ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ចំណាស់មួយ​​ដែលមាន​អាយុ​ជាង​១២០០​ឆ្នាំមុន​សម័យ​អង្គរ​​ទៅទៀត

6 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​ប្រាសាទ​កំពង់ព្រះ​» គឺជា​ប្រាសាទ​ចំណាស់​មួយ​ដែល​មាន​អាយុកាល​ដល់​ទៅ​ជាង​​១២០០​ឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន នៅ​តែ​អាច​តាំង​ជំហរ​ឈរ​លើ​ទីទួល​បុរាណ​មួយ​នា​តំបន់​ខាងលិច​បឹង​ទន្លេសាប ដើម្បី​ស​ម្ញែង​សោភ័ណ​ភាព​បង្អួត​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​នា​សម័យ​ដើម គ្រា​ដែល​ក្បូរ​ក្បាច់​រេច​នា​សិល្បៈ មាននៅ​លើ​ប្រាសាទ​មាន​វ័យ​ចំណាស់​មួយ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​បុរាណ​វិទូ​ចាត់ទុកជា​គំរូ…

ខេត្តកំពង់ឆ្នាំង ៖ «​ប្រាសាទ​កំពង់ព្រះ​» គឺជា​ប្រាសាទ​ចំណាស់​មួយ​ដែល​មាន​អាយុកាល​ដល់​ទៅ​ជាង​​១២០០​ឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន នៅ​តែ​អាច​តាំង​ជំហរ​ឈរ​លើ​ទីទួល​បុរាណ​មួយ​នា​តំបន់​ខាងលិច​បឹង​ទន្លេសាប ដើម្បី​ស​ម្ញែង​សោភ័ណ​ភាព​បង្អួត​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​នា​សម័យ​ដើម គ្រា​ដែល​ក្បូរ​ក្បាច់​រេច​នា​សិល្បៈ មាននៅ​លើ​ប្រាសាទ​មាន​វ័យ​ចំណាស់​មួយ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​បុរាណ​វិទូ​ចាត់ទុកជា​គំរូ «​រចនាប័ទ្ម​កំពង់ព្រះ​»​។ ​ប្រាសាទ​នេះ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។

ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង លោក​សុខ ធួ​ក មាន​ប្រសាសន៍​ថា ប្រាសាទ​កំពង់ព្រះ ត្រូវ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​៧ និង​ដើម​សតវត្ស​៨ មុន​សម័យ​អង្គរ ក្នុង​រាជ​ព្រះ​មហាក្សត្រិយ៍ ព្រះ​នាង​ជ័យ​ទេវី ដែល​បាន​ឡើង​សោយរាជ្យ​ពី​ឆ្នាំ ៦៨១ ដល់ ៧១៣ នៃ​គ្រិស្ត​សករាជ្យ​បន្តវេន​ពី​ព្រះ​បី​តា​របស់​ព្រះ​នាង គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​១ (​គ​.​ស ៦៥៧-៦៨១) តាម​រចនា​ប័ទ្ម​កំពង់ព្រះ​មុន​សម័យ​អង្គរ សម្រាប់​ឩ​ទ្ទិស​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា​ ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា​ ប្រាសាទ​កំពង់ព្រះ ត្រូវ​បាន​សាងសង់​ឡើង​ចំនួន​២​ទន្ទឹម​គ្នា ដែល​តួ​ប្រាសាទ​មួយ​មាន​ទំហំ​ធំ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​សន្មត់​ជា​ប្រាសាទ​ស្រី និង​ប្រាសាទតូច​ជាង​ត្រូវ​បាន​សន្មត់​ជា​ប្រាសាទ​ប្រុស​ ។ ប្រាសាទ​ទាំង​២​បាន​សាងសង់​អំពី​ថ្មភក់​និង​ឥដ្ឋក្រហម បែរមុខ​ទៅ​ទិស​ខាងជើង សំដៅ​ទៅ​បឹង​ទន្លេសាប ប្រមាណ​តែ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ។​

ចំពោះ​តួ​ប្រាសាទ​ស្រី​នៅ​រក្សា​រូបរាង​បាន​ល្អ​ជាង​ប្រាសាទ​ប្រុស មាន​ទំហំ​៦​គុណ​នឹង​៥​ម៉ែត្រ មាន​
កម្ព​ស់​១០​ម៉ែត្រ មាន​ទ្វារ​បញ្ឆោត​ចំនួន​៣ ដែល​មាន​ក្បាច់​ផ្ដែរ​ឆ្លាក់​ជា ក្បាច់​ផ្កា​ភ្ញី​រាង​អ័ក្ស​ដង​ធ្នូ អម​ទៅ​ដោយ​សសរ​ពេជ្រ​ឆ្វេង​ស្ដាំ និង​ក្បាច់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ទៀត​ ។​ ចំណែក​ទ្វារ​ពិតប្រាកដ​បែ​រ​មុខ​ទៅ​ទិស​ខាងជើង មាន​ក្បាច់​ផ្ដែរ​បាន​របះ​ធ្លាក់​សឹក​រេចរឹល​មួយ​ផ្នែក​ធំ​ ។

​ប្រាសាទ​ប្រុស នៅ​ចម្ងាយ​៣​ម៉ែត្រ ពី​ខាងលិច ប្រាសាទ​ស្រី មាន​ទំហំ ៤​ម៉ែត្រ​៤​ជ្រុង មាន​កម្ពស់​ប្រហែល​៥​ម៉ែត្រ មិន​មាន​បន្សល់​ទុក​នៅ​ក្បាច់ចម្លាក់​អ្វី​ឡើយ ក្រៅពី​ស៊ុមទ្វារ​ដែល​ប្រឹង​ទ្រ​ទប់​ដោយ​សសរ​ពេជ្រ​មួយគូ និង​ស្លាកស្នាម​ទ្វារបញ្ឆោត​នៅ​តាម​ទិស​ទាំង​បី ដែល​មាន​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ ។

ប្រាសាទ​កំពង់ព្រះបាន​កសាង​លើ​ដី​ទួល​មួយ ក្នុង​បរិវេណ​វត្ត​កំពង់ព្រះ​ដែល​ពី​បុរាណកាល​មក​គេ​ហៅ​ត​ៗ​គ្នា​ថា​«​វត្ត​ទួល​ព្រះ​ស្រី​ពិជ័យ​សូរ​វង្ស​កំពង់ព្រះ​»​។ សម្រាប់​ភ្ញៀវ​ទេសចរចង់ទៅ​លេងកម្សាន្ត​​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ដល់​មុខ​ផ្សារ​ពន្លៃ និង​ម្ខាង​ទៀត​មុខ​សាលាស្រុក​បរិបូរ​ណ៌ ត្រូវ​បត់​ចុះ​ទៅ​មាត់​កំពង់ទឹក​ឆ្នុកទ្រូ ដល់​ផ្លូវបំបែក​ខាងស្តាំ​ដៃ​បត់​ចូល​ប្រមាណ​១​គីឡូម៉ែត្រ​នឹង​ដល់ទី​ទួល​ប្រាសាទ​កំពង់ព្រះ​នោះ​ហើយ​។

​បច្ចុប្បន្ន ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​កំពង់ព្រះ មិន​ស្ងាត់ជ្រងុំ​ដូច​មុន​ទៀត​ទេ ព្រោះ​ចាប់តាំងពី​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បន្លាស​ទី​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ឱ្យមក​រស់នៅ​លើគោក ពួក​គាត់​ត្រូវ​បាន​មក​តាំង​ទីលំនៅ​តាម​ដងផ្លូវ​នោះ​អស់ហើយ ៕​

អត្ថបទសរសេរ ដោយ