លោកទូតអាមេរិកបង្ហាញនូវកង្វល់មុខសម្តេចស ខេង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកទូតអាមេរិកបង្ហាញនូវកង្វល់មុខសម្តេចស ខេង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន

4 ថ្ងៃ មុន
  • Phnom Penh

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងនៅចំពោះមុខសម្តេច​ ស ខេង រដ្ឋមន្ត្រីក្រសួងការបរទេសថាលោកមានកង្វល់ជាខ្លាំង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន ។

រាជធានីភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងនៅចំពោះមុខសម្តេច​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាលោកមានកង្វល់ជាខ្លាំង អំពីការកាត់ទោសដាក់ពន្ធនាគារនូវសកម្មជនបរិស្ថានមួយចំនួន និងបានអំពាវនាវឱ្យមានការដោះលែងផងដែរ ។ ខណៈថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានបញ្ជាក់ថា កន្លងមកក៏មានសកម្មភាពមួយចំនួនដែលបានធ្វើឡើងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិសុខ ប៉ះពាល់សណ្ដាប់សាធារណៈ ដែលជាទង្វើប្រឆាំងនឹងច្បាប់។

លោកឯកអគ្គរដ្ឋទូតអាមេរិកបានសម្តែងកង្វល់បែបនេះនៅក្នុងឱកាសដែលលោកត្រូវបាន សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ កាល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ។

Picture


យោងតាមប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានលើកលោកឯកអគ្គរដ្ឋទូត ក៏បង្ហាញនូវកង្វល់ជាខ្លាំង ជូនចំពោះលោករដ្ឋមន្ត្រី អំពីការកាត់ទោសដាក់ពន្ធនាគារ នូវសកម្មជនបរិស្ថានមួយចំនួន។ យើងអំពាវនាវឱ្យមានការដោះលែង។ សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ការហ៊ាននិយាយដើម្បីការពារបរិស្ថាន ដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ» ។ ហើយការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋាន អាចជួយធានានូវអនាគតមួយដែលប្រកបដោយសុខសន្តិភាព វិបុលភាព មានអធិបតេយ្យ និងប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជា។

យ៉ាងណាមិញ ជុំវិញការលើកឡើងអំពីកង្វល់របស់ខ្លួនអំពីបញ្ហាបរិស្ថាននិងការចាប់ឃុំខ្លួននិងកាត់ទោសមនុស្សមួយចំនួនដែលស្ថានទូតអាមេរិកហៅថា សកម្មជនបរិស្ថាននោះ សម្តេចស ខេង បានបង្ហោះព័ត៌មានលើផេកផ្លូវការរបស់សម្តេចអំពីការជួបប្រជុំពិភាគ្សាជាមួយលោកទូតអាមេរិក W. Patrick Murphy ថារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកអ្នកធ្វើការងារផ្នែកបរិស្ថានជាដៃគូ និងតែងតែលើកទឹកចិត្តអ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ចាត់ទុកគ្នាជាដៃគូទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហារួមជាមួយគ្នា។

Picture
Picture

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ដែរថា «កន្លងមកក៏មានសកម្មភាពមួយចំនួនដែលបានធ្វើឡើងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិសុខ ប៉ះពាល់សណ្ដាប់សាធារណៈ ដែលសកម្មភាពទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការសមស្របទៅតាមច្បាប់» ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការងារពាក់ព័ន្ធវិស័យបរិស្ថាន ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូនសម្ដេចក្រឡាហោមដថាបច្ចុប្បន្ននេះ មានគម្រោងមួយចំនួនពាក់ព័ន្ធនឹងការងារបរិស្ថានកំពុងដំណើរការនៅកម្ពុជាក្រោមការជួយគាំទ្ររបស់សហរដ្ឋអាមេរិក ហើយឯកឧត្តមចង់ឃើញវឌ្ឍនភាពបន្តរីកចំរើនលើការងារទាំងនោះពាក់ព័ន្ធនឹងវិស័យបរិស្ថាននេះ»។ ខណៈសម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ក្រៅពីការងារពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរក៏អាចកំណត់នូវវិស័យផ្សេងៗទៀត សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនៅក្នុងវិស័យបរិស្ថាននេះ សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការថ្លឹងថ្លែងអំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបញ្ហាបរិស្ថាន» ។

នៅក្នុងកិច្ចពិភាគ្សានោះផងដែរ ក៏បានលើកឡើងថា លោក W. Patrick Murphy សហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ ព្រោះការជួញដូរមនុស្ស ប៉ះពាល់ដល់ប្រជាជននៅគ្រប់ប្រទេសលើផែនដីនេះ ហើយសហរដ្ឋអាមេរិក ជំរុញនូវកិច្ចខិតខំយ៉ាងខ្លាំងថែមទៀត នៅប្រទេសកម្ពុជា ក្នុងការកាត់ទោសអ្នកជួញដូរ ការពារជនរងគ្រោះ និងបង្ការកុំឱ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្ស៕

Picture
Picture