ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ដើម្បី​ឲ្យសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ អាចដំណើរការទៅបាន​ វាទាមទារដាច់ខាត​ឲ្យ​មហាជន ចូលរួមគាំទ្រ និងចូលរួមប្រើប្រាស់​សេវាដឹកជញ្ជូននោះ ទើប​អាចបន្តរស់រាន​ និងដំណើរ​ការតទៅទៀតបាន​។ យ៉ាងណាក៏ដោយ ករណី​រថភ្លើង​រយៈចម្ងាយខ្លីទៅមកព្រលានយន្តហោះភ្នំពេញ…

ភ្នំពេញ​៖ ដើម្បី​ឲ្យសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ អាចដំណើរការទៅបាន​ វាទាមទារដាច់ខាត​ឲ្យ​មហាជន ចូលរួមគាំទ្រ និងចូលរួមប្រើប្រាស់​សេវាដឹកជញ្ជូននោះ ទើប​អាចបន្តរស់រាន​ និងដំណើរ​ការតទៅទៀតបាន​។ យ៉ាងណាក៏ដោយ ករណី​រថភ្លើង​រយៈចម្ងាយខ្លីទៅមកព្រលានយន្តហោះភ្នំពេញ និងស្ថានីយរថភ្លើងកណ្តាល នៅជិតសាលារាជធានីភ្នំពេញ​ គឺជាករណីជាក់ស្តែងមួយ ដែលបើកដំណើរការបានរយៈពេលខ្លី ហើយត្រូវបិទទៅវិញ ព្រោះតែមិនមានអ្នកជិះ។​

​កាលពី​ចុងឆ្នាំ​២០១៤ សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ទីភ្នាក់ងារ​ជប៉ុន JICA បានដាក់​ឲ្យ​ដំណើរការ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថយន្តក្រុង នៅក្នុង​រាជធានី​ភ្នំពេញ ទៅដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ បន្តិចក្រោយមក នៅ​ភ្នំពេញ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​ចូលកាន់​តំណែង នៅ​ឆ្នាំ​២០១៦ ក៏បាន​បង្កើត​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង ក្នុង​រយៈ​ចម្ងាយ​ខ្លី គឺ​ពី​ស្ថានីយ​កណ្តាល នៅ​ជិត​សាលា​រាជធានី​ភ្នំពេញ ទៅមក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ខែមេសា ឆ្នាំ​២០១៨​។ ក្នុងពេល​ដំណាលគ្នា​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​បង្កើត​ឲ្យមាន​ការ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក ចាប់ពី​ព្រែក​ព្នៅ ទៅមក​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​ការបង្កើត​សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ ទាំង​ឡានក្រុង ទាំង​រថភ្លើង និង​ទាំង​កាណូត​នេះ គឺជា​ការផ្តួចផ្តើម​ល្អប្រសើរ ដូច​នៅ​ប្រទេស​ជឿនលឿន និង​ក៏ដូចជា​ប្រទេស​ក្បែរ​ខាង​កម្ពុជា មាន​វៀតណាម និង​ថៃ ជាដើម​។ ជាការ​ពិត សេវា​ដឹកជញ្ជូន​សាធារណៈ មិន​ថា ឡានក្រុង រថភ្លើង និង​កាណូត​ទេ គឺ​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​កាត់បន្ថយ​ចំណាយ​លើ​ការធ្វើដំណើរ សុវត្ថិភាព​ចរាចរណ៍ រួមទាំង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ថែម ក្នុងរាជធានីភ្នំពេញ​​ ​ទៀតផង​។​

​ក៏ប៉ុន្តែ​សេវា​ដឹកជញ្ជូន​សាធារណៈ​ទាំងនេះ ហាក់ដូចជា​ទទួលបាន​នូវ​ការគាំទ្រ និង​ការប្រើប្រាស់​មិន​ច្រើន​ប៉ុន្មាន​ទេ ពី​សំណាក​មហាជន​កម្ពុជា​។ ក្នុងនោះ រថភ្លើង​ដឹក​អ្នកដំណើរ​ចម្ងាយ​ខ្លី​ពី​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ ឆ្ពោះទៅ​ស្ថានីយ​រថភ្លើង​ភ្នំពេញ ដែល​បាន​បើក​ដំណើរ​ដឹកជញ្ជូន​អ្នកដំណើរ នៅក្នុង​ខែមេសា ឆ្នាំ​២០១៨ ហើយ​បាន​ដឹកជញ្ជូន​អ្នកដំណើរ ដោយ​មិន​គិតថ្លៃ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា និង​បន្ត​មិន​យកលុយ​រហូតដល់​ដាច់​ឆ្នាំ​២០១៨​ គឺ​​រថភ្លើង​ដឹក​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​បិទ​ទៅវិញ នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ ដោយសារតែ​មិនមាន​អ្នកជិះ​។ មិនមាន​អ្នកជិះ​រថភ្លើង​ពី​ព្រលានយន្តហោះ​-​ស្ថានីយ​រថភ្លើង​កណ្តាល ក៏​ដោយសារតែ​មិនមាន​យន្តហោះ​ចេញចូល​ច្រើនផង ដោយសារតែ​បញ្ហា​កូ​វីដ​១៩​។ តែកាលពីមុន​ពេលមានកូវីដឆ្លងរាត​ត្បាត ក៏​ខ្សែរថភ្លើងពិសេស​នេះ មិនសូវ​មានអ្នកនិយម​ជិះប៉ុន្មាននោះទេ​។

ម្យ៉ាងទៀត រថភ្លើង​ដឹក​អ្នកដំណើរ​នេះ ក៏ត្រូវបាន​ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​ផ្លូវ​ចេញ​-​ចូល​ព្រលានយន្តហោះ ឬ​ហៅថា Trump Way ដោយ​សារតែ​ផ្លូវ​រថភ្លើង​នោះ នៅចំ​​កណ្តាលផ្លូវ​ធ្វើដំណើរ ដែលមាន​មនុ​ស្សក​កុញ ​មុខ​ព្រលានយន្តហោះ ច្រកចូល​វត្ត​តាំង​កសាង​។​

​យ៉ាងណាក៏ដោយ អំឡុងពេល​ដំណើរការ​រថភ្លើង​រយៈ​ចម្ងាយ​ខ្លី​នេះ គឺ​ផ្លូវ​ប្រមាណ​ជាង ១​គ​.​ម ពី​ព្រលាន​ព្រលានយន្តហោះ ទៅ​ផ្លូវ​រថភ្លើង​មេ ដែលជាផ្លូវចូលវត្ត​តាំង​កសាង ត្រូវបាន​កែលម្អ ចាក់​បេតុង អ៊ុត​កៅស៊ូ និង​ពង្រីក​ទាំងសង្ខាង ធំ​ជាង​មុន​។ នៅពេលនេះ ពេល​រថភ្លើង​ឈប់​ដំណើរការ កំណាត់​ផ្លូវ​មួយ​ខ្សែ​នោះ ក៏​ក្លាយជា​ផ្លូវ ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ដោយ​ធំ​ទូលាយ និង​ងាយស្រួល​​ធ្វើដំណើរ​ជាង​មុន​។​

​ដោយឡែក សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) ក្នុង​រាជធានី​ភ្នំពេញ ដែល​បានដាក់​ឱ្យប្រើ​ប្រាស់ កាលពី​ចុងឆ្នាំ​២០១៤ ក៏​មិនបាន​រកប្រាក់​ចំណូល កុំ​ថា ឡើយ​ដល់ថ្នាក់​​ចំណេញ គឺ​ឲ្យ​តែ​រួចខ្លួន ក៏​មិនទាំង​បាន​​ផង​។ រថយន្តក្រុង​នោះ បានចាប់ផ្តើម​នៅ​ម៉ោង ៥ និង​៣០​នាទី​ព្រឹក ដល់ ៨ និង​៣០​នាទី​យប់ ក្នុងតម្លៃ​សំបុត្រ ១៥០០៛/​ម្នាក់​/​លើក​។ ក្នុងនោះ ក៏​លើកលែង​មិន​យកលុយ​ពី​ព្រះសង្ឃ ចាស់ជរា ជនពិការ កម្មករ កម្មការិនី សិស្ស និស្សិត និង​កុមារ​កំពស់​ក្រោម​មួយ​ម៉ែត្រ​។

​រថយន្តក្រុង ចាប់ផ្តើម​ដំណើរការ​ដំបូង កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៤ ដោយមាន​ខ្សែ​រត់ ចំនួន ៣​ខ្សែ រថយន្ត​ចំនួន ៤៣​គ្រឿង​។ នៅ​ឆ្នាំ​២០១៧ បាន​បន្ថែម​ខ្សែ​រត់​ចំនួន ៥​ខ្សែ មាន​រថយន្ត​ចំនួន ១៥៥​គ្រឿង និង​ឆ្នាំ​២០១៨ បន្ថែម​ខ្សែ​រត់​ចំនួន ៥​ខ្សែ​ទៀត សរុប​ចំនួន ១៣​ខ្សែ ដោយបាន​ប្រើប្រាស់​រថយន្ត រហូតដល់​ចំនួន ២៣៥​គ្រឿង ក្រោម​ការជួយឧបត្ថម្ភ គាំទ្រ និង​ផ្តល់ជំនួយ​រថយន្តក្រុង​ទាំងនេះ ពី​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​។​

​យ៉ាងណាក៏ដោយ ដោយសារតែ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​យើង ពិសេស​នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ផ្អាក​សេវា​រថយន្តក្រុង City Bus និង​សេវា​កាណូត (Taxi Boat) ជា​បណ្ដោះអាសន្ន​។ រហូតដល់​ពេលនេះ សេវា​ដឹកជញ្ជូន​សាធារណៈ​ទាំងពីរ នៅ​បន្ត​ផ្អាក​ដំណើរការ​នៅឡើយ​។​

​ជារួម បញ្ហា​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាហេតុ​ផល​មួយ​នៃ​ការផ្អាក​សេវា​ដឹកជញ្ជូន​សាធារណៈ តាម​រថយន្តក្រុង និង​តាម​កាណូត​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ការដឹកជញ្ជូន​ទាំងនេះ ​អាច​រក​ចំណូល ដើម្បី​ទប់ទល់​នឹង​ការចំណាយ​ ហើយបន្តដំណើរការឡើងវិញ នៅក្រោយវិបត្តិកូវីដ​នោះ មិន​ថា ឡានក្រុង ឬ​កាណូត ឬក៏​រថភ្លើង​ដឹក​អ្នកដំណើរ​នោះទេ ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​យើង ចូលរួម​គាំទ្រ តាមរយៈ​ការប្រើប្រាស់​សេវា​ដឹកជញ្ជូន​ទាំងអស់​នេះ។ សេវាដឹកជញ្ជូន​តាមរថយន្តក្រុង តាមកាណូត ឬក៏តាមរថភ្លើង ដែល​ចំណាយលុយ​តិចជាង​ការប្រើ​មធ្យោបាយ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន ពិសេស​រថយន្ត និង​ម៉ូតូ​។​

​ក្រៅពីនោះ​ទៀត អាជ្ញាធរ​សមត្ថកិច្ច ដែល​គ្រប់គ្រង​លើ​ការដឹកជញ្ជូន​សាធារណៈ​ទាំងអស់នេះ ក៏​គួរតែរៀបចំ​ម៉ោង​ពេល​ឲ្យ​បាន​ទៀងទាត់ រៀបចំ​ផ្លូវ​រត់​ពិសេស និង​សម្រួល​ចរាចរណ៍ សម្រាប់​រថយន្តក្រុង​សាធារណៈ​ និង​កាណូត​ផង ដើម្បី​ឲ្យ​អ្នកជិះ អាច​ទៅធ្វើ​ការ​ទាន់​ម៉ោង​ ទាន់ពេល និង​មិន​រង់ចាំ​យូរ​​។ ការបង្កើត​ផ្លូវ​រត់​កាន់តែច្រើន និង​មាន​រថយន្ត​កាន់តែច្រើន ត្រូវបានធ្វើ​រួចហើយ តែ​ក៏សូម​​ឲ្យ​បាន​គ្រប់​ផ្លូវ​ធ្វើដំណើរ ដែលមាន​មនុស្ស​រស់នៅ​ច្រើន ពិសេស​នៅតំបន់​កម្មករ​​រោងចក្រ​កាត់ដេរ​។​

​បើ​យើង​គ្រប់គ្នា អាច​ចូលរួម​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​របស់​រដ្ឋ កាន់​ច្រើន នោះ​មិន​ត្រឹមតែ​ម្នាក់ៗ​ ចំណាយ​តិចជាង​មុន លើ​ថ្លៃ​សាំង​នៃ​ការធ្វើដំណើរ​ទេ តែ​ក៏​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ រួមទាំង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ថែមទៀត​ផង​។ ដូច្នេះ​ពេល​ស្ងប់​កូ​វីដឆាប់ៗខាងមុខនេះ​ ឡានក្រុង និង​កាណូត អាច​បើក​ដំណើរការ​ឡើងវិញ សូមប្រជាពលរដ្ឋយើង ​ចូលរួម​គាំទ្រ និង​ជិះ​ឲ្យ​បាន​ច្រើន​ឡើងវិញ​ផង​​៕​