ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរាណ​វិទូ​អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ចម្លាក់ ​“​គុន​ខ្មែរ” ​នៅ​តាម​ប្រាសាទ​ ក្នុង​តំបន់​អង្គរ

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក ភឹង តារា បុរាណ​វិទូ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​នូវ​រូបចម្លាក់​មួយ​ចំនួន ទាក់ទង​នឹង​ក្បាច់​វាយ​គ្នា ដូច​ជា​គុន​ខ្មែរ ចំបាប់…

ខេត្តសៀមរាប ៖ លោក ភឹង តារា បុរាណ​វិទូ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​នូវ​រូបចម្លាក់​មួយ​ចំនួន ទាក់ទង​នឹង​ក្បាច់​វាយ​គ្នា ដូច​ជា​គុន​ខ្មែរ ចំបាប់ ឬ​ល្បុកតោ នៅ​តាម​ខឿន នៃ​ប្រាសាទ​មួយ​ចំនួន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​នេះ ។

តាម​អ្នកជំនាញ រូបចម្លាក់​ទាំងនោះ មាននៅ​ប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះ​ខ័ន និង​ប្រាសាទ​ប្រី​ជាដើម ។

លោក ភឹង តារា ពន្យល់​ថា ភាគច្រើន​ចម្លាក់​គុន ឬ​ក្បាច់​វាយ​គ្នា​ទាំងនោះ ច្រើន​ឆ្លាក់​ជា​ចម្លាក់​តូច​ៗ មាន​ឆ្លាក់​នៅ​ខឿន​ខាង​ផ្នែក​ខាងក្រោម​ប្រាសាទ ។ តួយ៉ាង នៅ​ខឿន​ខាងត្បូង​សាល​របាំ នៃ​ប្រាសាទតាព្រហ្ម ចម្លាក់​ប្រមាណ ៨​រូប បាន​ឆ្លាក់​តម្រៀប​គ្នា​ជា​ជួរ ដោយ​មាន​ជា​ក្បាច់​ឱប​ក ឡើង​ជង្គង់ កម្ដៅ​សាច់ដុំ ការ​ឱ្យ​ទឹក ។​ល​។ ក្រៅពី​នោះ មាន​ឆ្លាក់​ដាច់​ពី​គេ នៅ​ផ្នែក​ខាងត្បូង នៃ​ប្រាសាទ​នេះ​ផង​ដែរ ។

នៅ​ប្រាសាទតាព្រហ្ម​ដដែល ត្រង់​ចម្លាក់​ដែល​មាន​មនុស្ស​ពីរ​នាក់​ឡើង​ជង្គង់​។ រូប​នេះ ត្រូវ​បាន​លោក ភឹង តារា យល់​ថា​ជា​គុន​ខ្មែរ ដោយ​គេ​ឃើញ​មាន​មនុស្ស​ពីរ​នាក់ កំពុង​ប្រកួត​គ្នា​។ អ្នក​នៅ​ខាងស្តាំ​ចាប់​ក្បាល​អ្នក​នៅ​ខាងឆ្វេង​សង្កត់​ចុះ​ក្រោម ឯជើង​ខាងឆ្វេង​វិញ ឡើង​ជង្គង់​ទៅ​រក​គូប្រកួត​ខ្លួន​។ តែ​អ្នក​នៅ​ខាងឆ្វេង​វិញ យកដៃ​ស្តាំ​របស់​ខ្លួន​ចាប់​ទប់​ជង្គង់​នោះ កុំ​ឲ្យ​មក​ត្រូវ​មុខ​បាន​។ អ្នក​ស្រាវជ្រាវ យល់​ថា នេះ​ប្រហែលជា​ការ​ប្រកួត​នៅ​ក្នុង​ការ​ហាត់​សម​ប៉ុណ្ណោះ ដ្បិតអី​នៅ​ប៉ែក​ខាងស្តាំ​នៃ​រូប ឃើញ​មាន​មនុស្ស​ម្នាក់​អង្គុយបញ្ឈរជង្គង់ យកដៃ​ចង្អុល​មក​អ្នក​ទាំង​ពីរ ហាក់ដូចជា​បង្គាប់​ស្នៀត​អ្វីមួយ​។

ចំណែក​ចម្លាក់ នៅ​ជញ្ជាំង​ប្រាសាទព្រះខ័ន​វិញ លោក ភឹង តារា ពន្យល់​ថា គេ​ឃើញ​នៅ​លើស​សរ​ផ្អោប ឃើញ​មាន​មនុស្ស​ពីរ​នាក់​ចាប់​ឱប​កាច់​គ្នា ដោយ​អ្នក​ខាងឆ្វេង​ចាប់​កាច់ ក​គូប្រកួត​មក​ក្រោម តែ​អ្នក​ស្តាំ​នោះ​វិញ ក៏​ខំ​ឱប​ចាប់​ភ្លៅ​ដៃគូ​ខ្លួន​ជាប់ ដើម្បី​កុំ​ឲ្យ​កាច់​ផ្តួលខ្លួន​បាន ។

ដោយសារ​ជា​ចម្លាក់​ល្អិត ដូច្នេះ​ចម្លាក់​ទាំងនោះ ពុំ​សូវ​មាន​អ្នក​ស្គាល់ និង​ចាប់អារម្មណ៍​ទេ​។ ពួក​គេ​តែង​ទៅ និង​មក​ហួស​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ