អត្ថាធិប្បាយ៖ សេវាធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ កាន់តែកៀកប្រជាជន ប៉ុន្តែកុំឆ្លៀតគាបលុយ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ សេវាធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ កាន់តែកៀកប្រជាជន ប៉ុន្តែកុំឆ្លៀតគាបលុយ!

1 អាទិត្យ មុន
  • Phnom Penh

ភ្នំពេញ៖ កន្លង​មក​ ការ​ធ្វើ​សៀវភៅ​គ្រួសារ ជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត តែ​ពេល​នេះ ​លែង​ពិបាក​សាំញ៉ាំ​ច្រើន​ទៀត​ហើយ សៀវភៅគ្រួសារ ត្រូវ​ចុះហត្ថលេខា ត្រឹម​អធិការ​នគរបាល​ស្រុក ឬ​ខណ្ឌ…

ភ្នំពេញ៖ កន្លង​មក​ ការ​ធ្វើ​សៀវភៅ​គ្រួសារ ជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត តែ​ពេល​នេះ ​លែង​ពិបាក​សាំញ៉ាំ​ច្រើន​ទៀត​ហើយ សៀវភៅគ្រួសារ ត្រូវ​ចុះហត្ថលេខា ត្រឹម​អធិការ​នគរបាល​ស្រុក ឬ​ខណ្ឌ តែប៉ុណ្ណោះ។ ចំណែកឯសៀវភៅ​ស្នាក់នៅ​ ក៏ត្រូវ​ផ្ទេរ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក ឬ​ខណ្ឌ មក​ឲ្យត្រឹម​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ឃុំ ឬ​សង្កាត់ ចុះហត្ថលេខា​ជំនួស​វិញ។

ចំពោះ​ការសម្រួល​ការងារនេះ ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានប្រកាសនៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១​ ថា សេវា​កាន់តែ​ទៅ​កៀក​ប្រជាពលរដ្ឋ ហើយ​មន្ត្រី​ទាំងអស់ ត្រូវ​តែ​បម្រើ​ប្រជាពលរដ្ឋ​​ឲ្យ​បាន​ល្អ ជា​ពិសេស​ការ​ធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ព្រោះ​ចុះហត្ថលេខា ត្រឹម​លោក​អធិការ​នគរបាល​ខណ្ឌ និង​លោកនាយ​ប៉ុស្តិ៍ តែ​ប៉ុណ្ណោះ។

ក្រោយ​ការ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​ជា​ប្រចាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត មួយ​រយៈពេល​កន្លង​មកនេះ មន្ត្រី​ថ្នាក់​ក្រោម​តាម​បណ្តា​ខណ្ឌប៉ុស្តិ៍ភាគច្រើន ​បាន​អនុវត្ត​ការងារ​បម្រើ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​ពាក្យ​សម្តី និង​កាយវិការ​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ក៏​ដូច​ជា ​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស។

ទោះជា​យ៉ាងណា នៅ​តែ​មាន​មន្ត្រី​មួយ​ចំនួន​តូច អនុវត្ត​មិន​ទាន់​បាន​ល្អ ជូន​ប្រជាពលរដ្ឋ។ ដូច្នេះ​លោកឧត្តមសេនីយ៍ ស្នងការ បានណែនាំឲ្យមន្ត្រីទាំងនោះ ត្រូវ​តែ​កែប្រែ​ទម្លាប់​មិនល្អ ហើយ​​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​ទទួល​បាន​នូវ​ភាព​ទុកចិត្ត និង​ជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋ។

ស្នងការនគរបាលរាជធានីភ្នំ​ពេញ ក៏បានប្រកាសជូនសាធារណជនថា បើ​មាន​ករណី​យឺត​យ៉ាវ និង​បម្រើ​ប្រជាពលរដ្ឋ​មិន​បាន​ល្អ ពិសេស​លើការងារចាត់តាំងថ្មី នៃការធ្វើសៀវភៅ​ស្នាក់នៅ និងសៀវភៅគ្រួសារ សូម​​ទំនាក់​ទំនង​​លេខ​​ទូរ​សព្ទ៖ 069 516 999។

គួរ​រម្លឹក​​ថា កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ​ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រកាស​សម្រេច​កែសម្រួល​សមត្ថកិច្ច​របស់​នគរបាល​ជាតិ ក្នុង​ការ​ធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ។ សៀវភៅ​​គ្រួសារ ពី​មុន​ជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​រុញ​ទម្លាក់​មក​នៅ​ត្រឹម​អធិការដ្ឋាន​នគរបាល​ស្រុក ឬ​ខណ្ឌ​វិញ។ ដោយឡែក​សៀវភៅ​ស្នាក់​នៅ ដែល​ធ្លាប់​ធ្វើ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ឬ​ខណ្ឌ ត្រូវ​រុញ​ទម្លាក់​មក​នៅ​ត្រឹម​ប៉ុស្តិ៍​នគរបាល​ឃុំសង្កាត់​ជំនួស​វិញ។

ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថា ជនបរទេស​គ្មាន​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​សៀវភៅ​គ្រួសារ​នេះ​ទេ។ ជន​ណា ​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ ហើយ​ក្លែងបន្លំ​តាម​រូបភាព​ណា​ក៏​ដោយ ដើម្បី​កាន់កាប់​សៀវភៅ​គ្រួសារ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា ​ដែល​អនុវត្ត​ភារកិច្ច​នេះ ផ្ទុយ​ពី​បទបញ្ញត្តិ​នៃ​អនុក្រឹត្យ​ ស្តី​ពី ​សៀវភៅ​គ្រួសារ​ ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។

ក្នុងពេលអាជ្ញាធរសមត្ថកិច្ច បង្ខិត​សេវា​កាន់តែកៀក​ប្រជាពលរដ្ឋ នាពេលនេះ ប្រជាពលរដ្ឋ បាន​សម្តែង​ការសាទរ​ជាខ្លាំង​។ ក្នុងនោះ ប្រជាពលរដ្ឋ ក៏សង្ឃឹម​ថា ពេលទៅធ្វើ​សៀវភៅ​ស្នាក់នៅ ឬសៀវភៅគ្រួសារនេះ នៅប៉ុស្តិ៍នគរបាលឃុំ​សង្កាត់​ គឺ​មិនស្មុគស្មាញ​ ដូចកាលកន្លងមកឡើយ​។

តាមនីតិវិធី ដើម្បី​ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅ​លឿង បាន បុគ្គល​​នោះ ត្រូវមាន​លិខិត​បញ្ជាក់​​ផ្ទេរ​ទី​លំ​នៅ ​ចេញ​ពី​​ឃុំ​សង្កាត់​ ដែលខ្លួន​រស់នៅ​កាលពីមុន​។ បន្ទាប់មក ទៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល​​​សង្កាត់ ដែលខ្លួនរស់នៅថ្មី ដើម្បីធ្វើសៀវភៅស្នាក់នៅ​​។

ជាបទពិសោធន៍​កន្លងមក នៅពេល​ស្នើសុំ​ចេញលិខិត​ផ្លាស់ប្តូរ​ទីលំនៅ​ គឺនៅទីស្នាក់ការប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ចាស់​ ដោយរក​អ្នកស៊ីញ៉េ ទម្រាំបាន​។ តែ​ក៏មានសេវារត់ការ​ ដែលប៉ូលិសនៅក្នុងប៉ុស្តិ៍​នោះ ជាអ្នកធ្វើ​ឲ្យ ទើបបានឆាប់រហ័ស ដោយត្រូវចំណាយលុយ​ទៅតាម​ហាង​ឆេង តាមមាត់​អ្នករត់ការនោះ​។ នៅ​សង្កាត់​​មួយ ក្នុងខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ត្រូវចំណាយ ១៥​ដុល្លារ​។ តែបើ​រត់ការខ្លួនឯង គឺកាន់ឯកសារខ្លួនឯង ត្រូវចំណាយ​ពេលយូរ ទម្រាំបានស៊ីញ៉េពីមេប៉ុស្តិ៍ នៅចុះលេខបញ្ជី ហើយ​ចំណាយ គឺតាមទឹកចិត្ត​របស់សាមីជន​ ដោយប៉ូលិសប៉ុស្តិ៍ មិនទារ​លុយ​ទេ​។​

រីឯសៀវភៅគ្រួសារ គឺទាល់តែមានសៀវភៅស្នាក់នៅហើយ ទើប​ប្រជាពលរដ្ឋនោះ អាចឈានទៅស្នើសុំ​​ធ្វើសៀវភៅគ្រួសារ​​ ឬគេហៅថា សៀវភៅខ្លឹម​ខ្នុរ​។​

ម្យ៉ាងទៀត កន្លងមក ក៏មានករណី​ថា ធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ គឺធ្វើ​មិនអស់​លុយនោះទេ​។ តែបើមិនអស់លុយ ធ្វើមិនបានដែរ​។ នោះគឺ​ទៅរក​អ្នកស៊ីញ៉េ ចេះតែមិនជួប​រហូត​ បើសិនជា​មិនចាយលុយ លើថ្លៃរត់ការ រត់ឯកសារ​ទេ​។ ពោលគឺ​នៅពេលផ្ទេរឯកសារ​ពីឃុំសង្កាត់ចាស់មកបានហើយ ត្រូវទៅកាន់​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់​ថ្មី ដែលខ្លួនកំពុងរស់នៅ ហើយ​ជួបមន្ត្រីប៉ូលិសខាងចុះបញ្ជី​ បន្ទាប់មក សាមីជននោះ ត្រូវ​កាន់ឯកសារ ទៅរក​អនុប្រធានប៉ុស្តិ៍ ដើម្បីពិនិត្យ ស៊ីញ៉េ មុននឹង​ទៅដល់មេប៉ុស្តិ៍​។ ប៉ុន្តែ​ជាបទពិសោធន៍​ បើកាន់ឯកសារទៅដោយខ្លួនឯង គេរកមិនចេះជួប​អនុប្រធានប៉ុស្តិ៍ និងមេប៉ុស្តិ៍ឡើយ​ សូម្បីតែ​អ្នកទាំងនោះ នៅក្នុងបន្ទប់​ធ្វើការក្នុងប៉ុស្តិ៍ ក៏គេប្រាប់ថា ទៅប្រជុំនៅខណ្ឌដែរ​។​ នេះជាបទពិសោធន៍មួយ ដែល​ប្រជាពលរដ្ឋមួយចំនួននៅភ្នំពេញ ជួបប្រទះកន្លងមក។​

យ៉ាងណាក៏ដោយ ក្នុងពេលធ្វើកំណែទម្រង់​ការងារថ្មី នាពេលនេះ បញ្ហាស្មុគស្មាញខាងលើ គេសង្ឃឹម​ថា នឹង​លែងជាបញ្ហាទៀតហើយ។ តែ​បើជាដំណោះស្រាយឲ្យកាន់តែល្អ​ប្រសើរទៀត​ គួរតែ​ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ​ធ្វើតាមច្រកចេញចូល​តែមួយ ដូច​នៅតាម​សាលាស្រុក សាលាខណ្ឌ សាលាក្រុង សាលាខេត្ត និងនៅសាលា​រាជធានី​ភ្នំពេញ​។​ តារាងតម្លៃ និងរយៈពេលផ្តល់សេវា​ ត្រូវបានកំណត់យ៉ាងច្បាស់​ ហើយ​ប្រជាពលរដ្ឋ ដាក់​ឯកសារតែនៅបញ្ឈរ​ជួរមុខ​តែមួយ​។ បើឯកសារគ្រប់គ្រាន់ហើយ បង់ថ្លៃតាមការកំណត់ក្នុងតារាងបញ្ជីហើយ​ ចាំតែដល់ថ្ងៃកំណត់ មកយក​ឯកសារនោះ ជាការស្រេច​។​

នៅការិយាល័យ​ច្រកចេញចូលតែមួយ គឺងាយ​ស្រួល​​ទាំង​​ប្រជា​ពល​រដ្ឋ ទៅ​ទទួល​សេវា និង​ងាយ​ស្រួល​​ទាំង​​មន្ត្រី​បំរើ​សេវា​​។ បញ្ហាស្មុគស្មាញ ការិយាធិបតេយ្យ ការយកលុយថ្លៃសេវា​ថ្លៃហួសហេតុ និងបញ្ហាអ្នករត់​ការ​ ជាដើម ត្រូវ​បាន​​លុប​​បំបាត់​ តាមរយៈការិយាល័យ​ច្រកចេញចូល​តែមួយ ​នៅតាមសាលាស្រុក ខណ្ឌ ក្រុង និងនៅសាលារាជធានីខេត្ត។​

យ៉ាងណាក៏ដោយ នៅពេលដែលស្នងការ ចេញសេចក្តីណែនាំជាថ្មីនាពេលនេះ គេ​រំពឹងថា តាមទីស្នាក់ការប៉ុស្តិ៍នគរបាល​រដ្ឋបាលសង្កាត់​ និងនៅ​អធិការដ្ឋាននគរបាល​ខណ្ឌ​​ទាំង​អស់​ នៅភ្នំពេញ នឹង​​លែង​បង្ក​បញ្ហាស្មុគស្មាញ​​ដូចមុនហើយ លើសេវា​ធ្វើសៀវភៅស្នាក់នៅ និងសៀវភៅ​គ្រួសារ​។ បើមន្ត្រីប៉ូលិសណា ហ៊ាន​ទារលុយ ឬក៏បង្កបញ្ហាយឺតយ៉ាវ​ នោះ​នឹងត្រូវ​ប្រជាពលរដ្ឋ​ប្តឹងទៅ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានលេខទូរសព្ទ ​069 516 999 ហើយប្រជាពលរដ្ឋ ​ក៏អាច​ប្តឹង​ហ្វេសប៊ុក​​​​ថែម​ទៀត​ផង៕

Picture