ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​នេះ​ និង​ឆ្នាំ​ក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២១​នេះ ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​នឹង​ជំងឺ​កូ​វី​ដ​១៩​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០២០​ក្ដី តែ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ជា​ច្រើន​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​និង​ឆ្នាំ​២០២២​ខាង​មុខ ដោយ​បាន​រំពឹង​និង​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​ពីរ​ឆ្នាំ​នេះ​នឹង​មាន​កំណើន​ជា​វិជ្ជមាន ។ បើ​យោង​តាម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ហៅ​កាត់​ថា IMF…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២១​នេះ ទោះបីជា​កម្ពុជា​ជួប​វិបត្តិ​នឹង​ជំងឺ​កូ​វី​ដ​១៩​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០២០​ក្ដី តែ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ជា​ច្រើន​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​និង​ឆ្នាំ​២០២២​ខាង​មុខ ដោយ​បាន​រំពឹង​និង​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​ពីរ​ឆ្នាំ​នេះ​នឹង​មាន​កំណើន​ជា​វិជ្ជមាន ។

បើ​យោង​តាម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ហៅ​កាត់​ថា IMF បាន​រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ​នឹង​មាន​កំណើន​៤,២​ភាគរយ និង​៦​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ ។ ការ​ព្យាករ​និង​រំពឹង​ទុក​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ថ្នាក់ដឹកនាំ​ធនាគារ​កាលពី​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​វី​ដេ​អូ​អន​ឡាញ​ដោយ​មានការ​ចូល​ពី​ថ្នាក់ដឹកនាំ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​ផង​ដែរ ។

លោក Yasuhisa Ojima សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​ថ្លែង​ថា IMF រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​៤,២​ភាគរយ​នៅ​ឆ្នាំ​នេះ និង​៦​ភាគរយ​នៅ​ឆ្នាំ​២០២២ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​៣,៥​ភាគរយ​នៅ​ឆ្នាំ​២០២០ ។ ការ​ព្យាករ​អំពី​កំណើន​នឹង​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​នា​ពេល​ថ្មី​ៗ​នេះ ជា​ពិសេស​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ។

លោក​បន្ត​ថា វិស័យ​ហិរញ្ញវត្ថុ​មើលទៅ​មាន​ស្ថិរភាព ដោយសារ​តែ​វិធាន​ការណ៍​គោលនយោបាយ​ជាមួយនឹង​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ រួម​មាន (LPCO, ទុនបម្រុង​កាតព្វកិច្ច​ទាប​) និង​អនុញ្ញាត​ឱ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ ។

ក្រៅពី​ស្ថាប័នហិរញ្ញវត្ថុ IMF ក៏​មាន​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ពីរ​ផ្សេង​ទៀត​គឺ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​ក៏​បាន​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ទោះបីជា​បច្ចុប្បន្ន​កម្ពុជា​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​ក្ដី ។
កាលពី​ចុងខែ​មុន​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB បាន​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​រំពឹង​ថា​នឹង​មាន​កំណើន​៤​ភាគរយ និង​៥,៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ ។

ការ​ព្យាករ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ក្នុង​នោះ ផលិតកម្ម​ឧស្សាហកម្ម​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​៧,១​ភាគរយ ក្នុង​ឆ្នាំ​២០២១ និង​៧​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ដោយសារ​តែ​ការ​ងើបឡើង​វិញ នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង​និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​ក៏​ដូច​ជា​កំណើន​នៃ​ឧស្សាហកម្ម​ធន​ស្រាល​ផ្សេង​ទៀត ដូច​ជា​ផលិតផល​អេ​ឡិច​ត្រូ​និក និង​កង់​ជាដើម ។ វិស័យ​កសិកម្ម​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​១,៣​ភាគរយ​ក្នុងឆ្នាំនេះ​និង​១,២​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២២ ។

របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ក៏​បាន​បង្ហាញ​ថា វិស័យ​សេវា​ម្ម​នឹង​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ល្បឿន​យឺត​ៗ ពោល​គឺ​ប្រមាណ​៣,៣​ភាគរយ​ក្នុង​ឆ្នាំ​២០២១ ទៅ​៦,២​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ។ តែ​ដោយសារ​តែ​ការ​ឆ្លង​កូ​វី​ដ​១៩ ក្នុង​សហគមន៍​២០ កុម្ភៈ​២០២១ ធ្វើ​ឱ្យ​សកម្មភាព​វិស័យ​សេវាកម្ម​បាន​ធ្លាក់​ចុះ ព្រោះតែ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ហើយ​វា​នឹង​បន្ត​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ​២០២១​នេះ ។

នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​នេះ​ដែរ កម្ពុជា​នៅ​តែ​បន្ត​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ក្នុង​នោះ រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​នេះ ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​ស្បែកជើង និង​សម្ភារៈ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​៣​ពាន់​លានដុល្លារ​អា​មេ​រិ​ក ។ ក្រៅពី​នេះ​កម្ពុជា​ក៏​បាន​ចាប់ផ្ដើម​នាំ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​លើក​ដំបូង ហើយ​ក៏​គ្រោង​នឹង​នាំ​ចេញ​ផលិតផល​កសិកម្ម​សំខាន់​ៗ​ជា​ច្រើន​ទៀត​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ