ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ជារឿង​មិនគួរកើតមាន ប៉ុន្តែ​ក្នុងសង្គម​យើង ករណីកូនបង្កើត​ដេញ​ម្តាយ​ចាស់ជរា ចេញពីផ្ទះកេរ្តិ៍​ បានកើតឡើង​ជាហូរហែ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តណាណានោះទេ​​។ នេះជារឿង​អយុត្តិធម៌​…

ភ្នំពេញ៖ ជារឿង​មិនគួរកើតមាន ប៉ុន្តែ​ក្នុងសង្គម​យើង ករណីកូនបង្កើត​ដេញ​ម្តាយ​ចាស់ជរា ចេញពីផ្ទះកេរ្តិ៍​ បានកើតឡើង​ជាហូរហែ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តណាណានោះទេ​​។ នេះជារឿង​អយុត្តិធម៌​ និង​ខុសខាង​សីលធម៌​ធ្ងន់ធ្ងរ ដែលកូន​បង្កើត​ ប្រព្រឹត្តកំហុស​ឆ្គងដ៏ធំ​បែបនេះ​។​

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះតាមហ្វេសប៊ុកថា មានលោកយាយ នៅខេត្តកំពង់ស្ពឺម្នាក់ ទាក់ទងមកលោក​ ដោយគិតស្មានតែលោក​ជា “ចៅក្រមកាត់ក្តី” ទើបគាត់មកសុំពឹង អោយជួយរកយុត្តិធម៌ជូនគាត់ផង។

លោក ដួង តារា បន្តថា លោក​បានប្រាប់ណែនាំគាត់ អោយទៅរកមេធាវីជួយការពារក្តី បើលោកយាយមានរឿង អយុត្តិធម៌។ តែគាត់បានប្រាប់​ថា គ្មានលុយគ្រប់ទេ ព្រោះសេវាមេធាវី ដែលគាត់ធ្លាប់បានសួរគេពីមុនគឺ ២ពាន់ដុល្លារ ហើយថ្មីៗនេះ គាត់បានចងការប្រាក់គេបាន ១ពាន់ដុល្លារ យកទៅបង់ថ្លៃសេវាមេធាវីម្នាក់រួចហើយ គឺនៅខ្វះគេ ១ពាន់ទៀត។ មកទល់ពេលនេះ គាត់នៅមិនទាន់អាចរកលុយគ្រប់ចំនួន ហើយមិនដឹងថា ត្រូវធ្វើយ៉ាងណា។ ដោយពិបាកចិត្តខ្លាំងពេក ទើបលោកយាយ សម្រេចចិត្ត ដាក់លិខិតគោរពសុំអន្តរាគមន៍ មកសម្តេចតេជោ ហើយក៏បានជួបលោកដួងតារា ដោយមានផ្លែឈើ ៣ថង់ មកជាមួយផង​។

លោកយាយ ប្រាប់លោក ដួង តារា​ ថា កូនស្រីបង្កើតគាត់ អាយុជាង ៣០ឆ្នំា បានបណ្តេញគាត់ចេញពីផ្ទះ ដែលគាត់បានរស់នៅ ចិញ្ចឹមបីបាច់ថែរក្សាកូនម្នាក់នេះ ចាប់តាំងពីតូច រហូតដល់ពេញវ័យ មានប្តី មានកូន តែចុងក្រោយ ត្រូវបានកូនស្រី​សងគុណ​វិញ ដោយការបណ្តេញចេញពីផ្ទះ។ ស្តាប់ទៅរន្ធត់ចិត្តខ្លាំងណាស់ លោកដួងតារា សន្យាថា នឹងពិនិត្យសំណើសុំរបស់​​លោកយាយ។

លោក ដួង តារា បានលើកឡើង​ថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាម​ញញឹម និងសូមមានចិត្តអាណិតស្រឡាញ់​ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។

ករណី​កូនបណ្តេញម្តាយចេញពីផ្ទះដូច្នេះ ក៏កើតឡើង​កាលពីប៉ុន្មានឆ្នាំមុន នៅរាជធានីភ្នំពេញ ម្តុំជិតផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។ ករណីស្រដៀង​គ្នានេះ​ ក៏បានកើតឡើង​​ដែរ នៅ​អ្នកលឿង​ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ក៏ព្រោះតែ​កូនប្រុសនោះ ស្តាប់តាមប្រពន្ធខ្លាំងពេក រហូតដល់ភ្លេចគុណម្តា​យ​ ដណ្តើម​យកផ្ទះកេរ្តិ៍ ក្រោម​ហេតុផលថា បានឲ្យលុយ​ទៅ​ម្តាយឪពុក និងបងប្អូន​​​អស់​ហើយ ថ្លៃ​ផ្ទះ​កេរ្តិ៍នោះ ជាដើម​​។

យ៉ាងណាក៏ដោយ ករណី​កូនដណ្តើមយកផ្ទះកេរ្តិ៍ រហូតដល់បណ្តេញ​​ម្តាយ ដែលជាស្ត្រីមេម៉ាយ​ចេញពីផ្ទះនេះ ជារឿង​អកុសល​ ហើយសង្គម​យើង ក៏​ថ្កោលទោស និងស្អប់ខ្ពើមកូន​អកត​ញ្ញូ​​ កូន​តិរច្ឆាន​ប្រភេទ​នេះដែរ​។

គុណ​ឪពុកម្តាយ ដែលបានបង្កើត​កូន​មក មិនថា ក្នុងគ្រួសារនោះ មាន ឬក្រ មានកូនច្រើន ឬកូនតិច ឬក៏សូម្បីកូន​តែម្នាក់នោះទេ គឺ​គុណឪពុកម្តាយ មិនអាច​រកអ្វី​មកប្រៀបផ្ទឹមបានឡើយ​។ បើកូន​​ហ៊ានដល់ថ្នាក់ឈ្លោះទាស់ទែង ប្តឹងផ្តល់​ឪពុកម្តាយ រហូតឡើងសាលាឃុំសាលាសង្កាត់ និងតុលាការ គឺ​មិនគួរទាល់តែសោះហើយ​។ លើសលោះអ្វី កូនៗ គួរតែគិតពិចារណា​ ឲ្យអ្នកម្តាយលោកឪពុក ឈ្នះ​ទៅ​។ កេរ្តិ៍អាករទាំងអស់ រាប់ទាំងដីធ្លី ផ្ទះសម្បែង មាសពេជ្រ គឺ​គង់តែនឹង​ម្តាយឪពុក ចែក​ឲ្យកូនៗទេ លោកមិន​អាចយកទៅបានឡើយ នៅពេលស្លាប់​។​

កូនៗ ត្រូវតែ​ទ្រាំ​នឹង​ឪពុកម្តាយ ដែល​ចាស់ៗខ្លះ ពេលចាស់ទៅ អាច​និយាយច្រើនបន្តិច ចិត្តក៏​ច្រើនបន្តិច​ពិតមែនហើយ​ តែ​ចូរ​កូនៗ កុំ​ភ្លេចថា កាលពីកូនៗ​ទាំងនោះ នៅតូច គឺ​និយាយច្រើនលើសឪពុកម្តាយចាស់ៗនេះ ច្រើនរយលានដងទៅ​ទៀត តែឪពុកម្តាយ មិនដែល​ធុញ​ទ្រាន់​នឹងកូនៗ​ម្តង​ណា​ឡើយ​។

កាលពីពេលកូនៗ នៅតូចៗ ឪពុកម្តាយនេះឯងហើយ ដែល​ងូតទឹក​ឲ្យ មើលថែកូនៗ ស្រឡាញ់ស្មើកែវភ្នែករបស់លោកទាំងទ្វេ​ ហើយសូម្បីតែបត់ជើង​ធំតូច លើពួកគាត់ ក៏ឪពុកម្តាយ មិន​ដែល​មាត់​មួយម៉ាត់ដែរ​។ ផ្ទុយទៅវិញ ឪពុកម្តាយ ធ្វើជាបង្គន់សម្រាប់កូន និងលាងគូទ​ ដុសក្អែល​ឲ្យកូន ដោយ​ពេញចិត្ត ហើយមិនទាររកកម្រៃ​ សូម្បីមួយកាក់​ មួយសេន​ពីកូនសោះ​ឡើយ​។​

កូនធំបន្តិច ឪពុកម្តាយ​​ក៏ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យកូន​បានទទួលទាន​របស់ឆ្ងាញ់ៗ ទិញសម្លៀកបំពាក់​ឲ្យកូន និងឲ្យកូនបានចូលរៀនសូត្រ​នឹងគេថែមទៀត​​។ ឪពុកម្តាយ តែងតែ​ខ្វល់ខ្វាយ គិតដល់កូន​ទាំងអស់ តាំងពីចាប់កំណើត​ក្នុងផ្ទៃ រហូតដល់​កើត និងរហូតដល់ធំពេញវ័យ។ សូម្បីតែ​ពេល​កូនៗ មានប្រពន្ធ មានប្តី មានកូន​ និងរហូតដល់មានចៅទៅទៀត បើសិនជា​ឪពុកម្តាយ ​នៅមានជីវិតរស់នៅ លោកទាំងពីរ នៅតែ​គិតដល់កូន​ចៅរបស់លោក​ជានិច្ច ដល់ថ្ងៃស្លាប់​ ទើបឪពុកម្តាយ ឈប់គិត ឈប់បារម្ភពីកូន និងពីចៅ​។​

ប៉ុន្តែទន្ទឹមនឹង​​នោះ ឪពុក​ម្តាយ រួម​ទាំង​ថ្នាក់ដឹកនាំ ក៏ត្រូវតែប្រកាន់ខ្ជាប់​នូវ​ព្រហ្មវិហារធម៌ ៤យ៉ាង ចំពោះកូនចៅ គឺ​មេត្តា ករុណា មុទិតា និងឧបេក្ខា។ មេត្តា គឺ​សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យ​កូនចៅ​គ្រប់រូប ទទួលបានសេចក្តីសុខ។ ករុណា សេចក្តីអាណិតអាសូរ ចំពោះកូនចៅ​គ្រប់រូប ពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់ឱ្យពួកគេគ្រប់​រូប ឆាប់រួចចាកសេចក្តីទុក្ខនោះ។ មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយ បានទទួលសេចក្តីសុខចម្រើន។ ឧបេក្ខា ជា​ការតាំងសន្តានចិត្ត​ជាកណ្តាល កាត់សេចក្តីដោយប្រើប្រាជ្ញា​​​។

​ក្រៅពី​​ព្រហ្ម​វិហារ​ធម៌ ៤ប្រការខាងលើនេះ ឪពុកម្តាយ និងថ្នាក់ដឹកនាំទាំងអស់ ក៏ត្រូវតែវៀរចា​ក​​​ឲ្យបាននូវ​អគតិ ឬការលម្អៀង ៤យ៉ាង​ រួមមាន៖ ១-ឆន្ទាគតិ លម្អៀង​ព្រោះស្រឡាញ់ចូលចិត្ត ២-ទោសាគតិ លម្អៀង​ព្រោះស្អប់ ៣-មោហាគតិ លម្អៀង​ព្រោះល្ងង់ខ្លៅ និង៤-ភយាគតិ លម្អៀង ព្រោះខ្លាច​។

ប្រសិនបើឪពុកម្តាយ និងថ្នាក់ដឹកនាំ​ ប្រកាន់ខ្ជាប់នូវ​ព្រហ្មវិហារធម៌ ៤ប្រការ និងចៀសវាង​នូវអគតិទាំង ៤ នោះកូនចៅ​ អ្នកក្រោម​បង្គាប់ ក៏​ស្រឡាញ់ចូលចិត្តឪពុកម្តាយ និងថ្នាក់ដឹកនាំនោះនោះ​ ហើយដឹងគុណ និងគោរព​​ឪពុកម្តាយ និងថ្នាក់ដឹកនាំ​ ដោយ​មិនពិបាក​ប្រដៅណែនាំនោះទេ​។

ដូច្នេះ​ករណី​កូន​បង្កើត​​ ជ្រុលជ្រោះបណ្តេញ​ម្តាយចេញពីផ្ទះ​ដូច្នេះ មិនគួរកើតឡើងទេ ហើយក៏រឹតតែ​មិនត្រូវ ឲ្យ​កើតមាន ក្នុងសង្គមខ្មែរយើង ដែលប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា ជឿ​លើកម្មផល​​នេះទៅទៀត។​

ចូរកុំ​ភ្លេចថា នៅពេលលោក​អ្នកមានគុណ នៅមានជីវិត​ចុងក្រោយនេះហើយ ជាពេលវេលារឹតតែសំខាន់បំផុត សម្រាប់កូនៗ ដើម្បីមើលថែ​ទាំ​ ចិញ្ចឹមលោក។ គេថា ធ្វើបុណ្យ ទាន់ខែភ្លឺ។ កុំ​ចាំដល់​លោក​ធ្វើមរណកាលទៅហើយ ទើបទៅយំស្រែក សោកស្តាយ ហើយ​ពេលសែន​ផ្នូរ ឆេង​ម៉េង ឬក៏​បុណ្យទាន​ម្តងៗ ​ទិញសុទ្ធតែជ្រូកខ្វៃ និងរបស់​មានតម្លៃ​ជាច្រើនទៀត​ ដាក់សែន មានទាំង​ដុតឡាន និងដុតទាំងផ្ទះក្រដាស ដើម្បី​ឲ្យ​ឪពុកម្តាយ​ ដែលចែកឋានទៅហើយ​នោះ។

ចុះពេលលោកអ្នកមានគុណ នៅមានជីវិត ហេតុអ្វីក៏កូនៗ ចៅៗ មិនគិតគូរពីលោក មិនទិញរបស់​ល្អៗ ឆ្ងាញ់ពិសា មានទាំងជ្រូកខ្វៃ មាត់​ស្ងោរ ជាដើម ជូនពួកគាត់ហូប​ពិសា​ ឬក៏ធ្វើផ្ទះ​ស្អាត​ៗ ឲ្យពួកគាត់រស់នៅ? ហើយ​សូម្បី​តែ​ផ្ទះរបស់គាត់សោះ ហេតុអ្វី​ក៏ត្រូវដណ្តើម ត្រូវ​បណ្តេញគាត់​ចេញពីផ្ទះរបស់គាត់ដូច្នេះទៅវិញ​?

ទោះជាក្នុងហេតុផលអ្វីក៏ដោយចុះ កូនៗ​គួរតែចិញ្ចឹមអ្នកម្តាយ​លោកឪពុក ហើយ​បើ​ថា បានទិញ​ដីផ្ទះកេរ្តិ៍ពីម្តាយហើយ ក៏គួរតែ​ចិញ្ចឹមលោក ហើយឲ្យគាត់រស់នៅ​ជាមួយ ព្រោះគាត់អាយុ ៧០ឆ្នាំ ឬ ៨០ឆ្នាំទៅហើយ ពេលនេះ តើគាត់អាចរស់នៅបានប៉ុន្មាន​ឆ្នាំតទៅ​ទៀត? នេះ​ជាសីលធម៌ គុណធម៌​ និងទាមទារឲ្យ​មាន​ការរៀនសូត្រចេះដឹង ដើម្បី​កុំ​ឲ្យកូនចៅ ក្លាយជារមិល​គុណ អកតញ្ញូ និងជាកូនតិរច្ឆាន​ ធ្វើរឿងមិនគួរគប្បី​​ដូច្នេះ​៕

(រូបថតតំណាង)