ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាស​ទុក​ពេល​ ​១សប្តាហ៍ គិតចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដើម្បី​ឲ្យ​រុះរើ ឬចល័ត​បែចិញ្ចឹមត្រី ផ្ទះ​បណ្តែតទឹក…

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាស​ទុក​ពេល​ ​១សប្តាហ៍ គិតចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដើម្បី​ឲ្យ​រុះរើ ឬចល័ត​បែចិញ្ចឹមត្រី ផ្ទះ​បណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ ​មិនរៀប​រយ​លើផ្ទៃទន្លេ ចេញពី​​ភូមិសាស្ត្រ​​រាជធានីភ្នំពេញ​។ ប៉ុន្តែករណី​នេះ បើសិនជា​មិនអនុវត្ត​គោលនយោបាយ​ យក​អ្នករស់នៅលើទឹក ឡើងមកលើគោក នោះ​អាច​នឹងដូច​ករណីវែក​ចក​ដូច្នោះ​ដែរ​។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញសេចក្តី​ជូនដំណឹង ស្តីពី ការរុះរើ ឬចល័ត​បែចិញ្ចឹមត្រី ផ្ទះ​បណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់​មិនរៀបរយ​លើផ្ទៃទន្លេ នៅភូមិសាស្ត្រ​រាជធានីភ្នំពេញ​។

ក្នុងសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា កន្លងមក មានជនឱកាសនិយម​មួយចំនួន បានលប លួច​ធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង​សំណង់​មិនរៀបរយ​នៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយ ជាកន្លែងស្នាក់នៅ​ដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្ក​ឲ្យបាត់បង់​សណ្តាប់ធ្នាប់​ ប៉ះពាល់​ដល់ផ្លូវនាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់​ចំណី សម្រាប់ ចិញ្ចឹមត្រី​ និងការបញ្ចេញកាកសំណល់ ការបន្ទោបង់​ពាសវាលពាសកាលក្នុងទន្លេ ធ្វើ​ឲ្យខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុងទឹក ខូចគុណភាព​ទឹក បំណុលបរិស្ថាន និងប៉ះពាល់​ដល់​សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់​ដល់សុខភាព​នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់​ទឹក​មិនស្អាតផងដែរ​។

ចំពោះ​មុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវ​ឲ្យ​ម្ចាស់បែចិញ្ចឹម​ត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់​មិន​រៀបរយ នៅលើផ្ទៃទន្លេទាំង អស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញ សេចក្តីជូន ដំណឹងនេះតទៅ​។ ផុតរយៈពេលនេះ រដ្ឋបាល​រាជធានីភ្នំពេញ នឹងចាត់វិធានការ​រដ្ឋបាល ដោយពុំទទួល ខុសត្រូវរាល់ ​ការខូចខាត ឬការបាត់​បង់​ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ នឹងកសាងសំណុំរឿង​ បញ្ជូនទៅតុលាការ តាមផ្លូវច្បាប់។​

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូន​ប្រជាពលរដ្ឋ ប្តូរទម្លាប់​ពីការចិញ្ចឹមត្រី តាមបែ​លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹម​ត្រីតាមស្រះវិញ​។

​គេនៅចាំបានថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខេត្ត​កំពង់ឆ្នាំង បានអនុវត្តវិធានការសម្អាត​បឹងទន្លេសាប ដោយការ​រុះរើ​ និងផ្លាស់ទីលំនៅរបស់​អ្នករស់នៅ​លើទឹក ឲ្យអស់​​។ ភាគច្រើន អ្នកទាំងនោះ ជាជន​ជាតិ​វៀតណាម ដែលនិយម​រស់នៅលើទូក និងលើផ្ទះបណ្តែត​ទឹក​។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំ​ដី​មួយកន្លែង សម្រាប់ក្រុមអ្នករស់នៅលើទឹក ផ្លាស់ប្តូរទីលំនៅ ពីក្នុងទឹក មកនៅ​លើគោក​វិញ​។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ នៅខេត្តកំពង់ឆ្នាំង បានរៀបចំ​អ្នក​រស់នៅលើទឹកបានច្រើនគ្រួសារ ឲ្យឡើងមករស់នៅលើគោក។ ប៉ុន្តែ​មិនទាន់​សម្រេចបានទាំងស្រុង​នូវគម្រោង​ផ្លាស់ប្តូរ​អ្នករស់នៅលើទឹកបឹងទន្លេសាប​ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​ ឲ្យ​មករស់នៅលើ​គោក​នៅឡើយទេ មកដល់ពេលនេះ​។

ករណី​នៅភ្នំពេញ បើគ្រាន់តែ​រុះរើ ឬចល័ត​បែចិញ្ចឹម​ត្រី ផ្ទះបណ្តែតទឹក​ ផ្ទះតូចៗ និង​សំណង់​មិន​រៀបរយ នៅលើផ្ទៃទន្លេ ឲ្យផុតៗ​ពីទឹកដីភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលនេះ ក៏ចេះតែធ្វើបានហើយ។ តែ​មិនបាន​ជារៀងរហូតឡើយ​។

ជាដំណោះស្រាយល្អប្រសើរ អាជ្ញាធររាជធានីភ្នំពេញ និង​អាជ្ញាធរខេត្តជាប់​ដងទន្លេទាំងអស់ ដែលមាន​ក្រុមអ្នករស់នៅ​លើទូក ឬផ្ទះបណ្តែតទឹក ត្រូវអនុវត្ត​វិធានការរួមគ្នា​។ លុបបំបាត់​សំណង់​មិនរៀបរយ បែចិញ្ចឹម​ត្រី និង​ផ្ទះបណ្តែតទឹក តាមរយៈការរៀបចំ​ដី​កន្លែងសមរម្យណាមួយ ឲ្យពួកគាត់រស់នៅ ហើយ​រកវិធី​ប្តូរមុខរបរ​​ពីការចិញ្ចឹមត្រី​ក្នុងទន្លេ ឬក៏នេសាទត្រី ជាដើម មកជា​ការចិញ្ចឹមត្រី​ក្នុងស្រះ ឬអាង​លើគោក និងរកមុខរបរ​ផ្សេងទៀត ក្រៅពីនេសាទ​។​

បើជាជនអន្តោប្រវេសន៍​វៀតណាម ដែលរស់នៅលើទឹក គួរតែ​រៀបចំ​ត្រួតពិនិត្យ​ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់​​។ បើអ្នកទាំងនោះ រស់នៅខុសច្បាប់​ ត្រូវបញ្ជូន​ទៅប្រទេសវៀតណាមវិញ ហើយបើជាជនអន្តោប្រវេសន៍ស្របច្បាប់ ក៏ត្រូវ​រៀបចំ​ឲ្យ​រស់នៅលើគោក​ ​តាមច្បាប់​ ដែលបានកំណត់​។​

​អ្នករស់នៅ​លើទឹក ក្នុងផ្ទះបណ្តែតទឹក ឬក៏លើទូកទាំងនោះ ក៏គួរតែ​គិតពីគ្រោះថ្នាក់​​កូនចៅតូច​ៗ ដែល​មានហានិភ័យ និងប្រឈម​នឹង​គ្រោះថ្នាក់ដល់ជីវិត​ខ្លាំងណាស់ បើសិនជាធ្វេសប្រហែស ឬក៏ជួបឧបទ្ទវហេតុ​ ដូចជា លិចទូក ឬក៏​លង់ទឹក ឬឆេះផ្ទះ​នោះ ជាដើម​។​

យ៉ាងណាក៏ដោយ ករណី​នេះ ​ទាមទារ​ឲ្យ​អាជ្ញាធរសមត្ថកិច្ចយើង មានឆន្ទៈពិតប្រាកដ​ក្នុងការអនុវត្ត ហើយ​រៀបចំគោលនយោបាយ​ច្បាស់លាស់ ដោយ​មិនត្រឹម​រុញ​ឲ្យផុតៗតែ​​ពីដែនសមត្ថកិច្ច​របស់ខ្លួន​នោះទេ គឺអាជ្ញាធររាជធានីភ្នំពេញ រួមទាំង​អាជ្ញាធរខេត្ត​ជាប់ដងទន្លេទាំងអស់ ត្រូវ​ស្រង់​អ្នកទាំងនោះ ​ឡើងគោក​​តែម្តង​។ វិធានការម៉ឹង​ម៉ាត់​ ក៏ត្រូវតែអនុវត្ត ត្រួតពិនិត្យ និងហាមឃាត់​​មិន​ឲ្យ​មានអ្នកទៅធ្វើផ្ទះបណ្តែតទឹក ដើម្បី​រស់នៅបន្តទៀត ហើយការចិញ្ចឹមត្រី តាមបែ​ក្នុងទន្លេ ក៏ត្រូវហាមឃាត់​។ ករណីនេះ អាជ្ញាធរមូលដ្ឋាន ដើរតួសំខាន់​ ​លើការគ្រប់គ្រង ត្រួតពិនិត្យ និងអនុវត្ត​។​

មកដល់សម័យនេះទៅហើយ មិនមាន​ជនណាម្នាក់ អាចធ្វើ​អ្វី​ទៅកើត បើសិនជា​​អាជ្ញាធរសមត្ថកិច្ច​នៅមូលដ្ឋាន ឬនៅថ្នាក់​លើៗ មិន​អនុញ្ញាត​នោះឡើយ។ ខ្លាច​តែ​​មានការត្រូវរ៉ូវ​គ្នា​​រវាង​អ្នករស់នៅលើទឹក និង​អាជ្ញាធរសមត្ថកិច្ច​ ទើប​អាច​បន្តរស់នៅលើទឹក ដែលបង្កផលប៉ះពាល់បរិស្ថាន ទន្លេ និងប្រឈមគ្រោះថ្នាក់​តទៅទៀត​។

ការរស់នៅ​លើទឹក​នេះទៀតសោត យូរៗទៅ ដូចនៅតាមដងទន្លេសាប ក្នុងខេត្ត​​កំពង់ឆ្នាំង គឺ​ស្ទើរតែ​មិនមានផ្លូវទឹក សម្រាប់ទូកកាណូត​​ចរាចរណ៍​បាន​។ ដូច្នេះ​ពេលនេះ នៅពេល​ភ្នំពេញ ចាប់ផ្តើម​អនុវត្តវិធានការសម្អាតទន្លេ គឺ​នៅខេត្តកណ្តាល រួមទាំង​បណ្តាខេត្តជាប់ទន្លេផ្សេងទៀត ក៏គួរតែ​អនុវត្តព្រម​ៗគ្នា ដើម្បីរំដោះទន្លេ​​យើង​​មក​វិញ​​៕