ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា និង​វីរភាព​កម្ចាត់​សត្រូវ​ឈ្លានពាន របស់​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត (តចប់)

8 ឆ្នាំ មុន

១០-​ប​តិ​ប​ត្តិ​ការ​សឹក​បង្ក្រាប​ព្រះ​រាម​ថ្មគោល
នេះ ​នឹង​និយាយ​ពី ពញា​នូ ដែល​ជា​ព្រះ​អនុជ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​ពី​មាតា​ទីទៃ​… ។ កាលដែល​ទ័ព​សៀម​វាយ​បែក​បន្ទាយលង្វែក (​គ្រឹ​ស្ត​សករាជ​១៥៩៣) នោះ ព្រះ​

១០-​ប​តិ​ប​ត្តិ​ការ​សឹក​បង្ក្រាប​ព្រះ​រាម​ថ្មគោល
នេះ ​នឹង​និយាយ​ពី ពញា​នូ ដែល​ជា​ព្រះ​អនុជ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​ពី​មាតា​ទីទៃ​… ។ កាលដែល​ទ័ព​សៀម​វាយ​បែក​បន្ទាយលង្វែក (​គ្រឹ​ស្ត​សករាជ​១៥៩៣) នោះ ព្រះ​អង្គ​ម្ចាស់​ពញា​នូ បាន​រត់​ភៀស​ព្រះ​អង្គ​ទៅ​គង់នៅ​ថ្មគោល (​ឬ​ស្ទឹង​គោល​) ក្នុង​ខេត្តកំពង់ធំ​សព្វថ្ងៃ ហើយ​ទ្រង់​តាំង​ព្រះ​អង្គជា​ស្តេច​ព្រះ​នាម​ថា ព្រះ​រាម​ថ្មគោល ។ ដល់​មក គ្រឹ​ស្ត​សករាជ​១៦០២ ព្រះ​រាម​ថ្មគោល​ក៏កម្រើកចិត្ត ចង់​ធ្វើ​ជា​ស្តេច​សោយរាជ្យ​ក្នុង​ដែនដី​កម្ពុជា​ទាំងមូល ។ ទ្រង់​បាន​ចាត់តាំង​មន្ត្រី​ឱ្យ​មាន​ឋានៈ​ធំ​តូច តាម​មុខក្រសួង ។ ព្រះ​រាម​ថ្មគោល បាន​ចាត់​មន្ត្រី​នាយកង នាយពល​ឱ្យ​នាំ​ទាហាន​ទៅ​ល្បាត​ព័ទ្ធ​ដេញ​សម្លាប់​ឧកញ៉ា​ឧទ័យធិរាជ ចៅហ្វាយស្រុក ខេត្ត​អាស​ន្ទុ​ក ក្នុង​ការ​ប្រយុទ្ធ​ការពារ​ដែនដី​នោះ​ទៅ ។ ព្រះ​រាម​ថ្មគោល ក៏​បន្ត​លើកទ័ព​ទៅ​សង្កត់​យក មឿង (​ឃុំ សង្កាត់ នា​ពេល​បច្ចុប្បន្ន​) ទាំង​២៤​ដែល​ចំណុះ​ខេត្ត​អាស​ន្ទុ​ក ហើយ​ក៏​ជម្រុល​កង​សេនា​ទៅ​មុខ​ទៀត​រហូត​ដល់​ស្រុក​បារាយណ៍​ជើងព្រៃ ដេញ​ចៅហ្វាយស្រុក​នោះ​ឱ្យ​រត់​ខ្ចាត់ខ្ចាយ​បែក​ទ័ព ដោយ​តស៊ូ​ពុំ​ឈ្នះ​។

ក្រោ ​ពី​យក​បាន​ខេត្ត​ទាំង​៣ ព្រមទាំង​២៤​មឿង​ទៀត​នោះ ព្រះ​រាម​ថ្មគោល​កាន់តែ​បានចិត្ត​ឡើងចាង ហើយ​ចាប់ផ្តើម​តែងតាំង​សេនាបតី មន្ត្រី​គ្រប់​តំណែង ។ ពេល​ដែល​ចៅហ្វាយស្រុក​បារាយណ៍​ជើងព្រៃ​រត់​ភៀសខ្លួន​ដោយ​បរាជ័យ​ចំពោះ​ទ័ព​ ព្រះ​រាម​ថ្មគោល​នោះ ក៏​បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​ព្រះ​បរមនាថ​ហ្លួង​ម្ចាស់ជីវិត នៅ​ឯ​ក្រុង​ល្វាឯម ស្តេច​ទ្រង់​ជ្រាប​ពី​ស្ថាន​ការ​សឹក​នា​ខេត្ត​ប៉ែក​ខាងជើង​ផង ។ ព្រះ​ស្រី​សុរិយោ​ពណ៌ ទ្រង់​ព្រះ​តម្រិះ​ថា ៖ «​ព្រះ​ពញា​នូ​នេះ​ត្រូវ​ជាប់​ជា​ព្រះ​លោហិត​រួម​រាជវង្ស គឺ​ត្រូវជា​ព្រះ​អនុជ (​មាតា​ទីទៃ​) ផង ។ ប្រសិនបើ​ចាត់វិធានការ​ក្តៅ លើកទ័ព​ទីង​ទៅ​ទាំង​កំ​រោក​តែ​ម្តងនោះ ហាក់ដូចជា​ពុំ​សម ។ ទើប​ស្តេច​ត្រាស់​ប្រើ ៖

-​ឧកញ៉ា​ព្រះស្តេច​ធិ​បតី​១
-​ឧកញ៉ា​ធម្ម​ឧទ័យ ១

ឱ្យទៅ ​ពិតទូល​ព្រះ​គ្រូ​ចៅអធិការ​វត្ត «​ហ្លួង​» ក្នុង​ខេត្ត​បរិបូណ៌ ដែល​ត្រូវជា​គ្រូ​របស់​ពញា​នូ  ឱ្យ​និមន្ត​ទៅ​និយាយ​លួងលោម​សិស្ស (​ពញា​នូ​) បញ្ចុះបញ្ចូល​ឱ្យ​ស្តេច​យាង​មក​នៅ​ក្នុង​ក្រុង​វិញ ដើម្បី​ទ្រង់​នឹង​បាន​ទំនុកបម្រុង​ព្រះ​រាជទាន​តួនាទី ក្នុង​រាជការ និង​ប្រទាន​បៀវត្ស​ឱ្យ​ស័ក្តិសម​នឹង​ព្រះ​កិត្តិយស​ជា​រាជវង្ស ។ លុះ​បានឃើញ​ឧកញ៉ា​រាជបម្រើ​ទាំង​ពីរ​មក​ពិតទូល​ដូច្នេះ​ហើយ ព្រះ​គ្រូ​ក៏​ម្នីម្នា​និមន្ត​ចុះទូក ធ្វើ​ដំណើរ​ទៅ​ទីតាំង​ថ្មគោល ។ ព្រះ​ពញា​នូ​ព្រះរាជ​ថ្មគោល​ក៏​មក​ថ្វាយបង្គំ​ធ្វើ​បដិសណ្ឋារៈ ចំពោះ​លោកគ្រូ​តាម​ទំនៀម​ព្រះ​អង្គជា​សិស្ស​ដូច​សិស្ស​នានា​ឯទៀត​ដែរ ។ ខណៈនោះ​ព្រះ​គ្រូ​ចៅអធិការ​មាន​ថេរ​ដីកា​ទូល​ថា ៖ «​សម្តេចព្រះ​ស្រី​សុរិយោ​ពណ៌ តាំងពី​បាន​ឡើង​សោយរាជ្យ​កាលណា ព្រះ​អង្គ​ទ្រង់​តាំង​ព្រះ​ទ័យ​ប្រកបដោយ​សច្ចៈ​យុត្តិធម៌​ណាស់ ។ ពេល​នេះ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​អង្គ​មក​ចាត់ចែង​ដែនដី​ដោយឡែក​មួយ​នៅ​ក្នុង​ព្រៃ​ដូច្នេះ មិនជា​ការ​ល្អ​ទេ ។ ឥឡូវនេះ​ទ្រង់​បាន​មាន​ព្រះ​តម្រិះ ពឹងពាក់​អាត្មា​ឱ្យមក​សុំ​យាង​ព្រះ​អង្គ​ចូល​ទៅ​ក្រុង​ល្វាឯម​វិញ ដើម្បី​រួមចំណែក​ក្នុង​ការ​គ្រប់គ្រង​ផែនដី​ជាមួយ​ព្រះ​អង្គ (​ស្រី​សុរិយោ​ពណ៌​) ។ ផ្ទុយ​ទៅ​វិញ​បើ​ព្រះ​អង្គ​រឹងទទឹង​ចេះ​តែ​បន្ត​គង់នៅ​ព្រៃ ធ្វើ​ឱ្យ​ព្រះ​នគរ​បែកបាក់​បែប​នេះ នាំ​ឱ្យ​រាស្ត្រប្រជា​នឹង​រង​គ្រោះ ស្លាប់​ព្រាត់ប្រាស អន្តរាយ​ទ្រព្យសម្បត្តិ ខក​ខានមិនបាន​ប្រកប​មុខរបរ​ស្រែ​ចម្ការ លំបាក​វេទនា​ខ្លោចផ្សា ដោយសារ​ត​តែ​សង្គ្រាម​រវាង​យើង​ជា​ព្រះរាជ​វង្ស​» ។ ប៉ុន្តែ​ទោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ហ្លួង​និយាយ​អង្វរករ ប្រាប់​អំពី​ផលវិបាក​យ៉ាងណា ក៏​ពញា​នូ​ព្រះ​រាម​ថ្មគោល នៅ​តែ​ពុំ​ព្រម​សម្របសម្រួល​ឡើយ ។ ដូច្នេះ​ព្រះ​គ្រូ​ចៅអធិការ ក៏​មិ​ន្ត​វិល​មក​ទូល​ហ្លួង​អម្ចាស់​ជីវិត តាម​ដំណើរ ។ ព្រះ​សុរិយោ​ពណ៌ ទ្រង់​ក៏​បាន​ត្រាស់​ប្រើ​សេនា ឱ្យ​ជិះសេះ​ទៅ​អញ្ជើញ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ស (​តំណ​ពី​សង្គ្រាម​បង្ក្រាប​ព្រះ​រាម​ត្បូងឃ្មុំ និង​ព្រះ​រាម​បាភ្នំ​នោះ​មក ចៅពញា​តេ​ជោ​បា​៉​អង្គ​(​ព្រះ​អង្គ​) បាន​ប្រែ​មក​ទទួល​គោរមងារ ជា ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​វិញ ។ គោរមងារ​នេះ​ត្រូវ​បាន​រក្សា​រហូត​ដល់​តេ​ជោ​ក្រហម​ក​(​មាស​) បាន​ក្លាយទៅជា​ចៅហ្វាយខេត្ត​កំពង់ស្វាយ (​កំពង់ធំ​) ជា​ស្តេចត្រាញ់​ប្រចាំ​ភូមិភាគ​ខាងជើង​…​។​)  ឱ្យ​ចូល​គាល់ ហើយ​ទ្រង់​តែងតាំង​ជា​មេទ័ព​អាជ្ញាសឹក សម្រេច​រាជការ​ឱ្យ​ចេញ​ទៅ​ប្រាបប្រាម (​បង្ក្រាប​) ព្រះ​រាម​ថ្មគោល​ក្នុង​ខេត្ត​អាស​ន្ទុ​ក ។ ទទួល​ព្រះរាជ​បញ្ជា​រួច​ហើយ ឧកញ៉ា​បុ​រា​រាជ​ក៏​ក្រាបថ្វាយបង្គំ​លា​ត្រឡប់​ទៅ​ខេត្ត​វិញ ហើយ​ក៏​ចាត់ចែង​កេណ្ឌ​រេហ៍ពល​បាន​គ្រប់​ចំនួន​រួច​ជា​ស្រេច ទើប​ចាត់​មេបញ្ជាការ​ទាំង​ប៉ុន្មាន ឱ្យ​កាន់​ទ័ព​រៀងខ្លួន​ដូច​តទៅ​នេះ​៖

១-​ឧកញ៉ា​រាម​រាជ​តេ​ជោ (​យ៉​ត​) ឃុំ​ពល ៥០០​នាក់ ជា​កងទ័ព​ជន្ល ។
២-​ឧកញ៉ា​ស្នេហា​តេ​ជោ បាឡាត់​ស្តាំ​ឃុំ​ពល ៥០០​នាក់ ជា​កងទ័ព​មុខ ។
៣-​ឧកញ៉ា​ភក្តី​តេ​ជោ បាឡាត់​ឆ្វេង​ឃុំ​ពល ៥០០​នាក់ ជា​ទ័ព​ស្តាំ ។
៤-​ឧកញ៉ា​ពិ​ភក្តិ​តេ​ជោ ស្នង​ស្តាំ​ឃុំ​ពល ៥០០​នាក់ ជា​ទ័ព​ឆ្វេង ។
៥-​ឧកញ៉ា​ជំនិត​តេ​ជោ ស្នង​ឆ្វេង​ឃុំ​ពល ៥០០​នាក់ ចា​ទ័ព​ក្រោយ ។
៦-​ឧកញ៉ា​វិ​ជិត​តេ​ជោ​ស្នង​កណ្តាល​ឃុំ​ពល​៥០០​នាក់ ជា​ទ័ព​ស្បៀង ។

លុះ ​បាន​ឫកពា​ពេលា​ល្អ ហោរា (​កាលពី​ជំនាន់​ដើម មុន​លើកទ័ព​ចេញ​ទៅ​ធ្វើសង្គ្រាម​បង្ក្រាប​ខ្មាំងសត្រូវ ទាល់តែ​ហោរា​ទស្សន៍​ទាយ​មើ​កឫក​ជតារាសី និង​បាន​ពេលា​ល្អជា​មុន​សិន​…) ពិនិត្យ​ជាន់​ឆ្នាំ​យ៉ាង​ពណ្ណរាយ​បរិបូ​ណ៍ ឃើញ​ឡើងរាសី​៣​ជាន់​ហើយ ក៏​បង្គាប់​គោះគង​ទូង​ភេរី (​ស្គរ​) លើកទ័ព​ចេញ​ទៅ​ដល់​កំពង់ឆ្នាំង តាំង​ឱ្យ​ចម្លង​រេហ៍ពល សេះ ដំរី ទៅ​ដាក់​នៅ​កំពង់​ហាវ ។

នៅ​ពេល​ដែល ​កំពុង​តែ​ចម្លង​ទ័ព​នោះ ស្រាប់តែ​ពញា​យស​តេ​ជោ​ឯក​ចៅ​មឿង​ខេត្ត​កំពង់​ហាវ ដែល​ចំណុះ​ខាង​ពញា​នូ​ព្រះ​រាម​ថ្មគោល ក៏​កេណ្ឌ​ទ័ព​៥០០​នាក់ លើក​ទៅ​ស្ទាក់​រារាំង​មិន​ឱ្យ​ទ័ព​ព្រះ​នគរ​ឆ្លង​រួច ។

ប៉ុន្តែ​ទ័ព ​ខាង​ឧកញ៉ា​រាម​រាជ​តេ​ជោ​(​យ៉​ត​) បាន​រ៉ាប់រង​ច្បាំង​ប្រយុទ្ធ​នឹង​ទ័ព​ពញា​យស​យ៉ាង​ខ្លាំងក្លា​កោលាហល ។ ពេល​កំពុង​ច្របូកច្របល់​កាប់​ចាក់​គ្នា​ជា​សន្ធឹក​គឹកកង​នោះ ឧកញ៉ា​រាម​រាជ​តេ​ជោ (​យ៉​ត​) កាត់​ទៅ​ជួប​ប្រយុទ្ធ​ផ្ទាល់ខ្លួន​នឹង​ពញា​យស ។ ចុង​បំផុត ឧកញ៉ា​រាម​រាជ​តេ​ជោ (​យ៉​ត​) កាប់​ពញា​យស​នឹង​ផ្គាក់​ធ្លាក់​ពី​ខ្នង​សេះ​ស្លាប់​ភ្លាម​មួយ​រំពេច ។ នាយទាហាន ជា​កង​សេនា​ខាង​ពញា​យស​ឃើញ​មេ​របស់​ខ្លួន​ស្លាប់​ដូច្នេះ ក៏​អស់​ទឹកចិត្ត​ប្រយុទ្ធ ហើយ​ក៏​បាក់ទ័ព​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ។ ជ័យជម្នះ​នេះ បាន​កម្ចាត់​ឧបសគ្គ ហើយ​ចលនា​ចម្លង​ទ័ព​ក៏​ប្រព្រឹត្ត​ទៅ​បាន ។ គ្រា​ដែល​ទ័ព​បាន​ឆ្លង​រួច​សព្វគ្រប់​ទៅ​ដល់ត្រើយ​ខាងនាយ​ហើយ ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ (​ឬ​តេ​ជោ​បុ​រា​រាជ​មាស​)  ចាត់​ឱ្យ​នាយ​ទ័ព​ឆ្វេង ស្តាំ​ទៅ​វាយ​យក​ខេត្ត​បារាយណ៍​ជើងព្រៃ បាន​មក​ជា​ចំណុះ ហើយ​ក៏​លើកទ័ព​តម្រង់​ឆ្ពោះទៅ​កាន់​ទីតាំង​បន្ទាយ​ថ្មគោល ។ នៅ​តាម​ផ្លូវ​ទ័ព​ហ្លួង​វាយ​បង្ក្រាប​ទ័ព​ចៅ​មឿង​ជា​ច្រើន​ខេត្ត ។ លុះ​ទៅ​ដល់​ភូមិ​កំពង់ស្វាយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​បង្គាប់​ឱ្យ​បញ្ឈប់​កងទ័ព ហើយ​ពិគ្រោះ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ជាមួយ​នាយកង នាយ​ទ័ព​របស់​លោក ដោយ​ផ្តើម​យោបល់​ថា ៈ «​ចៅពញា​នូ​នេះ​ជាប់​ព្រះ​ញាតិ ជា​ព្រះ​បរម​វង្ស​ក្នុង​ព្រះរាជ​ត្រកូល ទោះ​យ៉ាងណា​ក៏​យើង​មិន​ត្រូវធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ដល់​ព្រះ​កាយ​ព្រះ​អង្គ​ ឡើយ​» ។ លុះ​ប្រឹក្សា​ការណ៍​នេះ​ចប់​សព្វគ្រប់​ហើយ លោក​ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ (​តេ​ជោ​មាស​) ក៏​ចាត់ចែង​ទ័ព​ជា​៤​កង​ដូច​តទៅ​នេះ ៖

១-​ឧកញ៉ា​តេ​ជោ ពិ​ភក្តិ​តេ​ជោ
២-​ឧកញ៉ា​រាម​រាជ​តេ​ជោ​(​យ៉​ត​)
៣-​ឧកញ៉ា​ពេជ្រ​តេ​ជោ
៤-​ចៅហ្វាយស្រុក​ជើងព្រៃ

ទ័ព​៤​ផ្នែក​ខាងលើ​នេះ​ត្រូវ​កាន់​ទង់ជ័យ តំណាង​ឧកញ៉ា​តេ​ជោ​បា​៉​អង្គ​មាន​តួនាទី​ជា​ទ័ព​ជន្ល ។

បន្ទាប់​មក ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ​ក៏​ចាត់​ឱ្យ​៖
១-​ចៅហ្វាយស្រុក ខេត្ត​កំពង់សៀម
២-​ស្នង​ឆ្វេង ខេត្ត​សំរោង​ទង

ឱ្យ​ឃុំ​រេហ៍ពល​ទៅ​បង្កប់​នៅ ស្ទឹង​ស្រគំ​ឱន នា​ត្រើយ​ខាងឆ្វេង​ដៃ បន្ទាប់​មក​ទៀត លោក​ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ​ក៏​ចាត់ៈ​៖

១-​ស្នង​ស្តាំ ខេត្ត​សំរោង​ទង
២-​ចៅ​មឿង​ទូក​មាស (​ក្នុង​ខេត្តកំពត​សព្វថ្ងៃ​)
៣-​ចៅ​មឿង ក្រ​កោះ (​ក្បែរ​ជើងភ្នំ​ស​ន្ទុ​ក​)
៤-​ចៅ​មឿង ស្រងែ
ឱ្យ​ចេញ​ទ័ព​ទៅ​ប្រតិបត្តិការ​តាម​បញ្ជា

ថ្លែង ​អំពី​ពញា​នូ​ព្រះ​រាម​ថ្មគោល បន្ទាប់​ពី​សម្លាប់​ចៅពញា​ឧទ័យធិរាជ​ចៅហ្វាយស្រុក​ស​ន្ទុ​ក រួច​ហើយ ក៏​ឡើង​គ្រប់គ្រង​ស្រុក​នេះ​ជំនួស ហើយ​តាំង​ព្រះ​នាមខ្លួន​ព្រះ​អង្គ​ឯង​ថា សម្តេចចៅពញា​ឧទ័យធិរាជ ។ តាម​រយៈ​សេចក្តីរាយការណ៍​ពី​កងទ័ព​សេះ ព្រះ​អង្គ​បាន​ទ្រង់​ជ្រាប​ថា ឧកញ៉ា​តេ​ជោ​បុ​រា​រាជ បាន​លើកទ័ព​មក​ដល់​ហើយ ទើប​ពញា​នូ​ព្រះ​រាម​ថ្មគោល​ក៏​ចាត់ចែង​សេនា​ទាហាន​ដែល​សុទ្ធ​សឹង​ជា​ អ្នកស្រែ (​បណ្តារាស្ត្រ​សាមញ្ញ​នៅ​តាម​ភូមិ​ស្រុក​)  ឱ្យ​ឃុំ​ពល​លើកទ័ព​ទៅ​ជួបនឹង​កង​ជន្ល​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​)  ទាំង​៣​ផ្នែក​ដែល​មាន​ឧបាយកល​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​រត់​ថយក្រោយ​វិញ ។  

លុះ ​ឃើញ​ដូច្នោះ​ហើយ​សម្តេចចៅពញា​ឧទ័យធិរាជ​នូ ពុំ​ទ្រង់​ជ្រាប​អំពី​ល្បិច​យុទ្ធសាស្ត្រ​នៃ​កិច្ចការ​សង្គ្រាម​ដោយ​នឹក​ ស្មានថា​ទ័ព​ហ្លួង​ពី​ព្រះ​នគរ​ពិតជា​ចាញ់​ថ្វីដៃ​របស់​ព្រះ​អង្គ​មែន ក៏​លើកទ័ព​ដេញ​តាម​ទៅ ។ ទ័ព​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ដែល​ដកថយ​ធ្វើ​ជា​ចាញ់​នោះ បាន​ទៅ​ឈប់​នៅ​ត្រង់​ស្ទឹង​ស្រគំ​ឱន ដែល​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​បាន​បញ្ជា​ឱ្យ​បង្កប់ទ័ព​ជា​ច្រើន​កង​ទុក​នៅ​ ទីនោះ ។ ទាំង​ទ័ព​បង្កប់​ទាំង​ទ័ព​ដែល​ដកថយ​ធ្វើ​កិច្ច​ជា​ចាញ់​បាន​លើកគ្នា​វាយ​ ផ្ទប់​ទ័ព​ព្រះ​រាម​ថ្មគោល ដោយ​វាយ​បណ្តែត​ពេល​ឱ្យ​បាន​យូរ​បន្តិច​រង់ចាំ​ទ័ព​ធំ​របស់​ឧកញ៉ា​តេ​ជោ​បុ​ រា​រាជ (​មាស​) ។ គ្រាន់តែ​ទ័ព​ធំ​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មក​ដល់​ភ្លាម លោក​ក៏​បញ្ជា​ឱ្យ​គ្រប់​កង​គ្រប់​ផ្នែក លើក​សំរុកចូល​កាប់សម្លាប់​ពេល​សេនា​ចៅពញា​ឧទ័យធិរាជ​នូ ចោម​ព័ទ្ធ​ពី​គ្រប់​ទិស​ឥត​មាន​សំចៃ​ដៃ​។  ដោយ​ទ្រាំ​ទប់ទល់​យូរ​ទៅ​ទៀត​មិន​បាន ទ័ព​ព្រះ​រាម​ថ្មគោល​ក៏​បាក់​រត់​បែកខ្ញែក​ខ្ចាត់ខ្ចាយ​អស់​ទៅ ។  ខណៈនោះ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ស្រែក​បញ្ជា ខ្លាំង​ៗ​ថា កុំឱ្យ​សម្លាប់​ចៅពញា​នូ​ឱ្យ​សោះ សូម​ឱ្យ​នាយកង នាយ​ទ័ព ពល​សេនា​ត្រូវ​តែ​ចាប់​ព្រះ​អង្គ​ឱ្យ​បាន​ទាំង​រស់ ។ នៅ​គ្រា​ដែល​គ្មាន​ពល​សេនា​ការពារ​ព្រះ​អង្គ​បាន​ខ្លាំងក្លា​ទៀត​នោះ ពួក​ពល​សេនា​ក៏​ចូល​ទៅ​ចាប់​ព្រះ​ពញា​នូ នឹង​ដៃ ហើយ​នាំ​ទៅ​ជូន​លោក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ជា​អគ្គបញ្ជាការ ។ ព្រះ​ពញា​នូ ត្រូវ​បាន​ស្រាយចំណង ហើយ​ឱ្យ​ពល​សេនា​មួយ​កង នាំ​ព្រះ​រាម​ថ្មគោល​ទៅ​ថ្វាយបង្គំ​ព្រះ​ស្រី​សុរិយោ​ពណ៌​ជា​ព្រះ​រៀម (​មាតា​ទ​ទៃ​) ។ ព្រះរាជា​ទ្រង់​លើកលែងទោស ហើយ​ប្រោស​មេត្តា​ឱ្យ​នៅ​បម្រើ​ព្រះ​អង្គ​ក្នុង​នាម​ជា​អ្នកជា​(​អ្នក​ពុំ​ មាន​ជាប់​ទោសពៃរ៍​)… ។ 

១១-​ពី​ចៅហ្វាយស្រុក​ខេត្ត​សំរោង​ទង មក​ជា​ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ
លុះ ​តំណ​ពេល​ជា​ខាង​ក្រោយមក ហ្លួង​អម្ចាស់​ជីវិត​ព្រះ​ស្រី​សុរិយោ​ពណ៌ ទ្រង់​ព្រះ​ចិន្តា​ថា ខេត្ត​ស​ន្ទុ​ក​នេះ​មាន​វិសាលភាព​ដី​ទូលំទូលាយ​ណាស់ គឺ​ប៉ែក​ខាងជើង​មាន​ព្រំប្រទល់​នឹង​ប្រទេស លាវ​ឯណោះ ។ ដោយឡែក​ពី​នេះ​ទៀត នៅ​ក្នុង​ខេត្ត​ដ៏​ធំ​នេះ សម្បូរ​ទៅ​ដោយ​មនុស្ស​កំណាច​ខូច​កាច​ជា​ច្រើន ។ ដើម្បី​ធានា​គ្រប់គ្រង​ដែនដី​របៀប​នេះ​ឱ្យ​មាន​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របស់​រៀបរយ​ល្អ​នោះ តម្រូវ​ឱ្យ​វរជន​ដែល​មាន​សមត្ថភាព និង​ឫទ្ធានុភាព​ខ្លាំងក្លា​ជា​ចាំបាច់ ។ ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ក៏​សម្រេច​ព្រះ​ទ័យ​តែងតាំង​ចៅពញា​តេ​ជោ​ប៉ា​អង្គ ឱ្យទៅ​គ្រប់គ្រង​ខេត្ត​អាស​ន្ទុ​ក​ក្នុង​នាម​ជា ចៅហ្វាយស្រុក​ខ្នង​ពល (​ជា​គោរមងារ​ខ្ពង់ខ្ពស់​ខុស​ពី​ចៅហ្វាយស្រុក​ធម្មតា ដែល​មាន​ឋានៈ​នាទី​ស្មើនឹង ស្តេចត្រាញ់ ព្រោះ​មាន​មឿង​ចំណុះ​ច្រើន​) ក្រៅ​។ ហើយ​ឋានៈ​ជា​ចៅហ្វាយស្រុក​សំរោង​ទង​នោះ ត្រូវ​ផ្ទេរ​ទៅ​ថ្វាយ​ចៅពញា​ឧទ័យធិរាជ អង្គ​នូ កាន់កាប់​គ្រប់គ្រង​វិញ ។ ការ​ផ្ទេរតំណែង​រវាង​វីរជន​ទាំង​ពីរ​រូប​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​គ្រឹ​ស្ត​សករាជ ១៦០៤ ក្នុង​ឆ្នាំរោង ឆស័ក នា​ពុទ្ធសករាជ ២១៤៧… ។

បន្ទាប់​ពី​បាន​ត្រូវ​តែងតាំង ឱ្យទៅ​ទទួល​ភារកិច្ច​ជា​ចៅហ្វាយស្រុក​ផ្សេង​នៅ​ទិស​ខាងជើង នៃ​ព្រះរាជាណាចក្រ​ហើយ​នោះ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​) ក៏​ចាត់​អ្នកបម្រើ​ឱ្យទៅ​ដឹក​ជញ្ជូន​ទ្រព្យសម្បត្តិ និង​ស្នើ​សុំ​អញ្ជើញ​អ្នក​ជំទាវ​មហេសី សោភី​នារី​សោភ័ណ ស្រែន្យ  ពី​ខេត្ត​សំរោង​ទង​ទៅ​កាន់​ខេត្ត​ស​ន្ទុ​ក​វិញ ។

មក​ដល់ទី​តាំង​ ខេត្ត​ថ្មី​ភ្លាម ឧកញ៉ា​តេ​ជោ​បុ​រា​រាជ បាន​ផ្តួចផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​ខេត្ត​ចាស់​ពី ព្រះ​ឥន្ទ​កុមារ (​តាំងនៅ​ខាងជើង​ក្រុង​កំពង់ធំ សព្វថ្ងៃ អ្នកស្រុក​ហៅ​ថា «​ឥន្ទ​ខ្មា​») មក​តាំងនៅ​ភូមិ​កំពង់ស្វាយ​(​សព្វថ្ងៃ​ហៅ​ភូមិ​កំពង់ស្វាយ​តាំងនៅ​តាម​សង​ ស្ទឹង​កំពង់ធំ ខាង​ឦសាន​ក្រុង​កំពង់ធំ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​) ធ្វើ​ជាទី​ប្រជុំជន ឬ​ទីរួមខេត្ត ហើយ​ប្រែ​ឈ្មោះ​ខេត្ត​ស​ន្ទុ​ក មក​ជា​ខេត្ត​កំពង់ស្វាយ​វិញ ។  ចំណែក​ទីប្រជុំជន​ខេត្ត​ស​ន្ទុ​ក​ចាស់​នោះ បាន​តាំង​ចៅ​មឿង (​ឋានៈ​ស្មើនឹង​អភិបាលស្រុក​សព្វថ្ងៃ​)  ឱ្យ​នៅ​ថែរក្សា​ព្រះ​ចេតិយ និង​ព្រះពុទ្ធ​បដិមា​ដែល​ព្រះបាទ​សម្តេចព្រះ​ធម្ម​រាជា​ទ្រង់​បាន​សាង​ទុក​ ជាទី​បូជនីយដ្ឋាន​សម្រាប់​គោរព​បូជា​តរៀង​មក ។

នៅ​ទីតាំង​ប្រជុំជន ទីរួមខេត្ត​កំពង់ស្វាយ​ថ្មី​នេះ មាន​លក្ខណៈសម្បត្តិ​ស័ក្តិសម​ល្អជា​ក្រុង​ទីរួមខេត្ត ដោយនៅ​ជាប់​នឹង​មាត់​ស្ទឹង​សែន មានទឹក​ប្រើប្រាស់​ថ្លា​ល្អ ជាទី​កំពង់​ជំនួញ​អាច​ឱ្យ​ទូក​នាវា​ជំនួញ​ចរាចរ​ដឹកនាំ​ទំនិញ ភស្តុ​ភារ​អំណោយផល​ដល់​កិច្ចការ​ពាណិជ្ជកម្ម​ជួញប្រែ លក់ដូរ បម្រើ​ដល់​សេដ្ឋកិច្ច​ប្រចាំ​តំបន់ ។ លុះ​សម្រេច​តាំង​ទីរួមខេត្ត​ស្រេចបាច់​ហើយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ក៏​បាន​ធ្វើ​លិខិតស្នើ​សុំ​ព្រះ​រាជានុញ្ញាត​ពី​ ព្រះមហាក្សត្រ ព្រះបាទ​ស្រី​សុរិយោ​ពណ៌​ពី​ការ​ប្រែ​ឈ្មោះ​ខេត្ត​ស​ន្ទុ​ក​ទៅ​ជា​ខេត្ត​ កំពង់ស្វាយ និង​រើ​ទីតាំង​ប្រជុំជន​ខេត្ត​ពី​ឥន្ទ​កុមារ ទៅ​កាន់​ភូមិ​កំពង់ស្វាយ​វិញ ។ ឯ​ព្រះរាជា​ទ្រង់​ក៏​ព្រះ​រាជានុញ្ញាត​តាម​សំណើ​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ចៅហ្វាយខេត្ត​ថ្មី​សព្វគ្រប់ ។ រីឯ​ចៅ​មឿង​ទាំង​២៤​ដែល​ត្រូវ​ចំ​ណុំ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ចៅហ្វាយខេត្ត​កំពង់ស្វាយ​ថ្មី​នោះ​មាន​ដូច​ខាងក្រោម​នេះ ៖

១-​មឿង​ គោក​សេះ ២-​មឿង​ជីក្រែង ៣-​មឿង​ស្ទោង ៤-​មឿង​ឃ្លាំង ៥-​មឿង​ព្រំ​ទេព ៦-​មឿង​ព្រះ​ខាន់ ៧-​មឿង​ម្លូព្រៃ ៨-​មឿង​ជាំ​ខ្សាន ៩-​មឿង​វា​រី​សែន ១០-​មឿង​ព្រែក​ក្តី ១១-​មឿង​ស​ន្ទុ​ក ១២-​មឿង​កំពង់លែង ១៣-​មឿង​ប្រាសាទដប់ ១៤-​មឿង​កោះកែ ១៥-​មឿង​ត្បែង ១៦-​មឿង​ពស់​រោង ១៧-​មឿង​ត្រឡែងកែង ១៨-​មឿង​ង​ន ១៩-​មឿង​ឈើទាល ២០-​មឿង​សែន ២១-​មឿង​សាន​គ ២២-​មឿង​ជ័យ​សម្បូរ ២៣-​មឿង​កំពូល​ពេជ្រ ២៤-​មឿង​ព្រះ​ប្រសព្វ ។

មឿង​ទាំង​២៤​នេះ ត្រូវ​ឡើង​មក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ទាំងអស់ ហើយ​ក្រោម​ការ​គ្រប់គ្រង​ស្តេចត្រាញ់​ជា​មេទ័ព​ដ៏​ខ្លាំងពូកែ​នេះ តែងតែបាន​សុខក្សេមក្សាន្ត​ចម្រុងចម្រើន​រហូត​មក ។

១២-​ព្រឹ​ត្ត​ ការណ៍ សំខាន់​ៗ នៅ​ចុង​រាជ្យ​ព្រះ​ស្រី​សុរិយោ​ពណ៌ និង​ដើម​រាជ្យ​ជ័យ​ជេដ្ឋា​ទី​២ (​ព្រះ​ស្រី​សុរិយោ​ពណ៌​សោយរាជ្យ​បាន​២៨​វស្សា ទ្រង់​សុគត​នៅ គ្រឹ​ស្ត​សករាជ ១៦២៩ ទ្រង់​ថ្វាយ​រាជសម្បត្តិ​ទៅ​ព្រះរាជបុត្រ​នាម ជ័យ​ជេដ្ឋា​ទី​២)

នៅ​ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ​ថ្មី គឺ​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ នេះ​មាន​ព្រឹ​ត្ត​ការណ៍ សំខាន់​ៗ ដែល​គួរ​លើក​មក​ជម្រាប​ជូន​អស់លោក​អ្នក​អាន មាន​ដូច​ជា​៖

១-​ការ​ ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ស្តេច ក្រុង​ហ្វេ (​យួនអាណ្ណាម​) ដោយ​រៀប​អភិសេក​ព្រះបាទ​ជ័យ​ជេដ្ឋា ជាមួយ​អ្នក​ម្នាង​ចូ​វ រាជបុត្រី​ព្រះ​ចៅ​អណ្ណាម ជា​រាជទេពី ។

២-​សម្ព័ន្ធភាព​ផ្សារ​សាច់ឈាម​នេះ មាន​គោលបំណង​ពង្រឹង​ផ្នែក​យោធា នយោបាយ សំដៅ​ទប់ទល់​នឹង​ការ​វាតអំណាច​របស់​សៀម ។

៣-​លើក​រាជធានី​ពី​ក្រុង​ល្វាឯម មក​តាំងនៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ។

៤-​ស្តេច​យួនអាណ្ណាម​ស្នើ​សុំ​ខ្ចី​ដី​ខេត្ត កោះក្របី (​ព្រៃនគរ «​សៃ​ហ្គ​ន​» ក្រុង​ហូ​ជី​មិ​ញ​) ។
ក្នុង​រយៈពេល​៥​ឆ្នាំ​ដើម្បី​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​ដល់​សេនា​ទាហាន​សម្រាប់​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ចិន (១៦២១) ។
៥- ​ព្រះ​ចៅ​ក្រុង​ទេព​បុរី​ស្រី​អយុធ្យា ព្រះ​នាម ថៃ​ណា លើកទ័ព​មក​ឈ្លានពាន ដោយ​អាក់អន់​ចិត្តនឹង​ខ្មែរ ចងសម្ព័ន្ធភាព​ជាមួយ​ស្តេច​យួនអាណ្ណាម (១៦៣២) ។

១៣- ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​និង​សង្គ្រាម​កម្ចាត់ទ័ព​សៀម​ឈ្លានពានដូច​មាន​ចែង​ នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​ទី​៥​ខាងលើ​ស្រាប់ នៅ​ពេល​ដែល​ព្រះ​ជ័យ​ជេដ្ឋា​ទី​១ ទើបនឹង​សោយរាជ្យ​បាន​តែ​៣​ឆ្នាំ​នោះ ព្រះ​ចៅ​ថៃ​ណា ជា​ព្រះ​ចៅ​ក្រុង​ទេព​បុរី​ស្រី​អយុធ្យា​(​ដំបូង​ឡើយ​ព្រះ​ចៅ​ថៃ​ណា​ជា​ រាស្ត្រ​សាមញ្ញ បាន​បួស​ជា​ភិក្ខុ
ហើយ​មាន​ងារ​ជាម​ហា​ភិ​មន្ត​(​មហា​ វិមល​) ។ លុះ​ក្រោយមក​ពេល​ដែល​ស្តេច​នរេន្ទ្រ​សូរ ដែល​វាយ​បែក​បន្ទាយលង្វែក​សុគត​ទៅ ព្រះ​អនុជ​ព្រះ​នាម​ឯកា​ទស​រដ្ឋ ឡើង​សោយរាជ្យ​ស្នង ។

ទទួល​ពេល​នោះ​ដោយ​មាន​សិស្សគណ​គាំទ្រ​ច្រើន មហា​វិមល​ក៏​លាចាក​សិក្ខាបទ ហើយ​លើកទ័ព​មក​ធ្វើ​គត​ព្រះ​ចៅ​ឯកា​ទស​រដ្ឋ រួច​ក៏​ឡើង​សោយរាជ្យ ហើយ​តាំងខ្លួន​ជា​ព្រះ​ចៅ​ថៃ​ណា​)  ក៏​ប្រុងប្រៀប​នឹង​លើកទ័ព​មក​លុកលុយ​រាតត្បាត​ប្រទេស​កម្ពុជា ដោយ​មូលហេតុ​មិន​សប្បាយ​ចិត្តនឹង​ព្រះមហាក្សត្រ​ខ្មែរ ងាក​ទៅ​ចង​ស្ពាន​មាន​មេត្រី​នឹង​ព្រះ​ចៅ​ក្រុង​អាណ្ណា​ម​(​យួន​) ។ ការ​លើកទ័ព​មក​ពេល​នេះ ចាត់​ទុកដូចជា​ស្តេច​សៀម មក​ផ្ចាញ់ និង​ដាក់ទោស​ទណ្ឌ​ខាង​ផ្លូវ​យោធា ក្នុង​ទ្រង់ទ្រាយ​ធំ​ក្រៃ​លែង ។

សម្តេចព្រះ ​ចៅ​ថៃ​ណា ដោយ​មាន​មតិ​គាំទ្រ ជា​ឯកច្ឆន្ទ​ពី​អស់​សេនា​មន្ត្រី​ដ៏​ខ្លាំងក្លា​ផង ក៏​ទ្រង់​ត្រាស់​បញ្ជា​ឱ្យ​កែន​កងទ័ព​បាន​ចំនួន​១០០.០០០​នាក់ ដំរី​៣០០ សេះ​៥៤០ ហើយ​ទ្រង់​បាន​ចាត់​ឱ្យ​វរជន​ខាង​សឹកសង្គ្រាម ដូច​ខាងក្រោម​នេះ​ឱ្យ​រៀបចំ​ទ័ព​គឺ ៖

១-​ចៅពញា​រាជ​សង្គ្រាម និង​អស់​សេនា​សេនី​នាំ​រេហ៍ពល ១០.០០០​នាក់​ជា​ទ័ព​មុខ ។
២-​ចៅហ្វាយស្រុក​សុវណ្ណ សួគ៌​៌ា​លោក (​សុវណ្ណ​ខៈ​លោក​) នាំ​ពល​៥.០០០​នាក់​ជា​ទ័ព​ស្តាំ ។
៣-​ចៅហ្វាយស្រុក​នគរបុរី និង​ក្រមការ​នាំ​ពល​៥.០០០​នាក់​ជា​ទ័ព​ឆ្វេង ។
៤-​ចៅហ្វាយស្រុក​នគររាជ នាំ​ទ័ព​៥.០០០​នាក់ ជា​ទ័ព​ក្រោយ ។
៥-​ចៅហ្វាយស្រុក​ពិ​បុល​ទេព​ក្សត្រាធិបតី នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ស្បៀង ។
៦-​ចៅហ្វាយស្រុក នគរ​នាយ​បុរី និង​ក្រមការ​នាំ​ពល​៥.០០០​នាក់ ជា​យោ​ក្បា​ត់​ទ័ព ។
៧-​ឯ​កងទ័ព​ហ្លួង​ព្រះ​ចៅ​ថៃ​ណា​ព្រះ​អង្គ​នាំ​ពល ២៥.០០០​នាក់ ។
៨- ​ចៅហ្វាយស្រុក​បស្ចិម​បុ​រ និង​ក្រមការ​នាំ​ពល​៥.០០០​នាក់​ជា​ទ័ព​កង​ក្រវែល (​ឯ​ទ័ព​សល់​ពី​នេះ​ទាំង​ប៉ុន្មាន​ត្រូវ​ចាត់ជា​ទ័ព​បម្រុង​) ។

រៀប ​ទ័ព​រួចរាល់​ស្រេចបាច់​ហើយ មហាមន្ត្រី​រៀប​ស្វេតច្ឆត្រ​៩​ជាន់ ចង​លើ​ខ្នង​ព្រះ​ទីនាំង​គជេន្ទ្រ (​ដំរី​) បាំង​សែត បាំងសែង​ព្រះ​សុរិយា​ចា​ម៉​រ បៃ​ម៉​ន សែនត្វាន់ ។ ពល​ទាហាន​៥០០​នាក់ កាន់​គ្រឿង​សស្ត្រាវុធ ដើរ​អម​ជើងព្រះ​ទីនាំង មាន​ទាំង​ដំរី​ចម្លង​សឹក​ហែហម​ផង ។ មន្ត្រី​ជិះ​កណ្តាល រាំក្បាច់​កន្ទុយ​មយូ​រ៉ា សម្រាប់​រាំ​បោក​បង្គាប់​ពល (​បែប​នេះ​គឺជា​របៀបរបប​រៀបចំ​សម្រាប់​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​នៃ​ ព្រះរាជា​ពី​ជំនាន់​ដើម​) ។ លុះ​បាន​ឫកពា​ពេលា​ល្អ​ហើយ ព្រះ​ចៅ​ថៃ​ណា ចូល​ស្រង់​ព្រះ​វា​រី​ទ្រង់គ្រឿង​រាជ្យ រឿណរង្គ​បញ្ចង់​ថ្លៃថ្លា ទ្រង់​មហា​មាលា​ដាំ​ពេជ្រ ឆ្លុះ​លេច​បរិសុទ្ធ ទ្រង់​នូវ​អាវុធ​មុត​ថ្លា ឡើង​គង់​លើ​គជសារ (​ដំរី​) ក្រោម​មហា​ស្វេតច្ឆត្រ ។ ហោរា​គោះគង ទូង​ភេរី (​ស្គរ​) សេនា​ទាហាន​បន្លឺ​សម្រែក​ហ៊ោ ឮ​សូរ​គឹកកង​រំពង ជា​កិច្ច​ផ្តើម​ចេញដំណើរ​ទ័ព​តម្រង់​ឆ្ពោះទៅ​ចុង​ព្រំដែន​លាវ ហើយ​ចុះ​តម្រង់​មក​ក្រុង មឿង​ម្លូព្រៃ ជាំ​ខ្សាន ជ្រៃ​សម្បូរ កំពូល​ពេជ្រ (​មឿង​ខ្មែរ​នៅ​ព្រំដែន​ខាងជើង​) ។ គ្រានោះ ចៅ​មឿង​ខ្មែរ​ទាំង​៤​ក៏​ធ្វើ​លិខិត​ប្តឹង​មក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ​តាម​ដំណើរ ដែល​សៀម​លើកទ័ព​មក ។ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ក៏​បក​សំបុត្រ​ចាត់​ឱ្យ​បម្រើ​ជិះសេះ​នាំ​មក​ប្តឹង​សេនាបតី នា​ក្រុង​ឧដុង្គ​មាន​ជ័យ ដែល​នាំ​យកសារ​ពី​ខេត្ត​កំពង់ស្វាយ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ហ្លួង​អ​ ម្ចាស់ជីវិតលើត្បូង ទ្រង់​ជ្រាប​គ្រប់​ប្រការ ។

ព្រះមហាក្សត្រ​បរម​ ជ័យ​ជេដ្ឋា ត្រាស់​បង្គាប់​ឱ្យ​សេនាបតី​តែង​សំបុត្រ​បង្គាប់​ទៅ​ចៅហ្វាយស្រុក​ខេត្ត​ កំពង់ស្វាយ ឱ្យ​ប្រាប់​ទៅ​ចៅ​មឿង​ទាំង​២៤​កេណ្ឌ​ទ័ព រួច​ហើយ​បង្កប់ទ័ព​ក្នុង​ព្រៃ​ទាំង​សងខាង​ផ្លូវ ។ ទ្រង់​បញ្ជា​ឱ្យ ៖

-​ចៅហ្វាយស្រុក​ខេត្ត​បារាយណ៍ ជា​កង​ជន្ល​ទ័ព​សៀម​បញ្ឆោត​ឱ្យ​ដេញ​មក​ត្រង់​ព្រៃ​ចម្ការលើ​។

– ​ចៅហ្វាយស្រុក​នគរវត្ត​ឱ្យ​លើកទ័ព ទៅ​ព័ទ្ធ​ពីក្រោយ​ទ័ព​សៀម រួច​ហើយ​ទ្រង់​កំណត់​ថា បើ​ទ័ព​ហ្លួង​លើក​ទៅ​ដល់​កាលណា កាលបើ​ឮ​ស្នូរ​កាំភ្លើង​ធំ​ជា​សញ្ញា​ហើយ​នោះ ត្រូវ​លើកទ័ព​សំរុក​វាយ​ផ្ទប់​គ្នា​កុំឱ្យ​សៀម​រត់​រួច ។ ទ្រង់​ព្រះ​តម្រិះ​ចាត់ចែង​ក្បួន​យុទ្ធសាស្ត្រ​យ៉ាងនេះ​ហើយ ព្រះ​អង្គ​ក៏​ត្រាស់​ចាត់​ឱ្យ​នាយ​សារ​ជិះសេះ​ទៅ​ប្រាប់​ចៅហ្វាយស្រុក​ នគរវត្ត និង​ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ ឱ្យ​ទទួល​ធ្វើ​តាម​ព្រះរាជ​បញ្ជា​គ្រប់​ប្រការ ។

ចំណែក​ខាងក្នុង​ ព្រះ​នគរ​ឯណោះ​វិញ ហ្លួង​អម្ចាស់​ជីវិត​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​កេណ្ឌ​ទ័ព​ឱ្យ​បាន​ចំនួន​ ៥០.០០០​នាក់ ដំរី​១០០ សេះ​៥០០ ក្របី​៥០០ ។ លុះ​ទ័ព​បាន​ទៅ​មូល​ជួបជុំ​គ្នា​ហើយ ទ្រង់​ចាត់​នាយកង នាយ​ទ័ព​បំពេញ​មុខងារ​ដូច​តទៅ​នេះ ៖

១-​សម្តេច​ចៅហ្វាយ​ទឡ្ហៈ​សមូហ​នាយក សម្តេចព្រះ​រាជបុត្រា និង​ឧកញ៉ា​វាំង​ឱ្យ​បញ្ជា​ទ័ព​នៅ​រក្សា​ព្រះ​នគរ ។
២-​ឧកញ៉ា​ចក្រី​១ ចៅហ្វាយស្រុក​ត្បូងឃ្មុំ​១ ចៅហ្វាយស្រុក​កំពង់សៀម​១ ព្រមទាំង​ក្រមការ​នាំ​ពល​១០.០០០​នាក់ ជា​ទ័ព​មុខ ។
៣-​ឧកញ៉ា​យមរាជ និង​ចៅហ្វាយស្រុក​បាភ្នំ នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ស្តាំ ។
៤-​ឧកញ៉ា​ក្រឡាហោម និង​ចៅហ្វាយស្រុក​ពោធិ៍សាត់ នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ឆ្វេង ។
៥-​សម្តេចចៅពញា និង​ចៅហ្វាយស្រុក​លង្វែក​នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ក្រោយ ។
៦-​ឧកញ៉ា​សង្គ្រាម​ភោ​ជ​នា និង​ចៅហ្វាយស្រុក​សំរោង​ទង នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ស្បៀង ។
៧-​ឧកញ៉ា​វង្សាអគ្គរាជ និង​ចៅហ្វាយស្រុក​កំពង់សៀម នាំ​ពល​ខេត្ត​កំពង់សៀម​៥.០០០​នាក់ ជា​កង​ក្រវែល​ខាងស្តាំ ។
៨-​ឧកញ៉ា​រាជតេជះ និង​ចៅហ្វាយស្រុក​ព្រៃវែង នាំ​ពល​ខេត្តព្រៃវែង​៥.០០០​នាក់ ជា​កង​ក្រវែល​ឆ្វេង ។
៩- ​កងទ័ព​ចៅហ្វាយស្រុក​ខេត្ត​ទ្រាំង និង​ចៅហ្វាយស្រុក ក្រោម​នាយ (​ខេត្ត​ប៉ែក​ខាងត្បូង​នៃ​កម្ពុជា (​កម្ពុជា​ក្រោម​សព្វថ្ងៃ​) ទាំងអស់​ឱ្យ​ចូល​ក្នុង​ទ័ព​ហ្លួង ។ ទ្រង់​បាន​ត្រាស់​បញ្ជា​ឱ្យ​ចម្លង​ទ័ព​ពលដំរី សេះ ក្របី ទៅ​រៀប​ទ័ព​នៅ​ត្រើយ​ខាងនាយ​ព្រែក​ក្តាម នា​ខេត្ត​ត្បូង​កំពង់ហ្លួង ។

លុះ ​បាន​ឫកពា​ពេលា​ល្អ​ប្រកបដោយ​ជ័យ​មង្គល​ហើយ ព្រះ​បរមនាថ​បរមបពិត្រ​ម្ចាស់ជីវិត​ចូល​ស្រង់​ព្រះ​វា​រី ទ្រង់គ្រឿង​រាជ្យ រឿណរង្គ​រណសិរ្ស​យុទ្ធ​បរិសុទ្ធ​នូវ​ព្រះ​មាលា​រស្មី​ពេជ្រ ផ្លេក​ៗ​ឆ្លុះ​ចាំង​សែង​សុរិយា ។ ព្រះរាជ​ហោរា​ពិនិត្យ​ជាន់​ឆាយា (​ពេលា​ល្អ​គិត​យក​តាម​ស្រមោល​ព្រះអាទិត្យ​) ឃើញ​បាន​នូវ​មហា​ជ័យ​ឫក​ហើយ ក៏​គោះគង​ទូងស្គរ​ឱ្យ​ជា​សញ្ញា ។ សម្តេចព្រះ​ភូធរ (​ស្តេច​) ឡើង​គង់​លើ​យា​នុ​មាស​(​គ្រែស្នែង​ទឹបមាស​សម្រាប់​ស្តេច​គង់​ធ្វើ​ដំណើរ​ដោយ ​មាន​អ្នក​សែង​៤ ឬ​៦​នាក់​) ស្អាងស្អាត​មហស្ចារ្យ ។ មន្ត្រី​កាន់​កន្ទុយ​យូ​រា (​ក្ងោក​) ក៏​រាំ​បោកបក់​ទៅ​មុខ ។ សេនា​ពួក​ពល​សាកល​យោធា​តាំង​ស្រែក​ហ៊ោយកជ័យ ធ្វើ​ដំណើរ​ព្យុហយាត្រា​ឆ្ពោះទៅ​កំពង់ហ្លួង ។ ទ្រង់​ក៏​ចុះ​គង់​ក្នុង​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ត្រើយនាយ​កំពង់​ព្រែក​ ក្តាម ។ តំណ​ពី​នោះ អស់​សេនា​សេនី​ក៏​យាង​ស្តេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​គជេន្ទ្រ (​ដំរី​) ។ យោធា​ពាក់អាវ​ក្រហម​កាន់​គ្រឿង​សស្ត្រាវុធ​១.០០០ ដើរ​ហែ​អម​ជើងដំរី​ព្រះ​ទីនាំង ។ ពល​សេនា​រៀប​ជា​ទ័ព​មុខ ទ័ព​ក្រោយ​ឆ្វេង​ស្តាំ និង​ទ័ព​កង​ក្រវែល ទាំង​ពីរ​កង​ចេញដំណើរ​ទៅ​ដល់​ជិត​ព្រៃ​ចម្ការលើ ។ នៅ​ទីនោះ​ទ្រង់មាន​ព្រះរាជ​បញ្ញា ឱ្យ​លើក​បន្ទាយ​រាយ​ទ័ព​ជា​៧​កង បោះទ័ព​ចាំ​ស្តាប់​រាជការ​សឹក (​ឋានានុក្រម​នៃ​ពពួក​សេនា​យោធា​តាម​ពួក​តាម​ថ្នាក់​ក្នុង​សមរភូមិ​) ។

ចំណែក ​ទ័ព​សៀម ដែល​លើក​ចូល​មក​ក្នុង​ដែនកម្ពុជា ក៏​បាន​ពើបប្រទះ​នឹង​កង​ជន្ល​របស់​ចៅហ្វាយស្រុក​មហានគរ (​សៀមរាប​) និង​ទ័ព​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ដែល​រាយ​បណ្តាក់​គ្នា​បង្កប់​តាម​ព្រៃ​អម​ផ្លូវ តាំងពី​ព្រំប្រទល់​ដែន​សៀម​-​ខ្មែរ​រៀង​មក ។

លុះ​ឃើញ​ទ័ព​សៀម​ចូល​ មក​ដល់​ដែនដី​ខ្លួន​ហើយ ទ័ព​ខ្មែរ​ក៏​លើក​ចូល​ទៅ​ច្បាំង​ទប់ទល់ តែ​ក្លែង​ធ្វើ​ឧបាយកល​ជា​ចាញ់ រត់​ដោះដៃ​ថយ​មក ទុក​ឱកាស​ឱ្យ​ទ័ព​បង្កប់​នៅ​តាម​ដំណាក់​ជា​បន្តបន្ទាប់​ទទួល​ច្បាំង ហើយ​ចេះ​តែ​ធ្វើ​ជា​ចាញ់​ដៃ​រត់​ដកថយ ត​ៗ​មក​ទៀត ។ ទ័ព​សៀម​ពុំ​បានដឹង​ពី​ឧបាយកល​របស់​ខ្មែរ គិត​ស្មានថា​ទ័ព​ខ្មែរ​ចាញ់​មែនទែន ក៏​ចេះ​តែ​សម្រុក​ដេញ​តាម​រហូត​ដល់​ព្រៃ​ចម្ការលើ ។ លុះ​បាន​មក​ប្រទះ​នឹង​ទ័ព​ចៅហ្វាយស្រុក​ខេត្ត​បារាយណ៍ បញ្ជា​ដោយ​ពញា​ស្រែន្យ​ខាំ​ហ្វា ក៏​បាន​ដកទ័ព​ថយ​មក​ដល់​ចម្ការលើ​មួយ​ផ្នែក​ទៀត ។ នៅ​ទីនោះ កងទ័ព​សៀម​ត្រូវ​ផឹកទឹក​ជ្រោះ ទឹកអូរ នា​ព្រៃ​ចម្ការលើ កើត​ជំងឺគ្រុនចាញ់​ស្លាប់​អស់​ប្រមាណ​ជិត​ពាក់កណ្តាល ។ ទាហាន​ដែល​ជាប់រវល់​ព្យាបាល​ជំងឺ​យុទ្ធ​មិត្ត ពុំ​បាន​ប្រុង​ប្រយ័ត្ន​យាមល្បាត​ឱ្យ​ដិត​ដល់​ឡើយ ។ ខណៈនោះ ទាហាន​កង​ក្រវែល​ខាង​ខ្មែរ ទាំង​ពីរ​កង រួម​ទាំង​កង​ជន្ល​ផង ក៏​លើក​ទៅ​បាញ់​រំខាន​ទ័ព​សៀម​ដែល​តាំងនៅ​ក្នុង​ព្រៃ​នោះ​អស់​រយៈពេល​២​ទៅ​៣ ​ថ្ងៃ ។

ព្រះ​ចៅ​ថៃ​ណា ទ្រង់​ត្រាស់​ប្រាប់​សេនា​សេនី​នាយ​ទ័ព ធំ​ៗ​ថា ៖ «​យើង​ទ្រាំ​នៅ​ក្នុង​ព្រៃ​នេះ​តទៅ​ទៀត​មិន​បាន​ទេ ព្រោះ​ទ័ព​យើង​ឈឺ និង​ស្លាប់​អស់​ច្រើន​ណាស់ ថែម​ទាំង​មាន​ទ័ព​ខ្មែរ មក​លប​បាញ់​ឥត​លស់​ពេល​ទៀត ដូច្នេះ​យើង​គួរតែ​ថត​ត្រឡប់​ទៅ​ក្រោយ​វិញ​» ។ តាម​រយៈផ្លូវ​ទ័ព​សៀម​ថយ​ទៅ​ជួបនឹង​ទ័ព​ចៅហ្វាយស្រុក​ខេត្ត​នគរវត្ត ចៅហ្វាយស្រុក​ខេត្តបាត់ដំបង ត្រូវ​កងទ័ព​ទាំង​ពីរ​ខេត្ត​នេះ​វាយ​ផ្ទប់​ពី​ខាងក្រោយ ។ ទ័ព​សៀម​ទប់ទល់​ពុំ​បាន ក៏​ចែកផ្លូវ​គ្នា មួយ​ផ្នែក​ទៅ​ស្តាំ មួយ​ផ្នែក​ទៅ​ឆ្វេង ។ ជា​អកុសល​ទ័ព​បំបែក​នេះ ក៏​បាន​ទៅ​ប្រទះ​នឹង​ទ័ព​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​) ដែល​បញ្ជា​ឱ្យ​ទ័ព​ចៅ​មឿង​ទាំង​១៣​ស្រុក ទៅ​បង្កប់​ចាំ​នៅ​ក្នុង​ព្រៃ ។ ទ័ព​សៀម​ដែល​កំពុង​ទាល់ច្រក ក៏​ត្រូវ​ទ័ព​បង្កប់​ខ្មែរ​បាញ់​សន្ធាប់​ផ្ទប់​មក​ពី​សងខាង ។ ក្នុង​កាលៈទេសៈ​ដ៏​សែន​អាសន្ន​នេះ ព្រះ​ចៅ​ថៃ​ណា ស្តេច​សៀម​ស្រែក​បញ្ជា​ទៅ​ពួក​ពល​សេនា​ថាៈ «​គ្រានេះ​យើង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ចូរ​អ្នក​ទាំងអស់​គ្នា​ខំប្រឹង​ប្រយុទ្ធ​តស៊ូ​ឱ្យ​បាន​ខ្លាំងក្លា​ឡើង បើ​ពុំនោះ​ទេ​យើង​នឹង​ស្លាប់​ទាំងអស់​គ្នា​ជា​មិន​ខាន ។ យើង​ត្រូវ​ប្រមូល​កម្លាំង​វាយ​ទម្លាយ​ទៅ​ទិស​ខាងត្បូង​ដើម្បី​ទៅ​ឡោម​យក​ ក្រុង​ឧដុង្គ ឱ្យ​ទាល់តែ​បាន​» ។ ជា​យុទ្ធវិធី ទ័ព​ខ្មែរ​ត្រូវ​បើក​ច្រក​ឱ្យ​ទ័ព​សៀម​ចេញ​បាន​ទៅ​ទិស​ខាងត្បូង​តាម​បំណង​ របស់​គេ ។ ទ័ព​សៀម​ពុំ​ដឹង​កិច្ចកល ចេះ​តែ​លើក​សំរុក​ដេញ​តាម​ប្រហារ​ទ័ព​ខ្មែរ​រហូត​មក​ប៉ះ​នឹង​ទ័ព​ហ្លួង​ដែល​ ត្រៀមចាំ​ទាំង​៧​កង ។ មួយ​រំពេច​នោះ​ហ្លួង​អម្ចាស់​ជីវិត ត្រាស់​បង្គាប់​ឱ្យ​ទាហាន​បាញ់កាំភ្លើង​ធំ​ជា​សញ្ញា ។ ទ័ព​ខ្មែរ​គ្រប់​កង​ដែល​បង្កប់​ក៏​ចេញ​ម្នីម្នា​ពី​ក្នុង​ព្រៃ ព្រួត​គ្នា​វាយ​ផ្ទប់​ពី​គ្រប់​ទិស ដោយ​សៀម​ពុំ​បានដឹង​ខ្លួន​ជា​មុន ។ ទ័ព​សៀម​ចុះ​ខ្សោយ​ដោយ​ស្លាប់​នឹង​ជំងឺ​គ្រុន​ខ្លះ ដោយ​កំពុង​កើត​ជំងឺគ្រុនចាញ់​ខ្លះ (​ឈឺ​អស់​៣​សួន ស្លាប់​អស់​១​សួន​) នៅ​សល់​តែ​ជាង​២​សួន​(​ភាគ​, ចំណែកៈ ប្រើ​សម្រាប់​គិត​គណនា​រាប់​ចំនួន​សេនា​ទាហាន ដោយ​ទាហាន​មាន​ច្រើន​រាប់​ម៉ឺន​សែន លាន​នោះ គេ​ពិបាក​រាប់​ចំនួន​តាម​ការ​ប្រើ​តួលេខ​ណាស់ គេ​រាប់​ម៉ៅ​ជា​សួន​វិញ គឺ​គិត ស្មាន​ៗ ជួនកាល​គេ​