ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ជំរុញ​អតីត​ពលករ ​​ប្រញាប់​រក​ការងារ​ក្នុងស្រុកធ្វើ ខណៈ​ដែល​ការងារ​មាន​សម្បូរ​បែប ប្រាក់​ឈ្នួល​សមរម្យ អត្ថប្រយោជន៍​ច្រើន​និង​សុវត្ថិភាព

4 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ជំរុញ​ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​មាន​បំណុល​សូម​ពិចារណា​ប្រញាប់​រក​ការងារ​ក្នុងស្រុក ដើម្បី​កសាង​ជីវភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ខណៈ​ដែល​ក្នុងស្រុក​មានការ​ងារ​យ៉ាង​សម្បូរ​បែប អត្ថប្រយោជន៍​ច្រើន ប្រាក់​ឈ្នួល​សមរម្យ និង​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ​ ។

លោក​ថ្លែង​ថា​៖ «​សូម​បងប្អូន​អតីត​ពលករ​ មក​ពី​ប្រទេស​ថៃ​ទាំងអស់ ​ដែល​មាន​បំណុល ប្រញាប់​រួសរាន់​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុងស្រុក ​ដើម្បី​ដោះស្រាយ​ជីវភាព​ឱ្យ​ប្រសើរ​ឡើង​ ។ បច្ចុប្បន្ន​នេះ ការងារ​ក្នុងស្រុក ​យើង​មាន​សម្បូរ​បែប អត្ថប្រយោជន៍​ច្រើន​យ៉ាង ប្រាក់​ឈ្នួល​ក៏​សមរម្យ ជា​ពិសេស យើង​មាន​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ​»​ ។

បើ​តាម​លោក ស៊ុន មេ​សា ការ​បំពេញការងារ​នៅ​ក្នុងស្រុក គឺជា​ការ​រួមចំណែក​លើកកម្ពស់​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ ព្រមទាំង​មាន​ភាព​កក់ក្តៅ ​បាន​នៅ​ជិត​ក្រុម​គ្រួសារ ផ្ទុយ​ពី​ការ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ប្រឈម​ការ​រើសអើង គ្មាន​ការ​ផ្តល់​តម្លៃ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេង​ៗ ពី​ជន​ជ្រុលនិយម​ថៃ​ ។ ហេតុនេះ អ្នកនាំពាក្យ​ក្រសួង​ការងារ​ជំរុញ​ដល់​បងប្អូន​អតីត​ពលករ​ទាំងអស់​ធ្វើ​ការងារ​ក្នុងស្រុក​ ដើម្បី​សម្រួល​ជីវភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ប្រកបដោយ​មាន​សុ​វត្តិភាព ​។ បងប្អូន​អតីត​ពលករ អាច​ស្វែងរក​ការងារ​ក្នុងស្រុក ដោយ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ ១២៩៧ ឬ​ទំនាក់ទំនង​អាជ្ញាធរ យុវជន​ស្ម័គ្រចិត្ត និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ពេល​នេះ ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​មាន​ជាង​ ៩០​ ម៉ឺន​នាក់ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ការងារ​របស់​ពលករ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​វេទិកា​ការងារ​ចំនួន ៥៧៩​លើក​រួច​មក​ហើយ នៅ​តាម​ភូមិ​ស្រុក ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​បងប្អូន​អតីត​ពលករ​ខ្មែរ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ក្នុង​នោះ ពលរដ្ឋ​ខ្មែរ​ជាង ៥០​ម៉ឺន​នាក់ ​ទទួល​បានការ​ងារ​ធ្វើ​តាម​រយៈ ​យន្តការ​ក្រសួង និង​វិស័យ​ឯកជន ​៕ អត្ថបទសហការ