថា ​នា​ពេល​អនាគត​ដ៏​ខ្លី វិស័យ​វារីវប្បកម្ម (​ការ​ចិញ្ចឹម​ត្រី​និយាយ​ជា​រួម និង​ជា​ពិសេស​ការ​ចិញ្ចឹម​ត្រី​ទី​ឡា​ព្យា​និយាយ ដោយឡែក​) នឹង​មានការ​រីក​ចម្រើន​តាម​រយ​:​ការ​ចងក្រង​បណ្តុំ​ផលិត ការ​អនុវត្ត​បច្ចេកទេស​ចិញ្ចឹម​ស្រប​តាម​ស្តង់ដារ​ទីផ្សារ​តម្រូវ និង​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ម្ហូប​ជប៉ុន (​សាច់​ត្រី​ស្រស់​) បាន​ផលិត​នៅ​កម្ពុជា នេះ​ជា​ជំហាន​ចាប់ផ្តើម​ថ្មី​មួយ​ប្រកប​ទៅ​ដោយ​ការ​ជឿជាក់ និង​កិច្ចសហការ គាំទ្រ​ពេញលេញ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ស្ថានទូត​ជប៉ុន និង​អង្គការ JICA សង្ឃឹមថា​នា​ពេល​អនាគត​ខ្សែ​ច្រវាក់​ផលិតកម្ម​ចិញ្ចឹម និង​ផលិតកម្ម​កែ​ច្នៃ នឹង​មានការ​រីក​ចម្រើន​ទ្វេ​ឡើង​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ហើយ​ឈាន​ទៅ​ធ្វើការ​នាំ​ចេញ​ ។

ជាមួយគ្នានេះផងដែរ លោក ចៅ សួស្តី បាន​បង្ហាញ​ពី​មោទកភាព​ក្នុង​នាម​ជា​កូន​ខ្មែរ ផលិត​ផលិតផល​ខ្មែរ​សម្រាប់​ទីផ្សារ​ជប៉ុន និង​បាន​ផ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី រដ្ឋបាល​ជលផល ម​ជ្ឈ​ម​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប (​ខេត្តព្រៃវែង​) និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ទាំងអស់​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត គាំទ្រ សហការ​គ្រប់​បែប​យ៉ាង ធ្វើ​ឲ្យ​កសិដ្ឋាន ក៏​ដូច​ជា​សិប្បកម្ម​កែ​ច្នៃ​បាន​ទទួល​ជោគជ័យ​នា​ពេល​នេះ​ ។ លោក​រីករាយ​នឹង​សហការ ចែករំលែក​បទ​ពិសោធន៍ បច្ចេកទេស​ចិញ្ចឹម និង​ការ​កែ​ច្នៃ​ជាមួយ​ប្រជា​កសិករ​ពី​គ្រប់​មជ្ឈដ្ឋាន ឬ​ចង់​សហការ​ផ្គត់ផ្គង់​ត្រី សូម​អញ្ជើញ​ទាក់ទង​មក​លេខ ០៧៧ ៤៦៧ ៨៩០ ៕

អត្ថបទសរសេរ ដោយ