ខេត្តសៀមរាប ៖ ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយ ដែលគេពុំធ្លាប់បានដឹងពីមុនមក ទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ ត្រួតគ្នា នៅរួតទីបីរបស់ប្រាសាទបាយ័ន នេះបើតាមអាជ្ញាធរជាតិអអប្សរាចេញនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។
ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។
ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេស រកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នា រហូតដល់ពីរជាន់ នៅរួតទីបី នៃប្រាសាទបាយ័ន ដែលខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរ ប្លង់ស្ថាបត្យកម្ម ក្នុងកំឡុងពេលសាងសង់នោះផង ។
ក្រុមអ្នកបច្ចេកទេស បានសង្កេតឃើញថា ខឿនដែលសាងសង់មុន គឺអត់សូវមានក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែប៉ុណ្ណោះ ចំណែកឯ ខឿនដែលសាងសង់ពង្រីកក្រោយ គឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត ។
ក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់មានការផ្លាស់ប្តូរគំនិត នៃការរចនាសំណង់ឱ្យកាន់តែស្អាតជាងមុន ។
កញ្ញា សុវណ្ណលីលីន ពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ស្ថាបត្យកម្ម នៅតាមប្រាសាទខ្មែរបុរាណកាន់តែបានស្វែងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរ ទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ ៕









ចែករំលែកព័តមាននេះ