ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានធ្វើការឆ្លើយតបភ្លាមៗទៅកាន់មហាជនមួយចំនួនតូចដែលបានធ្វើការរិះគន់មកលើរូបនាង បន្ទាប់ពីនាងបានគ្រងម្កុដបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២៥ (Miss Universe Cambodia 2025) ក្នុងវគ្គផ្តាច់ព្រ័តដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ។

បើទោះបីជាកម្មវិធីបានបិទបញ្ចប់ និងបានស្វែងរកម្ចាស់ម្កុដឃើញរួចហើយក៏ដោយ ប៉ុន្តែរហូតមកទល់នាពេលនេះ គេឃើញមានមហាជនជាច្រើនបានផ្ទុះការវែកញែកដោយមានអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ក្នុងនោះមានមួយចំនួនតូចហាក់មិនពេញចិត្តចំពោះការសម្រេចចិត្តឲ្យហ្វីយ៉ាតា គ្រងម្កុដនៃនេះឡើយ ដោយសារពួកគេបានមើលឃើញនូវចំណុចអវិជ្ជមានមួយចំនួនរបស់នាង។

រឿងហេតុនេះ បានកើតឡើងទំនងដោយសារពួកគេម្នាក់ៗមានទំនោរ និងការស្រឡាញ់ចំពោះបេក្ខភាពរបស់ពួកគេព្រោះម្នាក់ ហើយនៅពេលដែលបេក្ខភាពរបស់ពួកគេមិនទទួលបានជោគជ័យក៏ផ្ទុះចេញនូវការរិះគន់ទាំងអស់កើតឡើង ។

ទោះជាយ៉ាងណា ឆ្លើយតបការរិះគន់ពីមហាជនមួយចំនួនតូច ចំពោះតំណែងម្ចាស់ម្កុដរបស់ខ្លួននាពេលនេះ ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានចាត់ទុកថា ការរិះគន់ទាំងនេះគឺនាងមិនអាចកែប្រែពីការគិតរបស់អ្នកណាម្នាក់ឡើយ តែនាងអាចកែប្រែការគិតរបស់នាងបាន ខណៈពេលដែលនាងតាំងចិត្តនឹងបន្តដំណើរមួយនេះដោយភាពជឿជាក់ ។

តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គម ហ្វីយ៉ាតា បានបញ្ជាក់ថា ខ្ញុំមិនអាចកែការគិតនរណាម្នាក់បានទេ តែខ្ញុំអាចកែការគិតខ្ញុំបាន.. ខ្ញុំដឹងថា ខ្ញុំពិតស្មោះត្រង់.. ហើយខ្ញុំនឹងបន្តដំណើរនេះ ដោយបេះដូង និងជីវិត ។

នាងបន្តថា គោរពអរគុណប្រជាជនកម្ពុជាដែលអាណិតស្រលាញ់ខ្ញុំ…🇰🇭 ខ្ញុំដឹងថា ខ្ញុំពិតស្មោះត្រង់.. ហើយខ្ញុំនឹងបន្តដំណើរនេះដោយបេះដូង នឹងជីវិត.. ។ ដោយឡែក បន្ទាប់ពីបានគ្រងម្កុដ Miss Universe Cambodia 2025 ហ្វីយ៉ាតា ក៏បានបញ្ចេញសំណេររបស់ខ្លួនលើបណ្តាញសង្គមថា
ត្រលប់មើលទៅក្រោយទើបដឹងថាយើង ដើរមកបានឆ្ងាយហើយដល់គោលដៅហើយ ថ្ងៃដែលខ្ញុំបានប្រាកដចិត្តថា ខ្ញុំពិតជាបានបង្ហាញអ្វីដែលលាក់ក្នុងខ្លួនបានដល់ពិភពលោកពិតមែន ដោយបេះដូង ដោយភាពស្មោះត្រង់ ពិភពលោកមិនមើលរំលងបេះដូង នឹងកំលាំងចិត្តពិតនៃអ្នកបានទេ អ្នកក៏ធ្វើវាបានដូចគ្នា បើអ្នកពិត តាមដានដំណើរនេះមកពីដំបូង អ្នកនឹងឃើញពីសេចក្ដីពិតដោយឯង ។

គួរបញ្ជាក់ថា ក្រោយគ្រងម្កុដ Miss Universe Cambodia 2025 នេះ ហ្វីយ៉ាតា និងតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅប្រទេសថៃ ៕




ចែករំលែកព័តមាននេះ