ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សិរ​អសុរ​មាន​លក្ខណៈ​ពិសេស ត្រូវបានបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិ

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ ព្រះ​សិរ​អសុរ​មួយ​មាន​លក្ខណៈ​ពិសេស បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ និង​ដេ​ី​ម្បី​តាំង​បង្ហាញ​ជា​ប្រយោជន៍​សាធារណៈ​ផង​ដែរ ។ ការ​បញ្ជូន​នេះ​ចេញពី​ទីតាំង​តម្កល់​ទុកជា​យូរ​មក​ហើយ​នៅ​ខេត្តកំពង់ឆ្នាំង ។ តើ​ព្រះ​សិរ​អសុរ​នោះ​មាន​លក្ខណៈ​ពិសេស​បែប​ណា ?

បើ​តាម​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង កាលពី​ពេល ថ្មី​ៗ​កន្លង​មក មន្ត្រី​មន្ទីរ​នេះ​ដឹកនាំ​ដោយ​លោក​សិត ស អនុប្រធាន​មន្ទីរ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​លង្វែក និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​សារមន្ទីរ​ជាតិ​ភ្នំពេញ និង​ភាគី​ម្ចាស់​វត្ថុ​បុរាណ សរុប​ប្រមាណ​ជា​២០​នាក់ បាន​ចូលរួម​ក្នុង​ការ​រៀបចំ​បញ្ជូន​ព្រះ​សិរ​អសុរា​នោះ ។

ព្រះ​សិរ​អសុរ មាន​លក្ខណៈ​ពិសេស​ត្រង់​មាន​ព្រះ​ភ័ក្ត្រ​២ មាន​ក្បាច់រចនា​លម្អ​ស្ថិត​ក្នុង​រចនាបថ​បាយ័ន ។ នេះ​បើ​យោង​តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ នៃ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។

វត្ថុ​បុរាណ​នោះ​បាន​យក​ទៅ​គោរព​បូជា និង​រក្សា​ទុកជា​សម្បត្តិ​ឯកជន​ក្នុង​បរិវេណ​គេហដ្ឋាន​មួយ ស្ថិត​ក្នុងភូមិ​អន្លង់​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាំងពី​ឆ្នាំ​២០០៤​។ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ភាគី​ម្ចាស់​វត្ថុ​បុរាណ បាន​យល់ព្រម​ប្រគល់​ព្រះ​សិរ​អសុរ ឱ្យមក​សារមន្ទីរ​ជាតិ​ភ្នំពេញ ដើម្បី​អភិរក្ស ដាក់​តាំង​បង្ហាញ​ជូន​សាធារណជន​ទស្សនា និង​ស្រាវជ្រាវ​រក​ប្រភព​ដើម​របស់​វត្ថុ​បុរាណ ដេ​ី​ម្បី​នាំ​យក​ទៅ​ដាក់​តម្កល់​នៅ​ទីតាំង​ដើម​វិញ ។

មន្ត្រីរាជការ នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង និង​សារមន្ទីរ​ជាតិ​ភ្នំពេញ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​វត្ថុ​បុរាណ ដែល​មានចិត្ត​ជ្រះថ្លា​ប្រគល់​វត្ថុ​បុរាណ​មក​ឱ្យ​មន្ត្រី​ជំនាញ​សារមន្ទីរ​ជាតិ​រក្សា​ទុកជា​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​អនាគត ៕