ខេត្តបាត់ដំបង ៖ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៧ ឧសភា នេះ ប្រជាពលរដ្ឋនៅតែបន្តដើររើសត្រីងាប់គ្រប់ប្រភេទ ដែលកំពុងងាប់ពាសពេញតាមដងស្ទឹង ។ ជាពិសេស នៅតំបន់រមណីយដ្ឋាន «ស្ទឹងថ្វាក» ដែលស្ថិតនៅក្នុងឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ដែលគេសង្ស័យថា ត្រីរាប់រយគីឡូទាំងនោះបានងាប់ដោយសារពុលទឹកដែលមានជាតិគីមីបង្ហូរចេញពីម្ដុំរោងចក្រចិន នៅប៉ែកខាងក្រោមទំនប់ពហុបំណង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គេបានប្រទះឃើញត្រីងាប់យ៉ាងច្រើន តាំងពីរសៀលថ្ងៃទី២៦ ឧសភា ដែលងាប់អណ្ដែតរាយប៉ាយនៅត្រង់ចំណុចតំបន់រមណីយដ្ឋាន«ស្ទឹងថ្វាក» ដែលជាទីតាំងកំសាន្តដ៏ពេញនិយមរបស់ភ្ញៀវទេសចរ។ ប្រភពបានឲ្យដឹងថា ទឹកស្ទឹងមានស្ថានភាពពណ៌ខ្មៅកខ្វក់ខ្លាំង ដែលគេតាមដានរកឃើញហូរចេញពីចំណុចខាងក្រោមទំនប់ពហុបំណង តាមបណ្ដោយដងស្ទឹងសង្កែ ត្រង់កន្លែងរោងចក្រចិន។
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដើកហែប លោកអ៊ី រស្មាក់ បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៧ ឧសភា នេះថា ស្ថានភាពទឹកខ្មៅកខ្វក់នៅតែបន្តកើតមានមិនទាន់ថមថយទេ ដែលមានប្រភពហូរមកពីប៉ែកខាងលើនៃដងស្ទឹង។ លោកមេប៉ុស្តិ៍រូបនេះបាននិយាយថា កាលពីរសៀលថ្ងៃទី២៦ ឧសភា នៅពេលលោកទទូលបានព័ត៌មាននេះ ពីប្រជាពលរដ្ឋ លោកនិងលោកមេឃុំអណ្ដើកហែប បានចុះទៅពីនិត្យទឹក នៅម្ដុំរមណីដ្ឋាន«ស្ទឹងថ្វាក» ហើយពិតជាបានប្រទះឃើញត្រីងាប់នៅក្នុងស្ទឹងតំបន់នោះមែន ។

លោកអ៊ី រស្មាក់បានប្រាប់ថា លោកនិងលោកមេឃុំ រួមទាំងប្រជាពលរដ្ឋផង បានឃើញទឹកមានសភាពពណ៌ខ្មៅ ហើយបានត្រីជាច្រើនប្រភេទងាប់រាយប៉ាយអណ្ដែតពេញទឹក ។ យើងមើលឃើញតែត្រីដែលកំពុងងាប់នៅកន្លែងទឹករាក់ រីឯកន្លែងទឹកជ្រៅ ឬ នៅកន្លែងផ្សេងៗ ជាពិសេស ប៉ែកខាងលើ នៃដងស្ទឹង យើងមកបានដឹងអំពីស្ថានភាពទឹក និង តុល្យការនៃត្រីងាប់នោះទេ។ ប៉ុន្តែពេលដែលលោក ចុះទៅពីនិត្យស្ថានភាពទឹកនោះ លោកបានទទូលតំណឹងថា គេឃើញទឹកដែលមានពណ៏ខ្មៅនោះ បានហូរចេញពីរោងចក្រចិននៅប៉ែកខាងក្រោមទំនប់ពហុបំណង ដែលកាយបង្ហូរដោយគ្រឿងចក្រ ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់រមណីយដ្ឋាន «ស្ទឹងថ្វាក» បាននិយាយថា ដំបូងអ្នកទេសចរណ៍ដែលនិយមហែលទឹកកំសាន្ត
ជាអ្នកប្រទះឃើញទឹកដែលធ្លាប់ថ្លាយង់ ប្រែជាពណ៌ខ្មៅ ហើយឃើញត្រីងាប់អន្ដែតពេញទឹក ទើបមានការភ្ញាក់ផ្អើល និង ផ្ដល់ដំណឹងទៅអាជ្ញាធរដែនដី ដើម្បីជួយពិនិត្យ។ អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា ដំបូងគេឃើញត្រីសតូចៗបានងាប់អណ្ដែតទឹក លុះបន្តិក្រោយមកគេបានរកឃើញត្រីធំតូចជាច្រើន បានងាប់នៅទីតាំងផ្សេង និង រាយប៉ាយពេញតំបន់នោះតែម្ដង។ ហើយគេបានសួរតៗគ្នា ទើបដឹងថា ទឹកដែលមានពណ៏ខ្មៅកខ្វក់នេះ មានប្រភពហូរមកពីប៉ែកខាងលើ នៅម្ដុំរោងចក្រចិននៅខាងក្រោមទំនប់ពហុបំណង។

ពាក់ព័ន្ធនិងការចុះត្រូតពិនិត្យទឹកពណ៏ខ្មៅ ពីសំណាក់មន្ត្រីជំនាញវិញ បើតាមមន្ត្រីមូលដ្ឋាន បានអះអាងថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៧ ឧសភា នេះ គេមិនទាន់ឃើញស្ថាប័នជំនាញណាមួយ ឬ ថ្នាក់ដឹកនាំខេត្ត ចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើការស្រាវជ្រាវរកប្រភពទឹកដែលមានជាតិពុលនេះនៅឡើយទេ។
បើទោះជាមន្ត្រីមូលដ្ឋានបានរាយការណ៍តាំងពីថ្ងៃដំបូងក្ដី។ ដោយឡែក ចំពោះត្រីវដែលពលរដ្ឋកំពុងប្រមូលបានពីក្នុងស្ទឹងវិញ បើតាមនាយប៉ុស្ដ៏នគរបាល អណ្ដើកហែប បានបញ្ជាក់ថា ពលរដ្ឋបានដើរប្រមូលត្រីងាប់បានច្រើនណាស់ តែអ្នកខ្លះយកទៅធ្វើម្ហូប រីឯអ្នកខ្លះមិនហ៊ានហូបត្រីងាប់ទាំងនោះទេ ព្រោះខ្លាចពុលជាមួយត្រី។ ប៉ុន្តែយ៉ាងណាក្ដី រហូតដល់ពេលនេះ មិនត្រឹមតែត្រីក្នុងទឹកស្ទឹងទេ ដែលកំពុងប្រឈមនឹងទឹកខ្មៅកខ្វក់ដែលមានជាតិពុល សូម្បីប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ទាំងនៅប៉ែកខាងលើ ទាំងនៅប៉ែកខាងក្រោយក៏កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារទឹកខ្មៅនេះដែរ។
ជាពិសេស ភ្ញៀវទេសចរដែលតែងធ្វើដំណើរទៅហែលទឹកកំសាន្តនៅរមណីយដ្ឋាន«ស្ទឹងថ្វាក» សូមមេត្តាប្រុងប្រយ័ត្ន ឬ គួតែផ្អាកចុះលេងទឹកនេះជាបណ្ដោះអាសន្នសិន ចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។ រីឯមន្ត្រីជំនាញគួតែរូសរាន់ចុះទៅពីនិត្យទឹកដែលមានជាតិពុលនេះ ព្រោះពេលនេះទឹកស្ទឹងកំពុងបង្កហានីភ័យខ្លាំងបំផុតដល់មនុស្ស និង ត្រីនៅក្នុងទឹក៕ ដោយ៖ ឆោម ពិសម័យ



ចែករំលែកព័តមាននេះ