លោក ហង្ស ពុទ្ធា បញ្ជាក់ហេតុផលសំខាន់៤នៅពីក្រោយការរៀបចំបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃ២០ មិថុនា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហង្ស ពុទ្ធា បញ្ជាក់ហេតុផលសំខាន់៤នៅពីក្រោយការរៀបចំបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃ២០ មិថុនា

5 ថ្ងៃ មុន

ចាត់ទុកជាលើកដំបូងសម្រាប់កម្ពុជា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី ២០ ខែមិថុនា ដ៏ខ្លីខាងមុខនេះ ។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់របស់ គ.ជ.ប បញ្ជាក់ថា​ ការសាកល្បងបោះឆ្នោតលើកទី១ នេះនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មី មានសុក្រិតភាពខ្ពស់ ។


រាជធានីភ្នំពេញ ៖ ចាត់ទុកជាលើកដំបូងសម្រាប់កម្ពុជា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី ២០ ខែមិថុនា ដ៏ខ្លីខាងមុខនេះ ។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់របស់ គ.ជ.ប បញ្ជាក់ថា​ ការសាកល្បងបោះឆ្នោតលើកទី១ នេះនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មី មានសុក្រិតភាពខ្ពស់ និងអាចកាត់បន្ថយ ឬលុបបំបាត់ចោលនូវការចោទប្រកាន់ណាមួយជុំវិញបញ្ហាថា ការប្រើប្រាស់ប៊ិច គូសលើសន្លឹកឆ្នោតជាការផ្តល់សញ្ញាសម្គាល់ណាមួយមិនប្រក្រតី ក៏ដូចជាការធ្វើឱ្យទិន្នន័យបេក្ខជនកាន់តែមានសុក្រិតភាព និងការរាប់សន្លឹកឆ្នោតផងដែរ ។

យោងទៅលើសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៥​ ខែមិថុនា ឆ្នាំ២០២២ ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប ។


លោក ហង្ស ពុទ្ធា បានបកស្រាយលម្អិតផងដែរ ជុំវិញបញ្ហានៃការសម្រេចរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃ២០ មិថុនា យ៉ាងដូច្នេះថា «ប៉ុន្តែមុននឹងឈានទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គជប នឹងរៀបចំដំណើរការបោះឆ្នោតសាកល្បង ដែលនឹងធ្វើនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ យើងនេះឯង សល់តែប៉ុន្មានថ្ងៃទៀត ។ ហើយសួរថាហេតុអ្វីបានជាធ្វើការសាកល្បង ព្រោះកន្លងមកអត់ដែល សាកល្បង ។ គឺ គជប ធ្វើការសាកល្បងដោយសារ មានរឿងថ្មីដែល ត្រូវធ្វើការសាកល្បង ក្នុងគោលបំណងថា បើសិនជាការសាកល្បង នេះឯងជោគជ័យ គជប នឹងប្រើប្រាស់របៀបថ្មីនេះឯង នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផង និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តផងដែរ ហើយអាចប្រើទៅមុខទៀត ។ ដូច្នេះហើយបានជាយើងមានការសាកល្បង » ។

អ្នកនាំពាក្យគជប រូបនេះបន្តថា «ហើយការសាកល្បងនេះ សាកទៅលើចំណុចអីខ្លះ ? សាកល្បងទី ១ គឺសាកប្រើប្រាស់នូវប៊ិច គំនូសសញ្ញាគាំទ្រ ។ កន្លែងនេះចង់បញ្ជាក់ថា ពីមុនដាក់ប៊ិចមួយនៅក្នុង បន្ទប់សម្ងាត់ ហើយធីក (គូស) ទៅ ហើយអាចធីក ចំកន្លែង ឬមិនចំកន្លែង វែងខ្លះ ខ្លីខ្លះ ហើយពេលខ្លះក៏ទទួលរងការចោទប្រកាន់ថាជាសញ្ញាសម្គាល់អីទៅ ។ អញ្ចឹងគជប ចង់ប្រើប្រាស់ ប៊ិចគំនូសគាំទ្រ នេះឯង ដើម្បីឱ្យអ្នកបោះឆ្នោត គាត់គ្រាន់តែ ចុចទៅលើរង្វង់ គាំទ្រគណបក្សនយោបាយនឹងបានសញ្ញាដូចៗគ្នាតែម្តង ។ ប៊ិចហ្នឹងហាក់ដូចជាត្រាអញ្ចឹង តែខ្ញុំមិនប្រើពាក្យត្រា ដោយសារវាអត់មានចែងនៅក្នុងច្បាប់ ។ ប៊ិចហ្នឹងដូចត្រាអ៊ីចឹង គ្រាន់តែបោះចុច ក្នុងរង្វង់ប្រអប់ ៤ ជ្រុង បើសិនជាគាំទ្រគណបក្សនយោបាយណា គឺធីក ឬយកទៅបោះនៅកន្លែងហ្នឹង ។ ហើយសាកល្បងមួយទៀត គឺការប្រើប្រាស់បច្ចេកវិទ្យា IT ក្នុងដំណើរការបោះឆ្នោត ពិសេសការបញ្ជួនលទ្ធផល ។ កន្លងមក ការរាប់លទ្ធផលតាមដៃ តាមអីហ្នឹងឯង គឺ អាចនឹងកត់ទៅមានការភ័ន្តច្រឡំពី ឋានានុក្រមការងារ ។ អញ្ចឹងពេល គជប បញ្ចួលបញ្ចេកវិទ្យា IT ទៅក្នុងដំណើរការនេះឯង ពិសេសគឺលទ្ធផលតែម្តង គឺបញ្ជួនតាមអនឡាញ នឹងមានភាពសុក្រិតជាង » ។

ចំណុចទី៣ គឺតាមពិតវានៅក្នុង រង្វង់ការប្រើប្រាស់ IT ដដែលទេ គឺការចុះឈ្មោះគណបក្សនិងបេក្ខជន អញ្ចឹងគណបក្សនយោបាយដែលចុះឈ្មោះប្រកួតប្រជែងហ្នឹងដោយប្រើ  បញ្ជីដូចលើកមុនដដែល ប៉ុន្តែនៅពេលដែលគាត់រៀបចំបញ្ជីស្នើមកគជប ហ្នឹងគឺ គជប មានកម្មវិធី មួយដែលនឹងឆែកមើល ដើម្បីធានាថា ទី១ បេក្ខជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទី២  បេក្ខជនហ្នឹងឯង មិនអាចឈរឈ្មោះឱ្យគណបក្ស២បានទេ ។ ទី៣ បេក្ខជនចាប់មានអាយុចាប់ពីប៉ុន្មានទៅ គឺអាយុច្បាស់លាស់តែម្តង អញ្ចឹងបញ្ហាបេក្ខជននេះឯងមានកម្មវិធីមួយក្នុងការ បង្ហាញយ៉ាងសុក្រឹតបំផុត អំពីទិន្នន័យព័ត៌មានរបស់បេក្ខជន ។ លោក ហង្ស ពុទ្ធា បញ្ជាក់ ។

លោកបានបន្តថា ចំណុចទី ៤ ដោយសារតែនេះជាបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ អញ្ចឹងគជប រៀបចំសាកល្បងនេះ ក៏ជាការសាកល្បង ឆ្ពោះទៅរកការបោះឆ្នោតមួយតាមបែប សុវត្ថិភាព ដែលកន្លងមកប្រទេសបោះឆ្នោតលើពិភពលោក បានធ្វើហើយ ហើយយើងកំពុងតែទាញយកការពិសោធន៍នេះ យកមកធ្វើដែរ ដូចជាកន្លងមក តាមសេចក្តី ប្រកាសរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ អញ្ចឹងយើងក៏ មានការសាកល្បងលើចំណុចនេះដែរ ។ ដូចជា គជប បានលើកជាគម្រោងមានអាល់កុល ឈរគម្លាតគ្នារបស់មន្ត្រីគ.ជ.ប ។

មន្ត្រីជាន់ខ្ពស់របស់គ.ជ.ប បន្ថែមទៀតថា ការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ត្រូវរៀបចំឡើងនៅក្នុងរាជធានី-ខេត្តទាំង ២៥ ។ ក្នុងនោះ មួយឃុំ-សង្កាត់ គឺមានចំនួន ២ ការិយាល័យ ហើយពលរដ្ឋចេញទៅបោះឆ្នោតផ្ទាល់ «តែមិនមានការចុះឈ្មោះគណបក្សនយោបាយទេ គឺ គ.ជ.ប បង្កើតសំណាក (sample) ជាសញ្ញា របស់គណបក្ស អត់មានឈ្មោះគណបក្សអីពិតប្រាកដទេក្នុងសន្លឹកឆ្នោតឡើយ» ។

សូមបញ្ជាក់ថា គ.ជ.ប​ បាននិងកំពុង ទទួលចុះឈ្មោះភ្នាក់ងារគណបក្សនយោ បាយ អ្នកសង្កេតការណ៍ សម្រាប់ការបោះ ឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១
ដោយការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោ បាយ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១បញ្ចប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមសង្កេតការណ៍មើលក្នុង ដំណើរការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុម ប្រឹក្សាឃុំ -សង្កាត់ឆ្នាំ២០២១។
គ.ជ.ប ក៏បានកំណត់កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិនិងអន្ដរជាតិ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២១។ 

លោកបានបន្តថា បើយោងតាមបញ្ជីបោះឆ្នោត  ២០២០ អ្នកបោះឆ្នោតមានចំនូន  ៨.៨៣១.៩៧១  នាក់   ។  លទ្ធផលបណ្ដោះអាសន្នភ្នាក់ងារគណបក្ស  គិតត្រឹមថ្ងៃទី៤  មិថុនា  ២០២១  មានគណបក្ស  ១  គឺ  គណបក្សប្រជាជនកម្ពុជា  (ពេញសិទ្ធិ  ១  បម្រុង  ២ )។  អ្នកសង្កេតការណ៍ជាតិ  គិតត្រឹមថ្ងៃទី៤  មិថុនា  ២០២១  មា ន  ១១  អង្គការ/សមាគម  (ស្នើសុំ  ៥៤  កំពុងពិនិត្យ  ៥៤ ។  អ្នកសង្កេតការណ៍អន្តរជាតិ  ពុំមាន)។ ជាគោលការណ៍  ឃុំ/សង្កាត់  មាន  ១៦៤៦ ៕

Picture
Picture
Picture
Picture