ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វេជ្ជបណ្ឌិត សុក សា​រឿន​ ត្រូវ​បាន​​តែងតាំង​ជា​ប្រធាន​អនុ​គ​ណៈកម្ម​ការ​វេជ្ជសាស្ត្រ​​កីឡា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC)​ បាន​បើក​កិច្ចប្រជុំ​

រាជធានី​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC)​ បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី តែងតាំង​លោក​ព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សា​រឿ​ន ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ពីង​នៃ CAMSOC ជំនួស​លោក​វេជ្ជបណ្ឌិត ស្តើង ជា ដែល​បាន​ទទួលមរណភាព​។

លោក​វេជ្ជបណ្ឌិត​ស្ដើង ជា​ ​បាន​ទទួលមរណភាព​ដោយសារ​ជម្ងឺ​កូ​វី​ដ ១៩ ក្នុងជន្មាយុ​៧៥​ឆ្នាំ ​កាលពី​ថ្ងៃ​ទី​២២​ មីនា​ ឆ្នាំ​២០២១ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​​ខ្មែរ-សូ​វៀត (មន្ទីរពេទ្យរុស្ស៊ី) ។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់​ថា នេះ​ជា​កិច្ចប្រជុំ​របស់​គណៈ​អចិន្ត្រៃយ៍​ដឹកនាំ​ដោយ​​លោក​​បណ្ឌិត ថោ​ង ខុន​ ដើម្បី​ប្រកាស​តែងតាំង​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​និង​ដូ​ពីង​អម​គណៈកម្មាធិការ​ជាតិ​CAMSOC​បន្ទាប់​ពី​ទទួល​បានការ​សម្រេចពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣( CAMSOC) កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក​ព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សា​រឿ​ន ធ្លាប់​មានបទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់ ក្នុង​ការងារ​វេជ្ជសាស្ត្រ​កីឡា ។

គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ពីង​នឹង​បន្ត​ជួយ​ដល់​ការ​ថែរក្សា​សុខមាលភាព ជួយ​ដល់​វិធានការ​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ដល់​កីឡាករ កីឡាការិនី ព្រមទាំង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ ក្នុង​ការ​ថែទាំ​សុខភាព​ក្រុម​អត្ត​ព​លិ​ក ក្នុង​ការ​ហ្វឹកហាត់ និង​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ទៀត​ផង​។

ក្រោយ​ពី​ការ​ប្រកាស​តែងតាំង​ជា​ផ្លូវការ​នេះ​ហើយ​លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត​សុក​សា​រឿ​ន​នឹង​ទៅ​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​គណៈកម្មការ​វេជ្ជសាស្ត្រ​នៃ​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ទៀត​ផង ហើយ​ពេល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ លោក​ក៏​នឹង​ក្លាយជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​ស៊ី​ហ្គេ​ម តាម​លំនាំ​នៃ​បណ្តា​ប្រទេស​នានា ដែល​ធ្វើ​ម្ចាស់ផ្ទះ​ដូច​គ្នា​។ ជាមួយ​គ្នា​នោះ ប្រធាន​វេជ្ជសាស្ត្រ​ថ្មី​រូប​នេះ​ក៏​ត្រៀមខ្លួន ក្នុង​ការ​រៀបចំ​កីឡាករ កីឡាការិនី និង​ការ​ចូលរួម​ប្រជុំ​ជាមួយ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម វៀតណាម នា​ចុងឆ្នាំ​២០២១​នេះ​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​លើ​កិច្ចការ​វេជ្ជសាស្ត្រ​កីឡា​និង​សារធាតុ​ដូ​ពីង​ត្រឡប់​មក​រៀបចំ​សម្រាប់​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​របស់​កម្ពុជា​ផង​ដែរ​។

លោក​ព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សា​រឿ​ន ក៏​បង្ហាញ​នូវ​ភាព​រីករាយ​ជា​ខ្លាំង​ជាមួយ​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​បំពេញបេសកកម្ម​ថ្មី​ៗ​សម្រាប់​វិស័យ​កីឡា​កម្ពុជា​ហើយ​លោក​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​គ្រូបង្វឹក​ជម្រើសជាតិ​នានា​នូវ​អ្វី​ដែល​ហៅ​ថា​វេជ្ជសាស្ត្រ​កីឡា ជួយ​ដល់​វិទ្យាសាស្ត្រ​កីឡា ហើយ​វេជ្ជសាស្ត្រ​កីឡា​ជួយ​ដល់​ការ​បង្កើន​គុណ​ផល​កីឡា ក្នុង​ពេល​ហ្វឹកហាត់ ព្រមទាំង​ជួយ​ដល់​ការ​យល់​ដឹង​ពី​របប​អាហារូបត្ថម្ភ​របស់​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​ស្តារ​ថាមពល​កម្លាំង​ឡើង​វិញ​ក្រោយ​ពេល​ហ្វឹកហាត់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ