ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • សៀមរាប

សៀមរាប​៖ ស្រុកបន្ទាយស្រី បានផ្តល់នូវគំរូល្អមួយ សម្រាប់ការអនុវត្តការគ្រប់គ្រងសំណល់រឹង ឬសំរាម​ ក្នុងទីប្រជុំជន​នៅកម្ពុជា។ នោះគឺ​ដំណើរការសាកល្បងសេវាប្រមូលសំរាម នៅតាមភូមិព្រះដាក់​ ក្នុង​ស្រុកបន្ទាយស្រី​ ធ្វើឡើង​​បាន​យ៉ាងរលូនអស់រយៈពេល…

សៀមរាប​៖ ស្រុកបន្ទាយស្រី បានផ្តល់នូវគំរូល្អមួយ សម្រាប់ការអនុវត្តការគ្រប់គ្រងសំណល់រឹង ឬសំរាម​ ក្នុងទីប្រជុំជន​នៅកម្ពុជា។ នោះគឺ​ដំណើរការសាកល្បងសេវាប្រមូលសំរាម នៅតាមភូមិព្រះដាក់​ ក្នុង​ស្រុកបន្ទាយស្រី​ ធ្វើឡើង​​បាន​យ៉ាងរលូនអស់រយៈពេល ៥ខែ​​​រួចមកហើយ​ គិតត្រឹមខែឧសភា​នេះ​។  

អភិបាលស្រុកបន្ទាយស្រី​ លោក ឃឹម ហ្វីណង់ បានប្រកាសថា ទីបំផុត អ្នកភូមិព្រះដាក់ អាចម្ចាស់ការ លើការងារគ្រប់គ្រងសំរាម នៅក្នុងមូលដ្ឋានរបស់ខ្លួន “ដោយខ្លួនឯងផ្ទាល់” បានទាំង​ស្រុងហើយ បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងបានយ៉ាងរលូនអស់រយៈពេល ៥ខែរួចមក។

លោកអភិបាលស្រុកវ័យក្មេង ដែលជាកូនប្រុស​អតីត​អភិបាលខេត្តសៀមរាប និងសព្វថ្ងៃជានាយឧត្តមសេនីយ៍ ព្រមទាំង​ជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក ឃឹម ប៊ុនសុង បានបន្ថែមថា ការខិតខំប្រឹងប្រែងបង្កើតសេវាប្រមូល​សំរាមនៅតាមភូមិ ក្រោមរូបមន្ត «សហគមន៍ស្វ័យគ្រប់​គ្រង» ក្នុងរយៈពេលកន្លងមក បានហុចផ្លែផ្កា ឱ្យជាវិជ្ជមាន ដែលក្នុងនោះ សូចនាករសំខាន់ៗ​ ដូចជា ភាពស្អាតឋិតថេរជាប្រចាំនៅក្នុងភូមិ និងការបង់កម្រៃសេវា បានទៀងទាត់​ពីសំណាក់អ្នកភូមិ បានស្តែងចេញពីភាពជោគជ័យបឋម នៅក្នុងជំហានដំបូងៗនេះ។

លោកអភិបាលស្រុកបន្ថែមថា «សហគមន៍ស្វ័យគ្រប់គ្រង» គឺជាទម្រង់ប្រមូលសំរាម មិនមែន ដើម្បីប្រាក់ចំណេញមួយ ដែលរដ្ឋបាលស្រុក បានព្យាយាមជំរុ​ញលើកទឹកចិត្ត និងជឿជាក់ថានឹង​អាចមានប្រសិទ្ធភាព ការទទួលខុសត្រូវច្បាស់លាស់ ប្រកបដោយនិរន្តរភាពយូរអង្វែង ជំនួស​ឱ្យការប្រមូលដោយក្រុមហ៊ុនឯកជន ដែលពិបាកនឹងអនុវត្តបាន សម្រាប់ស្រុកបន្ទាយស្រី ដោយហេតុតែការប្រមូលសំរាមនៅតាមទីជនបទ នៅមានទំហំតូចពេក មិនងាយនឹង​រកបានក្រុមហ៊ុន ដែលចាប់អារម្មណ៍ ចង់មកដាក់ទុនវិនិយោគ​នៅឡើយទេ។

លោក ឃឹម ហ្វីណង់ ដែលជាកូនប្រសាររបស់​​លោក នូវ សុវត្ថិរ៉ូ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន ក៏បាន​បន្តថា សហគមន៍ ​ត្រូវបានផ្តល់ស្វ័យភាព ក្នុងការគ្រប់គ្រង និងប្រមូលថ្លៃសេវា ក្នុងអត្រាទាប​សមរម្យ តែស្ថិតនៅក្រោមការត្រួតពិនិត្យ​របស់អាជ្ញាធរមូលដ្ឋានដដែល។ ប្រតិបត្តិការរបស់សហគមន៍ ត្រូវធ្វើឡើង ក្នុងគោលដៅ មិនមែនដើម្បីប្រាក់ចំណេញ ហើយនៅក្នុងពេលអនាគត ប្រាក់ចំណូល ដែលនៅសេសសល់ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការពង្រឹងប្រសិទ្ធភាព និងយន្តការនៃការប្រមូលសំរាម ដូចជា ការដាក់ពង្រាយធុងសំរាមបន្ថែម ទិញឧបករណ៍សម្ភារៈប្រមូល ពង្រីកកំលាំងអ្នកប្រមូលសំរាម និងរៀបចំឯកសណ្ឋាន សម្រាប់កម្មកររបស់ សហគមន៍ ជាដើម។ សហគមន៍ មានកាតព្វកិច្ចបន្ថែមខ្លះទៀត ដូចជាធ្វើការញែកសំរាម ដើម្បីកែច្នៃ បោសសំអាតថ្នល់ និងរើសសំរាមគ្មានម្ចាស់ ដែលរ៉ាយប៉ាយពាសវាលពាសកាល។  ចំណែកឯអាជ្ញាធរមូលដ្ឋាន ក៏នៅតែបន្តដើរតួនាទីសំខាន់ ក្នុងការត្រួតពិនិត្យវាយតម្លៃ កៀរគរការចូលរួម និងលើកទឹកចិត្តផងដែរ។

លោក ឃឹម ហ្វីណង់ បាន​ន្ថែមថា រដ្ឋបាលស្រុក ក៏សង្ឃឹមជឿជាក់ថា នឹងអាចពង្រីកវិសាលភាពនៃការប្រមូលសំរាម ក្រោមទម្រង់បែបនេះ ទៅកាន់ភូមិដទៃទៀត នៅក្នុងពេលឆាប់ៗ ខាងមុខនេះ​ផង​ដែរ។

ការខិតខំប្រឹងប្រែងរបស់​អភិបាលស្រុក​បន្ទាយស្រី លើការងារគ្រប់គ្រង និងប្រមូលសំរាម ត្រូវបានក្រសួងបរិស្ថាន វាយតម្លៃខ្ពស់ និងកោតសរសើរ។ ក្នុងនោះ គេក៏មិនភ្លេចនិយាយដល់​បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកបន្ទាយស្រី ដែលបានគិតគូរ និងចូលរួមអនុវត្តអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិឋាន និងសហគមន៍ ឲ្យ​មានសោភ័ណភាពស្អាត មានផាសុខភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។

ជាការពិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបន្តដល់សព្វថ្ងៃ សូមកុំមើលរំលងពី​​បញ្ហាសំរាម​។ សំរាម ពេលនេះ បានកើតឡើង​នៅ​គ្រប់ទីកន្លែង ពិសេស​នៅតាមផ្លូវ តាមរមណីយដ្ឋាន តាមវត្ត និងតាមភូមិ​ ស្រុក ស្រែចំការ​ ដោយសារតែ​កំណើននៃការប្រើប្រាស់ថង់ប្ផាស្ទីក ប្រអប់ជ័រ កែវជ័រ និងដបទឹកសុទ្ធ ជាដើម។​

គោល​នយោបាយគ្រប់គ្រងសំរាម​ ក៏គួរតែជាប្រធានបទ​សំខាន់ និងជាអាទិភាព​​របស់ឃុំសង្កាត់ នៅក្នុងការបោះ​ឆ្នោត នៅអាណត្តិឆ្នាំ២០២២​។

ក្នុងនោះ សេវា​ប្រមូល ដឹកជញ្ជូនកាកសំណង់សំរាម ក៏គួរតែ​អនុវត្តនៅតាមភូមិឃុំ​សង្កាត់ មិនថា នៅរាជធានីភ្នំពេញ នៅទីរួមខេត្ត ឬនៅទីរួមស្រុកនោះទេ គឺនៅតាមភូមិ​ឃុំសង្កាត់ នៅតំបន់ជនបទ ​គួរតែមានសេវា​ ដែលប្រជាពលរដ្ឋ អាច​បង់ថ្លៃ​ត្រឹមតែ ៥០០០ រៀល ឬក៏ ១០០០០រៀល​ ក្នុង ១ផ្ទះ ក្នុង ១ខែ ក៏​អាចធ្វើទៅបានដែរ បើសិនជាអាជ្ញាធរភូមិឃុំសង្កាត់ រៀបចំ​គោលនយោបាយច្បាស់លាស់ លើការគ្រប់គ្រងកាកសំណល់សំរាម​នេះ។​ ក្រៅពីភូមិស្រុកស្អាត ការងារប្រមូលសំរាម​តាម​ភូមិឃុំនេះ ក៏បានបង្កើត​ការងារ​មួយផ្នែក​ដល់​អ្នកស្រុកនៅទីនោះថែមទៀត​។

ក្នុងនោះ ការអនុវត្តតាមជោគជ័យជាគំរូ នៅភូមិព្រះដាក់ ក្នុងស្រុកបន្ទាយស្រី ​គឺជា​លទ្ធផលជាក់ស្តែង ហើយ​គេសង្ឃឹមថា អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ នឹង​រៀបចំគោលនយោបាយ​គ្រប់គ្រងសំរាម តាមរយៈសហគមន៍ ទៅគ្រប់ភូមិទូទាំងស្រុក​ មុននឹង​ពង្រីក​ដល់ទូទាំង​​ខេត្តសៀមរាប និងនៅតាមបណ្តាខេត្តដទៃទៀត​​។​

ក្នុងនោះ ទន្ទឹមនឹង​ការរៀបចំគ្រប់គ្រងកាកសំណល់សំរាម ប្រជាពលរដ្ឋ អ្នកស្រុកអ្នកភូមិ​​នៅមូលដ្ឋាន ក៏ត្រូវតែ​ចូលរួម​សហការ តាមរយៈការវេចខ្ចប់ ទុកដាក់សំរាម និងញែកសំរាម ​តាមការណែនាំរបស់​អាជ្ញាធរ ដើម្បីផ្ទះស្អាត ភូមិស្អាត​ និងផ្លូវ​​ស្អាត។

ការបង្កើន​ចំនួនធុងសំរាម​ ដាក់ពង្រាយតាមផ្លូវ តាមទីប្រជុំជន តាមរមណីយដ្ឋាន តាមវត្ត តាមសាលារៀន តាមផ្សារ និងតាមភូមិ​ ជាដើម ក៏ត្រូវតែធ្វើ​ឲ្យបានច្រើន ព្រោះថា បើសិនជា​ មិនមានធុងសំរាម តើ​ឲ្យ​ប្រជាពលរដ្ឋ​ បោះចោលសំរាម​នៅឯណា? មិនពាសវាលពាសកាលទៀតហើយ​​។

ជាការពិត បើសិនជា​ដំណើរការប្រមូល និងគ្រប់គ្រងសំរាមតាមសហគមន៍​ក្នុងភូមិ​ ដំណើរការជោគជ័យ​រលូនល្អ គឺ​ចំណូល​ពី​សេវាសំរាម ក៏​អាច​ឲ្យភូមិ​ឃុំសង្កាត់នោះ ចាត់​ចែង​សម្រាប់អភិវឌ្ឍ​​ក្នុង​មូលដ្ឋាន ក្រៅពីចំណាយ​លើកម្លាំង​ពលកម្ម និងឧបករណ៍សម្ភារៈ​បម្រើការងារ​​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​​៕