រាជធានីភ្នំពេញ ៖ ការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ខែ នៅឆ្នាំ ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥-២០២៦ ។ យោងតាមផេកក្រសួងទេសចរណ៍ នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ និង នីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ខែ នៅឆ្នាំ ២០២៦ ។

ប្រភពឱ្យដឹងទៀតថា យោងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ ២០៧០ សជណ ចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន ។ ក្រសួងទេសចរណ៍រំពឹងថា គម្រោងសាកល្បងខាងលើនេះនឹងជំរុញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែតុលា ឆ្នាំ ២០២៦) នាពេលខាងមុខ ៕


ចែករំលែកព័តមាននេះ