ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឈូស​បុរាណ​នៅ​ប្រាសាទបន្ទាយសំរែ នៅ​តែ​ជា​អាថ៌​កំបាំង ​គ្មាន​អ្នក​ស្រាវជ្រាវ​ណា​ម្នាក់​អាច​បកស្រាយ​បាន​នៅឡើយ

6 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បន្ទាយសំរែ​គឺជា​ប្រាសាទ​បុរាណ​មួយ​ដែល​កសាង​ឡើង​អំពី​ថ្មភក់ លាយ​គ្នា​ជាមួយ​

ខេត្ត​សៀម​រា​ប ៖ បន្ទាយសំរែ​គឺជា​ប្រាសាទ​បុរាណ​មួយ​ដែល​កសាង​ឡើង​អំពី​ថ្មភក់ លាយ​គ្នា​ជាមួយ​និង​ថ្មបាយក្រៀម​។

បច្ចុប្បន្ន​ប្រាសាទ​ដ៏​អស្ចារ្យ​មួយ​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ភាគ​ខាងកើត ពី​ភូមិ​ព្រះ ដាក់ ឃុំ​ព្រះ​ដាក់​នៃ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ជា​ផ្លូវ​សំដៅ​ទៅ​ប្រាសាទភ្នំបូក ។

ក្រុម​អ្នក​ស្រាវជ្រាវ បាន​សន្និដ្ឋាន​ថា តាម​ការ​ពិនិត្យ​ទៅ​លើ​រចនាបថ​សិល្បៈ គឺ​ប្រាសាទបន្ទាយសំរែ ប្រហែលជា​កសាង​ឡើង​នៅ​អំឡុង​ចុង​សតវត្ស​ទី​១១ ក្នុង​រជ្ជ​កាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២​ក្នុង អំឡុង​គ្រី​ស្ដ​សករាជ​១១១៣-១១៥០ ហើយ​ប្រហែល ជា​បញ្ចប់​នៅ​ក្នុង​រជ្ជកាល​នៃ​ស្ដេច​យ​សោវរ្ម័ន​ទី​២ អំឡុង​គ្រី​ស្ត​សករាជ​១១៥០- ១១៦៥ ដើម្បី​ឧ​ទិ្ទ​ស​ដល់​ព្រហ្មញ្ញសាសនា​និកាយ​ព្រះ​នារាយណ៍​។

ប្រាសាទបន្ទាយសំរែ បាន​កសាង​ឡើង ដោយ​យក​លំនាំ​តាម​រចនាបថ របស់​ប្រាសាទអង្គរវត្ត ពីព្រោះ​កំពូល​កណ្ដាល​របស់​វា មាន​រូបរាង​ស្រ​ដៀង​គ្នា​ទៅ​និង​កំពូល​របស់​ប្រាសាទអង្គរវត្ត​ដែរ​គ្រាន់តែ​ប្រាសាទបន្ទាយសំរែ មាន​កំពូល​តិច​និង​តូច​ជាង​ប្រាសាទអង្គរវត្ត​។ ប្រាសាទបន្ទាយសំរែ​នេះ ក៏​ស្រ​ដៀង​គ្នា​ទៅ​និង​ប្រាសាទ​មួយ​ចំនួន​ផ្សេង​ទៀត​ដូច ជា​ប្រាសាទចៅសាយទេវតា បឹង​មាលា ទេព​មាន​ន និង​ប្រាសាទ​ចំនួន​ពីរ​ទៀត ដែល​នៅ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន គឺ​ប្រាសាទ​ភី​ម៉ា​យ និង​ភ្នំ​រូង​។

អ្វី​ដែល​ជា​ច​ម្ង​ល់​បំផុត​របស់​អ្នក​ទេស​ចរណ៍ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​នោះ គឺ​ប្រាសាទបន្ទាយសំរែ មាន​មឈូស​បុរាណ​មួយ ធ្វើ​អំពី​ថ្មភក់ ដែល​មាន​ទទឹង​ប្រហែល​០.៨​ម៉ែត្រ​និង​បណ្ដោយ​ប្រហែល ១.២​ម៉ែត្រ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​មុខ​កាំ​ជណ្ដើរ​នៃ​ខ្លោងទ្វា​ចូល​ខាងកើត​របស់​ប្រាសាទ​នោះ​។

លោក ឡុ​ង ណា​រី ប្រធាន​ក្រុមការងារ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​និង​បុរាណវិទ្យា ឱ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​១៩៣៦ នៅ​ពេល​ដែល​ក្រុម​បារាំង បាន​ទៅ​ជួសជុល ដោយ​សិក្សា និង​ធ្វើ​កំណាយ​នៅ​ប្រាសាទបន្ទាយសំរែ ក៏​បាន​ប្រទះ​ឃើញ​មឈូស​បុរាណ​ធ្វើ​អំពី​ថ្មភក់​មួយ​នេះ​កប់​នៅ​ក្នុង​ដី​ជាប់​កាំជណ្ដើរ​ឡើង ផ្នែក​ខាងកើត​របស់​ប្រាសាទ​នេះ​។ ការ​រក​ឃើញ​កាល​ណោះ គឺម​ឈូស​ថ្ម មាន​សភាព​បាក់បែក​ជា​ច្រើន​បំណែក ក៏​ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បារាំង​ក៏​បាន​ប្រមូល​មក​ផ្គុំ​គ្នា​ឱ្យ​ក្លាយទៅជា​រូបរាង​ម​ឈូស​ឡើង​វិញ ហើយ​ក៏​បាន​យក​មក​ដាក់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​របស់​ប្រាសាទបន្ទាយសំរែ តាំងពី​ពេល​នោះ​មក រហូត​ដល់​បច្ចុប្បន្ន​។

លោក ឡុ​ង ណា​វី បាន​បញ្ជាក់​ទៀត​ថា​ក្រុម​អ្នក​ស្រាវជ្រាវ​ជំនាន់​ក្រោយ​នៅ​ពេល​ឃើញ​របស់​ចម្លែក​នៅ​ក្នុង​ប្រាសាទ​នេះ គេ​ក៏​ចាប់ផ្ដើម​ពិនិត្យ​មើល ដោយ​ឃើញ​នៅ​លើ​គំរប​មាន​ឆ្លាក់​រូប​រា​ហ៊ូ ហើយ​នៅ​បាត​ក្រោម​របស់​វត្ថុ​នោះ ក៏​បាន​ចោះ ប្រហោង​សម្រាប់​បង្ហូរទឹក ឬ​ក៏​ទុក​ឱ្យ​ទឹក​ហូរ​ចេញ​ទើប​គេ​សន្និដ្ឋាន​ថា​វា​គឺជា​មឈូស​បុរាណ ១​ដែល​នៅ​សេសសល់​តាំងពី​សម័យ​កសាង​ប្រាសាទ​នោះ មក​ម្ល៉េះ​។

បុរាណ​វិទូរ និង​ជា​ប្រធាន​នាយកដ្ឋានស្រាវ​ជ្រាវ បណ្ដុះបណ្ដាល​និង​ផ្សព្វផ្សាយ លោក អ៊ឹម សុខ​រិ​ទ្ធី ពន្យល់​ថា តាម​ការ ស្រាវជ្រាវ​កន្លង​មក វត្ថុ​ចម្លែក​ដែល​ធ្វើ​អំពី​ថ្មភក់​នៅ​ប្រាសាទបន្ទាយសំរែ​នោះ វា​គឺ​ពិតជា​ដូច​គ្នា​ទៅ​និង​មឈូស​ដែល​គេ​ដាក់​ស.ព​មែនទែន ក៏​ប៉ុន្តែ​លោក​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​ទៅ លោក យល់​ថា វា​មិន មែន​ជា​ទម្រង់​មឈូស​សម្រាប់​ដាក់​សាកសព​ទេ គឺ​វា​ប្រហែលជា​មឈូស សម្រាប់​គេ​ដាក់​អដ្ឋិធាតុ​សម័យ​បុរាណ​។

បើ​ទោះបីជា​យ៉ាងណា លោក អ៊ឹម សុខ​រិ​ទ្ធី ពន្យល់​ថា​ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​មក នេះ វា​នៅ​តែ​ជា​អាថ៌​កំបាំង ដោយ​គ្មាន​អ្នក​ស្រាវជ្រាវ​ណា​ម្នាក់​ទាន់​ហ៊ាន​អះអាង​ថា​មឈូស​បុរាណ ដែល​គេ​ឃើញ​នៅ​ក្នុង​ប្រាសាទបន្ទាយសំរែ​នោះ​ជាម​ឈូស​របស់​អ្នក​ណា​ឬ​ក៏​សម្រាប់​ដាក់​សព​ស្ដេច​អង្គ​ណា កាលពី​សម័យ​បុរាណ​នោះ​ច្បាស់ លាស់​នៅឡើយ​ទេ​។ ក្រុម​អ្នក​ស្រាវជ្រាវ​ជំនាន់​ថ្មី បាន​ត្រឹមតែ​សន្និដ្ឋាន​ថា មឈូស​បុរាណ ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ប្រាសាទ​បន្ទាយសំរែ​នោះ ប្រហែលជា​សម្រាប់​ដាក់​អដ្ឋិធាតុ​របស់​បុគ្គល​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​ណា​ម្នាក់​ប៉ុណ្ណោះ​។

ដោយសារ​តែ​ស្ថានភាព​មឈូស​ថ្ម​បុរាណ​នៅ​ប្រាសាទបន្ទាយសំរែ​នោះ មាន​សភាព​បាក់បែក​ខ្លាំង​គឺ​កាលពី​អំឡុង​ខែវិច្ឆិកា​ឆ្នាំ ២០១៨ ដល់​ខែកញ្ញា​ឆ្នាំ​២០១៩ ក្រុម​អភិរក្ស​ថ្ម​(SCU) បាន​ទៅ​ជួសជុល​មឈូស​នៅ​ខាង​មុខ​ខាងកើត​នៃ​តួ​ប៉ម​កណ្តាល​របស់​ប្រាសាទបន្ទាយសំរែ​នោះ ឱ្យ​បាន​រឹង​មាំ​ឡើង​វិញ​។

វិធីសាស្ត្រ​ជួសជុល​ដែល​ធ្វើ​តាម​ជំនាញ​បច្ចេកទេស​ដូច​ជា​បាន​ដក​យក​បាយអ​ស៊ីម៉ង់ត៍​និង​ស្នូល​ដែក ដែល​ជួសជុល​កាលពី​សម័យ​បារាំង​ដែល​អស់​គុណភាព​ទៅ​ហើយ​នោះ​ចេញ លាង​សម្អាត​ស្លែ កំណក​ដី​ធូលី​និង​ដំណក់​ទៀន បាន​បន្សាប ជាតិ​អំបិល​ចេញពី​ក្នុង​ថ្ម បាន​ធ្វើការ ពង្រឹង​ផ្ទៃ​ថ្ម​ដែល​ពុក​ផុយ​។

យក​បំណែក​គំរប​មឈូស​ចំនួន​៦​ដុំ ដែល​រក​ឃើញ​ត្រូវ​បាន​ព្យាបាល​និង​បាន​ស្វាន​ដាក់​ស្នូល ភ្ជាប់​ជាមួយ​កាវ​ឡើង​វិញ ដាប់ថ្ម​ថ្មី​ដាក់​ជំនួស​នៅ​កន្លែង​ដែល​បាន​បាត់ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ដល់​មឈូស ព្រមទាំង​បិទ​សា្ន​ម​ប្រេះ និង​ចន្លោះ​ថ្នេរ​ថ្ម​ទាំងអស់​ជាមួយ​បាយអ បំពេញ​ដើម្បី​កាត់​បន្ថយ​ការ​ជម្រាប​ទឹកជា​ដើម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ