ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​​ខ្មែរនៅ​រដ្ឋ​ហាវ៉ៃ​​​ផ្តល់​ថវិកា​​ជួយ​អ្នក​របួស​លើ​ស្ពានពេជ្រ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​កាល​ពីរសៀល​ថ្ងៃទី១៧ ធ្នូ ២០១០ ថវិកា​​អំណោយ​​តាម​រយៈ​កោះ​សន្តិ​ភាព​​ដែល​បាន​ទទួលពីសប្បុរស​ជន​ខ្មែរ​នៅ​រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​នាំយក​ទៅ​ធ្វើ​ការ​បែង​ចែក​ដល់អ្នក​រង​របួស​លើ​ស្ពាន​ពេជ្រ ​ដែលកំពុង​ស្ថិត​នៅក្នុង​មន្ទីរពេទ្យ​​នានា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មាន​មន្ទីរពេទ្យ​​កាល់​ម៉ែត​ចំនួន​៣០​នាក់ មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​​៨​នាក់ និង​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-​សូវៀត១​នាក់​​ ដោយម្នាក់​ៗ​ត្រូវ​បាន​បែង​ចែក​ស្មើៗ​គ្នា​ចំនួន​៥២​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ​កាល​ពីរសៀល​ថ្ងៃទី១៧ ធ្នូ ២០១០ ថវិកា​​អំណោយ​​តាម​រយៈ​កោះ​សន្តិ​ភាព​​ដែល​បាន​ទទួលពីសប្បុរស​ជន​ខ្មែរ​នៅ​រដ្ឋ​ហាវ៉ៃ សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​នាំយក​ទៅ​ធ្វើ​ការ​បែង​ចែក​ដល់អ្នក​រង​របួស​លើ​ស្ពាន​ពេជ្រ ​ដែលកំពុង​ស្ថិត​នៅក្នុង​មន្ទីរពេទ្យ​​នានា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មាន​មន្ទីរពេទ្យ​​កាល់​ម៉ែត​ចំនួន​៣០​នាក់ មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​​៨​នាក់ និង​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-​សូវៀត១​នាក់​​ ដោយម្នាក់​ៗ​ត្រូវ​បាន​បែង​ចែក​ស្មើៗ​គ្នា​ចំនួន​៥២​ដុល្លារ​ ។ ​ ដោយ​ឡែក​នៅ​មន្ទីរ​​ពេទ្យ​កាល់ម៉ែត ​​ក៏​មានការ​ចូល​រួម​ពី​លោក​វរ​សេនីយ៍​ទោ​សំ សឿន នាយ​ក​​រង​ការិ​យា​ល័យ​​ផែន​ការ​នាយក​ដ្ឋាន​ប្រតិបត្តិ​ការ​សន្តិ​ភាព​នៃ​ក្រសួង​​ការ​ពារ​ជាតិ លោក​ឡាំ ប្រុស និងតំណាង​​មន្ទីរពេទ្យ​កាល់​ម៉ែត ។

លោក​វរសេនីយ៍​ទោសំ សឿន ​បាន​ថ្លែង​​ថា លោក​បាន​នាំ​យក​ថវិកា​ចំនួន២.៤២៥​ដុល្លារ​ដែល​ជា​ការ​បរិច្ចាគ​របស់​បង​ប្អូន​ខ្មែរ​នៅ​រដ្ឋ​ហាវ៉ៃជូន​​​ដល់​​អ្នក​រង​គ្រោះ​​ក្នុង​ឧបទ្ទ​វ​ហេតុ​​​លើ​ស្ពាន​កោះ​ពេជ្រ​​​តាម​រយៈ​កោះ​សន្តិ​ភាព ។ នេះ​គឺជា​ថវិកា​ដែល​​បង​ប្អូន​ប្រជា​ពលរដ្ឋ​​នៅ​ក្នុងសមា​គម​មិត្ត​ភាព​​ខ្មែរ​-ហា​វ៉ៃ ​និង​សមាគម​ខ្មែរ-ហាវ៉ៃ ​ក្នុង​រដ្ឋ​ហា​វ៉ៃ សហរដ្ឋ​អាមេរិក​ បាន​បរិច្ចាគ​រៀងៗ​ខ្លួន​តាម​កំលាំង​​សទ្ធា​​​ជួយ​​ឧបត្ថម្ភ​​ដល់​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​​​លើ​ស្ពាន​ពេជ្រ​ ហើយ​​នេះ​​ក៏ជា​ការ​ចូលរួមរំលែក​ទុក្ខ​​របស់បង​ប្អូន​ប្រជា​ពល​រដ្ឋ​​រស់នៅ​​រដ្ឋហា​វ៉ៃ​ដែល​ក្នុង​នោះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​មាន​ចំនួន​៣០​នាក់ ។ ​ជាមួយគ្នា​នេះ ​​ក៏មានការ​ផ្តល់​​ថវិកា​​អំណោយ​​ដូចគ្នា​នេះ​នៅមន្ទីរពេទ្យ​ព្រះ​កុសុមៈ​​ផង​ដែរ មាន​ចំនួន​៨​នាក់ និង​មន្ទីរពេទ្យ​​រុស្ស៊ី​​១​នាក់។ អ្នក​​រង​គ្រោះ​​​​ម្នាក់​​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែលបាន​ទទួល​ថវិកា​​​ពីលោកសំ សឿន បាន​​និយាយទាំង​អួល​ដើម.កថា គាត់​មានសេចក្តី​រីក​រាយ​​ជាពន់​ពេក​​ ខណៈ​​​ពេល​ទទួល​បាន​ថវិកា​ពី​បងប្អូន​មីង​មា​រស់នៅ​រដ្ឋ​​ហា​វ៉ៃ ​សហ​រដ្ឋ​អាមេរិក​ តាម​រយៈ​លោកវរសេនីយ៍​​ ។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពីទឹកចិត្ត​​ចូលរួម​​ជួយរំលែក​ទុក្ខ​​ដល់​​រូប​គាត់​ដែល​​ជួបគ្រោះ​ថ្នាក់​​ដោយ​ការរត់​ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ​បណ្តាល​ឱ្យរបួស​ជើង​យ៉ាងធ្ងន់​ធ្ងរ ។

សារ​ព័ត៌​មាន​កោះ​សន្តិភាព​សូម​បញ្ជាក់​ថា ថវិកា​​ដែលបាន​​ផ្តល់​ជូន​អ្នក​រង​របួស​នេះ​ដោយ​សារ​ចំនួន​មិន​ទៀង​ទាត់​​ ការ​បែង​ចែក​សំរាប់​៦៨​នាក់​ដែល​របួស​ស្ថិតក្នុង​មន្ទីរពេទ្យបាន​ធ្លាក់​ចុះ​មកនៅត្រឹម​​​៣៩​នាក់​ អាស្រ័យ​ដោយ​ពេលស្រង់​ស្ថិតិហើយ​​យក​មកធ្វើ​ការ​បែងចែក ​អ្នកដែល​បាន​ជា​សះ​ស្បើយ​​ក៏​​ចាកចេញផុត ទើប​ចំនួនថ​យចុះ ។ ​ចំពោះ​ការ​បែង​ចែក​ថវិកា​រួម​២.៤២៥​ដុល្លារ​​ត្រូវ​បានផ្តល់​ដល់​អ្នក​រងគ្រោះ​៣៩​នាក់×៥២ដុល្លារ=២.០២៨​ដុល្លារ នៅសល់​៣៩៧​ដុល្លារ​ ។ ថវិកា​​ដែល​នៅ​​​សល់​​ពីការ​បែង​ចែក​​នេះ ​កោះ​សន្តិភាពនឹងធ្វើ​ការ​​​បរិច្ចាគ​​ទៅ​ដល់​ជនក្រីក្រ​ដែល​កំពុង​ជួប​ការ​លំបាក​​ទាំង​អ្នក​​ស្ថិត​ក្នុង​មន្ទីរពេទ្យ​​ ឬ​ស្ថិត​នៅ​​តំបន់​ណា​មួយ​។

​កោះ​សន្តិភាព ​សូមជំនួស​​មុខ​ឱ្យ​បងប្អូនរ​ង គ្រោះ​​ក្នុង​ឧបទ្ទវ​ហេតុ​លើ​ស្ពានពេជ្រនៃ​មជ្ឈ​មណ្ឌល​​កោះ​ពេជ្រ​ សូម​ថ្លែង​អំណរគុណ​ចំពោះ​បង​ប្អូន​ខ្មែរ​ទាំង​អស់​ដែលបាន​ធ្វើ​ការ​បរិច្ចាគ​​ធន​ធាន​ផ្ញើ​មក​ជួយ​អ្នក​រង​គ្រោះ ។ នេះ​​ពិតជា​បង្ហាញ​ថា ឈាមជ័រ​​ជាខ្មែរ​ ទោះ​បី​ស្ថិតនៅ​ដ៏​សែន​ឆ្ងាយ​​ពីមាតុ​ភូមិ​​មែនតែ​ក្តី​មេត្តា​ករុណា​ពិតជា​ស្ថិតនៅ​​ជិត​បង្កើយ​​ និងសូម​បួង​សួង​ឱ្យ​អំពើ​​ល្អ​របស់បងប្អូន​នេះ​ទទួល​បាននូវ​សេចក្តី​សុខ​គ្រប់​ប្រការ​ កុំបីឃ្លៀង​ឃ្លាតឡើយ ៕