ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ភាពគ្រោះថ្នាក់ខ្លាំង ដោយសារកូវីដ១៩ កំពុងតែគំរាមកំហែងវៀតណាម បន្ទាប់ពីវៀតណាម បាន​ប្រកាស​រកឃើញមេរោគកូវីដ១៩ កូនកាត់ឥណ្ឌា និងអង់គ្លេស​។ កម្ពុជា​ជាប្រទេស​ នៅជិត​វៀតណាម…

ភ្នំពេញ៖ ភាពគ្រោះថ្នាក់ខ្លាំង ដោយសារកូវីដ១៩ កំពុងតែគំរាមកំហែងវៀតណាម បន្ទាប់ពីវៀតណាម បាន​ប្រកាស​រកឃើញមេរោគកូវីដ១៩ កូនកាត់ឥណ្ឌា និងអង់គ្លេស​។ កម្ពុជា​ជាប្រទេស​ នៅជិត​វៀតណាម ត្រូវតែ​ប្រយ័ត្នធ្វើយ៉ាងណា ដើម្បីកុំអោយមេរោគ​បំលែងថ្មី រកឃើញ នៅវៀតណាមនេះ ចូលមកក្នុងប្រទេសកម្ពុជាបាន។ បើពុំនោះទេ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នឹងកាន់តែអាក្រក់​ជាងនេះទៀត។

រដ្ឋមន្ត្រីសុខាភិបាលវៀតណាម បានពិពណ៌នាថា មេរោគបំលែងថ្មី ដែលជាការបញ្ចូលគ្នានៃលក្ខណៈរបស់មេរោគកូវីដ១៩ បំលែងថ្មី នៅឥណ្ឌា និងមេរោគបំលែងថ្មី នៅឥណ្ឌានោះ គឺមានលក្ខណៈ​កាន់តែសាហាវ និងងាយឆ្លងជាងមុន ពិសេសតាមខ្យល់បរិយា​កាស។ វៀតណាម បានបន្ទោសមេរោគកូនកាត់ឥណ្ឌា និងអង់គ្លេសនេះថា ជាមូលហេតុនៃការឆ្លងរាលដាល និងកើនឡើងករណីមេរោគកូវីដ១៩ថ្មី នៅប្រទេសវៀតណាម ចាប់តាំងពីខែមេសាមក។

គួរបញ្ជាក់ថា បន្ទាប់ពីបានទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ កាលពីឆ្នាំ២០២០មក​ប្រទេស​វៀតណាម ចាប់ផ្តើម​កម្រើក​ឡើងវិញ នៅចុងខែមេសា។ ចំនួន​នៃការឆ្លងថ្មីចាប់ផ្តើម​ពីចុងខែមេសា រហូតមកដល់ពេលនេះ មានជាងពាក់កណ្តាល​នៃចំនួនករណីឆ្លងកូវីដ១៩ សរុប ៦៨៥៦នាក់​។ វៀតណាម មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន៤៧នាក់​ផងដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង បាននិយាយថា យើងបានរកឃើញ​មេរោគបំលែងថ្មីមួយទៀត។ មេរោគបំលែងថ្មីនេះ ជាកូនកាត់នៃមេរោគបំលែងថ្មីនៅឥណ្ឌា និង​មេរោគបំលែងថ្មីនៅអង់គ្លេស។

លោក ង្វៀន ថាញ់ឡុង បាននិយាយបន្ថែមទៀតថា ការបណ្តុះមេរោគនេះ នៅក្នុងមន្ទីរពិសោធន៍ បង្ហាញថា វាបង្កើតកូនចៅ​យ៉ាងឆាប់រហ័ស។ នេះអាចជាការពន្យល់ថា ហេតុអ្វីបានជាវៀតណាម ប្រឈមនឹងការរកឃើញអ្នកឆ្លង​មេរោគកូវីដ១៩ថ្មីច្រើនយ៉ាងឆាប់រហ័ស។

វៀតណាមគ្រោងនឹងបញ្ចេញព័ត៌មានលម្អិតអំពីការរកឃើញមេរោគបំលែងថ្មីនេះ នៅពេលឆាប់ៗខាងមុខនេះ។ កន្លងមក វៀតណាម បានរកឃើញមេរោគកូវីដ១៩ បំលែងថ្មីចំនួន ៧ប្រភេទ ក្នុងនោះ រួមមាន B.1.222 B.1.619 D.614G B.1.1.7  ដែលជាមេរោគកបំលែងថ្មីមកពីអង់គ្លេស និង B.1.351 A.23.1 និង B.1.617.2 ដែលជាមេរោគបំលែងថ្មីមកពីឥណ្ឌា។

រហូតមកទល់ពេលនេះ វៀតណាមបានទទួលវ៉ាក់សាំងចំនួន ២,៩លានដូស ហើយមានបំណងទទួលបាន ១៥០ លានដូស។

ខណៈ​វៀតណាម កំពុងខ្វល់អំពីគ្រោះថ្នាក់ ដោយសារមេរោគកូនកាត់អង់គ្លេស និងឥណ្ឌាមួយនេះ ប្រទេសកម្ពុជា ត្រូវតែបង្កើតការប្រុងប្រយ័ត្នបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីកុំអោយមេរោគដ៏សាហាវមួយនេះ ឆ្លងចូលប្រទេសកម្ពុជា បានអោយសោះ។

វិធានការរឹតបន្តឹងព្រំដែនកម្ពុជា គឺមានភាពចាំបាច់ ដើម្បីធានា ថានឹងមិនមានអ្នកឆ្លងកូវីដ​១៩ ប្រភេទថ្មីនេះ ចូលមកដល់​កម្ពុជា​ឡើយ។

ក្នុងស្ថានភាពដ៏អាក្រក់បើមេរោគកូវីដ១៩ កូនកាត់ឥណ្ឌា និងអង់គ្លេស ចូលមកដល់កម្ពុ​ជា​មែននោះ វានឹង​ធ្វើអោយ​ស្ថានភាពកូវីដ១៩ នៅកម្ពុជា ដែលធ្ងន់ធ្ងរស្រាប់​ទៅហើយនោះ នឹងកាន់តែធ្ងន់ធ្ងរថែមទៀត ដោយធ្វើអោយមានការស្លាប់ និងឈឺកាន់តែច្រើន។ ចំណែកផលប៉ះពាល់ សេដ្ឋកិច្ចកាន់​តែធ្ងន់ធ្ងរ ថែមទៀត។

បច្ចុប្បន្ន កម្ពុជា មានករណីឆ្លងកូវីដ១៩ យ៉ាងតិច ៥០០នាក់ ជារៀងរាល់ថ្ងៃ និង​មានករណី​ស្លាប់ជា​ច្រើននាក់ជារៀងរាល់ថ្ងៃ​ផងដែរ ដោយធ្វើអោយករណីឆ្លងសរុប មានចំនួនជាង ២៨៨០០ និងអ្នកស្លាប់ជាង ២០០នាក់។

តួលេខបានធ្វើអោយមនុស្សមានការតក់ស្លុតជាងរៀងរាល់ថ្ងៃស្រាប់ហើយ។ បើសិនមាន​មេរោគ​បំលែងថ្មីកូនកាត់ឥណ្ឌា និងអង់គ្លេសទៀតនោះ វានឹងធ្វើអោយស្ថានភាពកាន់តែធ្ងន់ទៀត សម្រាប់កម្ពុជាយើង។

នេះជាអ្វីដែលយើងមិនចង់ឃើញឡើយ។ ដូច្នេះយើង ត្រូវតែប្រយ័ត្នទាំងអស់គ្នា ដើម្បីអនាគត​យើងទាំងអស់គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ