ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​មួយ​ក្រុម​បង្កើត ​មូលនិធិ​បេះដូង​តែ​មួយ​ដើម្បី​ជួយ​ដល់​វីរ​កងទ័ព និង​បងប្អូន​ជនភៀសសឹក

11 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ យុវជន​មួយ​ក្រុម​បាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ងាក​មក​ខ្វល់ខ្វាយ​រឿង​ប្រទេស​ជាតិ​ដោយ​បង្កើត “​មូលនិធិ​បេះដូង​តែ​មួយ One Heart Team (OHT)” ដើម្បី​ទទួល​រៀបចំ​ជំនួយ​សប្បុរសធម៌​របស់​មហាជន​ខ្មែ​ពី​គ្រប់​ទិស​ទី ដែល​មាន​ទឹកចិត្ត…

​រាជធានីភ្នំពេញ​ ៖ យុវជន​មួយ​ក្រុម​បាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ងាក​មក​ខ្វល់ខ្វាយ​រឿង​ប្រទេស​ជាតិ​ដោយ​បង្កើត “​មូលនិធិ​បេះដូង​តែ​មួយ One Heart Team (OHT)” ដើម្បី​ទទួល​រៀបចំ​ជំនួយ​សប្បុរសធម៌​របស់​មហាជន​ខ្មែ​ពី​គ្រប់​ទិស​ទី ដែល​មាន​ទឹកចិត្ត និង​ស្មារតី​គោរព​ស្រឡាញ់ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​បងប្អូន​វីរ​កងទ័ព ក៏​ដូច​ជា​ស្មារតី​អាណិត​ស្រឡាញ់ ចំពោះ​បងប្អូន​ជនភៀសសឹក​កំពុង​តែ​ជួប​កា​លំបាក​ ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ​មក​លើ​កម្ពុជា​ ។

យុវតី ហេង វ​ឌ្ឍ​នា ស្ថាបនិក​មូលនិធិ​បេះដូង​តែ​មួយ បាន​ប្រាប់​ថា មាន​កត្តា​ធំ​ៗ២ ដែល​ជំរុញ​ឱ្យ​យុវតី​ មានការ​ឈឺចាប់​ក្នុង​ចិត្ត​អត់ទ្រាំ​មិន​បាន ក៏​សម្រេចចិត្ត​បង្កើត​ជា មូលនិធិ​បេះដូង​តែ​មួយ​នេះ​ឡើង​ក្នុង​ស្មារតី​ខ្មែរ​តែ​មួយ ដើម្បី​ប្រមូល​គ្រឿង​ឧបភោគបរិភោគ សម្ភារប្រើប្រាស់​គ្រប់យ៉ាង ព្រមទាំង​ថវិកា យក​ទៅ​ជួយ​ដល់​បងប្អូន​ជនភៀសសឹក និង​វីរ​កងទ័ព នោះ​គឺ នៅ​ពេល​យុវតី​បានឃើញ​បងប្អូន​វីរ​កងទ័ព​លះបង់​ជីវិត ​ដើម្បី​ជាតិ ហើយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ត្រូវ​រត់​ចេញពីផ្ទះ​សម្បែង​រង​ទុក្ខ​លំបាក​វេទនា ​។

យុវតី ហេង វ​ឌ្ឍ​នា និយាយ​ថា​៖ «​កត្តា​ធំ​២​គឺ​ជនភៀសសឹក ហើយ​និង​កងទ័ព ជា​ពិសេស គឺ​ពេល​ឃើញ​ពួក​គាត់​ត្រូវ​រត់​ចេញពីផ្ទះ ហើយ​កងទ័ព​យើង​ត្រូវ​លះបង​ជីវិត​ដើម្បី​ជាតិ​របស់​យើង ឃើញ​អ៊ីចឹង​ពិតជា​ឈឺ​ក្នុង​ចិត្ត ចឹ​ង​បាន​វា​ជំរុញ​ឱ្យ​ខ្ញុំ​ចាប់ផ្តើម​បង្កើត មូលនិធិ​បេះដូង​តែ​មួយ ដើម្បី​ឱ្យ​ពួក​គាត់​បានឃើញ​ជំនួយ ហើយ​គិត​ថា​ពួក​យើង​មិន​រត់​ចោល​គាត់​ទេ ពួក​យើង​នៅ​តែ​ចាំ​ជួយ​គាត់​រហូត​»​ ។

បើ​តាម​យុវតី ហេង វ​ឌ្ឍ​នា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ មូលនិធិ​ទើប​ចាប់ផ្តើម​ទទួល​ជំនួយ​បាន​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មក ក្រុមការងារ​យុវជន​ខ្មែរ​តែ​មួយ បេះដូង​តែ​មួយ ប្រមូល​បាន​សម្ភារៈ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​ចំនួន ៧​រថយន្ត​ធំ​ៗ ដោយ​វេច​ខ្ចប់​បាន​រាប់​ពាន់​ឃី​ត​ដឹក​យក​ទៅ​ជួយ​ដល់ ​បងប្អូន​ជនភៀសសឹក និង​បងប្អូន​វីរ​កងទ័ព ​។

លោកស្រី ហៀ​ក ច័ន្ទ​ណា​រី គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​ដឹកនាំ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ដើម្បី​ជួយ​រៀបចំ​សម្ភារៈ​ប្រើប្រាស់ ដែល​ទទួល​បាន​ពី​សប្បុរសជន សម្រាប់​យក​ទៅ​ឧបត្ថម្ភ​ ជូន​ដល់​បងប្អូន​ជនភៀសសឹក និង​វីរ​កងទ័ព​ជួរ​មុខ តាម​រយៈ​មូលនិធិ​បេះដូង​តែ​មួយ​។ ជាមួយ​គ្នា​នោះ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​យុវជន និង​បងប្អូន​ជនរួមជាតិ​ទាំងអស់​សូម​ឆ្លៀតពេល​វេលា​មក​ ចូលរួម​ជួយ​រៀបចំ​សម្ភារឬ​អាច​ចូលរួម​ផ្តល់​គ្រឿង​សម្ភារ ​ប្រើប្រាស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​។

អ្នកស្រី​ថ្លែង​ថា​៖ «​ក្នុង​គ្រាអាសន្ន​នេះ កម្លាំង​ពលកម្ម ឬ​ក៏​កម្លាំង​ថវិកា និង​សម្ភារ​ទាំងអស់ គឺ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ជួយ​ដល់​បងប្អូន​ខ្មែរ​យើង​ទាំងអស់​គ្នា សូមកុំ​ប្រកាន់​បក្ខពួក ខាង​នេះ​ខាង​នោះ​អី គឺ​យើង​ជា​ខ្មែរ​តែ​មួយ បេះដូង​តែ​មួយ មាន​កម្លាំង​ជួយ​កម្លាំង មាន​សម្ភារ​ជួយ​សម្ភារ មាន​ថវិកា​ជួយ​ថវិកា​»​ ។

លោក ប៉ិច សុខ​ហេង យុវជន​ស្ម័គ្រចិត្ត​ដែល​បាន​ចូលរួម​ជួយ​ការងារ​នេះ បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ក្នុង​ការ​ជួយ​រៀបចំ​សម្ភារៈ​ប្រើប្រាស់​សម្រាប់​បងប្អូន​ជនភៀសសឹក និង​វីរ​កងទ័ព​។ លោក​ជឿជាក់​ថា សកម្មភាព​នេះ​គឺ​កម្លាំងចិត្ត​ សម្រាប់​បងប្អូន​កងទ័ព និង​ជា​ការ​ជួយ​សម្រាល់ទុក្ខ​ ដល់​បងប្អូន​ជនភៀសសឹក​ដែល​កំពុង​រង​ការ​លំបាក ​។

សុខ​ហេង និយាយ​ថា​.៖ «​សម្រាប់​បងប្អូន​វីរ​កងទ័ព ​គឺ​គាត់​មានការ​លំបាក​ជាង​យើង​គុណ​ នឹង​១០០​ដង ចឹ​ង​ទោះជា​សម្ភារ​ឬ​ឥ​វ៉ា​ន់​យើង​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​ធ្វើការ​អត់​ហត់​ដែរ គឺ​យើង​ធ្វើ​ចេញពី​ចិត្ត ចេញពី​បេះដូង​ពិត​»​ ។

សូម​បញ្ជាក់​ថា ក្រុមការងារ​មូលនិធិ​បេះដូង​តែ​មួយ One Heart Team នៅ​តែ​បន្ត​ទទួល​ជំនួយសម្ភារនិង​ថវិកា​ពី​សាធារណជន ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៨​ព្រឹក​-៨​យប់ នៅ​ទីតាំង​ទទួល​ជំនួយ​ផ្ទាល់​គឺ អគារ​អង្គរវត្ត ក្នុង​បរិវេណ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ខាងក្រោយ​វត្ត​ទឹកថ្លា តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុ​ស្សី ឬ បងប្អូន​អាច​ទំនាក់ទំនង​តាម​រយៈ ទូរ​សព្ទ​លេខ 017 985 877 / 066 203 689 / 097 373 8233 ៕ អត្ថបទសហការ