ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល…

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល បានដឹកនាំ​ប្រតិភូ​ និងក្រុមអ្នកកាសែត ទៅពិនិត្យ​មើល​ផ្លូវជាតិលេខ៣ ពិសេសពីខេត្តកំពត-វាលរេញ ដែលខូចខាត​ដោយសារតែជំនន់ទឹកភ្លៀង​កន្លងមក​។ លោក​រដ្ឋមន្ត្រី បាន​សម្តែងការខ្មាស់អៀន និងសុំទោសទៅកាន់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។ កំណាត់​ផ្លូវមួយខ្សែនេះ  ដែលលោករដ្ឋមន្ត្រី លើកឡើងថា «ធ្វើក្រោយ ខូចមុខ ធ្វើមុខ ខូចក្រោយ»​ ជាប្រចាំ។ 

កំណាត់​ផ្លូវ​ជាតិ​​លេខ៣ កំពត-វាលរេញ ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ​​មាន​​ប្រវែង​​ជាង ៥៤​​គីឡូម៉ែត្រ ត្រូវបានស្ថាបនា និង​លើក​កម្ពស់គុណភាពជាច្រើនដងមកហើយ​ ប៉ុន្តែ​ក្រោយ​ពេល​សាងសង់រួច ប្រើមិនបានប៉ុន្មានផង ក៏ខូចទៅវិញដដែល។

​តាមការត្រួតពិនិត្យ ក្នុងកំណាត់ផ្លូវជាង ៥៤គីឡូម៉ែត្រ កំពត-វាលរេញ គឺមានប្រវែងប្រមាណ ២០គីឡូម៉ែត្រ រងការខូចខាតខ្លាំង ក្នុងនោះ ១៥គីឡូម៉ែត្រ ដោយសារគ្រឹះមិនរឹងមាំ ខណៈ ៥គីឡូម៉ែត្រ​ទៀត ជាប្រភេទ​ដី​ស្អុយ​នៅ​ខាង​ក្រោម​​ជម្រៅ​ដល់​ទៅ ១៨​ម៉ែត្រ ដែល​ជាដើមចម ធ្វើឲ្យផ្លូវ​សាង​សង់ហើយ​តែងតែខូចទៅវិញ។

​​ដើម្បី​​ឲ្យ​​កំណាត់​​ផ្លូវ​​ប្រវែង ២០គីឡូម៉ែត្រនេះ ជាប់មាំល្អ លែងខូចតទៅទៀត រដ្ឋមន្ត្រីបាន​​ណែនាំ​ឲ្យធ្វើផ្លូវ​ តាមលក្ខណៈបច្ចេកទេស ដោយ​ត្រូវស្តារគ្រឹះឡើងវិញ ហើយកន្លែង ដែលដីស្អុយ​ខ្លាំង ត្រូវ​បុក​សសរ​គ្រឹះ​ចូល​ទៅ​​ក្នុង​ដី រួច​ទើប​ចាក់​បេតុង​ពីលើ​កម្រាស់ ២តឹក​៦ និងពង្រីកទទឹង​ផ្លូវ​ទៅ ១២​ម៉ែត្រ និង ១៦​ម៉ែត្រ​។

តែ​​យ៉ាង​​ណា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនទាន់អាចដំណើរការសាងសង់តាមវិធីនេះ បាននៅឡើយទេ ព្រោះលោករដ្ឋមន្ត្រី លើកឡើងថា ត្រូវចំណាយថវិកាច្រើន។ ក្នុងដំណាក់​កាលនេះ កំណាត់​ផ្លូវជាតិលេខ៣ កំពត-វាលរេញ ត្រូ​វជួសជុលថែ​ទាំ​ឲ្យបាន​ប្រើប្រាស់ជាបណ្តោះអាសន្នសិន ដោយចំណាយថវិការដ្ឋប្រមាណ ៧០ម៉ឺនដុល្លារ រហូតដល់ចុងឆ្នាំនេះ ទម្រាំងសិក្សាបច្ចេកទេស ឲ្យបានចប់​សព្វគ្រប់ និងរកថវិកា​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បីសាងសង់តាម​លក្ខណៈបច្ចេកទេស លែងខូចតទៅទៀត។​

យ៉ាង​ណា​​ក៏​​ដោយ​ចុះ ការ​​ពង្រឹ​ង​​គុណភាព ក្នុង​ការជួសជុល និង​សាងសង់ផ្លូវ​ គឺជាការចាំបាច់ មិនថាតែកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ឬផ្លូវ​ណាណា​នោះ​ទេ​​។ កន្លងមក ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើដំណើរ​ត្រួតពិនិត្យ​ផ្លូវ​ជាញឹកញាប់​ ដើម្បី​ឲ្យផ្លូវ ដែលកំពុងសាងសង់ និងផ្លូវដែលទើបសាងសង់​តាមបណ្តាខេត្តនានា​ មានគុណភាពល្អ ជាប់ធុន​ ស្របតាមស្តង់ដា និងដើម្បីលុបបំបាត់​ពាក្យថា “ចាក់ក្រាស់ ស៊ីស្តើង ចាក់ស្តើង ស៊ីក្រាស់​» ឬក៏ថា «ធ្វើមុខ ខូចក្រោយ ធ្វើក្រោយ ខូចមុខ»។​

ទន្ទឹមគ្នានេះ មន្ត្រីជំនាញ​សាធារណការ និង​ដឹកជញ្ជូន ក៏ត្រូវតែ​បង្កើន​ការត្រួតពិនិត្យ​ជាប់ជាប្រចាំ​លើ​ក្រុមហ៊ុនសាងសង់​ផ្លូវ​ ​ឲ្យធ្វើតាមសៀវភៅបន្ទុក ស្របតាមស្តង់ដា កុំ​ចាក់ក្រាស់ ស៊ីស្តើង និងកុំ​ចាក់ស្តើង ស៊ីក្រាស់។ ពោលគឺ​​ក្រុមហ៊ុនណា ដែល​ធ្វើផ្លូវ​ កិបកេង​លុយរដ្ឋ​​ មិន​ស្របតាម​ការកំណត់ ត្រូវបញ្ឈប់​ ហើយ​បើចូលដៃជើងជាមួយ​មន្ត្រីជំនាញខាងត្រួតពិនិត្យ ក៏ត្រូវស្រាវ​ ចាប់យកមន្ត្រីនោះ ទៅផ្តន្ទាទោស​​ថែមទៀត។​

ក្រៅពីនោះ មន្ត្រីជំ​នាញ ក៏​គួរ​តែ​បង្កើន​​ការ​ទប់​ស្កាត់​នូ​វ​​ការ​ដឹក​ជញ្ជូន​​លើស​ទម្ងន់​​ ព្រោះយើងដឹងជាទូទៅហើយថា ឡាន​ធំៗ ដឹក​ធ្ងន់ៗ​​លើស​​កម្រិតកំណត់​នេះ​ហើយ​​ ​បាន​​​ធ្វើ​​ឱ្យ​​ផ្លូវ​ថ្ន​ល់​ រងការខូចខាត មុនអាយុកាល ដូចអ្វីដែលគេ​បានលើក​ឡើង ​ក្នុងសង្គមយើង​ជាហូរហែ​​។

បន្ថែ​មលើការទទួលខុសត្រូវរបស់មន្ត្រីជំនាញ បងប្អូនប្រជាពលរដ្ឋ ​អ្នក​ប្រើប្រាស់ផ្លូវ ក៏គួរតែ​បន្ត​ចូលរួម​រាយការណ៍អំពីជង្ហុកសំបុកមាន់ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីក្រុមការងារក្រសួងបានដឹង និងជួសជុលបានទាន់ពេលវេលា បង្ការកុំឱ្យ​ផ្លូវខូចកាន់​តែធំ​។

រីឯ​ក្រុមហ៊ុនឡានដឹកជញ្ជូនទាំងអស់ ពិសេស​ក្រុមហ៊ុនឡានដឹកជញ្ជូន ដែលមានខ្សែ មានខ្នង​ធំៗ ក៏ត្រូវតែបញ្ឈប់​ការផ្ទុកទំនិញលើសចំណុះ ហើយ​មិនចូល​ជញ្ជីងថ្លឹង​ ដោយគ្រាន់តែមានអ្នក​បង់​លុយ​ ឬក៏មានអ្នកកាង​ ហើយ​បន្ត​ដឹកទំនិញលើសចំណុះ ក៏​​ជាមូលហេតុ ធ្វើ​ឲ្យ​ផ្លូវ ឆាប់ខូច​ដែរ​​។

សរុបមក រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បាន​ប្តេជ្ញា និងលុបបំបាត់របៀបធ្វើផ្លូវពីមុន ​«ចាក់ក្រាស់ ស៊ីស្តើង ចាក់ស្តើង ស៊ីក្រាស់​» ឬក៏ «ធ្វើមុខ ខូចក្រោយ ធ្វើក្រោយ ខូចមុខ» ប៉ុន្តែ​ក៏ទាមទារ​ឲ្យ​មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់​ ចូលរួម​​ត្រួតពិនិត្យ តាមដាន និងអនុវត្ត​ដែរ។ ក្រុមហ៊ុន ធ្វើផ្លូវ ក៏ត្រូវអនុវត្ត និងគោរពតាម​អ្វី ដែលបានព្រមព្រៀងគ្នា ដើម្បី​ធ្វើផ្លូវ ​ឲ្យមានគុណភាពល្អ​ ប្រើប្រាស់​បានយូរ​។

ប្រជាពលរដ្ឋ ​ក៏គួរតែ​​បន្ត​ចូលរួម ពិសេស​ក្រុមហ៊ុន​ដឹកជញ្ជូន ត្រូវកុំ​ដឹកជញ្ជូនលើសទម្ងន់​​ ដើម្បី​ឲ្យ​ផ្លូវថ្នល់យើង ប្រើប្រាស់បានយូរ តាមកាលកំណត់​។ ក្នុងនោះ ការត្រួតពិនិត្យគុណភាពនៃការសាងសង់​ផ្លូវ ឲ្យស្របតាមស្តង់ដារ បច្ចេកទេស ដោយគ្មានការកិបកេង​លុយនៃការធ្វើ​ផ្លូវ​ ក៏ជាកត្តាចាំបាច់​ ដែល​មន្ត្រី​ជំនាញសាធារណការ និងដឹកជញ្ជូន ត្រូវតែ​ចូលរួម​ ដើម្បី​កុំ​ឲ្យ​ធ្វើផ្លូវ​មួយខ្សែ មិនទាន់រួចផង ស្រាប់តែ​ផ្លូវ​ខាងក្រោយ ដែលធ្វើរួច បែរ​ជាខូច ហើយធ្វើដល់ខាងមុខ បែរជាផ្លូវខាងក្រោយ ខូចទៅវិញ។ ម្យ៉ាង​ក៏កុំ​ឲ្យដូចពាក្យគេ​ថា «ផ្លូវស្រុកយើង ធ្វើជាប់រហូត​»៕