ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្លះបានផ្តើមទម្លាប់ជាមួយការងារអនឡាញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ Microsoft Term  កម្មវិធី ZOOM កម្មវិធី SKYPE និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនទៀត ដូចជា…

រាជធានីភ្នំពេញ ៖ Microsoft Term  កម្មវិធី ZOOM កម្មវិធី SKYPE និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនទៀត ដូចជា Telegram Messenger សុទ្ធសឹងជាប្រព័ន្ធបច្ចេកវិទ្យាដែលពលរដ្ឋអ្នកធ្វើការ អ្នកសិក្សា អ្នកជំនួញប្រើប្រាស់នៅក្នុងទំនាក់ទំនងការងារ ការសិក្សា និងការធ្វើជំនួញ នៅក្នុងសម័យកូវីដ ១៩ នេះ ។ ពីដំបូងៗការប្រើប្រាស់សេវាកម្មទំាងអស់នេះមានការលំបាក និងមិនរលូនឡើយសម្រាប់មនុស្សមួយចំនួន ប៉ុន្តែរយៈពេលជាច្រើនខែមកនេះ ពលរដ្ឋបានផ្តើមធ្លាប់និងបច្ចេកវិទ្យាទំាងអស់នោះហើយអ្នកខ្លះថែមទំាងនិយាយថា ការប្រើប្រាស់សេវាបច្ចេកវិទ្យានេះចំណេញពេលវេលា ចំណេញថវិកា លើមធ្យោបាយធ្វើដំណើរទៀតផង ។

អ្នកស្រី ជាតា អ្នកធ្វើឲ្យក្រុមហ៊ុនឯកជនមួយ បាននិយាយឲ្យដឹងថា ដំបូងៗការធ្វើការតាមអនឡាញមានការលំបាក និងស្មុគស្មាញ ។ លំបាកនៅក្នុងការពន្យល់គ្នាពេលការងារមានបញ្ហា ដោយសារគ្រប់គ្នាទម្លាប់និយាយទល់មុខគ្នា ជួបគ្នាផ្ទាល់ហើយមានការបង្ហាញឯកសារផ្សេងៗឲ្យឃើញ លុះដល់ត្រូវនិយាយគ្នាពីចម្ងាយមានការលំបាកបន្តិច ។ អ្នកស្រីនិយាយថា វាកាន់តែលំបាកនៅពេលសេវាអ៊ិនធឺណែតរអាក់រអូល ធ្វើឲ្យការនិយាយស្តាប់គ្នាមិនបានហើយរំខានអារម្មណ៍ ។ 

ស្ត្រីដែលមានកូនបីនាក់ក្នុងបន្ទុករូបនេះបាននិយាយបន្តថា ធ្វើការនៅផ្ទះ មានការរំខានពីកូនៗផងដែរ ។ «ដំបូងៗសម្រាប់ខ្ញុំលំបាក ត្រង់កូនៗតែម្តង ។ កូនៗនៅតូចពួកគេសប្បាយរីករាយនៅពេលម្តាយឪពុកនៅផ្ទះ ដូច្នេះពួកគេមិនចេញទៅណាឆ្ងាយទេ ធ្វើឲ្យយើងពិបាកធ្វើការ ធ្វើការមិនជាប់លាប់ប៉ុន្តែយូរៗទៅ ពួកគេយល់ និងទម្លាប់លែងមករំខាន ធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អក្នុងការបំពេញការងារឡើងវិញ» ។ 

ចំណែកការប្រើប្រាស់បច្ចេកវិទ្យាវិញ អ្នកស្រីឲ្យដឹងថា ក្រុមហ៊ុនគាត់បានប្រើប្រាស់កម្មវិធី Microsoft Term  និងកម្មវិធី SKYPE សម្រាប់ការប្រជុំធំៗ ហើយទំនាក់ទំនងជាទូទៅធ្វើឡើងតាម Telegram ។ អ្នកស្រីឲ្យដឹងថា ដោយផ្តើមធ្វើការតាមអនឡាញបានជាងមូយខែមកនេះ គ្រប់គ្នាបានទម្លាប់ជាសកម្មភាពការងារតាមគន្លងថ្មីនេះ ។ «យើងបានទម្លាប់គ្រប់គ្នា ក្នុងពេលបច្ចុប្បន្ននេះ ក្រៅពីការប្រជុំ និយាយគ្នាពីការងារហើយ យើងបានជជែកជាគ្នា ពីសុខទុក្ខ ពីស្ថានភាពសុខភាពហើយបើមានចំណីអាហារទទួលទានឆ្ងាញ់ៗ ប្លែក យើងថតផ្ញើរគ្នាមើលជាក្រុម ។ វាហាក់ដូចជាយើងបាននៅជិតគ្នាអ៊ីចឹង ។ ចំណែកកូនៗគេក៍បានយល់ថា ទោះបីម៉ាក់នៅផ្ទះ តែម៉ាក់ត្រូវធ្វើការដូច្នេះគេលែងមករំខានទៀតហើយ» នេះជាការបញ្ជាក់របស់អ្នកស្រី ជាតា ។

 ចំណែកលោក សុផល ជាអ្នកធ្វើឲ្យក្រុមហ៊ុនឯកជនម្នាក់ទៀត ។ ការងារអនឡាញ នៅពេលកម្ពុជាបិទខ្ទប់ទីក្រុងដោយសារជំងឺកូវីដ ១៩ នោះ មិនមែនជារឿងថ្មីសម្រាប់បុរសវ័យ ៤៧ឆ្នាំនេះទេ ។ ដោយសារលោកធ្វើឲ្យក្រុមហ៊ុនជាលក្ខណៈអន្តរជាតិ លោកមានទម្លាប់ធ្វើការងារតាមអនឡាញនេះ ជាច្រើនឆ្នាំមកហើយ ។ «ខ្ញុំប្រជុំតែងតែធ្វើឡើងតាម Microsoft Term ហើយទំនាក់ទំនងជាទូទៅតាម WhatsApp និង Email ។ ខ្ញុំបានទម្លាប់នឹងការងារតាមអនឡាញនេះយូរឆ្នាំហើយ ប៉ុន្តែធ្វើការពីផ្ទះនៅក្នុងរយៈពេលចុងក្រោយនេះ ធ្វើឲ្យខ្ញុំចំណាយច្រើនលើសេវាអ៊ិនធឺណែតប្រចំាគ្រួសារ ។ លោក សុផល ថា គ្រួសារលោកបានចំណាយលើថ្លៃសេវាអ៊ិនធឺណែតទ្វេដង ខុសពីពេលមុន ។ ដោយសារសមាជិកក្នុងគ្រួសារត្រូវប្រើអ៊ិនធឺណែតគ្រប់ៗគ្នា ។ លោក និងភរិយាត្រូវប្រើអ៊ិនធឺណែត សម្រាប់ជំនួញ និងការងារ ចំណែកកូនៗប្រើអ៊ិនធឺណែតដើម្បីសិក្សាតាមអនឡាញ ។

កាលពីមិនទាន់ផ្ទុះកូវីដ ១៩ គ្រួសារលោកចំណាយតែ ១៨ ដុល្លារក្នុងមួយខែលើសេវាកម្មនេះ ប៉ុន្តែជាងមួយខែមកហើយ ការចំណាយបានកើនឡើងជាពីរ ។ «ដើម្បីកុំឲ្យរអាក់រអួលលើការងារ និងការសិក្សារបស់កូនយើងបានដំឡើងសេវាអ៊ិនធឺណែតពីរខ្សែនៅក្នុងផ្ទះ ។ នៅពេលយើងនៅក្នុងផ្ទះមិនចេញក្រៅ ពិសេសកាលពីពេលបិទខ្ទប់នោះ ម្នាក់ៗនៅតែមុខកុំព្យូទ័រ រៀងៗខ្លួន ។ នៅក្នុងផ្ទះខ្ញុំមានកុំព្យូទ័រ ៥ គ្រឿង ដែលត្រូវប្រើអ៊ិនធឺណែត» លោកផលបញ្ជាក់ ។

សម្រាប់លោក ផល ការធ្វើការងារពីចម្ងាយចំណេញច្រើនជាងការទៅធ្វើដោយផ្ទាល់ពីព្រោះវាមិនបានរំខានពេលវេលា និងថ្លៃសំាងដោយសារការកកស្ទះផ្លូវនោះ ។ «ជាទូទៅបើខ្ញុំធ្វើដំណើរទៅធ្វើការដោយផ្ទាល់ ចម្ងាយផ្លូវមិនដល់ ២០ គីឡូម៉ែត្រផង ខ្ញុំប្រើពេលជាង ១ ម៉ោងនៅលើដងផ្លូវ ។ សកម្មភាពកកស្ទះរាល់ថ្ងៃ បានធ្វើឲ្យយើងថប់អារម្មណ៍ និងអស់ថវិកាច្រើនលើប្រេងសាំង ។ ធ្វើការតាមអនឡាញចំណេញច្រើន ប៉ុន្តែវាអាចមានផលប៉ះពាល់បន្តិចបន្តូចដែល ដូចជាការរំខានពីកូនៗ និងសមាជិកក្នុងគ្រួសារ ប្រសិននៅក្នុងផ្ទះរបស់យើងមិនមានបន្ទប់ដាច់ដោយឡែកនោះ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ