រាជធានីភ្នំពេញ ៖ ពិធីការិនីអ្នកនាង ខៀវ សានសាណា បានដាក់គោលដៅរបស់ខ្លួន និងខិតខំជម្រុញកូនស្រីឲ្យឆ្ពោះទៅកាន់ឆាកអន្តរជាតិ ក្នុងករណីដែលកូនស្រីពិតជាពេញចិត្ត និងចង់ចូលរួមប្រកួតប្រជែងលើវិស័យបវរកញ្ញានាពេលអនាគត ។ ការដាក់គោលដៅខាងលើ ពីពិធីការិនីរូបនេះធ្វើឡើង ស្របគ្នាផងដែរ បន្ទាប់ពីកាលពីពេលកន្លងទៅ អ្នកនាងក៏ធ្លាប់បានទម្លាយពីអារម្មណ៍របស់ខ្លួនថា នាងពិតជាចង់ឃើញកូនស្រីចូលរួមប្រកួតក្នុងវិស័យបវរកញ្ញានាពេលអនាគត ខណៈពេលដែលនាងក៏ចង់មានឈ្មោះជាម្តាយបវរកញ្ញាម្នាក់ផងដែរ ។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះសំណេរលើបណ្តាញសង្គមខ្លីមួយដោយនាងបញ្ជាក់យ៉ាងច្បាស់ ចំពោះការចូលរួមប្រកួតបវរកញ្ញានេះ គឺវាអាស្រ័យលើនាង ប៉ុន្តែប្រសិនបើវាកើតឡើង ខ្ញុំនឹងជម្រុញនាងទៅកាន់ឆាកអន្តរជាតិ និងធ្វើឱ្យពិភពលោកមានមោទនភាពចំពោះកម្ពុជា ។

តាមរយៈការបញ្ជាក់ខាងលើនេះ គេក៏បានឃើញមានមហាជនសម្តែងការគាំទ្រចំពោះអ្នកនាង ខៀវ សានសាណា សម្រាប់គោលបំណងឲ្យកូនចូលរួមប្រកួតប្រជែងបវរកញ្ញានាពេលអនាគត
ខណៈពេលដែលបច្ចុប្បន្នកូនស្រីរបស់នាងកាន់តែចម្រើនវ័យជិតពេញក្រមុំ ជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាផងដែរ ។

ជាការកត់សម្គាល់ រហូតមកទល់នាពេលនេះ កូនស្រីរបស់ពិធីការិនីពូកែវោហាស័ព្ទ អ្នកនាង ខៀវ សានសាណា បានឈានចូលដល់វ័យ១២ឆ្នាំហើយ ហើយបើនិយាយពីសម្រស់កូនកាត់ខ្មែរ កាណាដា ឈ្មោះ ដនណា វិញនោះ ពិតជាស្រស់ស្អាតខ្លាំងជាមួយកែវភ្នែកពណ៌ប្រាក់ សក់ពណ៌ទង់ដែង ស័ក្កសមជាកូនកាត់គ្មានទាស់ ។

អ្នកនាង ខៀវ សានសាណា តែងតែបង្ហោះពីសកម្មភាពនានាជាមួយកូនស្រីនៅលើបណ្តាញសង្គម ដោយនៅក្នុងនោះគេក៏តែងតែឃើញមហាជនជាច្រើនតែងតែលើសសើរពីសម្រស់ដ៏ស្រស់សោភារបស់កូនស្រីរបស់នាង ដែលមើលទៅ cute គួរឱ្យស្រលាញ់ រហូតដល់រូបនាងផ្ទាល់ក៏ធ្លាប់បង្អាប់លេងក្នុងវីដេអូថា «អនាគត Miss ហើយកូនមាសម្តាយ» ។

គួរបញ្ជាក់ថា ពិធីការិនីល្បីអ្នកនាង ខៀវ សានសាណា មានដំណក់ឈាមកូនប្រុសស្រី ២រូប ជាមួយអតីតស្វាមីដែលជនជាតិកាណាដា គឺកូនប្រុសច្បងឈ្មោះ Samuel Elson Bowser និងកូនស្រីឈ្មោះ Donna Helen Bowser ដោយសព្វថ្ងៃនេះកូនស្រីពៅរស់នៅកម្ពុជាជាមួយនាង និងក្រុមគ្រួសារ ខណៈកូនប្រុសរស់នៅជាមួយអតីតស្វាមីនៅក្រៅប្រទេស ៕






ចែករំលែកព័តមាននេះ