ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស (ITE) សិង្ហ​បុរី គ្រោង​ចុះ MoU ដើម្បី​បន្ត​ជំរុញ​អភិវឌ្ឍន៍ ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ​នៅ​កម្ពុជា

13 ម៉ោង មុន

​រាជធានីភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម…

​រាជធានីភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក Chong Leong Fatt នាយករង​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស (ITE) និង​សហការី នៅ​ទីស្តីការក្រសួង​ ។

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ លោក Chong Leong Fatt  ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់ ITE ។ កិច្ចសហការ​នេះ​បាន​ផ្តល់​នូវ​លទ្ធផល​ជា​ផ្លែផ្កា​នា​ពេល​កន្លង​មក​សម្រាប់​បណ្តុះបណ្តាល កសាង​សមត្ថភាព​ជាក់ស្តែង​ដល់​ថ្នាក់ដឹកនាំ និង​គ្រូ​បច្ចេកទេស TVET នៅ​កម្ពុជា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ​។ កិច្ច​សហប្រតិបត្តិការ​នេះ​គាំទ្រ​យ៉ាង​មុតមាំ​ដល់​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រេច​បាន​នូវ​វឌ្ឍនភាព​សំខាន់​ៗ នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ជា​មូលដ្ឋាន​សម្រាប់​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ ។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ថា ជំនួប​នា​ពេល​នេះ នឹង​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ITE ឱ្យ​កាន់តែ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក សំដៅ​ឈាន​ទៅ​សម្រេច​នូវ​គោលដៅ​ដែល​បាន​ដាក់​ចេញ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​ ។

ជា​ការ​ឆ្លើយ​តប លោក Chong Leong Fatt បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​បណ្តុះបណ្តាល ការ​ពង្រឹង​ការ​គ្រប់គ្រង​ស្ថាប័ន ឧត្តមភាព​នៃ​ការ​បង្រៀន និង​ការ​លើកកម្ពស់​ភាព​ទាក់ទាញ​របស់​កម្លាំង​ពលកម្ម ក្នុង​ការ​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​។ ទន្ទឹម​នឹង​នេះ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​បាន​បង្ហាញ​ពី​មោទកភាព​ដែល​បានឃើញ​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែង​យល់​បន្ថែម​អំពី​បេសកកម្ម​អាទិភាព​របស់ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ពិសេស ស្តង់ដា​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា ​។

ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ពង្រឹង​និង​ពង្រីក​ថែម​ទៀត ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា អំពី​គម្រោង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ថ្មី​មួយ​នៅ​ដើមឆ្នាំ​២០២៦ ខាង​មុខ​នេះ​ផង​ដែរ ​៕ អត្ថបទសហការ