ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ មេដឹកនាំបក្សប្រឆាំង​នៅកម្ពុជា សព្វថ្ងៃ គឺលោក កឹម សុខា ដែល​កំពុង​រ​ស់នៅ​កម្ពុជា ហើយ​​ស្ថិត​នៅ​ក្រោម​​ការ​ត្រួត​ពិនិត្យ​​របស់​​តុលា​ការ​ ដោយ​សារ​តែ​ជាប់​រឿង​​ក្តី​​នៅ​តុលា​ការ​​។​ ក្នុងក្រសែភ្នែកអាមេរិក…

ភ្នំពេញ៖ មេដឹកនាំបក្សប្រឆាំង​នៅកម្ពុជា សព្វថ្ងៃ គឺលោក កឹម សុខា ដែល​កំពុង​រ​ស់នៅ​កម្ពុជា ហើយ​​ស្ថិត​នៅ​ក្រោម​​ការ​ត្រួត​ពិនិត្យ​​របស់​​តុលា​ការ​ ដោយ​សារ​តែ​ជាប់​រឿង​​ក្តី​​នៅ​តុលា​ការ​​។​ ក្នុងក្រសែភ្នែកអាមេរិក ក៏មើលឃើញថា លោក កឹម សុខា ជាមេដឹកនាំ​​គណបក្សប្រឆាំង​ នៅកម្ពុជា​ផងដែរ​។

ក្នុង​​ពេលទស្សនកិច្ច ​នៅកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រៅពី​ជួបពិភាក្សាការងារជាមួយ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​ លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Wendy Sherman  បានជួបជាមួយ​តំណាង​នៃ​សង្គម​ស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ​នៃគណបក្សសង្គ្រោះជាតិកម្ពុជា គឺលោក កឹម សុខា ដើម្បីពិភាក្សាលើបញ្ហានានា ដែល​មាន​សារៈ​សំខាន់​រួមជាមួយសហរដ្ឋអាមេរិក ដែល​រួម​មាន​ ការធានា​ឲ្យប្រទេស​កម្ពុជា​ មាន​អនាគត​មួយ ​ដែល​មាន​សន្តិភាព​ វិបុលភាព អធិបតេយ្យ​ភាព និងលទ្ធិប្រជាធិបតេយ្យ។ នេះ​បើតាម​ប្រកាសរបស់​ក្រសួង​ការបរទេសអាមេរិក​។  

សេចក្តី​ប្រកាសរបស់​ក្រសួងការបរទេសអាមេរិក​ លើក​ឡើង​ថា ក្នុងជំនួប​ជាមួយសម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃទី១ ខែមិថុនា លោកស្រី​អនុរដ្ឋមន្រ្តី Sherman បានថ្លែងសង្កត់ធ្ងន់​លើសារៈសំខាន់​នៃសិទ្ធិមនុស្ស និង​ការ​ការពារ​សេរីភាព​ជា​មូលដ្ឋាន ដែលមានសារៈសំខាន់ចាំបាច់ សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់យើង។

លោកស្រី​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនផ្នែកសិទ្ធិមនុស្ស ជាអន្តរជាតិ និងនៅក្នុងប្រទេស ដោយ​រួម​ទាំង​ការប្តេជ្ញាចិត្ត ​ដែលមានចែង​នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហើយ​បាន​សុំ​ឲ្យ​មាន​ការធានា​ ចំពោះ​ការពារ​សិទ្ធិ​កម្មករ។

លោកស្រី បានអំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលជាបន្ទាន់​នូវ​ការ​ចោទ​ប្រកាន់ ​ដែល​មាន​ហេតុ​ផល​នយោបាយ​ ប្រឆាំង​​នឹងសមាជិកនៃគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជននានា​។

លោកស្រី​អនុ​រដ្ឋ​មន្រ្តី​ Sherman​ បាន​ទទូចឲ្យរដ្ឋាភិបាលបើកឡើងវិញ នូវលំហនយោបាយ និងលំហ​​សម្រាប់​ពលរដ្ឋ​ធ្វើ​សកម្មភាព នៅ​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ 

យ៉ាងណាក៏ដោយ នៅថ្ងៃទី២ ខែមិថុនា ពោលគឺ១ថ្ងៃក្រោយ​ដំណើរទស្សនកិច្ច​រយៈពេលខ្លី​របស់​លោកស្រីអនុរដ្ឋមន្ត្រី​ការបរទេសអាមេរិក នៅកម្ពុជា គឺ​រូបថត​របស់​លោកស្រីអនុរដ្ឋមន្ត្រី Sherman ដែលបានជួបលោក កឹម សុខា រួមទាំង​រូបថត​លោកស្រី Sherman ជួប​សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេ​បង្ហោះ​ផ្សាយ​តាម​ហ្វេសប៊ុក​ អមដោយសារ​នយោបាយយ៉ាងច្រើន​។ អ្នកចែកចាយ​ និងបង្ហោះរូបថត​ទាំងនេះ ជា​ក្រុមអ្នកគាំទ្រ​លោកកឹមសុខា​។

អ្នកកឹមសុខានិយម លើកឡើងថា ផ្លូវប្រសព្វ នឹងជិតមកដល់ ក្នុងដំណោះស្រាយវិបត្តិនយោ​បាយ​នៅកម្ពុជា។​ នេះក៏ដោយសារតែគេសំអាងលើ​ខ្លឹមសារជំនួបរវាង​លោកស្រីអនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ និង​លោក កឹម សុខា កាលពីថ្ងៃទី១មិថុនា​។

​ជំនួប​រវាង​លោកស្រីអនុរដ្ឋមន្ត្រីការបរទេស​អាមេរិក និងលោកកឹមសុខា ត្រូវបានគេចាត់ទុកថា ​លោក កឹម សុខា ជាមេដឹកនាំ​គណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា ក៏​ជាតំណាងប្រជាពលរដ្ឋខ្មែរ ប្រមាណកន្លះប្រទេស និង​ជាតំណាងសំឡេងប្រជាធិបតេយ្យ​ពិត ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។

ក្រុមអ្នកគាំទ្រលោកកឹមសុខា លើកឡើងបន្តថា សូម្បីតែអ្នកការទូតនៃប្រទេសផ្សេងៗទៀត ក៏គេចាប់អារម្មណ៍នឹងជំនួបនេះដែរ ព្រោះក្នុងសេចក្តីប្រកាសព័ត៌មាន មិនបាន​សរសេរ​លម្អិតលទ្ធផលនៃជំនួប​រវាង​លោកកឹមសុខា និង​លោកស្រីអនុរដ្ឋមន្ត្រី​អាមេរិកនោះទេ​។ ដូច្នេះ​ហើយប្រហែ​ល​ជា​ទូតនានា អាចនឹងសុំជួបលោក​ កឹម សុខា ដើម្បីចង់ដឹងបន្ថែមទៀត។

ក្រុមអ្នកគាំទ្រ​លោកកឹមសុខា ក៏បានលើកឡើងថា ពលរដ្ឋខ្មែរ​ទូទៅ ទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សាទរសោមនស្សរីករាយ នៅពេលឃើញលោកស្រីអនុរដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក មានវត្តមាននៅកម្ពុជាបែបនេះ ព្រោះបើស្ថានភាពនយោបាយ ត្រូវបានដោះស្រាយ ស្ថានភាពជីវភាពសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋខ្មែរ កាន់តែល្អប្រសើរ លែងព្រួយបារម្ភ។

ក្រុមអ្នកគាំទ្រ​លោកកឹមសុខា ក៏ឆ្លៀតសូកសៀតថា ក្នុងទិដ្ឋភាពវត្តមានលោកស្រីអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅកម្ពុជាបែបនេះ អ្នកដែលមិនសប្បាយចិត្តខ្លាំង គឺមានតែអ្នកដែលដើរចេញពីគណបក្សសង្គ្រោះជាតិ ទៅបង្កើតគណបក្សថ្មី រួមទាំង​ក្រុ​មលោកសមរង្ស៊ី ព្រោះពួកគេ នឹងអស់ផ្លូវដើរ ហើយថែមទាំងអស់សង្ឃឹមនូវអ្វី ដែលពួកគេយល់ថា «ការបោះ​ឆ្នោតខាងមុខ ឆ្នាំ២០២២ និងឆ្នាំ២០២៣ គេនឹងឱ្យពួកខ្លួន៣-៤កៅអី គ្រាន់បានតំណែង និងប្រាក់ខែនៅរដ្ឋសភា ឬជាសមាជិក​នៃឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់​នោះ។​

ចំណែក​លោកស្រី​ Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិច បានបង្ហោះសារតាម Twitter ផ្លូវការផ្ទាល់ខ្លួន ស្តីអំពីជំនួបរវាងលោកស្រី និងលោក​ កឹម សុខា។ លោកស្រី សរសេរថា លោកស្រី​បានជួបជាមួយលោក​ កឹម សុខា ពិភាក្សាអំពីបញ្ហា ដែលមានសារៈសំខាន់ រួមទាំងការធានាសន្តិភាព វិបុលភាព អធិបតេយ្យភាព និងអនាគតប្រជាធិបតេយ្យ សម្រាប់ប្រទេស​កម្ពុជា។ សហរដ្ឋអាមេរិក គាំទ្រប្រជាជនកម្ពុជា សេចក្តីប្រាថ្នារបស់ពួកគេ ចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ ក្នុងការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ។

យ៉ាង​ណា​ក៏​ដោយ ជំនួប​រវាង​លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក និង​លោកកឹមសុខា ក៏បង្ហាញថា ប៉ូល​បក្សប្រឆាំង​នៅកម្ពុជា មិនមែនជាលោកសមរង្ស៊ីទៀតនោះទេ​។ លោក​សម​​រង្ស៊ី និង​បក្ខពួក ដែលកំពុងស្ថិតនៅ​ក្រៅប្រទេស មានសេរីភាពដើរហើរ​ គឺអាមេរិក ​មិនបានស្កាត់​ទៅជួប ឬក៏​អនុញ្ញាត​ឲ្យចូលជួប​ ក្នុងនាមជាតំណាង​បក្សប្រឆាំង​នៅកម្ពុជា​នោះឡើយ​។

គេ​នៅចាំបាន​ថា ​អំឡុងពេល​លោកកឹមសុខា ក្នុងនាមជាប្រធានអង្គការសិទ្ធិមនុស្ស បានជាប់ឃុំឃាំង​ កាលពីចុងឆ្នាំ២០០៤ និងដើមឆ្នាំ២០០៥​ គឺ​មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនេះហើយ ដែល​បានមក​ជួបសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅភ្នំពេញ ហើយ​ក្រោយ​មក លោកកឹមសុខា​ ក៏ត្រូវបាន​ដោះលែង​ ចេញពីពន្ធនាគារព្រៃស។​

ក៏ប៉ុន្តែ​នៅលើកនេះ ​លោកកឹមសុខា មិនស្ថិតនៅក្នុងពន្ធនាគារទៀតនោះទេ​។ តែលោកកឹមសុខា នៅជាប់បណ្តឹងនៅតុលាការ និង​ជាប់បម្រាម​ មិនអាចធ្វើនយោបាយ​បាន​ឡើយ​។ ករណីនេះ គេនៅរង់ចាំ​ពេលវេលា​បន្តិចទៀត ទើបអាចដឹងពីវាសនា​នយោបាយរបស់​លោក កឹម សុខា ខណៈដែល​ការបោះឆ្នោតឃុំសង្កាត់​ នឹងធ្វើឡើង​នៅខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោត​ជាតិ នឹងធ្វើឡើង​នៅខែកក្កដា ឆ្នាំ២០២៣​។ ម្យ៉ាងទៀត ពេលនេះ កម្ពុជា ក៏ដូចជាពិភពលោក ក៏កំពុងជួបប្រទះបញ្ហាឆ្លង​រាតត្បាត​​កូវីដ១៩ ខណៈដែល​​កម្ពុជា ក៏កំពុងមានសម្ព័ន្ធភាព​ល្អ​ និងកាន់តែ​រឹងមាំ​ដូចដែកថែប​ជាមួយនឹងមហា​មិត្ត​​ចិន​​៕