ស្ត្រី​ក្រីក្រ​មាន​ជម្ងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ម្នាក់​​ប្រាថ្នា​ចង់​ឃើញ​ស្រុក​កំណើតជួប​មុខ​បងប្អូន​ជា​លើក​ចុង​ក្រោយ


ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ក្រីក្រ​វ័យ​កណ្តាល​ម្នាក់ មាន​ជម្ងឺ​រលាក​សួត​ធ្ងន់ធ្ងរ កំពុង​តែ​ដេក​ព្យួរសេរ៉ូម ដាក់​ខ្យល់​អុក​ហ្ស៊ី​សែន​នៅ​ក្នុង​រន្ធ​ច្រមុះ ​​ប្រាថ្នា​ចង់​ឃើញ​ស្រុក​កំណើតដើម្បី​ជួប​មុខបងប្អូន​ជា​លើក​ចុង​ក្រោយ ។

ម្យ៉ាងវិញទៀត ដោយសារ​គាត់​បាត់​លេខ​ទូរស័ព្ទ មិន​អាច​ទាក់​ទង មិនដឹង​ធ្វើ​យ៉ាងណា​ឱ្យ​សាច់ញាតិ​ដឹង​ថា គាត់​កំពុង​ដេក​ឈឺ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តប៉ៃលិន​នោះ​ឡើយ ។

បើ​តាម​សម្តី​ស្ត្រី​រង​គ្រោះ ដែល​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ឈ្មោះ សោម ម៉ី ហៅ​ស្រី​ទូច អាយុ​៣៦​ឆ្នាំ ​បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី ១២ ​វិច្ឆិកា ​២០១៥​​នេះ​ថា គាត់​មានស្រុក​កំណើត​​នៅ​ភូមិ​ព្រៃ​នប់​៣ ឃុំ​ព្រៃ​នប់​៣ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​បងប្អូន​ចំនួន​៨​នាក់ រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ដូច​ៗ​គ្នា ប្រុស​១ ស្រី​៧​នាក់ ហើយ​គាត់​គឺជា​កូន​ទី​៧ ។

ចំណែក​ឪពុក​ម្តាយ​របស់​គាត់​បាន​ស្លាប់​ចោលកាល​ពី​សម័យ​ប៉ុ​ល ពត អស់​ទៅ​ហើយ ។ គាត់​បន្ត​ទៀត​ថា គាត់​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់ ឈ្មោះ ជឿន ហូល អាយុ​៤៥​ឆ្នាំ មានកូន​ស្រី​ចំនួន​ពីរ​នាក់ ហើយ​បាន​លែងលះ​គ្នា​អស់​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​ហើយ ដោយសារ​គាត់​មាន​ប្រពន្ធចុង​ម្នាក់​ទៀត ហើយ​ក៏​យក​កូន​ទាំង​ពីរ​ទៅ​ចិញ្ចឹម ទើប​រូប​គាត់​ដាច់​ចិត្ត​ចាក​ចេញពីផ្ទះ​មក​តាម​មិត្តភក្តិរសាត់អណ្តែត​រហូត​ដល់​ខេត្ត​ប៉ៃ​លិន​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ ដោយ​រស់នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ក្រុង​ប៉ៃ​លិន ហើយ​ក៏​បាន​ស្គាល់​​បុរស​វ័យក្មេង​ម្នាក់ ឈ្មោះ វ៉ា​ន់ ចាន់​វឿ​ន អាយុ​៣១​ឆ្នាំ យក​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​មិន​បាន​សែនព្រេន​អ្វី​នោះ​ឡើយ ហើយ​សុំ​ផ្ទះ​គេ​ស្នាក់​នៅ​ធ្វើ​ជា​កម្មករ ។

គាត់​បន្ត​ទៀត​ថា មើលទៅ​គាត់​គ្មាន​សង្ឃឹម​រស់នៅ​បន្ត​ទៀត​នោះ​ឡើយ ដោយ​មាន​ជម្ងឺ​រលាក​សួត​ធ្ងន់ធ្ងរ អស់​រយៈពេល​ជិត​១​ខែ​កន្លង​មក​ហើយ បច្ចុប្បន្ន​នេះ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ រស់​ដោយ​សារ​បាយ​មន្ទីរពេទ្យ​ប៉ុណ្ណោះ គ្មាន​លុយកាក់​ដើម្បី​ទិញ​ម្ហូបអាហារ​ទទួលទាន​នោះ​ឡើយ ។ ម្យ៉ាងវិញទៀតគាត់​ចង់​ឃើញ​មុខ​បងប្អូន​នៅ​ឯ​ស្រុក​កំណើត​ជា​លើក​ចុង​ក្រោយ តែ​ដោយ​បាត់លេខ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ឡើយ ​បើសិន​ជា​ពួក​គេ​ដឹង​ដំណឹង​មើលទៅ​គ្មាន​លទ្ធភាព​ធ្វើ​ដំណើរ​មក​លេង​សួរសុខទុក្ខ​គាត់​បាន​ដែរ ព្រោះ​ពួក​គេ​សុទ្ធតែ​ក្រីក្រ​ដែរ ។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ គាត់​ប្រាថ្នា​ចង់​ឃើញ​ស្រុក​កំណើត​ជា​លើក​ចុង​ក្រោយ ដើម្បី​ជួប​មុខ​ពួក​គេ ។ លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹង​ថា ស្ត្រី​មាន​ជម្ងឺ​ខាងលើ​គ្មាន​សង្ឃឹមរ​ស់បាន​យូរ​នោះ​ឡើយ ព្រោះ​គាត់​រលាក​សួត​ធ្ងន់ធ្ងរ ហើយ​គ្មាន​លុយកាក់​សម្រាប់​ទិញ​ម្ហូបអាហារ​ទទួលទាន​ឱ្យ​បាន​គ្រប់គ្រាន់ ដូច្នេះ​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ រង់​ចាំតែ​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ ៕​

Facebook Google Twitter Email

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ