ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​៣ ​និង​ជំរុញ​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​អចលនទ្រព្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​បី​ដែល​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​ត្រង់​គម្រោង​ស្ពាន​អាកាស​ចោម​ចៅ ដល់​ចំណុច​បែក​គុ​ស ដោយ​មាន​របាំង​ពុះ​ចែក​ទ្រូងផ្លូវ និង​ត​ភ្ជាប់​ពី បែក​គុ​ស​ទៅ​ដល់ទី​រួម​ខេត្តកំពត ។ គម្រោង​ផ្លូវ​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​លេខ​បី​ដែល​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​ត្រង់​គម្រោង​ស្ពាន​អាកាស​ចោម​ចៅ ដល់​ចំណុច​បែក​គុ​ស ដោយ​មាន​របាំង​ពុះ​ចែក​ទ្រូងផ្លូវ និង​ត​ភ្ជាប់​ពី បែក​គុ​ស​ទៅ​ដល់ទី​រួម​ខេត្តកំពត ។ គម្រោង​ផ្លូវ​នេះ បាន​ស្ថាបនា​ជិត​រួចរាល់​១០០​ភាគរយ​ហើយ និង​រំពឹង​ថា វា​នឹង​ក្លាយជា​ផ្នែក​មួយ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ត​តាម​បណ្ដោយ​ផ្លូវ​មួយ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កាលពី​ចុងខែ​មុន​នេះ​ឱ្យ​ដឹង​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ​៣​ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត​ខេត្តកំពត សម្រេច​បាន​លទ្ធផល​៩៨,០៤​ភាគរយ​ហើយ ដោយនៅ​សល់​តែ​ការងារ​តូច​មួយ​ចំនួន​ប៉ុណ្ណោះ និង​គ្រោង​បញ្ចប់​ការងារ​ទាំងស្រុង​នៅ​ចុងខែ​មិថុនា​២០២១​នេះ ។

តាម​រយៈ​គម្រោង​ផ្លូវជាតិ​ដ៏​សំខាន់​មួយ​នេះ នឹង​ជំរុញ​ឱ្យ​សកម្មភាព​និង​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​តាម​បណ្ដោយ​ផ្លូវ​មួយ​នេះ​នឹង​កាន់តែ​មាន​សក្ដានុពល​បន្ថែម​មួយ​កម្រិត​ទៀត ដូច​ជា​ការ​វិនិយោគ​ទៅ​លើ​លំនៅ​ឋាន និង​ការ​វិនិយោគ​ទៅ​លើ​រោងចក្រ​ឧស្សាហកម្ម​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​នេះ​ជាដើម ។

បើ​តាម​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អ​ល​ច​ន​វត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា អ្នក​វិនិយោគ​នឹង​សម្លឹង​មើល​តំបន់​ណា​ដែល​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ដូច​ជា​មាន​ផ្លូវ​ស្អាត​ល្អ និង​មាន​ប្រព័ន្ធ​ទឹក ភ្លើង ដូច្នេះ​ពួក​គេ​នឹង​ស្វែងរក​ឱកាស ក្នុង​វិនិយោគ​ទៅ​លើ​គម្រោង​នានា​របស់​ខ្លួន ។

លោក​បន្ត​ថា សម្រាប់​ផ្លូវជាតិ​លេខ​៣ ក៏​ជា​ផ្លូវ​សក្ដានុពល​និង​សំខាន់​មួយ​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​កំពត និង​ត​ភ្ជាប់​ពី​កំពត​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ហើយ​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ពេល​កំពង់​ផែ​ទឹក​ជ្រៅ​កំពត​សាងសង់​រួចរាល់ វា​ក៏​នឹង​ក្លាយជា​ផ្លូវ​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ផង​ដែរ ដូច្នេះ​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​ក៏​នឹង​ក្លាយ​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម ឃ្លាំង​ស្តុក​និង​ផែស្ងួត ។

បើ​តាម​លោក​សន សៀ​ប​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ឃី រៀល​អ៊ី​ស្ទេ​ត​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ខេត្តកំពង់ស្ពឺ នឹង​ក្លាយជា​ខេត្ត​ទាក់ទាញ សម្រាប់​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដ៏​មាន​សក្ដានុពល ក្នុង​នោះ​មាន​ផ្លូវ​៥១ ផ្លូវ​៤១ និង​ផ្លូវជាតិ​៣​នេះ​ផង​ដែរ ដោយសារ​តែ​ផ្លូវ​ទាំងនេះ​ទើបតែ​អភិវឌ្ឍន៍​ហើយ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​នៅ​មានឱកាស​ច្រើន ។ និង​សូម​អំពាវនាវ​សុំ​ឱ្យ​បងប្អូន​មេត្តា​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ឱ្យ​បាន​គង់វង្ស​ប្រកបដោយ​សោភ័ណ​ភាព សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ អាច​ប្រើប្រាស់​បាន​យូរអង្វែង និង​ជួយ​សន្សំ​សំចៃ​ថវិកាជាតិ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ដែល​មាន ប្រវែង​សរុប​១៣៤,៨០ គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ចែក​ជា​ពីរ​ដំណាក់កាល​៖ ដំណាក់កាល​ទី​១​ពី​ចោម​ចៅ (​ភ្នំពេញ​) ទៅ​បែក​គុ​ស (​ខេត្តតាកែវ​) ប្រវែង​៧០ គីឡូម៉ែត្រ ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់​២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC) កម្រាស់​៩​សង់ទីម៉ែត្រ ចែក​ចេញ​ជា​៤​គន្លង (២​គន្លង​ទៅ​២​គន្លង​មក​) ។ ដំណាក់កាល​ទី​២ ពី​បែក​គុ​ស​ទៅ​ក្រុង​កំពត ប្រវែង​៦៤,៨២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​AC កម្រាស់ ៧​សង់ទីម៉ែត្រ ពង្រីក​ទទឹង​តួ​ផ្លូវ រហូត​ដល់​១២ ម៉ែត្រ ចែក​ជា​២​គន្លង​។

គម្រោង​នេះ​ចំណាយ​ថវិកា សរុប​ប្រមាណ ២១៩,៩១​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ ប្រជាមានិត​ចិន រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វា​ង​ចូ​វ វ៉ា​ន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់​រយៈពេល​សាងសង់​៤៨​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ